34 C
Phnom Penh

ក្រុម​ហ៊ុនឯក​ជន​ត្រៀម​ខ្លួន​ចុ​ះ​បញ្ជី​នៅក្នុង​ផ្សារមូល​បត្រ​កម្ពុជា​ជាមួយ​នឹងការ​ប្រុង​ប្រយ័ត្នខ្ពស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​មកទល់​ថ្ងៃ​ទី១៨​ខែ​ឧសភា មាន​ក្រុម​ហ៊ុន​តែ​មួយ​គត់​ និង​ដំបូងគេ​ ដែល​បា​ន​ចុះ​បញ្ជី​​ក្នុង​ផ្សារមូល​បត្រ​កម្ពុជា គឺ​ក្រុម​ហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញថា តម្លៃ​ហ៊ុន​របស់​ខ្លួន​បាន​កើន​ឡើង​ប្រហែល​៥០​ភាគរយ​ នៅក្នុង​ថ្ងៃ​ជួញ​​ដ​ូរ​ដំបូង​ បន្ទាប់​មក​ បាន​ធ្លាក​់ចុះ​ជាលំដាប់​​ក្នុងរយៈពេល​ពីរ​សប្តាហ៍។
តាំង​ពីពេល​នោះមក​ តម្លៃ​ហ៊ុន​របស់​ក្រុម​ហ៊ុន​រដ្ឋមួយ​នេះបាន​កើន​ឡើង​វិញ និង​តម្លៃ​ត្រូវ​បានបិទ​នៅ​ត្រឹម​ ៧.៣៥០រៀល (១,៨៤​ដុល្លារ​) កាលពីថ្ងៃ​សុក្រ  ខ្ពស់​ជាងតម្លៃ​ប្រកាស​លក់​ហ៊ុន​ជាសាធារ​ណៈ​លើកដំបូង​កាលពីខែ​មេសា ពោល​គឺ​ ក្នុងពេល​នោះហ៊ុន​មានតម្លៃ​៦.៣០០រៀ​ល (១,៥៨ដុល្លារ​)។

ប៉ុន្តែ​ ក្រុម​វិនិយោគិន​បាន​និយាយថា ការ​ធ្លាក​់ថ្លៃ​ជាបន្តបន្ទាប់​បែប​នេះ មើល​ទៅ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ចំនួន​គិត​គូរដោយ​យកចិត្ត​ទុកដាក់​ខ្ពស់​ អំពី​ដំណើរ​ការ​រៀប​ចំ​ប្រកាស​លក់​ហ៊ុន​ជា​​ សាធារណៈ​លើក​ដំបូង​ (អាយភីអូ) របស់​ខ្លួន​។ ទោះ​បីជា​ដំណាក់​កាល​ចាប់​ផ្តើម​ហាក់​ដូចជា​ផ្តល់​​ភាពអំណោយ​ផលក៏ដោយ ក៏​​​វិស័យ​ឯក​​ជន​ប្រហែល​ជា​ត្រូវការ​ពេល​វេលាមួយឆ្នាំ ឬយូរ​ជាងនេះ​ ដើម្បីធ្វើ​ការ​សម្រេ​ចចិត្ត​ចុះបញ្ជី​ក្នុង​ផ្សារមូល​បត្រ​កម្ពុជា​ ដើម្បី​ប្រមូល​ទុន​បន្ថែម។

លោក តាន់ មុន្នីវណ្ណ អនុ​ប្រធាន​ក្រុម​ហ៊ុន ម៉ុង ឫទ្ធី គ្រុប​ ដែល​ជា​ក្រុម​ហ៊ុន​មាន​មុខ​ជំនួញ​ចម្រុះ ដោយបាន​ប្រើ​ឈ្មោះ​លោក ម៉ុង ឫទ្ធី ​ប្រធាន​ក្រុម​ហ៊ុន និង​ជា​សមាជិក​ព្រឹទ្ធសភា​មកពីគណបក្សប្រជា​ជន​កម្ពុជា បាន​មានប្រសា​សន៍ថា “យើង​កំពុង​រៀប​ចំឯកសារ​សម្រាប់​ដំណើរ​ការ​ចុះ​បញ្ជីក្នុងផ្សារមូលបត្រ​ហើយ”។     លោក​បានបន្ថែម​ថា ក្រុម​ហ៊ុន​នេះ​កំពុង​ពិចារ​ណា​​ចុះ​បញ្ជី​បុត្រ​សម្ពន្ធ​អាជីវកម្ម​កៅស៊ូ និង​កសិដ្ឋាន​ចញ្ចឹម​ជ្រូក​របស់​ខ្លួនមុនគេ។

លោក តាន់ មុន្នីវណ្ណ បាន​មាន​ប្រសា​សន៍ថា “ប៉ុន្តែ​ យើង​នៅ​ស្ទាក់​ស្ទើរ​នៅ​ឡើ​យ ដោយ​សារតែ​នៅ​លើទីផ្សារ​មូល​បត្រ​មាន​ការ​ប្រែ​ប្រួល​ថ្លៃ​​ខ្លាំ​ងពេក”។

តាមពិត​ទៅ​ ដរាប​ណា​មូ​លនិធិវិនិ​យោ​គ និង​ក្រុម​វិនិយោគិន​មកពីស្ថាប័ន​នានា​ ចាប់ផ្តើមធ្វើ​ឲ្យ​វិនិយោគិន​ទូទៅ​ដែល​ ចាប់​អារម្មណ៍លើ​
ដំណើរ​ការ​ជួញ​ដូរ​ ដែល​ផ្តល់​ប្រាក់​ចំណេញ​យ៉ាង​ឆាប​់រហ័សនោះ អស្ថិរភាព​នៅ​លើ​ទីផ្សារអាច​នឹង​នៅ​តែ​មាន​។ មានន័យថា ក្រុម​ហ៊ុន​ឯក​ជន​អាច​នឹង​ត្រូវ​រង់ចាំឱកាស​ល្អ​ ដើម្បី​ចុះ​បញ្ជី ​​នៅ​ពេល​ខ្លួន​មាន​សមត្ថភាព​ផ្តល់ទំនុក​ចិត្ត​គ្រប់​គ្រាន់​ដល់​សាធារណ​ជន​ក្នុងដំណើរ​ការ​ ជួញ​ដូរ​ភាគ​ហ៊ុន​របស់​ខ្លួន​។ ស្ថានភាព​ប្រ​ហាក់​ប្រហែល​គ្នាមួយ​បានកើនឡើង​នៅ​ ប្រទេស​វៀតណាម នៅពេល​ប្រទេស​នេះ​បើក​​ដំណើរ​ការ​ផ្សារមូលបត្រ​របស់​ខ្លួន កាល​ពីឆ្នាំ២០០០កន្លង​ទៅ​ជាង​មួយ​ទសវត្សរ៍។

ដោយ​សំដៅ​ទៅ​លើ​ការ​ប្រែ​ប្រួល​តម្លៃ​ភាគ​​ហ៊ុន​របស់​ក្រុម​ហ៊ុន​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ​លោក គិត ធាង​ ពាណិជ្ជករ​មួយ​រូបដែល​លេចធ្លោ​ក្នុង​វិស័យ​កាស៊ីណូ ​បាន​មាន​ប្រសាសន៍ថា “នៅ​​ពេល​នេះ ខ្ញុំ​ហាក់ដូច​ជាស្ទាក់ស្ទើរ​បន្តិច​ក្នុង​ការ​ចុះ​បញ្ជី ​ ពីព្រោះផ្សារមូល​បត្រមិនទាន់​ដំណើរ​ការ​ល្អ​នៅ​ឡើយ​”។

លោក​បាន​បើ​កដំណើរ​ការ​កាស៊ីណូទីតាន់ ឃីង កាស៊ីណូ (Titan King Casino) នៅ​ក្រុង​បាវិត​ នៅ​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និងប្រទេស​វៀតណាម ដោយ​បាន​ចំណាយ​ប្រាក់​អស់​១០០លាន​ដុល្លារ​។ លោក​បាន​មានប្រសាសន៍ថា “ខ្ញុំ​កំពុង​រង់ចាំមើ​ល​ដំណើរ​ការ​រលូន​សិន”។ លោក​បានមាន​ប្រសាសន៍បន្ថែម​ទៀតថា លោក​គិតថា ក្រុម​ហ៊ុន​ឯកជន​ភាគច្រើន​ក៏ កំពុងតែ​រង់ចាំ​​ពេល​វេលា​ដ៏​សមស្របដូច​គ្នាដែរ។

លោក គុយ វ៉ាត ប្រធាន​ក្រុម​ហ៊ុន​មូលបត្រ​ ភ្នំពេញ​ ស៊ីឃ្យួរីធី ភីអិលស៊ី (Phnom Penh Securities Plc.) ដែល​ជា​ក្រុម​ហ៊ុន​ធានា​ទិញ​មូល​បត្រ​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ធានា​ទិញ​​មូល​បត្រ​ទាំង​ប្រាំពីរ​ដែល​មាន​​អាជ្ញា​ប័ណ្ណ​ត្រឹម​ត្រូវ​ បាន​មាន​ប្រសាសន៍​នៅ​ឯ​ទី​ស្នាក់ការ​ក្រុម​ហ៊ុន​របស់លោកថា ក្រុម​ហ៊ុន​របស់​លោក​កំពុង​តែ​រៀបចំ​ផែ​នការ​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូល​បត្រ​ដើម្បី​ប្រកាស​លក់​ហ៊ុន​ក្នុង​រោ​ងចក្រ​ កាត់​ដេរ​ចំនួន​ពីរ​ ប៉ុន្តែ​លោកបាន​បដិសេធ​ មិន​ប្រាប់​ឈ្មោះ​រោង​ចក្រ​ទាំង​ពីរ​នោះ​ ឬ ពេល​វេលាដែ​លរោង​ចក្រ​ទាំង​នេះ​អាច​នឹង​ចុះបញ្ជីក្នុង​ផ្សារ​មូលបត្រកម្ពុជាទេ។

ដោយ​សម្លឹង​ទៅ​អនាគតរយៈ​ពេល​វែង​របស់​ក្រុម​ហ៊ុន​ផ្សារ​មូល​បត្រ​ លោក​ បាន​មាន​ប្រសាសន៍ថា “ការ​ធ្លាក់​ថ្លៃ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត​របស់​វិនិ​យោ​គិន​”។ លោក ដានីញ៉ែល រ៉េតល័រ (Daniel Reitler)
សហនាយក​ជាន់​ខ្ពស់នៅ​ក្រុម​ហ៊ុនមូល​បត្រ​ អេស​ប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរីធី (SBI Royal Securities) ដែល​ជា​ក្រុម​ហ៊ុន​ធនាគារ​ទិញ​មូលបត្រ​មួយ​ផ្សេង​ទៀត​ បាន​មាន​ប្រសាសន៍​ ថា ក្រុម​ហ៊ុន​រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ អាច​នឹង​មាន​ផល​​ប៉ះពាល់​បន្តិច​បន្តួច​លើ​ដំណើរការ​
សម្រេចចិត្ត​របស់​ក្រុម​ហ៊ុនឯកជន ក្នុង​ការ​ ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​រយៈពេល​វែង​។

ប៉ុន្តែ​លោកបានមានប្រសាសន៍ថា បញ្ហា​សំខាន់​សម្រាប់​ក្រុម​ហ៊ុន​ឯកជន​ ក្នុងប្រទេស​កម្ពុជា គឺ​ការ​រៀបចំសំណុំឯក​សារឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆ្លើយតបទៅ​នឹង​លក្ខខណ្ឌតម្រូវ​ចាំ​បាច់​ សម្រាប់​ការ​ចុះបញ្ជីក្នុង​ផ្សារ​មូល​បត្រ​ព្រះ​រាជាណាចក្រកម្ពុជា។ កំពង់​ផែស្វយ័ត​ខេត្ត​​ព្រះសីហនុ និង​ ទូរ​គម​នាគមន៍​កម្ពុជា បាន​ពន្យារពេល​អាយ​ភីអូ របស់​ខ្លួន​ម្តងហើយម្តងទៀត ដោយ​សារតែ​មាន​ការ​ពន្យារពេល​រៀបចំ​ឯកសារ​សំខាន់ៗ ដូចជា របាយការណ៍​ហិរញ្ញវត្ថុ រយៈពេល​បីឆ្នាំ​ចុង​ក្រោយ​ជា​ដើម។ ប៉ុន្តែ មិនមែន​មាន​មូល​ហេតុ​តែ​មួយ​នេះទេ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះដែរ​ ក៏​មាន​ក្រុម​ហ៊ុនទ្រង់ទ្រាយ​គ្រួសារ​ធំៗ​ជា​ច្រើន​នៅ​ក្នុងប្រទេស​កម្ពុជា ដែលចាប់​​ផ្តើម​មាន​ចំណាប់អារម្មណ៍​ទៅលើ​ការ​លក់​ភាគ​ហ៊ុន ឲ្យ​សាធារណៈ​ជន​ផងដែរ​។

ដោយ​សំដៅ​ទៅលើ​ការប្រែប្រួល​តម្លៃ​ហ៊ុន​របស់​រដ្ឋាករទឹក​ស្វយត​ក្រុង​ភ្នំពេញ​ លោក ​រេតល័រ បាន​មាន​ប្រសា​សន៍​​ថា “ជាការពិតមាន​
ការព្រួយ​បារម្ភមួ​យ​ចំនួន​មែន។ ហើយ​នេះ​គឺជា​អ្វី​ដែល​ត្រូវ​ផ្តោ​ត​សំខាន់។ ប៉ុន្តែ​ ពិត​ជា​មាន​វិធី​ដោះស្រាយ​​បញ្ហានេះ។ ខ្ញុំគិតថាបញ្ហា​
នេះ​មិនអាច​កាត់​បន្ថយ​ដំណើរ​ឆ្ពោះ​ទៅ​ករ​ការចុះបញ្ជីរបស់​ក្រុម​ហ៊ុននានា​ទេ”។

លោក រេតល័រ បាន​មានប្រសាសន៍​ថា ក្រុម​​ហ៊ុនឯកជន​ពិត​ជាចាប់អារម្មណ៍​ខ្លាំង នៅពេល​​ក្រុម​ហ៊ុនរដ្ឋាករទឹក​ស្វយត​ក្រុងភ្នំពេញ​ចាប់​ផ្តើម​បើក​លក់​ហ៊ុនជា​សាធារណៈរបស់​ខ្លួន ហើយថា ភាព​រីក​ចម្រើនក្នុងវិស័យ​មីក្រូហិរញ្ញ​វត្ថុធ្វើ​ឲ្យ​ គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ​ជា​ច្រើន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចុះបញ្ជីក្នុង​ផ្សារមូលបត្រ​កម្ពុជា។

លោកបានមានប្រសាសន៍ថា “វាពិត​ជា​វិស័យ​ដែលមាន​បរិយាកាសប្រកួត​ប្រជែង​ដ៏តឹងតែង ដូច្នេះនេះគឺជា​ច្រក​មួយដែល​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទាំងនេះអា​ច​ប្រើ​ប្រាស់​ក្នុងការ​បង្កើន​ទុនរបស់​ខ្លួន​ឲ្យ​មាន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​”។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស