28.4 C
Phnom Penh

សកម្មភាពគេច​ពន្ធ​ដ៏ទូលំទូលាយ​ ប៉ះ​ពាល់​ខ្លាំង​ដល់​ឧស្សាហកម្ម​ផលិត​បារីនៅលើ​ទី​ផ្សារ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បរិមាណ​ផលិត​ផល​បារី​នាំចូល​មក​លក់​លើ​ទីផ្សារ​កម្ពុជា​ដោយ​គេច​ពន្ធ កំពុង​កើន​ឡើង​កាន់តែ​ច្រើន​ឡើង​ៗ​ ហើយ​បាន​បង្ខំ​ឲ្យ​សហគ្រាស​ផលិត​បារី​ធំបំផុត​ក្នុង​ប្រទេស​កាត់បន្ថយ​បរិមាណ​ផលិតកម្ម​អស់​ជិត​ពាក់​កណ្តាល ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​ដាំ​ថ្នាំ​ជក់​ក្នុង​ស្រុក​មិនមាន​ជម្រើស​ច្រើនក្រៅ​ពីលក់​ទិន្ន​ផល​របស់​ខ្លួន​ទៅ​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេ​ស​វៀត​ណាម​ ក្នុង​តម្លៃ​ទាប​ជាង​មុន។

យោង​តាម​លោក តុលា ពន្លឺ ប្រធាន​ផ្នែក​កិច្ច​ការ​ក្រុម​ហ៊ុន​និង​ច្បាប់​ នៅ​ក្រុម​ហ៊ុន ​British American Tobacco (BAT) ដែល​ផលិត​បារីជា​ច្រើន​ម៉ាក ដូចជា បារី សេក និង​បារី ៥៥​៥​ ជា​ដើមនោះ បាន​ឲ្យ​ដឹងថា កំណើន​​នៃ​បរិមាណ​ ​ផលិត​ផល​បារី​ ដែល​ត្រូវ​បាន​នាំចូល​មក​លក់​លើ​ទីផ្សារ​កម្ពុ​ជា​​ដោយ​​គេច​ពន្ធ កំពុង​តែ​ដាក់​សម្ពាធ​មកលើ​ទីផ្សារ​របស់​ក្រុម​ហ៊ុន BATហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​កាត់​បន្ថយ​បរិមាណ​​​ថ្នាំ​​ជក​់​មិន​ទាន់ច្នៃ​ ដែល​ខ្លួនត្រូវ​ទិញ​ពី​ផលិតករ​ក្នុង​ស្រុក។

លោកបានមាន​ប្រសាសន៍ថា “ កាលពី​ឆ្នាំ​​មុន យើង​មាន​កិច្ច​សន្យា​ជាមួយ​កសិករ​ ចំនួន ១.០០០នាក់។ ឆ្នាំនេះ ដោយ​សារ​តែ​មាន​ការ​​ប្រកួត​ប្រជែង​មិនត្រឹម​ត្រូវ​ យើង​ត្រូវ​កាត់​បន្ថយ​ចំនួន​កសិករ​ទាំង​នេះ​ មក​ត្រឹម​ ៥៦០​នាក់​ប៉ុណ្ណោះ ឬប្រហែ​ល​៥០​ភាគរយ​។ ហើយ​យើង​ក៏​ត្រូវ​កាត់​បន្ថយ​ចំនួន​កម្មករធ្វើ​ការ​តាម​រដូវ​នៅ​ខេត្ត​កំពង់​ចាម ពី​១.២០០​នាក់​មក ៦៥០​នាក់​វិញ​ផងដែរ ឬប្រហែល​ជា​៥០​ភាគរយ​ដូច គ្នា”។

ទោះ​បី​ជា​លោក ពន្លឺ បាន​បដិសេធមិន​និយាយ​អំពី​ផលប៉ះពាល​់នៃ​សកម្មភាពគេច​ពន្ធទៅ​លើ​ទំហំ​ប្រាក់​ចំណេញ​របស់ ក្រុម​ហ៊ុន BAT ក៏​ដោយ​ លោកបាន​និយាយ​ថា ពាណិជ្ជ​កម្ម​ថ្នាំជក់ខុស​ច្បាប់​នៅក្នុង​ប្រទេ​ស​កម្ពុជា​ ​បង្កើតប្រាក់​ចំណេញ​ចំនួន​ ១៦លាន​ដុល្លារក្នុង​មួយឆ្នាំៗ នៅ​តំបន់​មួយចំនួន​ក្នុង​ចំណោម​ប្រាក់ចំណេញ​សម្រាប់​ទីផ្សារ​ ​ត្រូវ​បានគេ​ជឿ​ថា នឹង​មានក្នុង​ចន្លោះ​ពី៣០​ទៅ​៤០​លាន​ដុល្លារ​។

ក្នុងឆ្នាំនេះ​ រដូវ​ប្រមូល​ផល​ថ្នាំជក់​ បាន​ចាប់​ផ្តើម​ក្នុងខែ​មករា និង​ចប់​នៅ​ដំណាច់​ខែ​ឧសភា បើ​ទោះជា​បរិមាណ​ផលិត​កម្ម​សរុប​មិនទាន់​ត្រូវ​បាន​គណនា​ក៏ដោយ។ កាល​ពី​ឆ្នាំ​មុន​ ទិន្នផល​សរុប​មាន​ចំនួន​១៤.០០០​តោន។

ស្រប​ពេល​តម្រូវ​ការ​បារីនៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ទ្រឹង ​ប្រទេ​ស​​នេះ​មាន​អ្នកជក់​បារីចំនួន២លាន​នាក់ ក្នុងចំណោម​ប្រជាជន​៧,៥លាន​នាក់​ ​​មានអាយុ​​លើស​ពី​១៥​ឆ្នាំ ហើយ​អាជីវករ​លក់បារី​នាំចូល​ដោយ​គេច​ពន្ធបែបនេះ​ទៀត ​ផលប៉ះពាល់​ពិត​ជា​មានកាន់តែ​ខ្លាំង​ទៅ​លើទំហំ​ប្រាក់​ចំណេញ​របស់​សហគ្រា​ស​ផលិត​បារីក្នុងស្រុក​មិន​ខាន​។

លោក ខាន់ សំបាន ប្រធាន​នាយក​ដ្ឋា​ន​កសិឧស្សាហកម្ម នៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ​់ និងនេសាទ បាន​មាន​ប្រសាសន៍ថា “​ បច្ចុប្បន្ន ក្រុម​ហ៊ុន ​[ក្នុងស្រុក​] កំពុង​កាត់បន្ថយ​បរិមាណ​ទិញ​ថ្នាំជក​់ពី​កសិករ ពីព្រោះ​ពួកគេ​មិនអាច​ប្រកួត​ប្រជែង​ជាមួយ​[ឈ្មួញ​]​ថ្នាំ​ជក់ខុស​ច្បាប់ ដែល​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល​បាន​ទេ”។ លោក​ថ្លែង​បន្ថែម​ទៀត​ថា ផលិត​ផល​​បារី​ខុស​ច្បាប់​​ត្រូវ​បាននាំ​​​ចូល​​​ពីប្រទេស​​ឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី មកលក់​លើ​ទីផ្សារ​កម្ពុជា កំពុងតែ​គេ​ចវេះ​ពី​ការបង់​អាករលើ​តម្លៃ​បន្ថែម​ (VAT)​១០​ភាគ​​រយ​។

លោកបានថ្លែងថា “ផលិត​ផលបារី ដែល​ត្រូវបាន​លក់​ដោយ​មិនបង់​ពន្ធ មាន​តម្លៃថោក​ជាង​បារីដែល​ត្រូវបាន​លក់​ដោយ​បង់​ពន្ធ​ត្រឹម​ត្រូវ​តាម​ច្បាប់​ ពីព្រោះ​អ្នកលក់លក់បញ្ចុះ​តម្លៃ​ ហើយ​អ្នក​ប្រើប្រាស់​ចូល​ចិត្ត​ទិញ​របស់​ដែល​មាន​តម្លៃ​ថោក​ជាង”។ កសិករ តែ លីម  អាយុ​៥៤​ឆ្នាំ នៅ​​ស្រុកត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម​ បាន​និយាយថា សហគ្រាស​​ផលិត​បារីស្រប​ច្បាប់​កំពុង​ទទួល​រង​សម្ពាធ​ពី​ក្រុម​ឈ្មួញ​គេចពន្ធកាន់​តែ​ធ្ងន់ឡើង​ៗ  ប៉ុន្តែបែរ​ជា​ទទួលបាន​ចំនួន​បញ្ជាទិញ​កាន់តែ​តិចទៅៗ។

លោកបាន​ថ្លែងថា “ ក្នុងឆ្នាំនេះ ក្រុមហ៊ុន​​ទាំង​នេះទិញ​ថ្នាំជក់​មិនទាន​់កែច្នៃ​ពី​កសិ​ករ​តែ​១.០០០​តោន​ប៉ុណ្ណោះ​ ប៉ុន្តែ​ឆ្នាំ​មុន​ពួកគេទិញ​​រហូតដល់ទៅ​៤.០០០តោន​ឯ​ណោះ។ នៅ​ពេល​ពួក​គេ​ទិញ​កាន់តែ​តិច​ យើង​ដាំកាន់តែ​តិច  ហើយ​យើងនឹងយក​ទៅ​លក់​ឲ្យវៀតណាម​វិញ ទោះបី​ជា​ទទួល​បាន​ប្រាក់​ចំណេញ​តិច​តួចក៏ដោយ”។

លោក កាតម សុណាវណ្ណ ប្រធាន​ការិ​យា​ល័យក្សេត្រ​សាស្ត្រ​នមន្ទី​កិសកម្ម​ខេត្ត​កំពង់​ចាម​បាន​ថ្លែងថា នៅ​ក្នុង​ខេត្ត​ដែល​មាន​ផ្ទៃ​ដី​ដាំថ្នាំជក់​ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ទំហំ​ផ្ទៃ​ដី​សម្រាប់​ដាំថ្នាំជក់​ក្នុងឆ្នាំនេះ​បាន​ធ្លាក់ចុះ២៣,៥៨​ភាគរយ​ ពោលគឺធ្លាក​់​មក​៦.៤១​១ហិកតា បើ​ប្រៀប​ធៀបជាមួយ​ផ្ទៃ​ដី​ឆ្នាំ​២០១១។

ក្នុងឆ្នាំនេះ ដោយ​សារតែ​​បរិមាណ​ផ្គត់ផ្គង់​​បាន​ធ្លាក់ចុះ​ តម្លៃ​ថ្នាំជក់មិនទាន់កែច្នៃ​បាន​កើន​ឡើង​ដល់ ២,០៧​ដុល្លារ​ក្នុង​មួយគីឡូក្រាម ពោលគឺបាន​កើន​ឡើង​ពី ១,០៧​ដុល្លារក្នុងមួយ​​គីឡូក្រាម កាលពីឆ្នាំ​មុន។ ប៉ុន្តែ​ កសិករ​បាន​និយាយថា ប្រសិន​បើ​ក្នុង​ពេល​ឆាប់ៗខាងមុខ​ នេះ មិនមាន​ការ​បញ្ជា ទិញ​ច្រើន​ទេ ពួកគាត់​នឹងត្រូវ​បន្ទាប​តម្លៃ​​ ហើយ​លក់​ទៅ​ឲ្យ​ឈ្មួញ​វៀតណាមវិញ។

លោក យិន សេងហួរ កសិករ​ដាំ​ថ្នាំ​ជក់​ ដែល​មាន​អាយុ៥៤ឆ្នាំ និង​រស់នៅ​ក្នុង​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍ថា លោកនិង​កសិករ​ដទៃទៀត នៅ​ក្នុង​ស្រុកបាន​​អំពាវនាវ​សុំជំនួយ​ពី​រដ្ឋា​ភិបាល។ លោកថ្លែងថា “យើង​ខ្ញុំ​សូម​ស្នើឲ្យ​រដ្ឋា​ភិបាលមេត្តាអន្តរាគមន៍​លើ​អាជីវកម្មថ្នាំជក់​ខុស​ច្បាប់។ យើង​ខ្ញុំ​​លក់​មិន​ដាច់​ទេ​ ប្រសិន​បើ​ក្រុម​ហ៊ុននានា មិន​ទិញ​ថ្នាំជក់យើងនោះ”។

មាន​លក់​បារី​នាំចូល​ពី​ប្រទេស​ចិន​ ឥណ្ឌូ​ណេស៊ី និងប្រទេស​ម៉ា​ឡេស៊ី មកលក់នៅផ្សារ​អូឡាំពិក ក្នុង​ខណ្ឌ​ចំការមន​ រាជ​ធានីភ្នំពេញ ក្នុង​តម្លៃ​តែ​៥០០រៀល​ ឬ ០,១២​ដុល្លារប៉ុណ្ណោះ​ក្នុង​មួយ​កញ្ចប់។ តម្លៃ​នេះ​ទាប​ជាង​តម្លៃ​បារី​ដែល​គោរព​តាម​គោលការណ៍​រដ្ឋាភិបាល​ ស្តីពី​ការ​ក្រើន​រំឭកអំពី​ផលប៉ះពាល់នៃ​ការ​ជក់បារី​ ទៅ​លើ​សុខភាព​ ដល់អ្នក​ប្រើ​ប្រាស់ ដូចជាបារី​ ៥៥៥ សេក និង​បារី អាឡាំង ដឺឡុង ដែលមាន​​តម្លៃ​ជា​មធ្យម​២.០០០​រៀល ឬ០,៥​ដុល្លារ​។

លោក ដួង​ សួន អាជីវករ​ក្នុងផ្សារអូឡាំពិកបាន​ចង្អុល​បង្ហាញ​ផលិត​ផលបារី​ហេរ៉ូ (Hero) និងបារីជេត (Jet) ​នាំចូល​ពី​ឥណ្ឌូណេស៊ី  ដែលអ្នក​ប្រើ​និយមចូលចិត្ត​ ហើយ​បាននិយាយថា “ខ្ញុំ​ពិ​បាកលក់​បារីបង់ពន្ធ​ស្របច្បាប់ណាស់។ ពេល​ខ្ញុំត្រូវការ​បារីទាំងនោះ ខ្ញុំ​ត្រូវ​ទៅទិញ​ប៉ុន្តែ​សម្រាប់​បារី​ខុស​ច្បាប់​វិញ​​ មានភ្នាក់ងារ​​ចែក​ចាយ​ច្រើនណាស់​ ​ក្នុង​ផ្សារនេះហើយ​​ពួកគេ​នៅ​ក្បែរ​នេះ​ទេ”៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស