28 C
Phnom Penh

ទាហាន​ចាក​ចេញ​ពីភូមិ​ប្រមា​នៅ​ក្នុង​ខេត្ត​ក្រចេះ​ ប៉ុន្ដែ​សេរី​ភាព ​នៃការ​ធ្វើ​ដំណើរ​នៅ​តែ​ជា​បញ្ហា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​និយាយកាលពី​ម្សិល​មិញ​ថាបន្ទាប់​ពី​បានបិទផ្លូវរយៈ​ពេល​បីថ្ងៃរួចមកកាលពី​ចុង​សប្ដាហ៍ ទាហាន​បាន​ដក​ចេញ​ពី​ភូមិប្រមា នៅ​ក្នុង​ខេត្ត​ក្រចេះ ​ដែល​ក្មេង​ស្រី​ជំទង់​ម្នាក់​ ត្រូវ​បាន​កម្លាំង​សន្ដិ​សុខ​របស់​រដ្ឋា​ភិបាល​បាញ់​ស្លាប់​ កាលពី​សប្ដាហ៍មុន​។ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បុគ្គលិកអង្គការ​​សិទ្ធិ​មនុស្ស​បដិ​សេធ​ ចំពោះ​សេចក្ដី​រាយ​ការណ៍​មួយ​ ដោយមន្ត្រី​ខេត្ត​ម្នាក់​ ដែលអះអាង​ថា សេរី​ភាពនៃ​ការ​ដើរ​ហើ​រមានឡើង​វិញហើយ​នៅ​ក្នុង​តំបន់​នេះ​។

កាលពី​ថ្ងៃ​ពុធ ​ ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ ហេងចន្ថាអាយុ​១៤​ឆ្នាំត្រូវ​បាន​កងកម្លាំង​សន្តិសុខ​បាញ់​ស្លាប់ ​នៅ​ពេល​ទាហាន​ នគរបាល​ ន​ិង​កង​រាជ​អាវុធ​ហត្ថ​ចំនួន​២០០នាក់បាន​សម្រុក​​​ចូល​ទៅ​ក្នុង​ភូមិ​ប្រមា ក្នុងស្រុក​ឆ្លូង ដោយ​មាន​បំណង​បង្ក្រាបក្រុម​ប្រជា​ជន​​ ដែល​គេ​ហៅថា “ ចលនា​អបគមន៍”។

បន្ទាប់​ពី​ការ​ឆ្មក់​ចូល​ ប្រជាពល​រដ្ឋ​រាប់​រយ​គ្រួសារ​ ដែល​គេ​ចាត់​ទុក​ថា “ជា​ប្រជា​ជន​ថ្មី​”ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​នេះ ហើយ​ត្រូវ​បាន​ប្រាប់​ឲ្យ​​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ នៅ​ក្នុង​ខេត្ត​កំពង់​ចាមព្រៃវែងនិង​ខេត្ត​កណ្ដាល។

ក្រោយមក អង្គភាព​នៃកង​យោធ​ពល​ខេមរភូមិន្ទ និង​កង​រាជ​អាវុធ​ហត្ថ​ ​បាន​បិទ​តំបន់នេះតែម្តង ដោយ​រារាំង​បុគ្គលិក​អង្គការ​ សិទ្ធិ​មនុស្ស​ និង​អ្នក​យក​ព័ត៌មាន​មិន​ឲ្យ​ចូល​ភូមិ​ ដែល​ក្មេង​ស្រី​ជំទង់​​ត្រូវ​បាន​បាញ់​ស្លាប់​។

លោកសចំរ៉ុងអភិបាល​ខេត្ត​ក្រចេះបាន​មាន​ប្រសាសន៍ថាការ​ដក​ទាហាន​បាន​ចាប់​ផ្ដើម​ កាលពី​ថ្ងៃ​សៅរ៍ហើយពេល​នេះ​ប្រជាពលរដ្ឋត្រូវ​បាន​អនុញ្ញាតឲ្យ​ដើរហើរ​ដោយ​សេរី​នៅ​ក្នុង​តំបន់​នេះ។

​មាន​ប្រសាសន៍ថា ការ​ដក​ទាហាន​បាន​ចាប់​ផ្ដើម​ កាលពី​ថ្ងៃ​សៅរ៍ ហើយពេល​នេះ​ប្រជា​ពលរដ្ឋត្រូវ​បាន​អនុញ្ញាតឲ្យ​ដើរហើរ​ដោយ​សេរី​នៅ​ក្នុង​តំបន់​នេះ។

លោក ​ចំរ៉ុង បានមាន​ប្រសាសន៍​​បន្ថែមថា “ កងកម្លាំងប្រដាប់​​​អាវុធ ​បាន​ដក​ចេញ​ពី​ភូមិ​នេះ​រួច​ហើយ​។យើង​គ្រាន់តែ​រក្សា​ទុក​កង​កម្លាំង​មូល​ដ្ឋាន​ខ្លះ​ ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​ប៉ុណ្ណោះ​។ប្រជា​ពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​សេរីនៅទី​នោះ”។

ក៏ប៉ុន្ដែ​ បុគ្គលិកអង្គការ​សិទ្ធិ​មនុស្ស​បាន​ផ្ដល់​សេចក្ដី​រាយ​ការណ៍ផ្សេង​គ្នា​។ លោក​ ចាន់ សុវ៉េត មន្ត្រីអង្កេត​ការ​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ​មាន​ប្រសាសន៍​ថា ត្រឹម​ពាក់​កណ្ដាល​ថ្ងៃ​ម្សិល​មិញ ​បុគ្គលិក​សិទ្ធិមនុស្ស​នៅ​តែ​ត្រូវ​បាន​គេរារាំង​មិន​ឲ្យ​ចូល​ភូមិ​ប្រមា​ នៅ​ឡើយ​។

លោក​បាន​បន្ថែម​ថា “ មក​ទល់​ពេល​នេះ យើង​នៅ​តែ​មិន​ទាន់​ឃើញ​ទី​កន្លែង ដែល​ឧបទ្ទវហេតុ​​កើត​ឡើង​នៅ​ឡើយ​ទេ យើង​​ទទួល​ព័ត៌មាន​បានតែតាម​រយៈ​ប្រជា​ពល​រដ្ឋ​ ដែល​បាន​រត​់គេច​ខ្លួនប៉ុណ្ណោះ​”។លោក​មាន​ប្រសាសន៍​សំដៅ​ដល់​ប្រជាពល​រដ្ឋ​រាប់​រយ​គ្រួសារ​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ និង​អ្នក​ផ្សេង​ទៀត​ ដែល​បាន​រត់​គេចពី​សំណាញ់​យោធាដែល​ផ្ដោត​លើ​អ្នក​ស្រុក​ដែល​លេច​មុខជាងគេ​នៅ​ក្នុង​វិវាទ​មួយ​ប្រឆាំង​នឹង​ក្រុម​ហ៊ុនសម្បទាន​ដី​។

យោង​តាម​លោក​​ស្រីម៉ារីដូមេនិកផារិន​ (Marie-Dominique Parent) មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ បាន​ឲ្យដឹង​ថាក្រុម​អ្នក​អង្កេត​ការណ៍​មកពី​ការិយាល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ ទទួលបន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​តំបន់​នោះ កាលពី​ថ្ងៃ​សៅរ៍ ក្រោម​ការ​អម​ដំណើរពីអាជ្ញាធរ។ លោក​ស្រីបាន​ថ្លែង​ថា  “ ពួកគេ​អាច​ទៅ​ដល់​ភូមិ​នោះ ដោយ​មាន​អាជ្ញាធរ​អម​ទៅ​ជា​មួយ​ផង​”។

យោង​តាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូបាន​​ឲ្យដឹង​ថា ស្ថាន​ភាព​​​ក្នុង​ភូម​ិ​ប្រមាមាន​ការ​ប្រសើរ​ឡើង​តិច​តួច​ បន្ទាប់ពី​ការដក​​កងទ័ពនេះ។ លោក​ ម៉ាធ្យូផេល្លើរីន (Mathieu Pellerin) អ្នក​ទីប្រឹក្សា​របស់អង្គការ​លីកាដូ ​បានថ្លែង​ថា “ យើង​បាន​ទាក់​ទង​ជាមួយ​អ្នក​ភូមិ​ខ្លះ​ ពួកគេ​បាន​ប្រាប់​យើង​ថា ចាប់​តាំង​​ពី​ម្សិល​មិញ​ ចំនួន​កង​កម្លាំង​ប្រដាប់​អាវុធបាន​ថយចុះ ប៉ុន្ដែ ប្រជា​ពល​រដ្ឋ​នៅ​បារម្ភ​ចំពោះ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​របស់​ខ្លួន​”។

ប្រជា​ពលរដ្ឋ​ប្រមាណ​៣៦០​គ្រួសារ​ ដែល​រស់​នៅ​តាំង​ពី​ដើម​មក ​ត្រូវ​បាន​អាជ្ញា​ធរ​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្នុង​ភូមិ​ប្រមា​ បន្ដទៀត​ ប៉ុន្ដែ ប្រជាពល​រដ្ឋ​ជាង​៦០០​គ្រួសារ​ ត្រូវ​​បាន​បណ្ដេញ​ចេញ​ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​។ អ្នក​ត្រូវ​បណ្ដេញ​ចេញ​ ដែល​អាជ្ញា​ធរ​បាន​ចោទ​ថា បាន​បង្កើត​ចលនា​អបគមន៍​ ដោយ​​​សារតែ​ការ​តវ៉ា​របស់ពួកគាត់​ប្រឆាំង​នឹង​ការ​ចាប់​យកដី ដោយ​ក្រុមហ៊ុន​សម្បទាន​ដីមួយ ហើយពួកគាត់បាននិង​កំពុង​តែ​ពុះ​​ពារ​នឹង​ការលំបាកដោយសារ​ប្រតិបត្តិ​ការ​បង្ក្រាប​របស់យោធា។

លោក​ សុវ៉េតបាន​មាន​ប្រសាសន៍ថា “ វា​មាន​ការ​លំបាក​ណាស​់​ក្នុង​ការ​ទាក់​ទង​ជា​មួយ​ពួកគេ​ ពីព្រោះ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​នោះពួកគេ​គ្មាន​អ្វី​បរិភោគ​ គ្មាន​កន្លែង​ស្នាក់​នៅ​ឡើយ។ កម្លាំង​ប្រដាប់​អាវុធនៅ​តែ​តាម​រក​ចាប់​ខ្លួន​ពួកគាត់នៅ​ក្នុង​ខេត្ត​កំពង់ចាម ឬទី​កន្លែង​ផ្សេង​ទៀត”។លោក​បន្ថែម​ថាសូម្បី​តែ​អ្នក​ស្រុក ​ដែល​រស់​នៅ​ពី​ដើមមក​ខ្លះ​ ក៏​​ខ្លាច​មិនហ៊ាន​ត្រឡប់​ទៅ​កាន់តំបន់​នោះ​វិញ​ឡើយ។លោក​​បាន​ថ្លែង​ថា“ អ្នក​ខ្លះ​ទៀត​មិន​ហា៊ន​ត្រឡប់​ទៅ​ផ្ទះ​​វិញនាពេល​នេះ​ទេ ពី​​ព្រោះ​ពួកគេ​ខ្លាច​អាជ្ញា​ធរ​ចាប់​ខ្លួន​”។

លោក​ ​ចំរ៉ុងបាន​បដិ​សេធ​ចំពោះ​សេចក្ដី​រាយការណ៍​នេះ ដោយ​បញ្ជាក់​ឡើង​វិញ​ថាអ្នក​ស្រុក​ដែល​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ ឬ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​នោះ “ រីក​រាយ​នឹង​ប្រតិ​បត្តិ​ការ​របស់​យើង​”។លោក​បាន​អះអាង​ថា “ពួកគាត់​បាន​និយាយ​ថា វាហាក់​បីដូច​ជា​ត្រូវ​បាន​រំដោះ​ពី​របប​ ប៉ុល​ ពតអ៊ីចឹង”។

ការ​អះអាង​របស់លោក​ ចំរ៉ុងអំពី​អ្នក​ភូមិប្រមា មិន​អាច​បញ្ជាក់បន្ថែមដោយ​ឯក​រាជ្យបានទេ​ ពី​ព្រោះ​ក្រុម​អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​រា​រាំង​មិន​ឲ្យ​ចូលទៅ​តំបន់នោះ កាលពី​សប្ដាហ៍​មុន។ យោង​តាម​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុកដែល​កំពុង​តែ​ផ្ដល់​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់​ ដល់​ជន​​ជាប់​ចោទ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិ​ការ​បង្ក្រាប​របស់​យោ​ធនោះបានចាប់ខ្លួន មនុស្ស​ប្រាំបី​នាក់ ​តាំងពី​ថ្ងៃ​ពុធមក។

លោក​ សុវ៉េតបាន​មាន​ប្រសាសន៍ថាក្នុង​ចំណោម​អ្នក​ទាំង​អស់​នោះ មាន​ប្រាំ​បីនាក់ជា​​សមា​ជិក​របស់​មេ​ខ្លោង​ ដែល​គេឲ្យ​ឈ្មោះ​ថា ចលនា​អបគមន៍​ឈ្មោះ ប៊ុន រដ្ឋា​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាន់​កាប់​ដី​រដ្ឋ​ និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​។ លោក​បាន​ថ្លែង​ថា ​ពេល​នេះ​អ្នក​ទាំង​អស់​នោះកំពុង​ត្រូវ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ ប៉ុន្ដែ លោក​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ពួកគេ​ត្រូវ​ចោទប្រកាន់​ពី​បទ​​អ្វី​នោះទេ។

ព្រះ​រាជ​អាជ្ញា​រង​ ធុចបញ្ចៈសន្ដិ​ភាពបាន​មាន​ប្រសាសន៍ថា តុលាការបាន​ចោទ​ប្រកាន់​រួចហើយ​ ចំពោះជនជាប់ចោទពីបទ​ញុះ​ញុង​ឲ្យ​មាន​អំពើ​ហិង្សា​ អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​ ក៏​ប៉ុន្ដែលោក​បដិ​សេធ​មិន​ប្រាប់​ឈ្មោះ​ជន​ត្រូវ​ចោទ​ប្រកាន់​ ឬ​អំពីបទចោទ​ប្រកាន់​ឡើយ។

គ្មាន​ទាហាន​ ឬ​នគរ​បាលណាម្នាក់បាន​រង​របួស​ អំឡុង​ប្រតិបត្តិការ​នៅភូមិ​ប្រមាទេ មាន​តែ​ក្មេង​ស្រី​ឈ្មោះហេងចន្ថាអាយុ​១៤ឆ្នាំ​​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​កម្លាំង​សន្ដិ​សុខ​បាញ់​ស្លាប់​ ដែល​ការ​សម្លាប់​របស់នាង​ ត្រូវ​លោក​ ចំរ៉ុង បាន​មាន​ប្រសាសន៍​ កាលពី​សប្ដាហ៍​មុន​ថា មិន​សម​មាន​ការ​ស៊ើប​អង្កេត​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ចេវប៊ុននី​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស