28.4 C
Phnom Penh

បិទ​ភូមិ​ប្រមា នៅ​ខេត្ត​ក្រចេះ​បន្ទាប់​ពី​មាន​ការ​បាញ់​ស្លាប់​ក្មេង​ស្រី​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​ក្រចេះ- ទាហាន​ និង​កង​រាជ​អាវុធ​ហត្ថ​បាន​បិទ​ផ្លូវ​ទាំង​អស់​មិន​ឲ្យ​ចូល​ទៅ​ដល់​ភូមិ ដែល​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​សន្ដិ​សុខ​បាញ់​ស្លាប់​ កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​​អាជ្ញាធរ​បន្ត​​​ប្រតិបត្តិ​ការ​ដ៏ធំ​មួយ​ ដើម្បី​បណ្ដេញ​ពល​រដ្ឋ​រាប់​រយ​គ្រួសារ​ចេញ​ពី​តំបន់ នោះ ដោយលាក់​ការ​​ណ៍សម្ងាត់​។

អង្គការ​សិទ្ធិ​មនុស្ស​បាន​បន្ដ​ការ​ថ្កោល​ទោស ចំពោះ​​ការអះអាង​របស់ រដ្ឋាភិបាល​ថា អ្នក​ភូមិ​ជាសមាជិកនៃ​ចលនា​អបគមន៍​មួយ​ ដោយ​ហៅ​សេចក្ដី​ថ្លែង​ការណ៍​បែប​នេះ​​ថា ជា​លេស​​ប្រឌិត​ឡើង​សុទ្ធសាធ​ ក្នុង​ការ​បណ្ដេញ​គ្រួសារ​ប្រជា​ពល​រដ្ឋ​ទាំង​នោះ ដើម្បីយកដីឲ្យ​ក្រុមហ៊ុន​​ចម្ការ​កៅ​ស៊ូ​ ដែល​អ្នក​ភូមិចោទ​ថា បាន​លួចយក​​ដី​ស្រែ​ចម្ការ​ របស់​ពួកគាត់​។

លោក​ ស ចំរ៉ុង អភិបាល​ខេត្ត​ក្រចេះ​ បាន​មាន​ប្រសាសន៍​ កាលពី​ម្សិលមិញ​ថា ប្រជា​ពល​រដ្ឋ​ជា​ង​៦០០​គ្រួសារ មកពី​ខេត្ត​កំពង់​ចាមនិង​ខេត្ត​ព្រៃ​វែង ដែល​បាន​ទៅ​រស់​នៅ​ក្នុង​ភូមិ​​នេះអស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ត្រូវ​​បាន​ឡោម​ព័ទ្ធ​ និង​បាន​ចាប់បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ។ លោកបាន​មាន​ប្រសាសន៍ថា ប្រជា​ពល​រដ្ឋមួយ​ក្រុម​មាន​​៣៦០​គ្រួសារ​ ឬច្រើន​ជាង​នោះ មិន​ត្រូវ​បាន​បណ្ដេញ​ពី​ខេត្ត​នេះ​ទេ​ ប៉ុន្ដែ​លោក​មិន​បាន​ពន្យល់​ថា តើ​អាជ្ញាធរ​កំណត់​បែបណា​រវាង​អ្នក​ភូមិ​ថ្មី និង​អ្នក​ភូមិ​ចាស់​។

លោក​ ចំរ៉ុង មាន​ប្រសាសន៍ថា “ អ្នក​ភូមិរស់នៅ​មុនចំនួន​ជាង​៣៦០​គ្រួសារ​ ដែល​រស់​នៅ​ទីនោះ​ រីក​រាយ​នឹង​ប្រតិ​បត្តិ​ការ​របស់​យើង​​ពី​ព្រោះ​ពួក​គេ​ត្រូវ​បាន​ពួក​អនា​ធិបតេយ្យ​​ទាំង​​នេះ​គំរាម​ទារប្រាក់​យូរ​មក​ហើយ”។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​មិន​អាច​អនុញ្ញាត​ឲ្យពួកគេ​រស់​នៅ​ទី​នោះ​ទៀត​ឡើយ ម្យា៉ង​ទៀត​ ពួក​មេខ្លោង​ទាំងនោះ នឹង​ប្រមូល​មនុស្ស​មកកាន់​តែ​ច្រើន​ ពីគ្រប់​​ទី​កន្លែង​ ដើម្បី​ចាប់​យក​ដីរដ្ឋ​ និង​បង្កើតជាតំបន់​អបគមន៍​។ យើងមិនអាច​អនុញ្ញាត​ឲ្យ​មាន​សកម្ម​ភាព​បែប​នេះ​តទៅ​ទៀត​ឡើយ បើ​មិន​អ៊ីចឹង​ទេ វាអាច​នឹងមាន​បញ្ហា​កាន់​តែ​ធំ​ទៅៗ ហើយ​ពិបាក​គ្រប់​គ្រង​ណាស់”។

ទាហាន​ នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​ប្រមាណ​២០០​នាក់ អម​ដោយ​ឧទ្ធម្ភាគ​ចក្រ​ បាន​ចូល​ទៅ​ក្នុង​ភូមិ​ប្រមា ស្រុក​ឆ្លូង​ កាលពី​ព្រឹក​ថ្ងៃ​ពុធ ដោយ​ចាប់​ខ្លួន​បុរស​យ៉ាង​តិច​បួន​នាក់ និង​ធ្វើ​ឲ្យ​រង​របួស​មនុស្ស​មួយ​ចំនួន​ទៀត។ ក្មេងស្រី​ ហេង ចន្ថា អាយុ​១៤​ឆ្នាំ​ ត្រូវ​​បានកងសន្តិសុខ​បាញ់​ត្រូវ​ពោះ ហើយ​បាន​ស្លាប់​តាម​ផ្លូវ​បញ្ជូនទៅ​មន្ទីរ​ពេទ្យ។ អាជ្ញាធរ​បាន​អះអាង​ថា ពួកគេ​បានប៉ះគ្នានឹង​ចលនា​ការ​ប្រឆាំង​តប​ត នៅពេល​ពួក​គេ​បាន​ចុះ​ទៅ​ក្នុង​ភូមិនោះ ប៉ុន្ដែ​ គ្មាន​សមា​ជិក​កម្លាំង​សន្ដិ​សុខ​​ណាម្នាក់រង​របួស​ឡើយ។ លោក​ ស ខេង រដ្ឋ​មន្ត្រី​​ក្រសួង​​មហា​ផ្ទៃ​ និង​លោក នេត សាវឿនអគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ បាន​រៀប​ចំ​ផែន​ការ​ធ្វើ​ប្រតិបត្តិ​ការ​ប៉ុន្មាន​ថ្ងៃមុន។

លោក​ស្រី ពុង ឈីវកេក  ប្រធានអង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បា​ន​​មាន​ប្រសាសន៍​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ​ថា “ ការ​ចោទប្រកាន់​អំពីការ​បង្កើតតំបន់​អបគមន៍ គឺជា​លេស​យ៉ាងច្បាស់ក្រឡែត ហើយមិន​អាចជឿ​​​បាន​​ចំពោះការ​ប្រើ​ប្រាស់​យោធា​ដោយ​ខុស​ច្បាប់​ប្រឆាំង​នឹង​ជន​ស៊ីវិល”។

លោក​ស្រី​បាន​មាន​ប្រសាសន៍ថា “តើ​យើង​​ជឿ​ថា អ្នក​ស្រុក​ពីរ​បី​រយ​នាក់​ ប្រដាប់​ដោយ​ដំបង​ និង​ស្នា​ព្យា​យាម​ចាប់​ផ្ដើម​បង្កើត​ប្រទេស​របស់​ខ្លួន​ផ្ទាល់​បាន​ដែរ​ឬទេ? ការ​​ពន្យល់ឲ្យ​សម​ហេតុ​សម​ផល​មែនទែន ​គឺ​ពួកគេ​គ្រាន់​តែ​ចង់​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​របស់​ខ្លួន​ផ្ទាល់​ប៉ុណ្ណោះ​”។ អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​បន្ថែម​ថា ការ​អះអាង​ពី​ចលនាបង្តើត​តំបន់​អប​គមន៍​គឺ​មិន​សម​ហេតុ​ផល​ឡើយ។

អង្គការ​សិទ្ធិមនុស្ស​នេះ​ បាន​រៀប​រាប់​អំពី​អ្នក​ភូមិ​នោះ​ថា “ ពួកគេ​គ្រាន់​តែ​ការ​ពារ​ជីវភាព​រស់​នៅ​របស់ខ្លួន​ប៉ុណ្ណោះ។ មាន​តែ​ក្រុមហ៊ុន​ឯក​ជនវិញទេ​ ដែលទទួលបានដី​សម្បទាន​ពីរដ្ឋ​ ជា​និច្ចកាល​តែងតែបង្កើត​តំបន់​ស្វយ័ត​ ហើយ​ហាមឃាត់មិនឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចូល​តំបន់​នោះ”។

ក្រុម​គ្រួសារ​ទាំង​នេះ ធ្លាប់ជាប់​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដីធ្លី​កាន់​តែ​ជូរ​ចត់​ឡើង​ជាមួយ​ក្រុមហ៊ុន​ឯកជន​កាសូទីម ដែល​ទទួល​បាន​ដីសម្បទាន​១៥.០០០​ហិក​តា ដើម្បីដាំដំណាំ​កៅ​ស៊ូ ដែល​​ប្រជាជន​ចោទ​ថា បាន​ទន្ទ្រាន​យកដី​ស្រែ​របស់​ពួក​គាត់។

គ្រួសារ​ទាំងនេះ ធ្លាប់បាន​ដាក់​របាំង​រាំង​ផ្លូវ​ជា​ច្រើន​លើក​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗនេះ​ ដោយ​​ទាម​ទារ​ឲ្យមាន​ដំណោះ​ស្រាយ​ត្រឹម​ត្រូវ​មួយ​ហើយកាលពីខែ​មីនា បាន​ដុត​រោង​របស់​ក្រុម​ហ៊ុន​​ ដែល​សង្ស័យថា បាន​សាង​សង់​នៅ​លើ​ដីរ​បស់​គាត់។ កាលពី​ខែមេសា នគរបាលបាន​ចាប់​ខ្លួន​អ្នកភូមិ​ម្នាក់​ ឈ្មោះ ប៊ុន រដ្ឋា ក៏ប៉ុន្ដែក្រោយមកបាន​ដោះ​លែងគាត់​ឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន នៅពេល​អ្នក​គាំទ្រ​រាប់​រយ​នាក់​បាន​បិទ​របាំង​ផ្លូវ​ទៀត។

ទាហាន​បាន​រាំង​ផ្លូវ​ជា​ច្រើន​កន្លែង​ ចាប់​ពី​ស្រុក​ឆ្លូវ​ ដល់​ស្រុក​ស្នួល ខេត្ត​ក្រចេះ​ និង​ចាប់​​ពី​ស្រុក​មេមត់ ខេត្ត​កំពង់ចាម។ ក្រុម​អ្នក​ស៊ើប​អង្កេត​មក​ពី​ការិយាល័យ​អង្គការ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ ​អាដហុក​ និង​លីកាដូ ក៏​ត្រូវ​បានទាហានបដិសេធ​មិន​ឲ្យ​ចូល​ភូមិ​ ដែល​ការ​បណ្ដេញ​ចេញ​​កំពុង​​ដំណើរ​ការ​។

នៅឯស្រុក​ឆ្លូង ទាហាន​យ៉ាង​តិច​ប្រាំ​នាក់ បាន​ឈរ​ជើង​នៅលើ​ផ្លូវ​ និងពីរ​នាក់​ប្រដាប់​ដោយ​អាវុធ​អាកា​៤៧ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា អ្នកមកពីក្រៅ​ត្រូវ​បាន​ហាម​មិន​ឲ្យចូល​ទៅ​ជិត​ភូមិនោះ​ឡើយ ដែល​មាន​ចម្ងាយ​ប្រហែល​២០​គីឡូ​ម៉ែត្រ ពី​ប៉ុស្ដិ៍​របស់​ពួកគេ។ ទាហាន​ដែល​មិន​បញ្ចេញ​ឈ្មោះទាំង​នោះ​បាន​និយាយ​ថា ពួកគេ​ស្ថិត​ក្រោម​បញ្ជា​យ៉ាងតឹង​រឹង​ដោយអនុញ្ញាត​ឲ្យតែមន្ត្រី​យោធាប៉ុណ្ណោះ អាច​ឆ្លង​កាត់​ទៅ​ភូមិនោះ​បាន។ នៅ​ឯ​ប៉ុស្ដិ៍​​ត្រួត​ពិនិត្យ​បណ្ដោះ​អាសន្ន​ រថយន្ដ​ភីកអាប់ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កង​យោធពល​ខេមរភូមិន្ទ​ដឹក​ពោរ​ពេញ​ទៅ​ដោយ​មី​ និង​ទឹក​បាន​ឆ្លង​កាត់​នោះ។

លោក​ ច័ន្ទ សុវ៉េត អ្នក​អង្កេត​​ប្រចាំ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​មិន​ប្រសាសន៍ថា “យើង​អន់​ចិត្ត​ណាស់​​ ដែល​រដ្ឋាភិបាល​​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​អង្កេត​តាម​ដាន​អ្វី​ ដែល​​កំពុង​តែ​កើត​ឡើង”។

មន្ត្រី​ខេត្ត​ និងមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​លើក​ឡើង​ថា ការ​ដាក់​កម្រិត​ចំពោះ​សាធារណជន​ គឺជា​វិធាន​ការ​ការ​ពារ​មួយ​មិនមែន​ជា​ច្បាប់​សឹក​នោះ​ទេ។ លោក​ឧត្តម​សេនីយ៍ឯក​ ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍ថា តំបន់​នោះ​ត្រូវ​បាន​បិទ​ ពី​ព្រោះ​វា​ជា​ទី​កន្លែង​ឧក្រិដ្ឋ​កម្ម ក៏ប៉ុន្ដែ​ នឹង​បើក​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

លោក​បាន​មាន​ប្រសាសន៍តាម​ទូរស័ព្ទ​ថា “នៅ​ពេល​កន្លែង​ឧក្រិដ្ឋ​កើត​ឡើង​ យើង​ត្រូវ​រៀបចំ​បណ្ដាញ​​សន្ដិ​សុខ។ គ្រប់​ប្រទេស​ធ្វើ​ដូច្នេះ…វាជា​សិទ្ធ​ិ​ខាងវិជ្ជាជីវៈ​របស់​សមត្ថ​កិច្ច​។ សូម្បី​តែ នៅ​ពេល​ខ្ញុំទៅ​សេត​វិមាន​ ក៏ខ្ញុំ​មិនអាច​ដើរ​កាត់​ជួរ​នគរ​បាល​បាន​ដែរ​”។ លោកឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ​ ក៏បាន​បញ្ជាក់​ថា អ្នក​​ភូមិ​នៅ​ក្នុង​តំបន​់នោះ​ មាន​សុវត្ថិភាព។

លោក​ ចំរ៉ុង បាន​មាន​ប្រសាសន៍ថា តំបន់​នោះ នៅ​តែ​បិទ​មិន​ឲ្យ​សាធារណជន​ចូល”​ពីរ​ ឬបី​ថ្ងៃទៀត” នៅពេល​កម្លាំង​សន្ដិ​សុខ​បាន​បន្ដ​តាម​ចាប់​​ “ខ្លួន​មេខ្លោង​”។

លោក​បាន​អះអាង​ថា “យើង​​មិន​អនុញ្ញាត​ឲ្យ​បណ្ដាញព័ត៌មាន​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​ក្នុង​តំបន់នោះ​ឡើយ ពី​ព្រោះ​វាមិន​មាន​សុវត្ថិភាព​ទេ ព្រោះ​មនុស្ស​ទាំងនេះ​មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ឡើយ​ទេ”។

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស