កម្លាំងសន្ដិសុខរបស់រដ្ឋាភិបាល បានបាញ់សម្លាប់ក្មេងស្រីជំទង់ម្នាក់ នៅក្នុងខេត្តក្រចេះកាលពីព្រឹកម្សិលមិញ ក្នុងប្រតិបត្តិការជួនគ្នា ដើម្បីចាប់ខ្លួនក្រុមអ្នកតវ៉ា ដែលពាក់ព័ន្ធក្នុងវិវាទដីធ្លីជាយូរមកហើយ ជាមួយក្រុមហ៊ុនចម្ការកៅស៊ូមួយ ដែលទទួលរងការចោទថា បានលួចយកដីរបស់ពួកគេ។
លោកអភិបាលខេត្តបានថ្លែងថា កងកម្លាំងចម្រុះបានបាញ់ការពារខ្លួនពីអ្នកភូមិប្រដាប់ដោយពូថៅ និងឧបករណ៍កសិកម្មផ្សេងទៀតហើយលោកបានហៅការស្លាប់ក្មេងស្រីនេះថា ជាឧបទ្ទវហេតុគួរឲ្យសោកស្ដាយ។ហេតុការណ៍នេះកើតឡើង នៅពេលការប៉ះទង្គិចគ្នា ដោយហិង្សាកាន់តែកើនឡើងនៅទូទាំងប្រទេសរវាងអ្នកភូមិ និងកងកម្លាំង របស់រដ្ឋាភិបាល ព្រមទាំងសន្ដិសុខ នៅពេលបណ្ដេញពួកគាត់ចេញពីដី ដែលរដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍនៅក្នុងប្រទេស។
លោក ហេង សុខលាង ដែលជាបងប្អូនប្រុសរបស់ក្មេងស្រីរងគ្រោះបាននិយាយថា ប្អូនស្រីរបស់លោក ឈ្មោះ ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានបាញ់ត្រូវពោះ ពេលកំពុងលាក់ខ្លួនពីទាហានជាមួយម្ដាយ និងបងប្អូនប្រុសរបស់នាងខាងក្រោមផ្ទះរបស់ខ្លួនក្នុងភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ លោកនិយាយថា វេជ្ជបណ្ឌិតបានប្រាប់ថា ប្អូនស្រីរបស់លោកស្លាប់នៅពេលបញ្ជូនទៅដល់គ្លីនិកមួយនៅក្នុងស្រុកស្នួល ។ លោកបាននិយាយថា “ខ្ញុំក្រៀមក្រំណាស់ហើយខ្ញុំចង់រកយុត្តិធម៌ឲ្យប្អូនស្រីរបស់ខ្ញុំ”។
លោក នួន ប៊ុនធី ជាអ្នកភូមិម្នាក់ទៀតនិយាយថា គាត់បានឃើញទាហានប្រដាប់ដោយអាវុធយ៉ាងតិច១៥នាក់ បានមកដល់ភូមិនៅវេលាម៉ោងប្រហែល៨និង៣០នាទីព្រឹក មុនពេលប្រញិបប្រញាប់រត់សំដៅមកផ្ទះរបស់លោក ដើម្បីរកកន្លែងលាក់ខ្លួន ហើយភ្លាមនោះ លោកឮស្នូរផ្ទុះកាំភ្លើងយ៉ាងយូរ។
លោក ប៊ុនធី ជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិប្រហែល១.០០០នាក់ ដែលបានចោទក្រុមហ៊ុនឯកជនកាសូទីម ថា បានយកដីស្រែចម្ការរបស់ខ្លួនទៅធ្វើជាចម្ការកៅស៊ូ បាននិយាយថា “ពួកគេសាហាវណាស់។ ពួកគេបាញ់សម្លាប់ជនស្លូតត្រង់។ វាអយុត្តិធម៌ ចំពោះប្រជាជន”។លោក ស ចំរុ៉ង អភិបាលខេត្តក្រចេះ បាននិយាយការពារប្រតិបត្តិការនេះ ដោយចោទអ្នកភូមិថា បានព្យាយាមបំបែករដ្ឋ ហើយបានចាត់ទុកហេតុការណ៍នេះថា ជាប្រតិបត្តិការដ៏ជោគជ័យ មួយប្រឆាំងនឹងមេខ្លោងរបស់ពួកគេ ដែលបានរត់គេចខ្លួនបាត់។
លោកបានមានប្រសាសន៍ថា “ប្រតិបត្តិការបំបែកមេខ្លោងនេះ ទទួលបានជោគជ័យ។អ្នកភូមិដែលរស់នៅជុំវិញតំបន់នេះសប្បាយរីករាយបំផុតជាមួយប្រតិបត្តិការរបស់យើងក្នុងការសង្គ្រោះពួកគេឲ្យផុតពីពួកមេខ្លោងទាំងនេះ ពីព្រោះពួកគេរស់នៅក្រោមគំនាបពីក្រុមអបគមន៍ ដែលបានដាក់របាំងរាំងផ្លូវដើម្បីគំរាមទារប្រាក់ពីអ្នកភូមិ និងនគរបាល ព្រមទាំងទារប្រាក់ពីមន្ត្រីរាជការ។ លោកបានបន្ដថា “ពួកមេខ្លោងសំខាន់ៗបានរត់គេចខ្លួន ហើយយើងកំពុងតែតាមចាប់ពួកគេ។ អ្នកភូមិដែលចាញ់បោកពួកគេឲ្យចូលក្នុងចលនានេះ ត្រូវបានអប់រំ ហើយពួកគេដឹងហេតុការណ៍ហើយ”។
លោក ចំរុ៉ង បានមានប្រសាសន៍ថា កម្លាំងសន្ដិសុខគ្រាន់តែបាញ់ការពារខ្លួនប៉ុណ្ណោះ។ លោកថ្លែងថា “ មានអ្នកភូមិមួយក្រុមកាន់ពូថៅ កាំបិត ចប ស្នា និងព្រួញ មានផែនការវាយប្រហារមកលើកម្លាំងសមត្ថកិច្ច។ ជាចៃដន្យ គ្រាប់កាំភ្លើងមួយគ្រាប់ចេញពីកម្លាំងសមត្ថកិច្ចទៅត្រូវក្មេងស្រីអាយុ១៤ឆ្នាំម្នាក់។ យើងជាអាជ្ញាធរ និងរដ្ឋាភិបាលសោកស្ដាយណាស់អំពីគ្រោះថ្នាក់នេះ”។ លោកបានថ្លែងថា លោកបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន៥០០.០០០រៀល (១២៥ដុល្លារ) ឲ្យគ្រួសារក្មេងស្រីរងគ្រោះនេះ ហើយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបរិច្ចាគ២លានរៀលទៀត (៥០០ដុល្លារ)។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងមហាផ្ទៃបានបង្ហាញឈ្មោះមេខ្លោងធំជាងគេ ឈ្មោះ ប៊ុន រដ្ឋា ហើយចោទប្រកាន់ជននេះពីបទប្រព្រឹត្តអំពើល្មើសនឹងច្បាប់រដ្ឋធម្មនុញ្ញ ដោយប៉ុនប៉ងបង្កើតភូមិថ្មីបី ដោយឯករាជ្យពីរដ្ឋាភិបាល ហើយបានឃាត់ខ្លួនទាហាន និងអ្នកភូមិ ព្រមទាំងដឹកនាំការតវា៉ខុសច្បាប់។
សេចក្ដីថ្លែងការណ៍នេះ បានឲ្យដឹងថា“ គ្រប់សកម្មភាពខុសច្បាប់ទាំងអស់ ដែលប្រព្រឹត្តឡើងដោយពួកមេខ្លោងអនាធិបតេយ្យ គឺប្រឆាំងនឹងរដ្ឋអំណាច ដែលកើតចេញពីការបោះឆ្នោត និងគោលការណ៍ប្រជាធិបតេយ្យ និងប៉ុនប៉ងឈានទៅបង្កើតតំបន់អបគមន៍។ស្ថានភាពដូចខាងលើនេះ បានចាប់បង្ខំឲ្យរាជរដ្ឋាភិបាលចាំបាច់ត្រូវប្រើប្រាស់វិធានការស្របច្បាប់ ដើម្បីឈានទៅគ្រប់គ្រងរដ្ឋបាលនៅតំបន់នោះឡើងវិញ”។ សេចក្ដីថ្លែងការណ៍មួយ របស់សាលាខេត្តក៏បានកំណត់ឈ្មោះ ប៊ុន អូន និង សុខ តុង ថា ជាមេខ្លោងផងដែរ។
ទាក់ទងបានតាមទូរស័ព្ទខណៈដែលកំពុងលាក់ខ្លួន លោក រដ្ឋា បានមានប្រសាសន៍ថា លោកត្រូវគេឲ្យការណ៍អំពីផែនការរបស់រដ្ឋាភិបាល ដើម្បីចាប់ខ្លួនលោក ហើយលោកបានភៀសខ្លួនចេញពីភូមិភ្លាមៗដែរ មុនពេលកម្លាំងសន្ដិសុខទៅដល់។ លោកត្រូវបានចាប់ខ្លួនម្តងហើយ កាលពីខែមុន ចំពោះតួនាទីរបស់លោកក្នុងការដឹកនាំតវា៉មួយប្រឆាំងនឹងក្រុមហ៊ុនចម្ការកៅស៊ូ កាលពីក្នុងខែកុម្ភៈ ក៏ប៉ុន្ដែត្រូវបានដោះលែងនៅប៉ុន្មានថ្ងៃក្រោយមក។ លោកបានបដិសេធថា លោកមិនបានដឹកនាំចលនាអប្បគមន៍នោះទេ។
បានចាប់ខ្លួនម្តងហើយ កាលពីខែមុន ចំពោះតួនាទីរបស់លោកក្នុងការដឹកនាំតវា៉មួយប្រឆាំងនឹងក្រុមហ៊ុនចម្ការកៅស៊ូ កាលពីក្នុងខែកុម្ភៈ ក៏ប៉ុន្ដែត្រូវបានដោះលែងនៅប៉ុន្មានថ្ងៃក្រោយមក។
លោកបានបដិសេធថា លោកមិនបាន
ដឹកនាំចលនាអបគមន៍នោះទេ។ លោកនិយាយថា “ ខ្ញុំគ្រាន់តែជាកសិករ
តូចតាចប៉ុណ្ណោះ ហើយខ្ញុំគ្មានសិទ្ធិដឹកនាំ
អបគមន៍ទេ។វាគួរឲ្យអស់សំណើចណាស់ ដែលពួកគេចោទប្រកាន់ខ្ញុំបែបនេះ។ ខ្ញុំគ្រាន់
តែស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលគ្មានដីធ្លី…។ យើងគ្មានអ្វីទេ គឺមានតែដៃទទេប៉ុណ្ណោះ”។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេត
របស់អង្គការអាដហុកបានទាក់ទងទៅគ្រួសារ
ទាំងនោះ ហើយមានប្រសាសន៍ថា ទាហាន
មន្ត្រីកងរាជអាវុធហត្ថ នគរបាល និងឧទ្ធម្ភាគចក្រមួយគ្រឿងបានផ្ដុំគ្នានៅក្នុងស្រុកនេះ តាំងពីថ្ងៃច័ន្ទ មកេម្ល៉ះ។ យោងតាមលោកចាន់ សុវ៉េត បានឲ្យដឹងថា អ្នកភូមិទាំងនេះបាននិយាយថា ក្នុងនោះមានកម្លាំងជាង២០០នាក់បានចូលរួមក្នុងប្រតិបត្តិការបោសសម្អាតភូមិនេះ កាលពីម្សិលមិញ។
លោកបានថ្កោលទោសចំពោះការសម្លាប់
និងការប្រើប្រាស់កងកម្លាំងយ៉ាងច្រើនរបស់រដ្ឋាភិបាលនេះ។ លោកបានមានប្រសាសន៍ថា “ វាពិតជាគួរឲ្យអស់សំណើច ដែលរដ្ឋាភិបាល និងអាជ្ញាធរប្រើប្រាស់ឧទ្ធម្ភាគចក្រមួយគ្រឿង និងកងកម្លាំងប្រដាប់អាវុធជាង២០០នាក់នៅក្នុងប្រតិបត្តិការធំមួយ ដើម្បីបណ្ដេញអ្នកភូមិចេញពីដីធ្លី និងបានចោទប្រកាន់ថា ពួកគេថាជាក្រុមអបគមន៍”។
លោក បានចោទប្រកាន់រដ្ឋាភិបាលថា បានប្រឌិតរឿងនេះឡើង ដើម្បីធ្វើឲ្យឃើញថាទង្វើរបស់ខ្លួនក្នុងការបណ្ដេញគ្រួសារទាំងនេះមានហេតុផលសមរម្យ។ លោកបានមានប្រសាសន៍ថា មានពាក្យចចាមអារា៉មថា មានមនុស្សដល់ទៅពីរនាក់ស្លាប់ និងអ្នករងរបួសមនុស្សជាច្រើននាក់ទៀត តែមិនអាចបញ្ជាក់បានទេ ហើយលោកគ្រោង នឹងចុះទៅពិនិត្យដល់ភូមិនោះនៅថ្ងៃនេះ។
អាជ្ញាធរមូលដ្ឋានបាននិយាយថា ក្រុមហ៊ុនកាសូទីម ទទួលបានដីសម្បទានទំហំ១៥.០០០ហិចតានៅក្នុងតំបន់នេះដើម្បីដាំដំណាំកៅស៊ូកាលពីឆ្នាំ២០០៧។ ប៉ុន្ដែយោងតាមអង្គការ Global Witness ជាអង្គការសិទ្ធិបរិស្ថានបានឲ្យដឹងថា ក្រុមហ៊ុនកាសូទីម ដែលជាពាក្យកាត់របស់ពាក្យ Cambodia Soviet Timber Import Export មានដីសម្បទាននៅក្នុងតំបន់នេះយ៉ាងហោចណាស់ក៏តាំងពីចុងទសវត្សរ៍ ឆ្នាំ១៩៩០ដែរ។
បុរសម្នាក់ដែលលើកទូរស័ព្ទរបស់ក្រុមហ៊ុនកាសូទីម បានបដិសេធមិនប្រាប់ឈ្មោះទេ ហើយបានប្រាប់អ្នកយកព័ត៌មាន មិនឲ្យដាក់ឈ្មោះក្រុមហ៊ុនរបស់គាត់ក្នុងអត្ថបទ។ បុរសនោះបាននិយាយថា “វាជាកិច្ចការរបស់រដ្ឋាភិបាល និងកងកម្លាំងរដ្ឋាភិបាល”។
ក្នុងរយៈពេលច្រើនឆ្នាំមកនេះអង្គការសិទ្ធិមនុស្សបន្ទោសដល់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចបែបនេះថា នាំឲ្យមានការរំលោភបំពានសិទ្ធិមនុស្ស និងបរិស្ថានយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងប្រទេស រាប់ពីការបំផ្លាញព្រៃឈើយ៉ាងរាលដាល ដល់ការបណ្ដេញចេញប្រជាជនយ៉ាងច្រើន ហើយបានលើកឡើងថា ការតវ៉ាត្រូវបានបង្ក្រាបដោយរដ្ឋាភិបាលកាន់តែច្រើនឡើង។
កាលពីខែមករា សន្ដិសុខឯកជនបានបង្កឲ្យរបួសមនុស្សយ៉ាងហោចណាស់បួននាក់ក្នុងខេត្តក្រចេះ នៅពេលពួកគេបាញ់ប្រហារ ទៅលើអ្នកភូមិ ដែលគ្មានអាវុធនៅក្នុងដៃនាំគ្នាទាមទារឲ្យក្រុមហ៊ុន TTY ដែលមាន ដីសម្បទានចម្ការកៅស៊ូទំហំ៩.៨០០ហិកតាឈប់ឈូសឆាយដីចម្ការរបស់ពួកគាត់។
កាលពីខែមេសា លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើត្រូវមន្ត្រីកងរាជអាវុធហត្ថ បាញ់សម្លាប់ក្នុងខេត្តកោះកុង អំឡុងពេលមានការប្រឈមមុខជាមួយមន្ដ្រីកងរាជអាវុធហត្ថនិងសន្ដិសុខរបស់ក្រុមហ៊ុនក្នុងស្រុកមួយ ខណៈពេលស៊ើបអង្កេតអំពីការកាប់ឈើខុសច្បាប់នៅជុំវិញដីសម្បទានរបស់ក្រុមហ៊ុននេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចថ្មីៗទាំងអស់ កាលពីដើមខែនេះ ប៉ុន្ដែក្រុមអ្នកសង្កេតការណ៍ព្រួយបារម្ភថា ចំណាត់ការនេះប្រហែលជាល្បិចនយោបាយ ដើម្បីទទួលបានការគាំទ្រនៅមុនការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនាខែក្រោយនេះតែប៉ុណ្ណោះ៕
(រាយការណ៍បន្ថែមដោយ គីម ចាន់ និង Zsombor Peter)
ប្រែសម្រួលដោយ ចេវ ប៊ុននី
និង តែម សុខុម