41.3 C
Phnom Penh

នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ ប្រសាសន៍ថា កុំ​ប្រើ​ព្រះ​នាម​សម្ដេចឪ ដើម្បីធ្វើយុទ្ធនាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងសុន្ទរកថាជាសាធារណៈចុងក្រោយ​​របស់​លោក​ទម្រាំតែ​ដល់​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ខាងមុខនេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ម្សិល​​មិញ​ បាន​ព្រមាន​គណ​បក្ស​រាជានិយមកុំ​ឲ្យ​ប្រើ​ព្រះ​នាមរបស់​​ព្រះ​មហា​ក្សត្រ​ចូល​និវត្ដ នរោត្តម​ សីហនុ នៅក្នុង​ពេលធ្វើ​យុទ្ធ​នាការ​ឃោស​នា​បោះ​ឆ្នោត​។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសា​សន៍ទៅកាន់​ព្រះសង្ឃ​ និង​អាចារ្យ​ជាង​៣.០០០​នាក់ និង​អង្គ នាពិធីមួយនៅឯ​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ថា ដោយ​ប្រើ​ព្រះ​នាម​សម្ដេច​​ឪ​ គណបក្ស​ហ្វុ៊នស៊ិនប៉ិច កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថាប​និករបស់​​គណបក្សនេះ។

លោក​ ហ៊ុន សែន បាន​មាន​ប្រសា​សន៍ថា  “ កុំ​យកព្រះមហាក្សត្រ ដើម្បីផល​ប្រយោជន៍ផ្ទាល់​ខ្លួន​អី គឺ​អ្នក​នយោបាយ​រាជវង្សា​នុវង្ស​ ពីព្រោះព្រះ​មហាក្សត្រ​ គឺ​សម្រាប់​ទាំង​អស់​គ្នា​ សម្រាប់​ជាតិ​”។ លោក ហ៊ុន សែន ​មាន​ប្រសា​សន៍​ដោយ​ជន្ល​ថា “ ពួក​គេ​និយាយ​ថា ប្រសិន​បើ​ស្រឡាញ់​​សម្ដេច​ឪ​ សូមបោះ​ឆ្នោត​ឲ្យគណ​បក្ស​​ហ្វុ៊ន​ស៊ិនប៉ិច​ទៅ។ ដូច្នេះ​ នេះ​នឹង​ធ្វើ​ឲ្យ​សម្ដេច​ឪ សីហនុ ចាញ់ដែរ។

យោង​តាមក្រមសីលធម៌ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​បាន​ឲ្យដឹង​ថា “ត្រូវ​បាន​ហាម​ប្រាម​នូវសកម្ម​ភាព​ឃោស​នាណាមួយ​ ដែល​ប្រើ​ឆាយាល័ក្ខណ៍​ ព្រះ​រាជ​សុន្ទរកថា ព្រះរាជ​សារ ស្នា​ព្រះ​ហស្ដ ឬព្រះនាម​របស់​ព្រះមហាក្សត្រ​ ដើម្បីរក​សំឡេង​ឆ្នោត​។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​ចំអក​គណ​​​បក្ស​​​​ហ្វុ៊ន​ស៊ិនប៉ិច និង​គណបក្ស​ នរោត្តម​ រណឫទ្ធិ ដែល​មិន​អាច​រក​សំឡេង​ឆ្នោត​​បាន​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​ទៅ​។ លោក​ ហ៊ុន សែន បាន​សួរ​ថា “ ឥឡូវ​នេះគណបក្ស​ទាំង​ពីរ​អះអាង​ថា ខ្លួន​ជា​គណបក្ស​រាជា​​និយម​ ដែល​គណបក្ស​នេះ​ទទួល​បានតែ​បួន​អាសនៈ​ប៉ុណ្ណោះ។ពួកគេ​មិន​អាច​ការ​ពារខ្លួន​បានផង។តើនរណា​ជាអ្នក​ការពារ​រាជា​​និយម​? តើ​ជា​គណបក្ស​ប្រជា​ជន​មែន​ទេ?”។

គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច ដែល​ធ្លាប់​ជា​ដៃ​គូ​ចម្រុះ​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​នោះ ទទួលបា​នអាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ ត្រឹមតែ​២៧៤​ប៉ុណ្ណោះ ក្នុង​ចំណោម​អាសនៈ​ក្រុម​ប្រឹក​្សា​ឃុំ-សង្កាត់​ចំនួន១១.៣៥៣​អាសនៈ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ​២០០៧។ គណ​បក្ស​នរោត្តម​ រណឫទ្ធិ​ ដែលទើប​បង្កើត​ឡើង​ដោយសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០០៦ បន្ទាប់ពីព្រះអង្គ​ត្រូវ​បានបណ្ដេញចេញ​ពី​ប្រធាន​គណ​បក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច ទទួលបាន​៤២៥​អាសនៈ​។

ច្បាប់​យុទ្ធនាការ​អំពី​ព្រះ​មហា​ក្សត្រ​ធ្វើ​ឲ្យ​មាន​ការ​ស្មុគស្មាញ​ខ្លាំង​ ចំពោះ​គណបក្ស​ហ្វុ៊ន​ស៊ិនប៉ិច និង​គណបក្ស​នរោត្តម​ រណឫទ្ធិ ខណៈ​ដែល​គណ​បក្ស​ទាំង​ពី​រត្រៀម​រៀប​ចំ​យុទ្ធនា​ការ​បោះឆ្នោត រយៈ​ពេល​១៦ថ្ងៃ​ ដែល​នឹង​ចាប់​ផ្ដើម​នៅ​​ថ្ងៃ​សុក្រនេះ។

លោក គល់ បញ្ញា នាយក​ប្រតិ​បត្តិ​នៃ​គណៈ​​កម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ ដោយ​សេរីនិង​យុត្តិធម៌ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍ថា “ សាវតារដើមពី​មុនរបស់​ពួកគេគឺ​គាំ​ទ្រ​ព្រះមហាក្សត្រ ែដល​នេះ​ជា​មូល​​ហេតុ​ដែល​ពួកគេ​ជានិច្ច​កាល​តែង​តែ​ព្យាយាម​ភ្ជាប់​​

ខ្លួន​ឯង​ជាមួយ​នឹង​នយោបាយ​រាជានិយម​។ ពួកគេ​អាច​បង្ហាញ​គោល​នយោបាយ​ ដើម្បី​ពន្យល់​អំពី​ហេតុ​ផល​ ដែលពួកគេ​គាំ​ទ្រ​ព្រះ​មហា​ក្សត្រ…វាមិន​មែន​ជា​បញ្ហា​ធំដុំ​នោះ​ទេ។ ប៉ុន្ដែ នៅ​ពេល​ដែល​ពួកគេ​ប្រើ​ព្រះ​នាម​ព្រះ​មហា​ក្សត្រ​ និង​សម្ដេច​ឪ​ នោះជា​បញ្ហាមួយ​”។

លោក​ បញ្ញា បាន​ថ្លែងថា តាម​ទស្សនៈ​ផ្នែកនយោបាយ គឺវាមាន​សារៈ​សំខាន់​​ ដែល​ព្រះ​មហា​ក្សត្រ​ត្រូវ​តែ​ជា​តួអង្គអព្យាក្រឹត។ ទោះ​ជា​យ៉ាង​ណា តាម​ទស្ស​នៈ​យុទ្ធ​នាការ​បោះឆ្នោត​មិន​ស្អាត​ស្អំ​ឡើយ​។ ជា​ឧទាហរណ៍គ្មាន​លក្ខ​ខណ្ឌ​ពិសេស​បែប​នេះ​ ចំពោះ​ការ

​ឆក់​ឱកាសទាញផលប្រយោជន៍ពី​ប្រវត្តិ​សាស្ត្រ​សំខាន់​ៗទេ។ គណបក្ស​ប្រជាជន​កម្ពុជា​ មាន​សិទ្ធិ​​ប្រើ​ថ្ងៃ​រំដោះ៧មករា ឆ្នាំ១៩៧៩ គណ​បក្ស​ សម រង្ស៊ី មាន​សិទ្ធិ​ធ្វើ​យុទ្ធ​នាការ​និយាយ​អំពី​កិច្ច​​ព្រម​ព្រៀង​សន្ដិ​ភាព​ទី​ក្រុង​បា៉រីស ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១។ គណ​បក្ស​ទាំង​ពីរ​មាន​សិទ្ធិ​ដូច្នេះ​។

លោក​ បញ្ញា បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ ចំពោះ​ខ្ញុំ​  យើង​ត្រូវ​ការ​ឲ្យ​ព្រះ​មហាក្សត្រ​​គង់​នៅ​ជា​អព្យាក្រឹត នោះ​ជាវិធី​ប្រសើរ​បំផុត​សម្រាប់​ប្រទេសកម្ពុជា​។ យើង​មិន​អាច​ប្រើ​ព្រះនាមរបស់ព្រះ​មហា​ក្សត្រ​បានទេ ក៏ប៉ុន្ដែ យើង​គួរ​តែ​ពិភាក្សាគ្នាថា តើគណបក្ស​នយោ​បាយ​ណាមួយ​មាន​សិទ្ធិ​បង្កើត​គោល​នយោ​បាយ​គាំ​ទ្រ​ព្រះមហា​ក្សត្រ​ ឬយ៉ាង​ណា”។

មន្ត្រីមក​ពី​គណ​បក្ស​ហ្វុ៊នស៊ិន​ប៉ិច និង​គណ​បក្ស​ នរោត្តម​ រណឫទ្ធិ បាន​លើក​ឡើង​ កាល​ពី​ម្សិលមិញ​ថា ខ្លួន​ដឹង​អំពីច្បាប់​ស្តីពី​ការ​ធ្វើយុទ្ធនាការបោះឆ្នោត និង​អនុវត្ត​តាម​បាន​យ៉ាង​ហ្មត់ចត់​។

លោក​ នរាណាឫទ្ធិ អានន្ទដាយ៉ាត នាយ​ខុទ្ទកាល័យ​របស់​គណ​បក្ស​នរោត្តម​ រណឫទ្ធិ បាន​បញ្ជាក់​ថា “ បើ​ទោះជា​ព្រះ​អង្គ​ម្ចាស់ ​នរោត្តម​ រណឫទ្ធិ ជា​បុត្រា​របស់​សម្តេច​ឪ​ក៏​ដោយ ក៏យើង​មិនដែល​ប្រើ​ព្រះនាម​របស់​ព្រះអង្គដែរ។​ យើង​មិនដែល​ប្រើ​ព្រះនាម​របស់​សម្ដេច​ឪ ក្នុងពេលធ្វើយុទ្ធនាការ​ ឬ​ដើម្បី​រក​សំឡេង​ឆ្នោត​នោះទេ។ យើង​មិន​ដែល​ប្រើ​ព្រះនាម​ព្រះ​មហា​ក្សត្រ​ជាវិធី​រក​សំឡេង​ឆ្នោត​នោះ​ឡើយ”។

ការលើក​ឡើង​ទំាំង​នោះ ត្រូវ​បាន​បន្ទរ​​ដោយលោក ទុំ សំបូរ អ្នក​នាំ​ពាក្យគណ​បក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច ដែល​ចង្អុលបង្ហាញ​ថា មិន​ចំាបាច់​​ប្រើ​ល្បិចបែបនោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍ថា “ មនុស្ស​គ្រប់​គ្នា​ស្គាល់​គណបក្ស​អស់ហើយ​ ព្រមទាំង​ដឹង​ថា គណ​បក្ស​នេះ​ចេញមក​ពីណាទៀតផង​ ដូច្នេះ ​យើង​មិន​ចាំ​បាច់​ប្រើ​ព្រះ​នាម​សម្ដេច​ឪ​ នៅពេលធ្វើ​ការ​ឃោស​នានោះ​ទេ”៕

     ប្រែសម្រួល​ដោយ ចេវ ប៊ុននី     

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស