កម្មកររោងចក្រកាត់ដេរ កាលពីថ្ងៃសៅរ៍ បានបិទផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ នៅក្នុងថ្ងៃទី២ នៃកូដកម្មហើយថ្ងៃនេះ ពួកគេបាននិយាយថា ពួកគេនឹងបន្ដធ្វើកូដកម្មទៀត ប្រសិនបើអ្នកគ្រប់គ្រងរោងចក្រមិនយល់ព្រមតាមការទាមទាររបស់ខ្លួនទេនោះ។
លោក អាត់ ធន់ ប្រធានសម្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា ក្នុងពេលធ្វើកូដកម្ម កាលពីថ្ងៃសៅរ៍ កម្មកររោងចក្រកាត់ដេរមកពីរោងចក្រ អេសអិល ជាង៣.000នាក់ បាននាំគ្នាបិទផ្លូវមិនឲ្យមានចរាចរណ៍ឆ្លងកាត់បាន នៅក្នុងសង្កាត់បឹងទំពុនចាប់តាំងពីម៉ោង២រសៀល រហូតដល់ម៉ោង៤ល្ងាច។
បន្ថែមលើការទាមទារប្រាក់បន្ថែម១០ដុល្លារក្នុងមួយខែ សម្រាប់ថ្លៃធ្វើដំណើរ ១៥ដុល្លារ សម្រាប់ថ្លៃជួលផ្ទះ និង៥ដុល្លារបន្ថែមលើប្រាក់បៀវត្សរ៍ប្រចាំខែនោះ ក្រុមកម្មករក៏បានតវ៉ាចំពោះការសម្រេចរបស់ក្រុមហ៊ុនដែលបានបញ្ឈប់សមាជិកសហជីពរបស់ខ្លួនកាលពីសប្ដាហ៍មុនផងដែរ។
លោក អាត់ ធន់ បានមានប្រសាសន៍បន្ថែមទៀតថា “គាត់មិនបានធ្វើអ្វីខុសទេ។ យើងធ្វើកូដកម្មពីព្រោះក្រុមហ៊ុនមិនអនុញ្ញាតឲ្យមន្ត្រីរបស់យើងដែលក្រុមហ៊ុនបានបញ្ឈប់នោះ ត្រឡប់មកធ្វើការវិញ”។ លោកក៏បានមានប្រសាសន៍ឲ្យដឹងផងដែរថា មានកម្មករសរុបចំនួន៦.៥០០នាក់គ្រោងជួបជុំគ្នាធ្វើកូដកម្មនៅថ្ងៃនេះ នៅក្នុងកន្លែងដដែល។ ហើយលោកបានមានប្រសាសន៍ថា ពួកគេភាគច្រើនកំពុងខឹងយ៉ាងខ្លាំង បន្ទាប់ពីកូដកម្មជាច្រើនថ្ងៃមកនេះ។
ក្រុមកម្មករដែលធ្វើកូដកម្មនេះ បានបិទផ្លូវលេខ៣៧១កាលពីថ្ងៃសុក្រ មុនពេលត្រូវបំបែក ដោយកម្លាំងនគរបាល។ លោក អាត់ ធន់ ថែមទាំងមានប្រសាសន៍ ព្រមានថា “វាអាចដែរថា ក្រុមកម្មករតវ៉ាទាំងអស់នេះនឹងប្រើអំពើហិង្សា ពីព្រោះកូដកម្មអហិង្សារបស់ពួកគេមិនអាចធ្វើអ្វីឲ្យក្រុមហ៊ុនឆ្លើយតបនឹងការទាមទាររបស់ខ្លួនបាន”។
លោក ជឹម ស៊ីថា អធិការនគរបាលរងខណ្ឌមានជ័យ បានមានប្រសាសន៍ថា កម្លាំងនគរបាលត្រូវបានត្រៀមសម្រាប់ទប់ទល់នឹងកូដកម្មនៅថ្ងៃនេះ។លោក ជឹម ស៊ីថា បានមានប្រសាសន៍ថា“យើងបានត្រៀមកម្លាំងរួចហើយ ដើម្បីទប់ទល់អ្នកធ្វើកូដកម្ម ប្រសិនបើមានអំពើហិង្សាកើតឡើង”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “អ្នកធ្វើកូដកម្មខ្លះស្រវឹង ហើយវាមានការ ពិបាកក្នុងការនិយាយប្រាប់ហេតុផលឲ្យពួកគេនៅស្ងៀម”។លោក អ៊ា ជីបអ៊ាង អ្នកគ្រប់គ្រងបុគ្គលិករោងចក្រកាត់ដេរ អេសអិល បានមានប្រសាសន៍ថា ក្រុមហ៊ុននឹងមិនកែប្រែប្រាក់ឈ្នួលសម្រាប់កម្មករទេ។
លោកបានមានប្រសាសន៍បន្ថែមថា “ខ្ញុំមិនដឹងថា ពួកគេចង់បានអ្វី និងត្រូវការអ្វីឲ្យពិតប្រាកដនោះទេ”។ កាលពីថ្ងៃសុក្រ សាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យកម្មករ ដែលធ្វើកូដកម្មនេះ វិលត្រឡប់ទៅធ្វើការសិន ទម្រាំដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចសេចក្តីអំពីជម្លោះរបស់ពួកគេជា មួយនឹងអ្នកគ្រប់គ្រងរោងចក្រ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា