27 C
Phnom Penh

ក្រុម​​​សកម្មជន​​​និយាយថា អាជ្ញាធរ​​​ដើរកត់​​​​​​ឈ្មោះ​​​អ្នក​​​ចូល​​​រួម​​​គោរពវិញ្ញាណក្ខន្ធសព​​​​​​​ លោក​​​ ឈុត​​​ វិទ្ធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​សកម្មជន​​​ប្រឆាំង​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​អាជ្ញាធរថា បានប៉ុនប៉ងប្រ​​​មូល​​​ឈ្មោះ របស់​​​ប្រ​​​ជាពល​​​រដ្ឋ​​​ទាំង​​​៤០០​​​នាក់ ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុងពីធី​​​គោរពវិញ្ញាណក្ខន្ធ​​​នៅក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ កាលពី​​​សប្ដាហ៍​​​មុន​​​ ដើម្បី​រំឭកដល់​​​សពលោក ឈុត វុទ្ធី សកម្មជន​​​ការពារ​​​​ព្រៃឈើ ដែល​​​ត្រូវគេ​​បាន​​​បាញ់​​​សម្លាប់​​​​​​កាល​ពី​​​ខែ​​​មេសានោះ ។

ទោះ​​​បី​​​ជា​​​ពិធី​​​គោរពវិញ្ញាណក្ខន្ធនៅ​​​កន្លែងដែល​​​លោក​​​ ឈុត វុទ្ធី​​​ ត្រូវគេបាញ់​​​សម្លាប់​​​នោះ បាន​​​ប្រ​​​ព្រឹត្ត​​​ទៅ ​កាលពីថ្ងៃ​​​សុក្រ​​​ដោយ​​​ពុំមាន​​​ការ​​​រំ​​​ខាន​​​ក៏ដោយ ក៏​​​អ្នក​​​ដែល​​​មាន​​​វត្តមាន​​​នៅ​​​ក្នុងពិធី​​​ក្នុង​​​ស្រុក​​​មណ្ឌល​​​សីមា ខេត្ត​​​កោះ​​​កុងទាំងនោះ ​​​និយាយថា​  ពេល​​​នេះពួកគាត់​​​កំពុង​​​ត្រូវបាន​​​អាជ្ញាធរ​​​តាម​​​ដាន​​​បន្ទាប់​​​ពី​​​បានវិលត្រឡប់​​​មក​​​លំនៅ​​​ដ្ឋាន​​​វិញ។

​​​​​​​​​​​​​​​លោក សេង ​​​សុខេង សមាជិក​​​​​​បណ្ដាញ​​​កសាង​​​សន្ដិភាព​​​សហគមន៍ ដែល​​​បាន​​​ជួយ​​​សហគមន៍​​​ការ​​ពារ​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​ធ្លី​​​របស់​​​ប្រជាពល​​​រដ្ឋ​​​ទាំងនោះ បាន​​​មាន​​​ប្រសាសន៍​ថា លោកបាន​​ទទួល​​​​​​ទូរស័ព្ទ​​​ចំនួន​​​២០​​​លើក​​​ពី​​​ប្រ​​​ជា​​​ពលរដ្ឋ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​គោរព​​​​​​វិញ្ញាណក្ខន្ធសពលោក​​​ ឈុត​​​ វុទ្ធី ហើយពួកគាត់បាន​​​និយាយថា អាជ្ញាធរ​​​មូលដ្ឋាន រាប់ទាំង​​​មន្ត្រី​​​ឃុំ និង​​​មន្ត្រី​​​ព្រៃ​​​ឈើ ទាមទារ​​​សួររក​​​​ឈ្មោះ​​​របស់​​​ពួកគាត់។​​​

លោក សុខេង ដែល​​​ជឿថា​​​ អាជ្ញាធរ​​​កំពុង​​​បំភិត​​​បំភ័យ និង​​​បំបាក់ទឹក​​​ចិត្ត​​​មហាជន ​​​ដែល​​​គាំ​​​ទ្រ​​​ចលនា​​​សកម្មនិយម​​​របស់​​​លោក ឈុត វុទ្ធី បាន​​​មាន​​​ប្រសាសន៍​​​ថា “ អាជ្ញាធរ​​​បាន​​​សួរ​​​អ្នក​​​ភូមិរក​​​មូល​​​ហេតុ​​​ដែល​​​​​​​​​ពួកគាត់បាន​​​ទៅ​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​គោរពវិញ្ញាណ​​​ក្ខន្ធរបស់​​​លោក ឈុត វុទ្ធី”។​​​​​​

លោក សឹម ស៊ាន តំណាង​​​​បណ្តាញប្រជាពលរដ្ឋ​​​ការពារ​​​ព្រៃ​​​ឡង់​​​នៅក្នុង​​​ខេត្ត​​​កំពង់ធំ បាន​​​មានប្រសាសន៍ថា លោក​​​ក៏​​​បាន​​​ទទួល​​​​​​ទូរស័ព្ទ​​​ស្រ​​​ដៀង​​​គ្នា​​​នេះដែរ ពី​​​ប្រ​​​ជាពល​​​រដ្ឋ​​​ដែល​​​ទើបត្រឡប់​​​មកពី​​​ចូលរួមពិធីគោរព​​​វិញ្ញាណក្ខន្ធក្នុង​​​ស្រុក​​​សណ្ដាន់​​ ខេត្តកំពង់ធំ  តាំងពី​​​ថ្ងៃ​​​អាទិត្យ។

​បណ្ដាញ​​​ប្រ​​​ជាពលរដ្ឋ​​​នេះ គឺជា​​​ការ​​​រៀប​​​ចំ​​​ជា​​​ក្រុម​​​នៃ​​​សហគមន៍​​​នៅតាម​​​តំបន់​​​​​ព្រៃ​​​ឡង់​​​ដើម្បី​​​លុប​​​បំបាត់​​​សកម្មភាព​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់ក្នុង​​​តំបន់​​​នីមួយៗ និង​​​បាន​​​រៀប​​​ចំ​​​ការ​​​ល្បាត​​​រួម​​​គ្នា​​​លើក​​​ទី១​​​​កាលពី​​​ឆ្នាំមុន ដោយ​​​មាន​​​ការ​​​ជួយ​​​ជ្រោម​​​ជ្រែង​​​ពី​​​សំណាក់​​​លោក ឈុត​​​ វុទ្ធី។​​​លោក សឹុម វណ្ណា អភិបាល​​​ស្រុក​​​សណ្ដាន់ ​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​ពុំ​​​បាន​​​ដឹង​​​ពី​​​ការ​​​ប្រ​​​មូល​​​ឈ្មោះ​​​នោះ​​​ទេ ហើយ​​​លោក បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទៀត​​​ទេ។

​​​លោក​​​ អ៊ុច សំអន អភិបាលរង​​​ខេត្ត​​​កំពង់​​​ធំ បាន​​​បដិសេធ​​​ចំពោះការ​​​អះ​​​អាងនោះ ហើយ​​​លោក ​​​បញ្ជាក់​​​ថា រដ្ឋាភិបាល​​​គ្មាន​​​គោល​​​ការណ៍បែប​​​នោះ​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ចាប់អារម្មណ៍ជា​មួយអ្នក​​​ចូល​​​រួម​​​រំលែក​​​ទុក្ខ​​​ទាំង​​​នោះ​​​ដែរ។ លោក​​​ថ្លែងថា “ យើង​​​មិន​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះអ្នក​​​ណា​​​ទៅ​​​ណា​​​នោះ​​​ទេ”។

លោក​​​ ឈុត វុទ្ធី សកម្មជនដែល​​​​​​និយាយ​​​ឥត​​​សំចៃ​​​ប្រឆាំង​​​នឹង​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នោះ បាន​​​ជំរុញ​​​ឲ្យ​​​មាន​​​ការដើរ​​​ល្បាតក្នុងព្រៃ​​​ឡង់​ជាទ្រង់​​​ទ្រាយ​​​ធំ​ពី​​​ប្រជាពល​​​រដ្ឋក្នុង​​​បំណង​​​លុប​​​បំបាត់​​​អាជី​​​វកម្ម​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់។ លោក​​​ត្រូវ​​​បាន​​​គេ​​​បាញ់​​​សម្លាប់ ​​កាលពី​​​ថ្ងៃ​​​ទី ២៦ ​​​ខែ​​​មេសា ពេលមា​នជម្លោះ​​​ជាមួយ​​​មន្ត្រី​កង​​​រាជ​​​អាវុធហត្ថ​​​ និង​​​សន្ដិសុខ​​ក្រុម​​​ហ៊ុន​​​ ដែល​​​ទទួលបាន​​​អាជ្ញាប័ណ្ណកាប់​​​ឈើ​​​ក្នុង​តំបន់​រក្សាទុកជាអាងស្តុកទឹក របស់ទំនប់​​​វារីអគ្គិសនីដ៏ធំមួយ ដែល​​​កំពុង​​​សាង​​​សង់​​​នៅក្នុង​​​ភ្នំក្រវាញក្នុង​​​ខេត្ត​​​​​​កោះ​​​កុង​​​។

នគរបាល​​​​និយាយថា ​លោក ​អិុន រតនា ​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថបាន​​​បាញ់​​​សម្លាប់លោក ឈុត​​​ វុទ្ធី ហើយក្រោយមក​លោក ​រ៉ាន់ បូរ័ត្ន សន្ដិសុខ​​​ក្រុម​​​ហ៊ុន​​​កាប់​​​ឈើ​​​ក្នុង​​​តំបន់នោះ​​​ បានបាញ់​​​សម្លាប់​​​លោក អុិន រតនា​​​ ដោយចៃដន្យ​​​ក្នុង​​​ពេល​​​ព្យាយាមដណ្តើមកាំ​​​ភ្លើង​​​៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​

           

           

           

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស