38 C
Phnom Penh

អៀង​ សារី​ ​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យមិត្តភាពខ្មែរ­-សូវៀតនៅ​ឡើយ​ បន្ទាប់​ពី​មាន​បញ្ហា​​​​​ផ្លូវដង្ហើម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ​ អៀង​ សារី​ ​​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​របប​ខ្មែរ​ក្រហម ​ដែល​​មាន​ជំងឺ​ ​​និង​​ដែល​​​​​​​​ប​ច្ចុប្បន្ន​​​​​ត្រូវ​​​​ឡើង​សវនា​ការ​​ តាម​​​ការ​​​​​​​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​​​​មនុស្ស​ជាតិ​​​នោះ​ កំពុង​បន្ត​ស្នាក់​នៅ​​​​ទទួល​​​​​​​​ការ​​​​ព្យា​​បាល​​​​ក្នុង​​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​ទី​នោះ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​សារ​មាន​បញ្ហា​លំ​បាក​ដក​ដង្ហើម​ ព្រម​ទាំង​សង្ស័យ​ថា​ មាន​ជំងឺ​រលាក​ទង​សួត​ផង​​​​​។​​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ ជឿង ​​​​ យ៉ាវ​យេ៉ន​ ​អនុប្រធាន​មន្ទីរ​ពេទ្យ​មិត្ត​ភាព​-​ខ្មែរ​សូវៀត មាន​ប្រសាសន៍​ថា​ អៀង​ សារី​ ត្រូវ​បាន​​​​គ្រូ​ពេទ្យ​​​ពិនិត្យ​ឃើញ​ថា ​មាន​ជំងឺ​រលាក​ទង​សួត​ ប៉ុន្តែ​កាល​ពី​ថ្ងៃ​សុក្រ ​គេ​បាន​ហាម​ប្រាម​​​​​​​លោកមិន​​ឲ្យ​និយាយ​​អំពី​ការ​ព្យបាល​ ព្រម​ទាំង​ស្ថាន​ភាព​សុខភាព​របស់​អៀង​ សារី ​ប្រាប់​​​​អ្នក​សារ​ព័ត៌​មាន​ទេ។ លោកបាន​ថ្លែង​ថា​ “ ក្រុម​មន្ត្រី​សាលា​ក្តី​ខ្មែរ​ក្រ​ហម​បាន​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​និយាយ​ប្រាប់​អ្នក​កា​សែត​អំពី​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​សាលា​ក្តី”។

លោក​ ឡាស​ អូលសេន​​ អ្នក​នាំ​ពាក្យ​សាលា​ ​ក្តី​ បាន​បញ្ជាក់​ថា​ អៀង​ សារី​ កំពុង​ស្នាក់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅឡើយ​ ប៉ុន្តែ​​ថា ​​​ស្ថាន​ភាព​របស់​គាត់​បាន​ប្រសើរ​ឡើង​វិញ​ហើយ។

លោក​ ឡាស អូលសេន​ មាន​ប្រសាសន៍​ថា​ “ ខ្ញុំ​​​អាច​និយាយ​បាន​​​​​ត្រឹម​តែ​ថា​​ ​ស្ថាន​ភាព​របស់​​ គាត់​​ពេល​​នេះ​​កំពុង​មាន​ភាព​ប្រសើរ​ឡើង​វិញ​​ហើយ​ ហើយ​​​​​​គ្រូ​​​ពេទ្យ​​​នឹង​​អនុញ្ញាត​​​ឲ្យ​គាត់​​ចេញ​​ពី​មន្ទីរ​ពេទ្យ​​នៅ​ចុង​សប្តាហ៍​នេះ”។

លោក​ស្រី អាន​​ ហេន​ដេល​ (Anne Heindel) ​ទី​ប្រឹក្សា​ច្បាប់​នៅ​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​ ថ្លែង​ថា​ ការ​ចូលសម្រាក​​​​ព្យា​​​​បាល​​​ក្នុង​មន្ទីរ​ពេទ្យ​​​នា​ពេល​ថ្មីៗ​នេះ​​បង្ក​​ឲ្យ​​​មាន​​​ការ​​ចោទ​សួរ​ជា​​សំណួរ​​ធ្ងន់ៗ​​​​​​​​​​​​​​​​​​​កាន់​តែ​​​ច្រើន​​​​​​ឡើង​​ថា​​ តើ​​​សាលា​ក្តី​​​នេះ​​អាច​​​​​​បន្ត​​​ដំណើរ​ការ​​​កាត់​​ក្តី​​​​ដោយ​​យុត្តិ​ធម៌​បាន​​ទេ​​ ​ព្រោះ​​​អី​​ អៀង​ សារី​ ចាំបាច់​ត្រូវតែប្រើ​​ប្រាស់​សិទិ្ធ​ការ​ពារ​ខ្លួន​របស់​​​គាត់​ និង​​ជា​​​អ្នក​​​ចូ​​ល​រួម​​​ដ៏​សកម្ម​​​ម្នាក់​​ ដែល​​​​​បញ្ហា​​ទាំង​ពីរ​នេះ​​​​​​​​​​​​​​​​នឹង​​​ត្រូវ​​សម្រប​​សម្រួលកាត់​ចោល​​​​​​ ប្រសិន​បើ​សុខ​ភាព​របស់​គាត់​មិន​ល្អនោះ។

លោក​ស្រី​ ហេន​ដេល​ ​​​​​​​​​​​​​​បាន​​មាន​ប្រ​សាសន៍​​ថា “​វា​ជា​​​ការ​ព្រួយ​បារម្ភ​​​​ដ៏ធំ​មួយ​​ ពី​ព្រោះ​គាត់​ពិត​ជា​មាន​វ័យ​ចាស់​ជ​រា​​​ទៅ​​ហើយ  ព្រម​​​ទាំង​មាន​បញ្ហា​សុខ​ភាពទៀត​ផង​ ហើយ​គាត់​មិន​អាច​អង្គុយ​ក្នុង​សវនាការ​ពេញ​មួយ​ថ្ងៃ​បាន​ទេ។​ ខ្ញុំ​បា​រម្ភ​​ត្រង់​​​ថា​ សវនាការ​​​នឹង​មិន​អាច​ដំណើរ​ការ​ ដោយ​មានវ​ត្ត​មាន​របស់​គាត់​បាន​​​​”។

លោក​ស្រី​ ហេន​ដេល​ លើក​ឡើង​ថា​“ ប្រសិន​បើ​គាត់​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​ ​​រហូត​​ដល់​​​គាត់​​​​​​​​ត្រូវ​​បាន​​បញ្ជូន​​​ចូល​​​​​មន្ទីរ​ពេទ្យ​ ឬ​ក៏​មិន​អាច​ចូល​សវនាការ​បាន​នោះ​ វា​អាច​មាន​ការ​ចោទ​ជា​សំណួរ​ធ្ងន់​ៗ​​​ទៀត​​​ ថា  ​តើ​គេ​ត្រូវ​ផ្អាក​​ការ​បើក​សវនាកា​រ ឬ​ឈប់​មួយ​រយៈ​រង់​ចាំ​ដល់​ពេល​គាត់​ជា​សះ​ស្បើយ​ឡើង​វិញ​ឬ​យ៉ាង​ណា​។ប្រសិន​បើ​គាត់​មិន​អាច​មាន​សុខ​ភាព​ល្អ​ឡើង​វិញ​មុន​ថ្ងៃ​ច័ន្ទ​​​​ទេ​​​​ ខ្ញុំ​គិត​ថា ​មេធា​វី​ការ​ពារ​ក្តី​របស់​គាត់​មុខ​ជា​ស្នើ​សុំ​ផ្អាក​ជាមិន​ខាន​​​”៕​​

(រាយ​ការណ៍​បន្ថែម​ដោយ​ ឃី​ សុវុឌ្ឍី)

ប្រែ​សម្រួល​ដោយ​ ហួង​ កុកទៀន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស