38.8 C
Phnom Penh

​ការ​នាំចូល​ជ្រូកតិច​ពី​ប្រទេស​ថៃ​​​ ធ្វើ​ឲ្យកើន​តម្លៃ​ជ្រូក​រស់ក្នុង​ស្រុក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមអ្នក​ចិញ្ចិម​ជ្រូក​កម្ពុជា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការកើនឡើង​នៃ​តម្រូវ​ការ​ជ្រូក​នៅ​លើ​ទីផ្សារ​ថៃ​ ចាប់តាំង​ពី​ខែ​មីនា​មក​​ បាន​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​រស់​នៅ​ក្នុង​​ប្រទេស​កម្ពុជា កើន​ឡើង​ដោយសារ​តែ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ប្រទេសថៃ​​​​កាត់បន្ថយ​ការ​នាំចេញ​ជ្រូករស់​​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក​។​​

លោក​ ស្រ៊ុន​ ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​​ បាន​មាន​ប្រសាសន៍​ថា​ ​វាជា​​សិទ្ធិ​របស់​រដ្ឋាភិបាល​ក្នុងការ​បន្ត​កាត់បន្ថយ​ការ​នាំចូល​ជ្រូក ​​​​​​ដើម្បី​ជួយ​ដល់​​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ ដែល​​ចង់បាន​តម្លៃ​ខ្ពស់​សម្រាប់​ជ្រូក​របស់​ខ្លួន​។​

លោក​បាន​មាន​ប្រសាសន៍​ថា​ “​តម្លៃ​ជ្រូកនាពេល​​បច្ចុប្បន្ន​នេះគឺ​​ខ្ពស់​ជាង​មុន​ ដោយសារ​តែ​​ឈ្មួញ​ថៃ​ បាន​កាត់បន្ថយ​ការ​នាំចេញ​ជ្រូក​មកប្រទេស​កម្ពុជា”។ លោក​បាន​ឲ្យ​ដឹង​បន្ថែម​​ទៀត​ថា តម្លៃ​ជ្រូក​ បាន​កើនឡើង​ពី​ចំនួន​​​៨.៥០០ រៀល​ ​​​​​ឬ​២,១២​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ក្នុង​ខែ​មីនា ដល់​ពី​​៩.០០០ទៅ​៩.៥០០​រៀល​ក្នុង​​មួយគីឡូ​ក្រាម​​ នាពេល​បច្ចុប្បន្ន​នេះ​​​។​ ​

លោក​ កៀន​ ឌីណា​ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ អាយុ​៣២​ឆ្នាំ​ នៅ​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្តាល ដែល​​ក្នុង​ឆ្នាំ​នេះ​ចិញ្ចឹម​ជ្រូក​បាន​​ជិត​​​ ៨០០​ក្បាល​ហើយ​នោះ​ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​​ លោក​លក់​ជ្រូក​ក្នុង​តម្លៃ​២,៣៧​​ដុល្លារ​ ក្នុង​មួយ​គីឡូក្រាម​។​

ទោះជា​យា៉ងណាក៏ដោយ តម្លៃ​ជ្រូកនា​ពេល​សព្វ​ថ្ងៃ​នេះ​ ​គឺនៅតែ​​ទាបជាង​​តម្លៃជ្រូក​​ក្នុង​រយៈ​ពេល​​ដូច​គ្នា​កាលពី​ឆ្នាំ​២០១១​ នៅ​ពេលដែល​កង្វះ​ការ​ផ្គត់ផ្គង់​ជ្រូក​ក្នុង​តំបន់​បាន​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​កើនឡើង​ដល់​ប្រហែល​៣​ដុល្លារ​ ក្នុង​មួយ​គីឡូក្រាម​៕ប្រែសម្រួល​ដោយ ភួន​ ច័ន្ទសេរីវុធ​​​​ ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស