មន្ដ្រីបាននិយាយកាលពីម្សិលមិញថា មនុស្ស២៣នាក់បានរងរបួសកាលពីថ្ងៃសុក្រនៅក្នុងឧបទ្ទវហេតុក្រឡាប់រថយន្ដពីរករណីពាក់ព័ន្ធនឹងក្រុមហ៊ុនរថយន្ដក្រុងដឹកអ្នកដំណើរកម្ពុជាអង្គរអុិចប្រេស្ស (Kampuchea Angkor Express) ដោយនេះជាលើកទី៤ហើយ ដែលរថយន្ដក្រុងដឹកអ្នកដំណើរបានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរយៈពេលមួយសប្ដាហ៍មកនេះ។
លោក រស់ ចំរើន នាយការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា អ្នកធ្វើដំណើរ២១នាក់ បានរងរបួស ពេលរថយន្ដក្រុងមួយគ្រឿងក្រឡាប់បន្ទាប់ពីអ្នកបើកបរបានដេកលក់នៅពេលកំពុងបើកបរ។ រថយន្ដក្រុងនេះបានរត់លើចិញ្ចើមផ្លូវជាតិលេខ៥ មុនពេលរេចង្កូតធ្លាក់ចេញពីលើថ្នល់ ហើយបានក្រឡាប់ផ្ងាជើងនៅវេលាម៉ោង៣ និង៣០នាទី រំលងអធ្រាត្រនៅឃុំត្នោតជុំស្រុកក្រគរខេត្តពោធិ៍សាត់។លោកបានមានប្រសាសន៍ថានៅពេលកម្លាំងនគរបាលទៅដល់កន្លែងកើតហេតុ មេឃកំពុងភ្លៀងរលឹម។
លោក ចំរើន បានមានប្រសាសន៍ថាអ្នកដំណើរជនជាតិខ្មែរ១១នាក់ និងបរទេស១០នាក់ បានរបួសក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ដនេះ។លោកបានបន្ថែមថា អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត។
លោកក៏បានមានប្រសាសន៍ផងដែរថារថយន្ដក្រុងនោះទើបតែប្ដូរអ្នកបើកបានប៉ុន្មាននាទីប៉ុណ្ណោះ មុនពេលវាក្រឡាប់ ហើយអ្នកបើកទី២នេះទើបតែក្រោកពីដេក។
លោក ចំរើន បានមានប្រសាសន៍ថា“គាត់នៅងងុយដេកនៅឡើយ គាត់មិនទាន់ស្វាងងងុយអាចបើកបរបាននោះទេ។ នេះគឺជាកំហុសរបស់អ្នកបើកទាំងស្រុង គាត់ធ្វេសប្រហែស និងដេកលក់ពេលកំពុងបើកបរ”។ ប៉ុន្ដែលោក នូ ខៀវវីរៈ អ្នកគ្រប់គ្រងក្រុមហ៊ុនកម្ពុជាអង្គរអិុចប្រេស្សបានមានប្រសាសន៍ថា ឧបទ្ទវហេតុនៃគ្រោះថ្នាក់រថយន្ដនេះបណ្ដាលមកពីភ្លៀង ហើយលោកបានមានប្រសាសន៍ថា អ្នកបើកបរបានព្យាយាមគេចពីរថយន្ដមួយផ្សេងទៀត ស្រាប់តែនៅពេលនោះ រថយន្ដក្រឡាប់តែម្តង។
លោកបានមានប្រសាសន៍ថា “ពួកគេ [អ្នកបើកបររបស់យើង] មិនបានដេកលក់ទេ។យើ់ងមានអ្នកបើកបរពីរនាក់ ដើម្បីផ្លាស់ប្ដូរគ្នា នៅពេលដែលនរណាម្នាក់អស់កម្លាំង”។
យោងតាមលោកខៀវវីរៈបានឲ្យដឹងថាអ្នកដំណើរប្រាំបួននាក់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។លោក សេង ចាន់ថន នាយរងនគរបាលផ្នែកវាស់វែងចរាចរណ៍រាជធានីភ្នំពេញដែលដែលបានចុះវាស់វែងដល់កន្លែងកើតហេតុ បានមានប្រសាសន៍ថា កាលពីថ្ងៃសុក្រនេះដែរ រថយន្ដមួយគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុនកម្ពុជាអង្គរអិុចប្រេស្សនេះ បានបុកម៉ូតូមួយគ្រឿងពេលកំពុងចេញដំណើរពីភ្នំពេញទៅប៉ោយប៉ែត។
លោកបានមានប្រាសាសន៍ថា “រថយន្ដក្រុងនេះទើបតែចេញដំណើរទៅកាន់ក្រុងប៉ោយប៉ែតនិងកំពុងដឹកអ្នកដំណើរ៤៥នាក់”។ ជនរងគ្រោះឈ្មោះចនចំរើនអាយុ២៨ឆ្នាំកំពុងជិះម៉ូតូសណ្តោងរុឺម៉កដឹកស្រូវបានទទួលរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ លោកបានបន្ថែមថា អ្នកដំណើរម្នាក់ដែលជិះនៅលើរុឺម៉កនោះឈ្មោះ យ៉ុង ថា អាយុ២២ឆ្នាំក៏បានរងរបួសស្រាល នៅក្នុងគ្រោះថ្នាក់នេះដែរ។
លោក ចាន់ថន បានមានប្រសាសន៍ថា អ្នកបើកបររថយន្ដក្រុងនេះ ឈ្មោះប៊ុនថាវីអាយុ៣៣ឆ្នាំ បានបើកបរលឿនពេកនៅតាមផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នៅពេលបុកម៉ូតូនោះ។
លោក ចាន់ថន បានមានប្រសាសន៍បន្ដថាលោកថាវី ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយនគរបាល គ្រោងនឹងបញ្ជូនអ្នកបើកបររូបនេះទៅឲ្យតុលាការចោទប្រកាន់នៅថ្ងៃនេះ៕
ប្រែសម្រួលដោយហមសុផាណ្ណា