28.4 C
Phnom Penh

យក​​​ទិវា​​​ចង​​​កំហឹង​​​ដើម្បី​​​រំឭក​​​​​​ដល់​​​អំពើ​​​ឃោរឃៅ​​​មក​​​លាយ​​​ឡំ​​​ជាមួយសកម្មភាព​​​នយោបាយ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះសង្ឃជាច្រើនអង្គ​​​ សិស្សានុសិស្ស ​​​លោក​​​គ្រូអ្នក​​​គ្រូ​​​ និង​​​មន្ត្រីរាជការ​​​ប្រហែល​​​២.០០០​​​នាក់​​​ បាន​​​មក​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​កន្លែង​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ដ៏​​​រន្ធត់​​​បំផុត​​​នៅ​សម័យ​​​ខ្មែរ​​​ក្រហម​​​ ដើម្បីសម្ដែង​​ឡើងវិញនូវ​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​​​យ៉ាង​​​ឃោរឃៅយង់ឃ្នង ​​​និង​​​បង្ហាញ​​​ឡើងវិញនូវទិដ្ឋភាពពិឃាត​​​ដ៏​​​សាហាវមួយ​​​​​​ចំនួនដើម្បី​រំឭក​​​ដល់​​​ “ទិវា​​​ចង​​​កំហឹង”​​​​​​​​​។​​​

ការ​​​សម្ដែង​​​អំពី​​​ការ​​​សម្លាប់​​​ និង​​​ការ​​​ធ្វើ​​​ទារុណកម្មនៅ​​​​​ឯវាល​​​ពិឃាត​​​ជើង​​​ឯក​​​ក្នុង​​​រាជ​​​ធានី​​​​​ភ្នំ​​​ពេញ​​​ ក៏​​​ជា​​​ឱកាស​​​មួយ​​​សម្រាប់​​​គណ​​​បក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​ជា​​​គណបក្ស​​​កាន់​​​អំណាច​​​ដើម្បី​​​បង្ហាញ​​​នូវ​​​សមិទ្ធផល​​​របស់​​​ខ្លួន​​​មុន​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់ ​​​ដែល​​​នឹង​​​ប្រព្រឹត្តទៅ​​​នៅ​​​​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មិថុនា​​​ខាង​​​មុខ​​​នេះ។

ទោះ​​​បី​​​ជា​​​ពួក​​​គេ​​​បាន​​​កើត​​​ក្រោយ​​​អំពើ​​​ឃោរឃៅយង់​​​ឃ្នង​​​រាប់​​​ទសវត្ស​រ៍​​កន្លង​​​ទៅ​​​ហើយក៏ដោយ​​​ ក៏​​​ក្រុម​​​យុវជន​​​ទាំង​​​នេះ​​​បាន​​​យក​​​ក្រមាក្រហម​​​មក​​​បង់​​ ​និង​​​​​​​​​ស្លៀក​​​ពាក់​​​​​ខោ​អាវ​​​ខ្មៅ​​​ ដែល​​​ជា​​​ឯកសណ្ឋានរបស់​​​ខ្មែរក្រហម​​​ដើម្បីសម្ដែង​​​ឡើងវិញនូវ​​​​​​របៀប​សម្លាប់ប្រជា​​​​ពល​​​រដ្ឋ​​​ស៊ីវិលដ៏ឃោឃៅ​​​​ ដោយ​​​ប្រើ​​​កាំបិត​​​ផ្គាក់​​​ និងគល់​ឫស្សី​​​ធំៗ។

លោក​​ កែបជុតិមាអភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ព្រឹត្តិការ​​ណ៍​នេះ​​​ថា “ ថ្ងៃ​​​ទី​​​២០ ខែ​​​ឧសភា គឺ​​​ជា​​​ថ្ងៃ​​​ដែល​​​​​​​​​យើង​​​បង្ហាញ​​​នូវការ​​​គោរព​​​របស់​​​យើង​​​ចំពោះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ប្រាំបីខែ និង​​​២០​​​ថ្ងៃ​​​”។

លោកអភិបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បន្ដ​​​ថា“ អំឡុង​​​របប​​​ខ្មែរ​​​ក្រហម​​​ ទី​​​ក្រុង​​​​​ភ្នំពេញបាន​​​ក្លាយទៅ​​​ជា​​​ទីក្រុង​​​ខ្មោច តែ​​​ឥឡូវនេះ​​​ ​​​មាន​​​ការ​​​អភិវឌ្ឍ​ច្រើន​​​ណាស់​​​ ហើយ​​​ប្រជា​​​ពលរដ្ឋ​​​បាន​​​ដឹង​​​ច្បាស់នូវ​​​អ្វី​​​ ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ធ្វើ​​​សម្រាប់​​​ទី​​​ក្រុង”​​​​​​។

លោកកែបជុតិមា ​​​បាន​មាន​ប្រសាសន៍​ឲ្យដឹង​​​ថា​​​ “ប្រជា​ពល​​​​រដ្ឋ​​​​រស់​​នៅ​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នឹង​​​​សម្រេចចិត្ត​​​ដោយ​​​ខ្លួន​​ឯងក្នុង​​​ពេល​​​​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់ដោយ​​​មិន​​​ភ្លេច​​​នូវ​​​អ្វី​​​ដែល​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ធ្វើ​​​ ដើម្បី​​​សង្គ្រោះ​​​ជាតិ​​​នោះទេ” ។

លោក កែប ជុតិមា ក៏បានគូស​​​បញ្ជាក់​​​ដែរ​​​ថា ការ​​​កាត់​​​ទោស​​​ខ្មែរ​​​ក្រហម​​​ គឺ​​​ជា​​​សក្ខីភាព​​​បញ្ជាក់ពីបំណងរបស់​​​រដ្ឋាភិបាល​​​ក្នុងការ​​​ស្វែង​​​​​​រក​​​យុត្តិធម៌​​​ជូន​​​ជន​​​រង​​​គ្រោះ ដែលបាន​ស្លាប់​​​នៅ​​​ក្នុងរបប​​ខ្មែរ​​​ក្រហម​​​។

“រដ្ឋាភិបាល​​​របស់​​​យើង​​​បាន​​​នាំ​​​មេដឹក​​​នាំ​​​ខ្មែរ​​​ក្រហម​​​មួយ​​​ចំនួន​​​ទៅ​​​ឲ្យ​​​តុលាការ​​​កាត់​​​ទោសដើម្បី​​​បង្ហាញ​​​សហគមន៍​​​អន្ដរជាតិ​​​ថា​​​របប​​​​​​នេះ​​​នឹង​​​មិន​​​កើត​​​ឡើង​​​​​​ម្ដង​​​ទៀត​​​ទេ និង​​​ដើម្បី​​​ស្វែង​​​រក​​​យុត្តិធម៌​​​ជូន​​​ជន​​​រង​​​គ្រោះ”។

ទិវាចង​​​កំហឹង​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​នៅ​​​ពេល​​​​​​កងទ័ព​​​វៀត​​​ណាម​​​មាន​​​វត្ត​​​មាន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​អំឡុង​​​ទសវត្សរ៍ទី​​​៨០ដើម្បី​​​រំឭក​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋដែល​​​ត្រូវ​​​បាន​​​សម្លាប់​​​ក្នុង​​​របប​​​ ប៉ុលពត​​​។ថ្ងៃ​​​ទី​​​២០ខែ​​​ឧសភា ​​​គឺជា​​​ទិវារំឭក​​​ដល់​​​ថ្ងៃ​​​មួយ​​​ក្នុង​​​ឆ្នាំ​​​១៩៧៦​​​ នៅ​​​ពេល​​​គណបក្ស​​​កុម្មុយ​​​នីស្ដ​​​កម្ពុជា​​​បាន​​​សម្រេច​​​អនុវត្ត​​​​​​នូវ​​​គោល​​​នយោបាយ​​​របស់​​​ខ្លួន​​​ ដើម្បី​​​បង្កើត​​​សហករណ៍ប្រមែប្រមួល​​​ផល​​​នៅ​​​តាមតំបន់​​​ក្រោម​​​ការ​​​ត្រួត​​​ត្រា​​​របស់​​​ខ្លួន។​​​ ការ​​​សម្រេច​​​ចិត្ត​​​នេះ​​​ធ្វើ​​​​​​ឲ្យ​​​កសិករ​​​នៅ​​​តាម​​​ទី​​​ជន​​​បទ​​​ជា​​​ច្រើន​​​​​​ស្អប់​​​ខ្ពើម​​​យ៉ាង​​​ខ្លាំង​​​។

លោក ឡេង ផល្លី​​​ រដ្ឋលេខាធិការ​​​ក្រសួង​​​ផែន​​​ការ​​​មក​​​ពី​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាក៏​​​បានថ្លែង​​កោត​សរសើរ​​​រដ្ឋាភិបាល​ចំពោះ​​​ស្នាដៃ​​​សង្គ្រោះ​​​ជាតិ​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​ដែរ​​​។ លោក ឡេង​​​ ផល្លី  បាន​មាន​ប្រសាសន៍​បន្ថែម​​ទៀត​ថា​ “ គណ​បក្សប្រជា​ជន​កម្ពុជា​​​បាន​​​ជួយ​​​សង្គ្រោះ​ប្រជាពល​​​រដ្ឋ​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​ការ​​​កាប់សម្លាប់នៅ​​​ក្នុងរបប​​​ខ្មែរ​​​ក្រហម និង​​​បាន​​​អភិវឌ្ឍ​​​ប្រទេស​​​ជាតិ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា  ​​​មាន​​​ការ​​​រិះ​​​គន់មួយ​​​ចំនួន​​​បាន​​​លើក​​​ឡើង​​​ថា ការយក​​​​​​​​​ទិវា​​​ចង​​​កំហឹង​​​នេះ​​​ធ្វើ​​​ជា​​​ការ​​​ឃោស​​​នា ​​​ដែល​​​បាន​​​កើត​​​ឡើង​​​ស្រប​​​ពេល​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត ដោយ​​​បាន​​​បង្ហាញ​​​នូវ​សកម្ម​​​ភាព​​​​នយោបាយ​​​មួយដ៏​​​មិន​​​សក្ដិ​សម​​​។

អ្នកស្រី សំ គន្ធាមី មន្ដ្រី​​​កម្មវិធី​​​គណៈកម្មការអព្យាក្រឹត​ និង​​​មិន​​​លម្អៀង​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌ (និកហ្វិក)​ ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថ្លែ​ងថា“ខ្ញុំ​​​គិត​​​ថា ពួក​​​គេមិនគួរ​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​”។​​អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ថា​ “​​​ពួក​​​គេ​​​មាន​​​សិទ្ធ​​​​ិ​​​ប្រាប់​​​អ្នកបោះ​​​ឆ្នោត​​​នៅ​​​កន្លែង​​​ធ្វើ​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត ​​​ ប៉ុន្ដែ​​​ពួក​​​គេ​​​មិនគួរ​​​និយាយ​​​​រឿង​​​នេះ​​​នៅ​​​​​​​វាល​​​ពីឃាត​​​នោះ​​​ទេ​​​”។

លោក យឹម  សុវណ្ណ អ្នកនាំ​​​ពាក្យ​​​គណបក្ស ​សម រង្ស៊ី បានថ្លែង​ថា ការ​​​លើក​​​ឡើង​​​ជាសារ​នយោបាយ​​​​​មួយ​​​ចំនួន​​​នៅកន្លែង​​​រំឭក​​​ដល់​​​ជន​​​រង​​​គ្រោះ​​​ក្នុងរបរ​​​ខ្មែរក្រហម​​​ គឺ​​​ជាបំណង​​​របស់គណបក្ស​​​ប្រជាជន​​​កម្ពុជា។លោកបាន​​​លើក​​​ឡើង​​​ថា “ពួ​​កគេ​​​ដឹង​​​ថា ប្រជា​​​ជា​​​ពលរដ្ឋ​​​ខ្លាច​​​សង្គ្រាម ​​​ហេតុ​​​ដូច្នេះ​​​ទើប​​​ពួក​​​គេ​​​ចង់​​​បង្ហាញ​​​រឿង​​​នេះ​​​ អំពី [ការ​​​សម្លាប់​​​ដ៏​​​ឃោរឃៅ​​​យង់​​​ឃ្នង​​​របស់ពួក​​​ខ្មែរ​​​ក្រហម​​​]​ ម្ដងទៀត​​​ ដើម្បី​​​រំឭក​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ ហើយ​​​បាន​​​ផ្សព្វផ្សាយ​​​នូវ​​​គំនិតនេះ​​​ជុំ​​​វិញ​​​ប្រទេស​​​កម្ពុជា​​​ថា ប្រសិន​​​បើ​​​ប្រជា​​​ពលរដ្ឋ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ផ្សេង​​​នោះ​​​ ប្រាកដ​​​ជា​​​មាន​​​សង្គ្រាមកើត​​​ឡើង​​​ទៀត​​​ហើយ​​​”។ លោក​​​បន្ថែម​​​ថា “វា​​​មិនមែន​​​សេរី​​​និង​​​យុត្តិធម៌ទេ​​​ ពីព្រោះ​​​ប្រជា​​​ពលរដ្ឋ​​​បោះ​​​ឆ្នោត​​​ក្រោម​​​ភាព​​​ភ័យ​​​ខ្លាច”។

ទោះ​​​ជាយ៉ាង​​​ណា​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ដំបូង​​​នៃ​​​ការ​​​បើក​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​រយៈ​​​ពេល​​​១៥​​​ថ្ងៃ​​​ ដែល​​​បាន​​​ចាប់​​​ផ្ដើម​​​ឡើង ​​​ដោយ​​​សម្លេង​​​យ៉ាង​​​កង​​​រំពង​​​ ព្រម​​​ទាំង​​​មា​​ន​​​ក្បួន​​​រថយន្ដ​​​ និង​​​ម៉ូតូ​​​ ដោយ​​​មាន​​​ចង​​​ភ្ជាប់​​​ទង់​​​ជាតិ​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​ សម រង្ស៊ី បា​ន​ធ្វើដំណើរ​​​ជុំ​​​វិញ​​​រាជធានី​​​ភ្នំពេញ​​​ ព្រមទាំង​​​មាន​​​សម្លេង​​​សន្យា​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-សង្កាត់​​​ចេញ​​​ពី​​​ឧគ្ឃោ​សនសព្ទផង​ដែរ។ អ្នកស្រី​​​ គង់ រ៉ាវីន អ្នក​​​សម្រប​​​សម្រួល​​​កម្មវិធីឃ្លាំ​​​មើល​​​របស់​​​គណៈកម្មការ​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​នៅ​​​កម្ពុជា​​​ (ខុមហ្វ្រែល) បានថ្លែ​ង​ថា អង្គការ​​​របស់អ្នកស្រីបាន​​​រក​​​ឃើញ​​​នូវ​​​ភាព​​​មិន​​​ប្រក្រតី​​​មួយ​​​ចំនួន​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ដំបូង​​​នៃ​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​រួម​​​ទាំង​​​ការ​​​ប្រើ​​​រថយន្ដ​​​របស់​​​រដ្ឋ​​​ដើម្បីធ្វើយុទ្ធនាការ​​​ឃោសនា​​​ និង​​​អាជ្ញាធរ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​មាន​​​ការធ្វើយុទ្ធនាការ​​​ឃោសនា​​​នៅ​​​តាមតំបន់​​​មួយ​​​ចំនួន។

អ្នកស្រី​​​បាន​​​លើក​​​ឡើង​​​ថា “អាជ្ញា​​​ធរ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​រារាំង​​​គណបក្ស​​​មួយ​​​ចំនួន​​​មិន​​​ឲ្យ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​នៅ​​​ក្នុង​​​តំបន់​​​ទេស​​ចរណ៍​​​ ហើយ​​នៅក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ខ្ញុំ​​​បាន​​​ឮថា​​​មនុស្ស​​​ពីរ​​​នាក់​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​បញ្ឈប់​​​ក្បួន​ឃោសនា​របស់គណបក្ស​​​ សម រង្ស៊ី មិន​​​ឲ្យ​​​ប្រើ​​​ឧគ្ឃោ​សន​សព្ទ​​​នៅពេល​​​ឃោសនា​​​បោះឆ្នោត”។

លោក​​​ ទេព នីថា អគ្គលេខាធិកា​​​គណៈ​កម្មាធិការ​​​ជាតិ​​​​​​រៀបចំការបោះឆ្នោត​​​​បាន​​​​​​ថ្លែង​​​ថា លោក​​​ទទួល​​​បាន​​​ពាក្យ​​​បណ្ដឹង​​​បួន​ករណី​​​នៅ​​​ចុង​​​សប្ដាហ៍មុន​​​ ប៉ុន្ដែ​​​លោក​​​មិន​​​បាន​​​បង្ហាញអំពី​​​ពាក្យ​​​បណ្ដឹង​​​នោះ​​​ថាជា​​​ពាក្យ​​​បណ្ដឹង​​​អ្វី​​​នោះ​​​ទេ​​​ ដោយ​​​លោក​​​បាន​​​លើក​ឡើង​​​ថា វាគ្រាន់តែ​​​ជា​​​រឿង​​​តូច​​​តាច​ប៉ុណ្ណោះ។

លោក ទេព​​​ នីថា បាន​​​បន្ដថា នៅ​​​ពេល​​​អាជ្ញា​​​ធរ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​មិន​​​ឲ្យ​​​​​​អ្នក​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​ឆ្លង​​​កាត់​​​តំបន់​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​ នៅ​​​ពេល​​​នោះ​​​ អ្វី​​​ៗ​​​ក៏​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​រលូនដែរ​​​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

                 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស