បុគ្គលិកជាប់ពាក់ព័ន្ធនឹងដំណើរការសាងសង់បានឲ្យដឹង កាលពីម្សិលមិញថា ម្ចាស់គម្រោងសាងសង់អគារខ្ពស់ហ្គោល ថៅវើ កម្ពស់៤២ជាន់ (Gold Tower 42) ដែលមានទំហំទឹកប្រាក់រហូតដល់២៤០លានដុល្លារនៅក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមដោះស្រាយជម្លោះជាមួយក្រុមហ៊ុន ទទួលម៉ៅការសាងសង់គម្រោងនេះតាមរយៈក្រុមអាជ្ញាកណ្ដាល ដើម្បីចាប់ផ្ដើមការងារសាងសង់ឡើងវិញ បន្ទាប់ពីការសាងសង់របស់គម្រោងនេះត្រូវបានផ្អាកកាលពីខែកញ្ញា ឆ្នាំ២០១០ ដោយសារតែការលក់មិនបានប្រាក់គ្រប់គ្រាន់ ហើយមានការចំណាយលើស។
លោក លី ស៊ុនហ៊ុម (Lee Sun-hum) នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន យុនវូ ខេមបូឌា (Yon Woo Cambodia Co. Ltd) ដែលជាក្រុមហ៊ុនម្ចាស់អគារ ហ្គោល ថៅវើ កម្ពស់៤២ជាន់ បានថ្លែងថា ការដោះស្រាយជម្លោះដោយអាជ្ញាកណ្ដាលនៅក្នុងទីក្រុងសេអ៊ូល បានចាប់ផ្ដើមធ្វើឡើងកាលពីឆ្នាំទៅ ជាមួយក្រុមហ៊ុនវិស្វកម្ម និងសំណង់ហានីល (Hanil Engineering and Construction Co. Ltd) ដែលជាក្រុមហ៊ុនទទួលកិច្ចសន្យាម៉ៅការសាងសង់អគារខ្ពស់ មានទីតាំងនៅចំណុចប្រសព្វរវាងមហាវិថីព្រះសីហនុ និងមហាវិថីព្រះមុនីវង្ស។
ក្រុមហ៊ុនហានីល បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០០៨ ហើយបានចាប់ផ្ដើមដំណើរការសាងសង់អគារខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញ។ ប៉ុន្ដែអគារ ហ្គោល ថៅវើ កម្ពស់៤២ជាន់ ត្រូវបានផ្អាកទៅវិញកាលពីខែកញ្ញាឆ្នាំ២០១០ នៅពេលតម្លៃអចលនទ្រព្យរបស់ប្រទេសកម្ពុជាធ្លាក់ចុះ ដោយបង្កឲ្យគម្រោងអភិវឌ្ឍន៍ អចលនទ្រព្យក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង មួយចំនួនរួមមានគម្រោងអភិវឌ្ឍន៍កាំកូ ស៊ីធី (Camko City) ដែលចំណាយទឹកប្រាក់សរុប២.០០០លានដុល្លារ នៅក្នុងខណ្ឌឫស្សីកែវ បានផ្អាកដំណើរការសាងសង់របស់ខ្លួន។
លោក លី បានឲ្យដឹងកាលពីម្សិលមិញថា “ និយាយអំពីករណីនេះ ខ្ញុំកំពុងតែរង់ចាំលទ្ធផលដោះស្រាយពីប្រទេសកូរ៉េ ដោយយើងសង្ឃឹមថា អាចដោះស្រាយបានចប់នៅចុងខែឧសភានេះ។ពេលដោះស្រាយចប់ហើយ យើងនឹងខិតខំចាប់ផ្ដើមដំណើរការ [សាងសង់] ទៀត ប៉ុន្ដែយើងចាំបាច់ត្រូវតែទទួលបានដំណោះស្រាយពីប្រទេសកូរ៉េជាមុនសិន”។
លោក យូ ជឹងហ៊ូន (Yoo Jeoung-Hoon) មេធាវីរបស់ក្រុមហ៊ុនជីបយុង និងជីស៊ុង (Jipyong & Jisung) ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុនយុនវូ និងក្រុមហ៊ុន វិនិយោគអចលនទ្រព្យ ដេហាន (Daehan Real Estate Investment Trust) និងជាក្រុមហ៊ុន ដែលបានផ្ដល់
ប្រាក់ឲ្យក្រុមហ៊ុនយុនវូ ដើម្បីសាងសង់អគារខ្ពស់ ហ្គោល ថៅវើ កម្ពស់៤២ជាន់នេះបានមានប្រសាសន៍ថា កូនក្ដីរបស់លោកបានផ្ដួចផ្ដើមដោះស្រាយជម្លោះជាមួយក្រុមហ៊ុន ហានីល ដោយអាជ្ញាកណ្ដាល។
លោក ជឹង ហ៊ូន បានលើកឡើងថា “ករណីនេះ… កំពុងរង់ចាំដំណោះស្រាយរបស់ក្រុមអាជ្ញាកណ្ដាល ដែលបានបង្កើត និងផ្ដួចផ្ដើមឡើង ដោយក្រុមហ៊ុនយុនវូ ចាប់តាំងពីដំបូងម៉្លេះ គឺមិនមែនតាមរយៈក្រុមហ៊ុន ហានីល ទេ ហើយការដោះស្រាយជម្លោះនៅក្រុមអាជ្ញាកណ្ដាលនេះ ធ្វើឡើងដោយសារតែក្រុមហ៊ុន ហានីល មិនអាចសាងសង់បាន”។
កិច្ចសន្យារវាងក្រុមហ៊ុនយុនវូ និងក្រុមហ៊ុនហានីល បានចែងថា ក្រុមហ៊ុន យុនវូ យល់ព្រមបង់ប្រាក់ឲ្យក្រុមហ៊ុន ហានីល សរុបចំនួន១៣០លានដុល្លារ ដើម្បីសាងសង់អគារ ហ្គោល ថៅវើ កម្ពស់៤២ជាន់ ចំណែកឯចំណាយនៅសេសសល់លើគម្រោងសាងសង់ចំនួន១១០លានដុល្លារទៀត គឺក្រុមហ៊ុន ហានីល ត្រូវប្រមូលពីការលក់អគារនេះ ។
ជំនួយការម្នាក់របស់លោក ហុងជូន ប៉ាក នាយកគ្រប់គ្រងប្រចាំប្រទេសក្រុមហ៊ុនដែហាន (Daehan) ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ បានថ្លែងថា មានតែ៥៥ភាគរយប៉ុណ្ណោះនៃផ្ទះសរុបទាំងអស់ក្នុងអគារ ដែលត្រូវបានលក់ចេញ ហើយអ្នកទិញមួយចំនួនក៏បានខកខានក្នុងការបង់ប្រាក់ទៀត ។
លោកបាននិយាយថា “ គ្មានប្រាក់គ្រប់គ្រាន់ទេ តាមរយៈការលក់ផ្ទះនៅក្នុង អគារ ហើយក្រុមហ៊ុនយុនវូ មិនបានចេញថ្លៃសាងសង់ឡើយ”។លោកបន្ថែមថា “នៅក្នុងស្ថានភាពបែបនេះ ក្រុមហ៊ុន ហានីល មានកាតព្វកិច្ចបង់ប្រាក់ដើម្បីសាងសង់បង្ហើយ អគារនេះ ពីព្រោះបើយោងតាមកិច្ចសន្យា គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាងសង់”។
អ្នកគ្រប់គ្រងម្នាក់នៅក្រុមហ៊ុនហានីល ក្នុងរាជធានីភ្នំពេញ ដែលនិយាយក្នុងលក្ខខណ្ឌមិនចេញឈ្មោះ ដោយសារតែគាត់មិនត្រូវបានអនុញ្ញាតឲ្យនិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយនោះ បានលើកឡើងថា វិបត្តិហិរញ្ញវត្ថុនៅលើពិភពលោក គឺជាមូលហេតុនាំឲ្យផ្អាកការងារសាងសង់។ លោកបានបន្ថែមថា “ ដូចអ្នកដឹងស្រាប់ហើយថា វិបត្តិសេដ្ឋកិច្ចពិភពលោកជះផលប៉ះពាល់យ៉ាងខ្លាំងមកលើទីផ្សារ ដូច្នេះការលក់អគារផ្ទះល្វែង និងអគារខុនដូរ បានជួបការលំបាកជាខ្លាំង។ វាពិតជាបានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនហានីលមែន”។
ទោះជាយ៉ាងណាក៏ដោយ លោកបន្ថែមថា ក្រុមហ៊ុននេះនៅតែចង់បន្តសិទ្ធិសាងសង់អគារGold Tower 42 នេះដដែល។ បច្ចុប្បន្ន ដោយសាងសង់បានត្រឹមតែកម្ពស់៣១ជាន់នោះ អគារ Gold Tower 42 បានក្លាយជាឧទាហរណ៍ជាក់ស្តែងនៃការចំណាយដោយប្រថុយប្រថាននៅលើទីផ្សារអចលនទ្រព្យ ដែលបានកើតឡើងក្នុងប្រទេសកម្ពុជា មុនពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក និងបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជា កាលពីឆ្នាំ២០០៩។
លោក ឈិន ជិនតុង (Chhin Jin-tong) ដែលបានកក់ប្រាក់ចំនួន១,១លានដុល្លារសម្រាប់លក់រាយបន្ត ដែលមានផ្ទៃ៤០០ម៉ែត្រក្រឡា នៅជាន់ទី១នៃអគារ Gold Tower 42 បាននិយាយកាលពីម្សិលមិញថា លោកមិនទាន់ដឹងអំពីស្ថានភាពនៃគម្រោងនេះ និងការវិនិយោគរបស់លោកនៅឡើយទេ។
លោក ឈិន ជិនតុង បានលើកឡើងថា “ យើងបានប្រមូលវិនិយោគិនប្រាំមួយ ឬប្រាំពីរនាក់ផ្សេងទៀត ដើម្បីតវ៉ា ប៉ុន្ដែយើងមិនទាន់បានដាក់ពាក្យបណ្តឹងទៅតុលាការនៅឡើយទេ ពីព្រោះវាត្រូវចំណាយប្រាក់អស់ច្រើនពេក”។
លោកបានបន្ថែមថា លោកមិនដឹងអំពីដំណើរការការងារនៅទីក្រុងសេអ៊ូល ទេ។ លោក ម៉ាធ្យូ រ៉េនដល (Mathew Rendall) សមាជិកក្រុមមេធាវី Sciaroni & Associates ជាក្រុមប្រឹក្សាផ្នែកច្បាប់ បានមានប្រសាសន៍ថា អ្នកទិញទំនងជានឹងទទួលបានសំណងពីការវិនិយោគរបស់ខ្លួន ប្រសិនបើពួកគេសម្រេចចិត្តប្តឹងឡើងតុលាការ។
លោកបានមានប្រសាសន៍ថា “តាមច្បាប់របស់កម្ពុជា វិនិយោគិនទាំងនេះបានបង់ប្រាក់រួចហើយ ហើយក្រុមហ៊ុនយន់វូ ត្រូវទទួលខុសត្រូវ។ បើឡើងតុលាការអាចនឹងចំណាយប្រាក់អស់ច្រើន ប៉ុន្ដែ ពួកគេមានរឿងក្ដី ដែលសង្ឃឹមច្រើនថា អាចឈ្នះបាន។ ចំពោះករណីនៃការងើបឡើងវិញ វាជារឿងមិនច្បាស់ លាស់នៅឡើយ និងមិនដឹងថាបានប្រាក់នឹងបានមកពីណា ដើម្បីបន្តការងារសាងសង់”។
លោកមានប្រសាសន៍ថា “បើដាក់ពាក្យបណ្ដឹងនៅក្នុងប្រទេសកម្ពុជា អាចនឹងមានឱកាសសម្រាប់អ្នកទិញ ប៉ុន្ដែ ជាក់ស្តែងរឿងនេះស្ថិតនៅក្នុងប្រទេសកូរ៉េ ឯណោះវិញទេហើយធ្វើឲ្យអ្នកទិញនៅក្នុងប្រទេសកម្ពុជាមិនអាចដឹងអំពីការងារពាក់ព័ន្ធនឹងផលប្រយោជន៍របស់ពួកគេឡើយ”។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហានីលនៅលើទីផ្សារហ៊ុនក្នុងប្រទេសកូរ៉េ គិតមកទល់នឹងថ្ងៃម្សិលមិញនេះ បានធ្លាក់ចុះចំនួន៥១,៦៨ភាគរយ គឺស្មើនឹង១,៣០ដុល្លារ ក្នុងមួយហ៊ុន៕
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី)
ប្រែសម្រួលដោយ ហួង កុកទៀន
និង តែម សុខុម