38.8 C
Phnom Penh

គណបក្ស​នយោបាយ​ទទួល​បាន​ពេល​ឃោសនា​ចំនួន​១២​នាទី​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ លោក​ ទេព​ នីថា​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​មាន​ប្រសាសន៍ថា ​គណបក្ស​នយោបាយ​ចំនួន​១០​ ដែល​កំពុង​ប្រកួត​ប្រជែង​​ក្នុង​ការ​បោះ​ឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​​ឃុំ-សង្កាត់នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ នឹងទទួល​បាន​រយៈ​ពេល​១២​នាទី​ក្នុង​មួយ​ថ្ងៃ ​សម្រាប់​ការ​ឃោសនា​រយៈ​ពេល​១៦​ថ្ងៃ​ ដើម្បី​ឃោសនា​ពី​គណបក្ស​របស់​ខ្លួន​នៅ​តាម​ទូរទស្សន៍​ និង​តាម​វិទ្យុ​។

​លោក​ ទេព នីថា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ថា​ ក្នុង​ការ​ឃោសនា​ ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​នេះ​ គណបក្ស​ទាំង​អស់​ទទួល​​បាន​ស៉្បតឃោសនា​ពីរ​ក្នុង​មួយ​ថ្ងៃ​ ដោយ​ស៉្បត​នីមួយៗ​មាន​រយៈ​ពេល​ប្រាំមួយ​​នាទី​ គឺ​ ​ស៉្បត​​មួយ​សម្រាប់​បង្ហាញ​ពី​វីដេអូ​ស្ដី​ពី​គណបក្ស​ ចំណែក​ឯ​​ស៉្បត​មួយ​ទៀត​សម្រាប់​ផ្សាយ​អំពី​ការ​ពិភាក្សា​ ដែល​រៀប​ចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​។

លោកបាន​មាន​ប្រសាសន៍​ថា “ គណបក្ស​នយោបាយ​ទាំង​អស់​មាន​សិទ្ធិ​ជួល​ម៉ោង​ផ្សាយ​នៅ​តាម​ស្ថានីយទូរទស្សន៍​ និង​វិទ្យុ​នានា​” ដោយ​លោក​បាន​បន្ថែម​ថា​ គ.ជ.ប​ នឹង​រ៉ាប់​រង​ថ្លៃ​​ស៉្បត​ឃោសនា​​ទាំង​នោះ​។

ប៉ុន្ដែ​លោក​ គល់ ​បញ្ញា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ ដោយ​សេរី ​និង​យុត្តិធម៌​ (ខុមហ្វ្រែល) មាន​ប្រសាសន៍ថា​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​មាន​ប្រៀប​ជាង​គូ​ប្រជែង​របស់​ខ្លួន​នៅ​ពេល​គណបក្ស​នេះ​ទទួល​បាន​ម៉ោង​ផ្សាយ​។កាល​ពី​ខែ​មីនា​កន្លង​ទៅ​នេះ​ អង្គការ​​ខុមហ្វ្រែល​ បាន​ចេញ​របាយ​ការណ៍​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​បាន​រក​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយរបស់​រដ្ឋ​ “​លម្អៀង ​​” ទៅ​លើ​គណ​បក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ខ្លាំង​។

លោក​ គល់ ​បញ្ញា​ បាន​បន្ថែម​ថា “​ខ្ញុំ​គិត​ថា​ វាជា​ការ​បារម្ភ​ដ៏ធំ​មួយ​ ដែល​គណបក្ស​ទាំង​ឡាយ​អាច​ផ្សាយ​​ស៉្បត​ពីរ ​ដែល​​មាន​រយៈ​ពេល​​ប្រាំមួយ​នាទី​ក្នុង​មួ​យ​ថ្ងៃ​ សម្រាប់​រយៈ​ពេល​១៥​ថ្ងៃ​។ សូម្បី​តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯកជនក៏​​ផ្សព្វ​ផ្សាយ​ឲ្យ​តែ​​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​”។ លោក​ ម៉ៅ ​អាយុទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​​​​​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក​បាន​បញ្ជា​ឲ្យ​ស្ថានីយទូរទស្សន៍​ឈប់​ផ្សាយ​ពី​សកម្មភាព​របស់​គណបក្ស​កាន់​អំណាច​។

លោកបាន​មាន​ប្រសាសន៍ថា​ “​នៅ​មុន​ពេល​ឃោសនា​ ប្រព័ន្ធផ្សព្វផ្សាយ​ទាំង​នេោះ​​តែង​តែ​ផ្សព្វ​ផ្សាយ​អំ​ពីសកម្មភាព​របស់​គណ​បក្ស​ប្រជាជនកម្ពុជា ប៉ុន្ដែ​ ឥឡូវ​នេះ​ពួក​គេ​ត្រូវ​តែ​គោរព​ច្បាប់​”។

លោក ​ប៉ែន ​សាមិទ្ធិ ​និពន្ធនាយក​កាសែត​ រស្មី​កម្ពុជា​ និង​ជា​ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​មាន​ប្រសាសន៍ថា ​វា​អាស្រ័យ​លើ​គណបក្ស​នយោបាយ​ទេ​ក្នុង​ការ​ទៅ​រក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តាម​ផែន​ការ​របស់​ខ្លួន​។

លោក​បាន​បន្ថែម​ថា​“ សូម​កុំ​រិះ​គន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ហើយ​និយាយ​ថា​ យើង​មិន​ផ្សព្វ​ផ្សាយ​សកម្មភាព​របស់​គណបក្ស​ ខណៈ​ដែល​គេមិន​ដែល​ប្រាប់​ពួក​យើង​អំពី​សកម្មភាព ឬ​របៀប​វារៈឃោសនា​​ផង​នោះ​”។  អង្គការ​ខុមហ្វ្រែល ​គ្រោង​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍ការ​បោះ​ឆ្នោត​ចំនួន​៥.០០០​នាក់​នៅ​ទូទាំង​ប្រទេស​សម្រាប់ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ខាង​មុខ​នេះ​។​ គ.ជ.ប​ បាន​ឲ្យ​ដឹង​ថា​  នឹង​មាន​ក្រុម​អ្នកសង្កេត​ការណ៍​​ប្រមាណ

១០.០០០នាក់​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន១៦​ ហើយ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល ​នឹង​ទទួល​រ៉ាប់​រង​ថ្លៃ​ចំណាយ​​៧៦​ភាគ​រយ​ក្នុង​ចំណោម​​ទឹក​ប្រាក់​ដែល​ត្រូវ​ចំណាយ​១៩​លាន​ដុល្លារ​ ដើម្បី​រៀប​ចំ​ការ​បោះ​ឆ្នោត​នេះ៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស