29.3 C
Phnom Penh

ជនសង្ស័យ​ ​អៀង សារី ​មេដឹកនាំ​ ខ្មែរ​ក្រហម​ ត្រូវ​បាន​បញ្ជូនទៅ​​ មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អៀង​ សារី ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​របប​ខ្មែរ​ក្រហម​ ដែល​កំពុង​ឡើង​សវនាការ​កាត់​ទោស​ចំពោះ​​ការ​ចោទ​ប្រកាន់​​​​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ- សូវៀត​ ក្នុង​​​​រាជ​ធានី​ភ្នំពេញ​កាល​ពីម្សិល​មិញ​ បន្ទាប់​ពី​​​គាត់​​​ ​បាន​ត្អូញ​ត្អែរ​ថា​ មាន​ការ​លំបាក​ដក​ដង្ហើម​។ វេជ្ជ​បណ្ឌិត​មួយ​រូប​នៅ​ឯ​មន្ទីរ​ពេទ្យ​​នេះ​បាន​ឲ្យ​ដឹង​ថា​ អៀង​ សារី ​វ័យ​៨៦​ឆ្នាំ ​ត្រូវ​បាន​​​ពិនិត្យ​​ឃើញ​ថា​ មាន​ជំងឺរលាក​ទង​សួត​ ហើយ​​​​​​​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។

លោក​ ជឿង​ យ៉ាវយ៉េន​(Cheoung Yav Yen)​ អនុប្រធាន​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត​ បាន​មាន​ប្រសាសន៍ថា​ “ ​អៀង ​សារី ​មាន​ជំងឺ​​​ផ្ដាសាយ​ និង​រលាក​ទង​សួត​ បន្ថែម​ពីលើ​ជំងឺ​បេះ​ដូង​របស់​គាត់​ ដែល​​កើត​មាន​ស្រាប់”។ លោក​បាន​បន្ថែម​ទៀត​ថា​ ស្ថាន​ភាព​ជំងឺ អៀង​ ​​​​​​សារី ​​ប្រសើរ​ឡើង​តាម​រយៈ​ការ​ព្យាបាល​ ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិតនៅ​ក្នុង​សភាព​ធម្មតា​។

នេះ​ជា​លើកទី១​ហើយ​ ដែល​​អៀង​ សារី​ចូល​មន្ទីរ​ពេទ្យ​អំឡុង​ពេល​បើក​សវនាការ​កាត់​ទោស​គាត់​ ដែល​បាន​ចាប់​ផ្ដើមកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១​​។ ចាប់​តាំង​ពី​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៧​មក​ អៀង សារី​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ចំនួន​១០​ដង​ ហើយ​តាម​​​ការ​វិនិច្ឆ័យ​ជា​ច្រើន​ដង​រក​ឃើញ​ថា ​មាន​ឈាម​​​​នៅ​ក្នុង​ទឹក​នោម​របស់​គាត់។​ កាល​ពី​ឆ្នាំ​២០០៨​គាត់​បាន​សម្រាក​ព្យាបាលជំងឺ​នេះ​​​នៅ​ក្នុង​មន្ទីរ​​​​ពេទ្យ​​អស់​រយៈ​ពេល​ពីរ​សប្តាហ៍​​ ស្រប​​ពេល​នេះ​ដែរ គាត់​ក៏​​មាន​ជំងឺបេះ​ដូង​ និង​ជំងឺចុក​ចង្កេះ​ផង​ដែរ​។

វ័យ​ចាស់​ជរា​ ព្រម​ទាំង​សុខ​ភាព​មិន​ល្អ​របស់​ជន​សង្ស័​យជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាមរូបនេះ​ ជា​ការ​ក្រើន​រំឭក​​ដល់​ក្រុម​មន្ត្រី​សាលា​ក្តី​ខ្មែរ​ក្រ​ហម​ឲ្យ​ខិត​ខំ​ធ្វើ​ការ​ឲ្យ​ទាន់​ពេល​វេលា​ ព្រម​ទាំង​ដំណើរ​ការ​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​ប្រឆាំង​ នួន​ ជា​ អៀង​ សារី​ និង​ខៀវ​ ​​​សំផន ​ឲ្យ​បាន​ឆាប់​។

ទោះ​បី​ជា​មាន​វត្ត​មាន​ក្នុង​សាលា​ក្តី​កាល​ពី​ព្រឹក​ម្សិល​មិញ​ អំឡុង​ពេល​សាក​សួរ​លោក ពាន ឃាន អតីត​អ្នក​នាំសា​រ​ខ្មែរ​ក្រហម​ក៏​ដោយ​ ​​​ក៏​ អៀង ​សារី​ បាន​អវត្ត​មាន​វិញ ​បន្ទាប់​ពី​ពេលបាយ​ថ្ងៃ​ត្រង់​រួច​ ដោយ​សារ​​មេធា​វី​ការ​ពារ​​​​ក្តី​របស់​គាត់​បាន​ស្នើ​ឲ្យ​គេ​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដើម្បី​ពិនិត្យ​ខុស​ភាព។​ សំណើ​​នេះ​​​​ត្រូវបាន​​លោក​ និល​ ណុន​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​យល់​ព្រម។

លោក​ ឡាស​ អូលសុន​(Lars Olson) ​អ្នក​នាំ​ពាក្យ​សាលា​ក្តី​មាន​ប្រសាសន៍​ថា “គាត់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ដោយ​សារ​លំបាក​ដកដង្ហើម​ ហើយ​គាត់​នឹង​​ស្នាក់​នៅ​ទី​នោះ​យ៉ាង​ហោច​ណាស់​ក៏​ដល់​ថ្ងៃ​ស្អែក​ដែរ​ ហើយ​នៅ​ពេលនោះ គាត់​ត្រូវ​គ្រូ​ពេទ្យ​​ពិនិត្យ​​​​ឡើង​វិញ”។

នៅ​ពេល​ដំណើរ​ការ​ជំនំុជម្រះ​កាល​ពី​ម្សិល​មិញ​ឈាន​ចូល​ដល់​ទី​បញ្ចប់​ លោក​ចៅ​ក្រម​ និល ណុន​ មានប្រសាសន៍ថា​ មិន​មាន​ព័ត៌មាន​ថ្មី​ៗ​អំពី​ស្ថាន​ភាព​របស់​ អៀង​ សារី ​ទេ​ ហើយ​នៅតែ​មិនមាន​ព័ត៌​មាននេះ​រហូត​ដល់​ថ្ងៃ​ច័ន្ទ​ ជា​ពេល​ដែល​សំ​ណុំ​រឿង​០០២​ចាប់​ដំណើរ​ការ​ឡើង​វិញ​នៅ​សាលា​​ក្ដី​។

លោក​បាន​មាន​ប្រសាសន៍បន្ថែមទៀត​​​ថា “ យើង​នឹង​ពិនិត្យ​មើល​លិខិត​បញ្ជាក់​​សុខ​ភាព​របស់​គាត់​នៅ​​​​ថ្ងៃ​ច័ន្ទ​ មុន​ពេល​នីតិវិធី​ចាប់​ផ្ដើម​បន្ដ​ទៀត”។ទោះ​ជា​ អៀង​ សារី ​អវត្តមាន​ពីសាលាក្ដី​​​​​​​ក៏​ដោយ​ ក៏​ការ​សាក​សួរ​ លោក​ ពាន ឃាននៅ​​​​តែ​បន្ដដែរ​។

ដោយ​មើល​ទៅ​ទំនង​ជា​មាន​សុខ​ភាព​ប្រសើរ​ជាងកាល​ពី​ពេល​បង្ហាញ​ខ្លួន​របស់​គាត់​ចំនួន​ពីរលើក​កាល​ពី​ដើម​ខែ​នេះ​ ដោយ​ការ​បង្ហាញ​ខ្លួន​លើក​ក្រោយ​នេះ​ ​មាន​រយៈ

ពេល​​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​ ដោយ​សារ​តែ​គាត់​មាន​សុខភាព​មិន​ល្អ​នោះ​ លោក​ ពាន ឃាន​ អតីត​អ្នក​នាំសា​ររបស់​ កុយ​ ធួន​ លេខា​បក្ស​ភូមិភាគ​ឧត្ដរ​ បាន​ប្រាប់​លោក​ តារីក ​អាប់​​​ឌុល​​​ហាក់ (Tarik Abdulhak) ជំនួយ​ការ​ជាន់​ខ្ពស់​ព្រះ​រាជ​អាជ្ញា​ថា​ គាត់​ចាំបាន​ពី​កិច្ច​ប្រជុំ​នានា​ ដែល​គេ​ធ្វើ​ឡើង​ក្នុង​បរិវេណ​មន្ទីរ​​ក-១ ក-២ ឬ​ក-៣ ​របស់​របប​ខ្មែរ​ក្រហម ​នៅក្នុង​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ ឈឹម​ សំ​អោក​ ហៅ ប៉ាង​ ប្រធាន​មន្ទីរ​សន្ដិសុខ​ស-៧១។

លោក ​ពាន ​ឃាន​ ជាជន​ជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​រតនគិរី ​បាន​ចូល​រួម​ជាមួយ​​​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៦៦​ ពេល​​គាត់​មាន​អាយុ​១៦​ឆ្នាំ​ ហើយ​បាន​នាំ​សំបុត្រ​ពី​មេដឹក​នាំ​មួយ​ទៅ​មេដឹក​នាំ​មួយ​ទៀត​របស់​របប​ខ្មែរ​ក្រហម​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​។ បច្ចុប្បន្ន​នេះ​ គាត់​មាន​អាយុ​៦២​ឆ្នាំ​ មាន​មុខ​របរ​ជា​ជាង​ឈើ​​រស់​នៅ​ក្នុង​ខេត្ត​តាកែវ​។

​​​លោក​ ពាន ឃាន​ ​​និយាយ​ថា “ នៅក្នុង​កិច្ច​ប្រជំុមួយ​នៅ​ឯ​បុរី​កីឡា​ ខ្ញុំ​បាន​​ឃើញ​មេដឹក​នាំ​ជាន់​ខ្ពស់​មួយ​ចំនួន​មក​ចូល​រួម​កិច្ច​ប្រជុំ​នោះ” ដោយ​គាត់​បន្ថែម​ថា​ ឈ្មោះ​ ប៉ាង​ ហើយនឹង​ចុង​ចោទ​ ខៀវ​ សំផន​ ក៏​មាន​វត្ត​មាន​នៅ​ទី​នោះ​ដែរ​។ ដូច្នេះ ​ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា​ កិច្ច​ប្រជុំ​​នេះ​ប្រាកដ​ជា​សំខាន់​​ជាង​កិច្ច​ប្រជុំ​មុន​ៗ​ ដែល​ឈ្មោះ​ ប៉ាង​ តែង​តែ​ធ្វើ​ជា​ប្រធាន”។

លោក​បាន​និយាយថា​ គេ​បាន​អញ្ជើញ​គាត់​ទៅ​ចូលរួម​កិច្ច​ប្រជុំ​បែប​នេះ ដែលផ្ដោតលើ “ វិធី​កសាង​ប្រទេស​ ​បង្កើត​សហករណ៍​ បង្រៀនប្រជាជន​កុំ​ឲ្យ​សប្បាយ​ភ្លេច​ខ្លួន”។គាត់​បាន​ឲ្យ​ដឹង​ថា “​ខ្លឹមសារ​នៃកិច្ច​ប្រជុំ​នេះ​សំខាន់​ជាង​កិច្ច​ប្រជុំ​ធម្មតា​ ដោយ​សារ​តែ​យើង​ត្រូវ​បាន​គេ​ក្រើន​រំឭក​អំពី​មាគា៌​​នយោបាយ​ អំពី​របៀប​…​ធ្វើ​ឲ្យ​ប្រទេស​រីក​ចម្រើន​ ហើយ​ធានា​ថា ប្រជា​ជន​មាន​អាហារ​​​​ហូប​គ្រប់​គ្រាន់”។

​គាត់​បាន​បន្ថែម​ថា “ខ្ញុំ​មិន​អាច​និយាយ​អំពី​បញ្ហាទាក់​ទង​នឹង​ការ​ការ​ពារ​ជាតិ​ឲ្យ​ស៊ី​ជម្រៅបានទេ​ ប៉ុន្ដែ​ គេ​បាន​អប់រំ​​យើង​ឲ្យ​ការ​ពារ​ប្រទេស​កុំ​ឲ្យ​មាន​ការ​ឈ្លាន​ពាន​ពី​ខាង​ក្រៅ​។ គេ​បាន​ប្រាប់​ឲ្យ​យើង​ធានាថា ​កុំ​ឲ្យ​ពួក​​​​ចក្រ​ពត្តិ​អាមេរិក​វិល​ត្រឡប់​មក​វិញ​បាន”។សវនា​ការ​នេះនឹង​​បន្តនៅ​ថ្ងៃ​ច័ន្ទ​ទៀត៕

ប្រែសម្រួលដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស