27 C
Phnom Penh

​​​សប្បុរសជន​​​អំពាវ​​​នាវឲ្យ​​​រដ្ឋាភិបាល​​​ចក្រភព​​​អង់គ្លេស​​​ចាត់​វិធានការ​​​​សម្រាប់​​​កម្មករ​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របាយការណ៍​​​របស់​​​អង្គការ​សប្បុរសធម៌​មួយ​មាន​​​មូលដ្ឋាននៅ​ចក្រភព​​​​អង់គ្លេស បាន​​​បង្ហាញ​ពី​​​ប្រាក់​​​ខែ​​​​ទាប​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​កម្ពុជា ហើយ​​​បាន​​​អំពាវ​​​នាវឲ្យ​​​រដ្ឋា​​​ភិបាល​​​អង់គ្លេស​​​ធ្វើអន្តរាគមន៍​​​ក្នុង​​​ជម្លោះ ​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​រោង​​​ចក្រ​​​នៅ​​​​អាសុី​​​អាគ្នេយ៍​​​ដែល​​​ផ្គត់ផ្គង់ឲ្យ​ក្រុមហ៊ុនលក់​​​រាយ​របស់​​​អង់គ្លេស​។

យោង​​​តាមរបាយការណ៍​មាន​ចំណង​ជើង​ថា “ការ​រឹតត្បិត​សិទ្ធិ” ដែល​អង្គការ ​War on Want ជាអង្គការ​មនុស្សធម៌​ប្រឆាំង​ភាព​ក្រីក្រ​ បាន​ចេញ​​​​ផ្សាយ​​​កាលពី​​​ថ្ងៃអង្គារ បាន​​​ពិនិត្យ​​​មើល​​​ជីវភាព​​​រស់នៅ​​​របស់​​​កម្មការិនី​​​ចំណាក​​​ស្រុក​​​នៅតាម​​​រោង​​​ចក្រ​​​​​​នៅក្នុងប្រទេស​​​ថៃ ​​​ម៉ាឡេសុី និង​​​ប្រទេស​​​កម្ពុជា។ អង្គការ​​​មនុស្សធម៌​នេះ​បាន​​​សម្ភាស​​​កម្មករ​​​ក្នុង​​​ប្រទេស​​​ទាំង​​​បី រួម​​​ទាំង​​​បុគ្គលិក​​​៣០​​​នាក់​​​ក្នុង​​​ប្រ​​​ទេស​​​កម្ពុជា​​​ដែល​​​ចាក​ចេញ​​​ពី​​​ជន​​​បទ​​​មក​​​ធ្វើ​​​ការ​​​ក្នុង​​​រោង​​​ចក្រកាត់ដេរ។

របាយការណ៍​នេះ​​​លើក​​​ឡើង​​​ថា កម្មករ​​​កម្ពុជា មិន​សូវ​មាន​​​សន្ដិសុខ​​​ការ​​​ងារទេ​​​ដោយ​​​សារ​​​តែ​​​កិច្ចសន្យា​​​ការ​​​ងារ​​​មាន​ថិរវេលា​កំណត់​​​និង​មាន​រយៈពេល​​​ខ្លី ហើយ​​​រាយការណ៍ថា កម្មករទាំងនោះ​ត្រូវ​​​​បាន​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​ការថែម​​​ម៉ោងដោយ​​​មានការ​បំភិត​​បំភ័យ​​​ថា​​​នឹង​​​ដេញ​​​ចោល ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ព្រម​​​ធ្វើ​ការថែម​ម៉ោង​ទេនោះ។

កម្មករ​​​និយាយថា ពួក​​​គេ​​​គ្មាន​​​ចំណី​​​អាហារ​​​គ្រប់​​​គ្រាន់ដោយ​​​សារតែ​​​ប្រាក់​​​ខែ​​​ខ្លួន​​​ត្រឹម​​​តែ​​​៦១​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ ហើយ​​ស្ទើរតែមិន​​​អាច​​​ផ្គត់​​​ផ្គង់​​​ដល់​ការ​​​រស់​​​នៅ​​​បាន​​​ផង។

របាយការណ៍​​​នេះលើក​ឡើង​ទៀត​ថា “ជាង​​​ពាក់​​​កណ្ដាល​​​នៃ​​​ស្ត្រី​​​ដែល​​​ត្រូវ​​​បាន​​សម្ភាស បាន​​​លើក​​​ឡើងថា ប្រាក់ខែ​​​អប្បបរមា​​​​​​នេះ មិន​​​គ្រប់​​​សម្រាប់​​​ថ្លៃ​អាហារ ថ្លៃ​ជួល​ផ្ទះ ថ្លៃទឹកថ្លៃអគ្គិសនី និង​​​ការ​ចំណាយ​​​លើ​​​ថ្នាំ​​​សង្កូវ​​​នោះ​​​ទេ”។

របាយការណ៍​​​នេះ​​​បានអំពាវ​​​នាវ​​​ឲ្យ​​​ប្រជា​ពល​​​រដ្ឋ​​​អង់​​​គ្លេស បញ្ចុះ​បញ្ចូល​ឲ្យ​​​លោក ​​​​​​ខិន​ណិត ​​​ក្លាក (Kenneth Klarke) ​​​​​​​​​​​​​​​​​​រដ្ឋមន្ត្រី​​​​​​ក្រសួង​​​​​​​​​យុត្តិធម៌​​​អង់គ្លេស បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​​​​ពិសេស​​​មួយដែល​​​ “មាន​​​អំណាច​​​ក្នុង​​​ការ​​​ស៊ើប​​​អង្កេត​​ពាក្យ​​​បណ្ដឹង​របស់​​​​កម្មករ​​​ដែល​​​សិទ្ធិ​​​របស់​​​ពួកគេ​ត្រូវ​​​បាន​​​រំលោភ​បំពាន​នៅ​តាម​បណ្ដាញ​​​​​​ផ្គត់​​​ផ្គង់​​​ឲ្យ​ក្រុមហ៊ុន​​​លក់​​​រាយ​​​អង់​​​គ្លេស​​​​​​”។​​​

លោក ឡៃយ៉ា ប្លាញ (Laia Blanch) ​​​មន្ត្រី​​​កម្មវិធី​​​អន្តរជាតិ​​​នៅ​អង្គការ ​ War on Want បាន​​​លើកឡើង​​​ក្នុងសេចក្តី​ថ្លែង​ការណ៍​​​មួយ​​​ថា“ក្រុមហ៊ុន​​​លោក​​​ខាងលិច​​​បាន​​​ចាត់​ទុក​ខ្លួន​ឯង​ថា​​​ មាន​​​ក្រម​​​សីលធម៌ និងមាន​ការ​​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ មនុស្ស​​​ដែល​​​ផលិត​​​ទំនិញ​​​ឲ្យ​​​ខ្លួន​​​។ ប៉ុន្តែតាម​​​ពិត​​​ក្រុមហ៊ុនទាំងនោះ​​​គិ​​​ប្រ​​​យោជន៍​​​របស់​​​ខ្លួន​​​ជាធំ​​​ ​និង​​​កេង​​​ប្រវ័ញ្ច​​​លើកម្មការ​​​ិនី​​​ចំណាក​​​ស្រុក​​​​​​ទាំង​​​នោះ ដោយ​​​ចាត់​​​ទុកថា​​​ ពួក​​​គេ​​​ជា​​​ពលករ​​​​​​​​​ថោក​​​ទាប។ ល្មមដល់​ពេល​​​​រដ្ឋាភិបាល​​​​​​អង់គ្លេស​​​​បញ្ឈប់​​​ការ​​​រំលោភ​​​បំពាន​​​បែប​​​នេះ​​​ហើយ”។

របាយការណ៍​​​នេះកើត​មាន​​​​ឡើង​​​នៅ​​​ពេល​​​​​​លោក ឈើរីល ហ្គីលែន (Cheryl ​​​Gillan)​​​រដ្ឋ​​​មន្ត្រី​ការបរទេស​អង់​គ្លេស​ប្រចាំ​​​​ប្រទេស​​​ វ៉ែលស៍ គ្រោង​សម្ពោធ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ថ្មី​​​មួយ​​​​របស់​​​អង់គ្លេស​​​​​​នៅ​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​កាល​ពី​ថ្ងៃ​​​ព្រហស្បតិ៍។

រោង​​​ចក្រ​​​នេះគឺជា​​​រោង​​​ចក្រ​​​ទី៣​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ដែល​​​ត្រូវ​​​បើក​​​ដំណើរ​​​ការ​​​ដោយ​​​ក្រុមហ៊ុន ខ្វនធីម ខ្លូតសីុង ខេមបូឌា​​​អិលធីឌី (Quantum​​​ Clothing [Cambodia] Ltd)​​​ដែល​​​​​​ផ្គត់​​​ផ្គង់​​​អាវ​​​និងខោអាវ​​​ទ្រនាប់​​​របស់​​​នារីទៅឲ្យ​​​ហាងនានា​​​ក្នុង​​​ចក្រ​​​ភព​​​អង់គ្លេស​​​ក្នុង​​នោះ​​​មាន​​​ហាង​​​Marks និង Spencer។ លោក វ៉ាន់​​​ ស៊ូអៀង ប្រធាន​​​សមាគម​​​រោង​​​​​​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​​កម្ពុជា បាន​​​បដិសេធ​​​មិន​​​ធ្វើអត្ថា​​​ធិប្បាយ​​​អំពី​​​​របាយ​​​ការណ៍​​​​​​​​​នេះទេ៕

ប្រែ​​​សម្រួល​​​ដោយ ​​​ហម សុផាណ្ណា​​​

           

           

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស