ក្រុងក្រចេះ- ទាហាន និងកងរាជអាវុធហត្ថបានបិទផ្លូវទាំងអស់មិនឲ្យចូលទៅដល់ភូមិ ដែលក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងសន្ដិសុខបាញ់ស្លាប់ កាលពីថ្ងៃពុធ ខណៈដែលអាជ្ញាធរបន្តប្រតិបត្តិការដ៏ធំមួយ ដើម្បីបណ្ដេញពលរដ្ឋរាប់រយគ្រួសារចេញពីតំបន់ នោះ ដោយលាក់ការណ៍សម្ងាត់។
អង្គការសិទ្ធិមនុស្សបានបន្ដការថ្កោលទោស ចំពោះការអះអាងរបស់ រដ្ឋាភិបាលថា អ្នកភូមិជាសមាជិកនៃចលនាអបគមន៍មួយ ដោយហៅសេចក្ដីថ្លែងការណ៍បែបនេះថា ជាលេសប្រឌិតឡើងសុទ្ធសាធ ក្នុងការបណ្ដេញគ្រួសារប្រជាពលរដ្ឋទាំងនោះ ដើម្បីយកដីឲ្យក្រុមហ៊ុនចម្ការកៅស៊ូ ដែលអ្នកភូមិចោទថា បានលួចយកដីស្រែចម្ការ របស់ពួកគាត់។
លោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ កាលពីម្សិលមិញថា ប្រជាពលរដ្ឋជាង៦០០គ្រួសារ មកពីខេត្តកំពង់ចាមនិងខេត្តព្រៃវែង ដែលបានទៅរស់នៅក្នុងភូមិនេះអស់រយៈពេលប៉ុន្មានឆ្នាំនេះ ត្រូវបានឡោមព័ទ្ធ និងបានចាប់បញ្ជូនត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។ លោកបានមានប្រសាសន៍ថា ប្រជាពលរដ្ឋមួយក្រុមមាន៣៦០គ្រួសារ ឬច្រើនជាងនោះ មិនត្រូវបានបណ្ដេញពីខេត្តនេះទេ ប៉ុន្ដែលោកមិនបានពន្យល់ថា តើអាជ្ញាធរកំណត់បែបណារវាងអ្នកភូមិថ្មី និងអ្នកភូមិចាស់។
លោក ចំរ៉ុង មានប្រសាសន៍ថា “ អ្នកភូមិរស់នៅមុនចំនួនជាង៣៦០គ្រួសារ ដែលរស់នៅទីនោះ រីករាយនឹងប្រតិបត្តិការរបស់យើងពីព្រោះពួកគេត្រូវបានពួកអនាធិបតេយ្យទាំងនេះគំរាមទារប្រាក់យូរមកហើយ”។ លោកបានមានប្រសាសន៍ថា “យើងមិនអាចអនុញ្ញាតឲ្យពួកគេរស់នៅទីនោះទៀតឡើយ ម្យា៉ងទៀត ពួកមេខ្លោងទាំងនោះ នឹងប្រមូលមនុស្សមកកាន់តែច្រើន ពីគ្រប់ទីកន្លែង ដើម្បីចាប់យកដីរដ្ឋ និងបង្កើតជាតំបន់អបគមន៍។ យើងមិនអាចអនុញ្ញាតឲ្យមានសកម្មភាពបែបនេះតទៅទៀតឡើយ បើមិនអ៊ីចឹងទេ វាអាចនឹងមានបញ្ហាកាន់តែធំទៅៗ ហើយពិបាកគ្រប់គ្រងណាស់”។
ទាហាន នគរបាល និងកងរាជអាវុធហត្ថប្រមាណ២០០នាក់ អមដោយឧទ្ធម្ភាគចក្រ បានចូលទៅក្នុងភូមិប្រមា ស្រុកឆ្លូង កាលពីព្រឹកថ្ងៃពុធ ដោយចាប់ខ្លួនបុរសយ៉ាងតិចបួននាក់ និងធ្វើឲ្យរងរបួសមនុស្សមួយចំនួនទៀត។ ក្មេងស្រី ហេង ចន្ថា អាយុ១៤ឆ្នាំ ត្រូវបានកងសន្តិសុខបាញ់ត្រូវពោះ ហើយបានស្លាប់តាមផ្លូវបញ្ជូនទៅមន្ទីរពេទ្យ។ អាជ្ញាធរបានអះអាងថា ពួកគេបានប៉ះគ្នានឹងចលនាការប្រឆាំងតបត នៅពេលពួកគេបានចុះទៅក្នុងភូមិនោះ ប៉ុន្ដែ គ្មានសមាជិកកម្លាំងសន្ដិសុខណាម្នាក់រងរបួសឡើយ។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក នេត សាវឿនអគ្គស្នងការនគរបាលជាតិ បានរៀបចំផែនការធ្វើប្រតិបត្តិការប៉ុន្មានថ្ងៃមុន។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍មួយថា “ ការចោទប្រកាន់អំពីការបង្កើតតំបន់អបគមន៍ គឺជាលេសយ៉ាងច្បាស់ក្រឡែត ហើយមិនអាចជឿបានចំពោះការប្រើប្រាស់យោធាដោយខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល”។
លោកស្រីបានមានប្រសាសន៍ថា “តើយើងជឿថា អ្នកស្រុកពីរបីរយនាក់ ប្រដាប់ដោយដំបង និងស្នាព្យាយាមចាប់ផ្ដើមបង្កើតប្រទេសរបស់ខ្លួនផ្ទាល់បានដែរឬទេ? ការពន្យល់ឲ្យសមហេតុសមផលមែនទែន គឺពួកគេគ្រាន់តែចង់ធ្វើស្រែចម្ការលើដីរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះ”។ អង្គការសិទ្ធិមនុស្សអាដហុក បានបន្ថែមថា ការអះអាងពីចលនាបង្តើតតំបន់អបគមន៍គឺមិនសមហេតុផលឡើយ។
អង្គការសិទ្ធិមនុស្សនេះ បានរៀបរាប់អំពីអ្នកភូមិនោះថា “ ពួកគេគ្រាន់តែការពារជីវភាពរស់នៅរបស់ខ្លួនប៉ុណ្ណោះ។ មានតែក្រុមហ៊ុនឯកជនវិញទេ ដែលទទួលបានដីសម្បទានពីរដ្ឋ ជានិច្ចកាលតែងតែបង្កើតតំបន់ស្វយ័ត ហើយហាមឃាត់មិនឲ្យមន្ត្រីអនុវត្តច្បាប់ចូលតំបន់នោះ”។
ក្រុមគ្រួសារទាំងនេះ ធ្លាប់ជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីកាន់តែជូរចត់ឡើងជាមួយក្រុមហ៊ុនឯកជនកាសូទីម ដែលទទួលបានដីសម្បទាន១៥.០០០ហិកតា ដើម្បីដាំដំណាំកៅស៊ូ ដែលប្រជាជនចោទថា បានទន្ទ្រានយកដីស្រែរបស់ពួកគាត់។
គ្រួសារទាំងនេះ ធ្លាប់បានដាក់របាំងរាំងផ្លូវជាច្រើនលើកក្នុងប៉ុន្មានខែថ្មីៗនេះ ដោយទាមទារឲ្យមានដំណោះស្រាយត្រឹមត្រូវមួយហើយកាលពីខែមីនា បានដុតរោងរបស់ក្រុមហ៊ុន ដែលសង្ស័យថា បានសាងសង់នៅលើដីរបស់គាត់។ កាលពីខែមេសា នគរបាលបានចាប់ខ្លួនអ្នកភូមិម្នាក់ ឈ្មោះ ប៊ុន រដ្ឋា ក៏ប៉ុន្ដែក្រោយមកបានដោះលែងគាត់ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅពេលអ្នកគាំទ្ររាប់រយនាក់បានបិទរបាំងផ្លូវទៀត។
ទាហានបានរាំងផ្លូវជាច្រើនកន្លែង ចាប់ពីស្រុកឆ្លូវ ដល់ស្រុកស្នួល ខេត្តក្រចេះ និងចាប់ពីស្រុកមេមត់ ខេត្តកំពង់ចាម។ ក្រុមអ្នកស៊ើបអង្កេតមកពីការិយាល័យអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាដហុក និងលីកាដូ ក៏ត្រូវបានទាហានបដិសេធមិនឲ្យចូលភូមិ ដែលការបណ្ដេញចេញកំពុងដំណើរការ។
នៅឯស្រុកឆ្លូង ទាហានយ៉ាងតិចប្រាំនាក់ បានឈរជើងនៅលើផ្លូវ និងពីរនាក់ប្រដាប់ដោយអាវុធអាកា៤៧ បានប្រាប់អ្នកយកព័ត៌មានថា អ្នកមកពីក្រៅត្រូវបានហាមមិនឲ្យចូលទៅជិតភូមិនោះឡើយ ដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីប៉ុស្ដិ៍របស់ពួកគេ។ ទាហានដែលមិនបញ្ចេញឈ្មោះទាំងនោះបាននិយាយថា ពួកគេស្ថិតក្រោមបញ្ជាយ៉ាងតឹងរឹងដោយអនុញ្ញាតឲ្យតែមន្ត្រីយោធាប៉ុណ្ណោះ អាចឆ្លងកាត់ទៅភូមិនោះបាន។ នៅឯប៉ុស្ដិ៍ត្រួតពិនិត្យបណ្ដោះអាសន្ន រថយន្ដភីកអាប់ មួយគ្រឿងពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទដឹកពោរពេញទៅដោយមី និងទឹកបានឆ្លងកាត់នោះ។
លោក ច័ន្ទ សុវ៉េត អ្នកអង្កេតប្រចាំអង្គការសិទ្ធិមនុស្សអាដហុក បានមិនប្រសាសន៍ថា “យើងអន់ចិត្តណាស់ ដែលរដ្ឋាភិបាលមិនអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលអង្កេតតាមដានអ្វី ដែលកំពុងតែកើតឡើង”។
មន្ត្រីខេត្ត និងមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការដាក់កម្រិតចំពោះសាធារណជន គឺជាវិធានការការពារមួយមិនមែនជាច្បាប់សឹកនោះទេ។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា តំបន់នោះត្រូវបានបិទ ពីព្រោះវាជាទីកន្លែងឧក្រិដ្ឋកម្ម ក៏ប៉ុន្ដែ នឹងបើកនៅប៉ុន្មានថ្ងៃទៀតនេះ។
លោកបានមានប្រសាសន៍តាមទូរស័ព្ទថា “នៅពេលកន្លែងឧក្រិដ្ឋកើតឡើង យើងត្រូវរៀបចំបណ្ដាញសន្ដិសុខ។ គ្រប់ប្រទេសធ្វើដូច្នេះ…វាជាសិទ្ធិខាងវិជ្ជាជីវៈរបស់សមត្ថកិច្ច។ សូម្បីតែ នៅពេលខ្ញុំទៅសេតវិមាន ក៏ខ្ញុំមិនអាចដើរកាត់ជួរនគរបាលបានដែរ”។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ក៏បានបញ្ជាក់ថា អ្នកភូមិនៅក្នុងតំបន់នោះ មានសុវត្ថិភាព។
លោក ចំរ៉ុង បានមានប្រសាសន៍ថា តំបន់នោះ នៅតែបិទមិនឲ្យសាធារណជនចូល”ពីរ ឬបីថ្ងៃទៀត” នៅពេលកម្លាំងសន្ដិសុខបានបន្ដតាមចាប់ “ខ្លួនមេខ្លោង”។
លោកបានអះអាងថា “យើងមិនអនុញ្ញាតឲ្យបណ្ដាញព័ត៌មាន ឬអង្គការក្រៅរដ្ឋាភិបាលចូលក្នុងតំបន់នោះឡើយ ពីព្រោះវាមិនមានសុវត្ថិភាពទេ ព្រោះមនុស្សទាំងនេះមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ”។