33 C
Phnom Penh

រថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធិ មុនី បុក​មនុស្ស​ស្លាប់ពីរ​នាក់​​ទៀត​ហើយនៅខេត្តបាត់ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​ឲ្យ​ដឹងថា ​ក្មេង​ប្រុស​អាយុ ប្រាំបួនឆ្នាំម្នាក់​ និងបុរស​ម្នាក់​បាន​ស្លាប់​ នៅ​​​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង​ បានបុក​ម៉ូតូ​របស់​ពួកគេ ក្នុង​ខេត្ត​បាត់ដំបង ​កាលពី​ថ្ងៃអង្គារ​។ នេះគឺ​ជាគ្រោះ​ថ្នាក់​ចរាចរណ៍រ​ថយន្ត​ក្រុង​លើក​ទី២​ហើយ​នៅ​ក្នុង​ខេត្ត​បាត់​ដំបងក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​​ជាប់​ពាក់​ព័ន្ធ​នឹង​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ដឹកអ្នកដំណើររិទ្ធិ មុនី។

លោក ណូយ វុទ្ធី មន្ត្រី​ព័ត៌​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខេត្ត​បាត់​ដំបង​ បាន​មាន​ប្រសាសន៍​ថា បុរសម្នាក់ឈ្មោះ ថាន់​ ថា អាយុ២៥ឆ្នាំ និងក្មេង​ប្រុស​ម្នាក់​ឈ្មោះ ​ទិត ទេព អាយុប្រាំបួន​​​ឆ្នាំ បាន​ស្លាប់ភ្លាម នៅពេល​រថយន្ត​ក្រុង​រិទ្ធិ​ មុនី​ បាន​បុក​ម៉ូតូ​របស់​ពួកគេ។

លោកបានបន្តថា ជន​រង​គ្រោះ​ទំាង​ពីរ​​នាក់​ជាអ្នកជិតខាងនឹងគ្នា រស់នៅក្នុងឃុំបឹងព្រីង​ស្រុកថ្ម​គោល កន្លែង​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​កើត​ឡើងតែម្តង។​ លោក ណូយ វុទ្ធី បាន​មាន​ប្រសាសន៍​ថា​ “អ្នកបើកបរថយន្តក្រុង​បើកបរ​លឿន​ពេក​ ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​នោះ ដែល​កំពុង​បើក​បរ​បញ្ច្រាស​ទិសគ្នាចំពី​មុខពេញទំហឹង។ នេះ​ជា​កំហុស​របស់​អ្នកបើកបរ ពីព្រោះ​គាត់​បើកបរ​លើ​ចំណែក​ផ្លូវ​របស់​គេ​ ហើយ​បាន​បើកបរ​​ក្នុងល្បឿនលឿន​ទៀត​ផង។ លោកបា​ន​ឲ្យ​ដឹងថា អ្នក​បើបរ​បានរត់​គេច​​ចេញពី​កន្លែង​កើតហេតុ ​ហើយអ្នក​នៅ​លើ​រថយន្តក្រុងគ្មាននណាម្នាក់រងគ្រោះនោះទេ។ លោក ​ម៉ា តារា អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​រិទ្ធិ មុនី ប្រចាំ​ខេត្តបាត់ដំបង បាន​បញ្ជាក់​ថា រថយន្ត​

ក្រុង​របស់​ក្រុមហ៊ុន​លោក ពិត​ជាបាន​ជួប​​គ្រោះ​​ថ្នាក់​ចរាចរណ៍​មែន ដោយ​លោក​បាន​លើក​ឡើង​ថា រថយន្ត​ក្រុង​នេះ​ចេញដំណើរ​ពីរាជ​​​ធានី​ភ្នំពេញ​ ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែត​ និង​ដឹក​អ្នក​ដំណើរ​​ក្នុង​ស្រុក ​និងអ្នក​ដំណើរ​បរ​​​ទេស។

ទោះបីជានគរបាលបាន​ទម្លាក់​កំហុស​​​នេះ​​​​​ទាំង​ស្រុង​ទៅ​លើ អ្នកបើកបរ​ក៏ដោយ ក៏លោក ម៉ា តារា ​បាន​មាន​ប្រសាសន៍ថា វា​ឆាប់​​​​ពេក​ហើយ​ដែល​ថា​ នរណា​ជាអ្នក​ខុស​នៅ​ក្នុង​​​ឧបទ្ទវហេតុ​នេះ។ លោកបានលើកឡើងថា “ យើង​រង់ចាំ​មើល​ការ​សើុប​អង្កេត​របស់​នគរបាល​​លើ​រឿង​នេះ​សិន។ នគរ​បាល​នឹង​សម្រេច​ថា នរណា​ជា​អ្នកខុស​ និង​នរណា​ជាអ្នក​ត្រូវ”។

កាលពីថ្ងៃច័ន្ទ រថយន្តក្រុងរបស់​ក្រុម​​ហ៊ុន រិទ្ធិ​ មុនី​ ដែលនគរបាលបាន​ប្រាប់​ថា បាន​បើក​បរក្នុងល្បឿនលឿននោះ បាន​បុក​គ្រឿង​ចក្រ​ឈូស​ឆាយដី​​ពីក្រោយ នៅ​ក្នុងស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។ អ្នកត្រួត​ពិនិត្យ​សំបុត្រ​រថយន្ដ​ក្រុង​ ដែល​មាន​អាយុ​ទើប​តែ​១៧​ឆ្នាំ​នោះ​បាន​ស្លាប់​​នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ដ​ក្រុង​នេះ​ ហើយ​មនុស្ស​បួន​នាក់​ផ្សេង​ទៀត​​រង​របួស​។

រថយន្ដ​ក្រុង​បស់​​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​រិទ្ធិ មុនី និង​ដៃ​គូ​របស់​ខ្លួន​ គឺ​ក្រុម​ហ៊ុន​ផារ៉ា​ម៉ោន អង្គរ អិុចប្រេស្សនោះ (Paramount Angkor

Express) បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​បី​លើក​ក្នុង​ខែ​កុម្ភៈ និង​ខែ​មីនា ដោយ​បណ្ដាល​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់​ និង​មនុស្ស​ជាង​៥០នាក់​ទៀតរង​របួស​។

លោក ម៉ា តារា បាន​បង្វែរ​សំណួរ​​ទាំង​អស់​​ អំពី​សុវត្ថិភាព​នៃ​​រថយន្ដ​ក្រុង​របស់ ក្រុម​ហ៊ុន​ទៅ​លោក សាន​ វិចិត្រ​ អ្នក​គ្រប់​គ្រង​ទូទៅ​ទាំង​នៅ​​ក្រុម​ហ៊ុនរិទ្ធិ មុនី និង​ក្រុមហ៊ុន ផារ៉ាម៉ោន ដែល​គេមិនអាច​ទាក់​ទង​បាន​។

កាលពី​ខែ​មីនា​ មន្ដ្រីមួយរូប​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​បានចេញ​​​គោល​នយោ​បាយ​​ចំនួនបី​ ព្រមាន​ដល់​ក្រុម​ហ៊ុន​រថយន្ដ​ក្រុងថា នឹង​បិទ​ក្រុម​ហ៊ុន​រថយន្ដ​ក្រុង​ទាំង​នោះ ​ប្រសិន​​បើ​ពួក​គេ​មិន​ធ្វើ​តាម​ការ​ព្រមាន ​ចំពោះ​ការ​​បង្កឲ្យមាន​អ្នក​របួស​ និង​អ្នក​ស្លាប់​នោះ​។

នៅ​ពេល​​សួរ​កាល​ពី​ម្សិល​មិញ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​នាពេល​ថ្មី​ៗនេះ​ ដែល​បង្ក​ដោយ​​ក្រុមហ៊ុន​ដឹកអ្នក​ដំណើរ ​រិទ្ធិ មុនី នោះ លោក ហ៊ឹម យ៉ាន​ ប្រធាន​នាយកដ្ឋាន​សណ្ដាប់​​ ធ្នាប់​សាធារណៈ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា “​យើង​កំពុង​តែ​ធ្វើការ​លើ​រឿង​នេះ”។លោកស្រី សាន់ សុជាតា អ្នក​គ្រប់​គ្រង​កម្ម​​​វិធី​​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក​នៃ​អង្គការ​  ជន​ពិការ​អន្ដរ​ជាតិ​ ប៊ែលហ្សុិក បាន​លើក​​​ឡើង​​​​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ភាគ​ច្រើន​​​​​​ក្នុង​​​​​​​ប្រទេស​ច្រើន​កើត​ឡើង​ដោយ​ការ​បើក​ហួស​ល្បឿន​។

លោកស្រី បានមានប្រសាសន៍ថា “ ​យើង​​​​ត្រូវ​តែ​ដោះ​ស្រាយដើម្បី​កាត់​បន្ថយ​គ្រោះ​​​ថ្នាក់​ចរាចរណ៍​តាម​រយៈ​ការ​ត្រួតពិនិត្យ​លើ​ការ​បើក​បរ​ហួស​ល្បឿន​។ យើង​ត្រូវ​ការ​​កន្លែង​ត្រួត​ពិនិត្យ​ការ​បើក​បរ​ហួស​ល្បឿន​​ឲ្យបាន​ត្រឹម​ត្រូវ​”៕

ប្រែសម្រួល​ដោយ  ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស