ការវាយកម្ទេចអគារសម័យអាណានិយមបារាំងជាប្រវត្តិសាស្ត្រមួយនៅត្រង់ចំណុចប្រសព្វរវាងផ្លូវលេខ១០៨ និង មហាវិថីព្រះនរោត្តម បានបន្តកាលពីម្សិលមិញ ទោះបីជាអង្គការ យូណេស្កូ (UNESCO) បានលើកឡើងអំពីការព្រួយបារម្ភថា គួរតែជួសជុលអគារនេះជំនួសវិញក្តី។
លោក អ៊ុន សារុន មេការទទួលម៉ៅការវាយកម្ទេចអគារនេះ បានឲ្យដឹងថា លោកមិនដឹងថា តើត្រូវចំណាយពេលយូរប៉ុណ្ណា ទើបវាយកម្ទេចអគារនេះរួចរាល់នោះទេ ដោយសារតែកម្មករត្រូវតែធ្វើឲ្យប្រាកដថា ធ្វើយ៉ាងណាកុំឲ្យខូចខាតដល់អគារ ដែលនៅជាប់គ្នា។
លោកបានលើកឡើងថា “ ឥឡូវនេះ យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយកម្ទេចអគារមួយខ្នងនេះឲ្យរួចរាល់ ពីព្រោះយើងត្រូវតែប្រយ័ត្នប្រយែងចំពោះផ្ទះនានាដែលនៅជុំវិញអគារនេះ”។
កាលពីសប្តាហ៍មុន មន្ត្រីមួយរូបនៅអង្គការយូណេស្កូ បានសម្តែងការបារម្ភជុំវិញការបន្តវាយកម្ទេចអគារ ដែលបានសាងសង់នៅក្នុងសម័យអាណានិគមនិយមបារាំងនាសតវត្សរ៍ទី១៩មួយខ្នងនេះ ហើយបានលើកឡើងថា ក្រសួងវប្បធម៌ គួរតែជូនដំណឹងឲ្យបានមុន នៅមុនពេលមានសម្រេចចិត្តឲ្យវាយកម្ទេចអាគារនេះ។
ពេលនេះ មិនទាន់មានព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងទៅម្ចាស់អគារនេះដែលសាលារាជធានីភ្នំពេញ ប្រាប់ថា មានឈ្មោះ កាំង ហ្គេក ណៃ នៅឡើយទេ។ អគារដែល ត្រូវបានសាងសង់អំឡុងឆ្នាំ ១៨៩០ ដល់ឆ្នាំ ១៩០០នេះ ត្រូវគេយកធ្វើអគារក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលក្នុងសម័យអាណានិគមនិយមបារាំង៕
ប្រែសម្រួលដោយ ហួង កុកទៀន