29 C
Phnom Penh

សមុទ្រ​ចិន​ខាង​ត្បូង​នឹង​មិននៅ​ក្នុង​​របៀបវារៈនៃកិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិ​​អាស៊ាននោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋ​មន្ត្រី​​​ក្រសួងការពារជាតិ បានមាន​ប្រសាសន៍​កាល​​​ពី​ម្សិល​មិញ​ថា​ បញ្ហា​ជម្លោះ​​នៅ​សមុទ្រ​ចិន​ខាងត្បូង​ នឹង​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀប​វារៈ​នៃ​កិ្ចច​ប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អាស៊ាន​ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​រាជ​ធានី​​ភ្នំពេញ​នៅ​ចុង​ខែ​នេះ​នោះ​​ទេ។​

ថ្លែង​នៅ​ក្នុង​សាលា​ភូមិន្ទ​រដ្ឋបាល​​​នាយ​​​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មានប្រសាសន៍​​​​ថា ប្រទេស​កម្ពុជា​ បាន​បំពេញ​តួនា​ទី​របស់​​ខ្លួន​ ជាប្រធានអាស៊ាន ​ដោយជួយជំរុញ ក្នុង​​​ការ​អនុម័ត​នៃ​ការ​ចង​ក្រង​ច្បាប់​ក្រម​ប្រតិបត្តិ​ ​ដែល​ជា​សំណុំ​ឯក​សារ​មួយ​គេ​រង់​ចាំ​ជា​យូរ​​​មក​​​​ហើយ​ ដើម្បី​ជួយ​គ្រប់​គ្រង​លើ​របៀប​ដោះ​ស្រាយ​ជម្លោះ​ក្នុងដែន​សមុទ្រ​ចិន​ខាង​​​ត្បូង​ ដែល​កំពុងតែ​មាន​វិវាទ​នោះ។

​​​នាយឧត្តមសេនីយ៍ ទៀ បាញ់ បាន​ថ្លែង​ថា​​​​ “យើង​បាន​ស្នើសុំ​ឲ្យ​មានការ​អនុម័ត​ក្រម​ប្រតិបត្តិ​រួចរាល់​ហើយ ហើយ​យើង​នឹង​មិន​ពិភាក្សា​ច្រើន​អំពី​ [ជម្លោះ​នៅ​ក្នុងដែន​សមុទ្រ​​​​ចិន​ខាងត្បូង] អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ​ទេ។ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាស៊ាន​ យើង​នឹង​មិនពិ​ភាក្សា​​​​ច្រើន​អំពី​សមុទ្រ​ចិន​ខាង​ត្បូង ហើយយើង​​​​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ពិភាក្សា​ពី​រឿង​នេះទេ”។

​​​នាយឧត្តមសេនីយ៍ ទៀ បាញ់ បាន​បដិសេធ​​​​មិន​ធ្វើ​អត្ថា​ធិប្បាយ អំពី​ហេតុ​អ្វី​បាន​ជា​រឿង​ដ៏ក្តៅ​បែបនេះ ​​មិន​ត្រូវ​បាន​លើកយក​មក​​​​ពិភាក្សា​នោះទេ​ ប៉ុន្តែលោក​​បាន​បញ្ជាក់​ថា សហ​រដ្ឋ​អាមេរិកនិងប្រទេស​ចិន កំពុង​ជាប់​គាំង នៅក្នុង​ជម្លោះ​ទីតាំង​ភូមិ​សាស្ត្រ នៅ​ក្នុង​​​ដែន​សមុទ្រ​នោះ។​

លោកបានលើកឡើងថា “ប្រទេស​មហា​អំណាច​ទាំង​ពីរ គឺ​សហរដ្ឋ​អាមេរិក​និង​ចិន​ មាន​ប្រយោជន៍​រៀង​ៗ​ខ្លួនជំវិញសមុទ្រ​ចិន​ខាង​ត្បូង ហើយ​បច្ចុប្បន្ន​នេះប្រទេស​ទាំង​ពីរ​កំពុង​ប្រកួត​ប្រជែង​ដើម្បី​អំណាច​។ ក្នុង​នាម​ជាប្រធាន​​អាស៊ាន​ យើង​នឹង​មិនអនុញ្ញាត​ឲ្យ​មាន​ភាព​តាន​តឹង​ រវាងកងទ័ព​អាមេរិក និង​កង​ទ័ព​ចិន​កើត​មាន​ក្នុង​តំបន់​នេះទេ”។

លោក ទៀ បាញ់​ ​ថ្លែង​ថា​ កិច្ចប្រជុំដែល​គ្រោង​​​​ធ្វើឡើង​នៅ​ថ្ងៃទី​២៨​ ដល់ថ្ងៃទី៣០ ​​​នឹង​ផ្តោតសំខាន់​លើ​ការ​​រត់ពន្ធ​គ្រឿងញៀន វិស័យ​ទេស​ចរណ៍​ និង​​​ការ​​​ជួញ​​​ដូរមនុស្ស។

លោក យ៉ាង ធៀនយូ (Yang Tian Yue) អ្នក​​នាំពាក្យ​ស្ថាន​ទូត​ចិន​ប្រចាំប្រទេស​កម្ពុជា​ បានបដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយចំពោះ​រឿងនេះ​​ទេ​ ដោយ​លោក​បាន​លើក​ឡើង​ថា មានតែ​ប្រទេសកម្ពុជាទេ ទើបមាន​សិទ្ធិ​រៀបចំ​កិច្ច​ប្រជុំ​របស់​ខ្លួន​ជាមួយ​នឹងបណ្តា​ប្រទេស​ជា​សមាជិកអាស៊ាន​ផ្សេង​ទៀត​នោះ។

លោក ង្វៀន ជីហ្សុ៊ង (Nguyen Chi Dzung) មន្ត្រីកុងស៊ុលស្ថាន​ទូត​វៀត​ណាម​ប្រចំា​ប្រទេសកម្ពុជា បាន​ប្រសាសន៍​ថា ប្រទេស​សមាជិក​អាស៊ាន​ នៅតែ​អាច​លើក​យកប្រធាន​បទ​អំពីជម្លោះក្នុងដែនសមុទ្រ​ចិន​ខាងត្បូង​មក​ពិភាក្សា​ ដូចដែល​គេ​ធ្លាប់​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូលលើកមុនៗ។ ប្រទេសវៀតណាម ជាមួយនឹង​ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី និង​​ហ្វីលីពីន គឺសុទ្ធតែជាប្រទេសទាមទារសិទ្ធិ​កាន់កាប់​ដែនទឹកក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ដែល​កំពុង​តែ​មាន​ជម្លោះ។

លោក ស៊ាន ម៉ាកគីនតុស (Sean McIntosh) អ្នកនាំពាក្យស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា សហ​រដ្ឋអាមេរិក​មិន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រកួត​ប្រជែង​ ក្នុងជម្លោះអធិប​តេយ្យ​ភាព​នៅក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូ​ តាមការ​ទាម​ទារ​សិទ្ធិ​របស់​ប្រទេស​មួយចំនួននោះទេ។ ទោះជាយ៉ាងណាក៏យើង​នៅតែ​គាំទ្រ​ដំណោះ​​​​ស្រាយ​លើ​ជម្លោះ​នេះ “ដោយ​គ្មាន​​​​ការ​បង្ខិត​បង្ខំ​ឡើយ”។ លោក ស៊ាន ម៉ាកគីនតុស បានមាន​ប្រសា​សន៍​បន្ត​ទៀតថា​“លើស​ពីនេះទៅទៀត យើង​​​​​មានប្រយោជន៍​ជាតិ ផ្នែក​សេរី​ភាព​ធ្វើ​

ដំណើរ​តាម​ដែន​សមុទ្រ​ ការ​ថែ​រក្សាសន្តិភាពនិងស្ថិរភាព ការ​គោរព​ច្បាប់​អន្តរ​ជាតិ និង ការ​ធ្វើ​ពាណិជ្ជ​កម្ម​ស្រប​ច្បាប់នៅក្នុងដែន​សមុទ្រចិន​ខាង​ត្បូង៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស