យោងតាមរបាយការណ៍ប្រចាំឆ្នាំ ដែលធនាគារជាតិនៃកម្ពុជាបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថាបរិមាណឥណទាននៅក្នុងវិស័យធនាគារនៅព្រះរាជាណាចក្រកម្ពុជា បានកើនឡើង៣៣ភាគរយ ពោលគឺកើនជាងបួនពាន់លានដុល្លារ កាលពីឆ្នាំមុនដោយសារតែទំហំឥណទានទៅលើទីផ្សារអចលនទ្រព្យ និងវិស័យកសិកម្មបានកើនឡើងខ្ពស់ជាង កំណើនក្នុងផ្នែកផ្សេងៗទៀត។
ខណៈដែលធនាគារិកបាននិយាយថា ឥណទាននៅលើទីផ្សារធនាគារកើនឡើង ដោយមានការគាំទ្រពីស្ថានភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ប្រទេស ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានក្រើនរំឭកថា ការបំប៉ោងបរិមាណឥណទាន អាចនឹងកើតឡើង ប្រសិនបើធនាគារ មិនពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការវាយតម្លៃអតិថិជនទេនោះ។
យោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា មួយភាគបីនៃចំនួនប្រាក់កម្ចីសរុបក្នុងវិស័យធនាគារ បានទៅលើសហគ្រាសលក់ទំនិញរាយ និងលក់ដុំ កាលពីឆ្នាំ២០១១ខណៈប្រាក់កម្ចីក្នុងវិស័យកសិកម្ម និងលំនៅដ្ឋាន រួមគ្នាបានក្តោបក្តាប់ទីផ្សារ១៥,១ភាគរយ។ ចំនួនទឹកប្រាក់កម្ចីសរុបដែលធនាគារផ្តល់ឲ្យអតិថិជនក្នុងឆ្នាំ២០១១ កើនឡើងដល់៤,៣៦ពាន់លានដុល្លារ ច្រើនជាងឆ្នាំ២០១០ ដែលមានចំនួន៣,២៨ពាន់លានដុល្លារ។
លោកអុិនចាន់នីប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារគេនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា “យើងបានឃើញថា វិស័យទាំងនេះមានកំណើនល្អ។ យើងយល់ដឹងអំពីរំហូរសាច់ប្រាក់ នៅក្នុងវិស័យទាំងនេះ និងទំហំឥណទានដែលអាចផ្តល់ឲ្យទៅអតិថិជនក្នុងវិស័យទាំងនេះ ហើយយើងមានសមត្ថភាពគ្រាន់បើជាងមុន ក្នុងការវាយតម្លៃអ្វីដែលអតិថិជនត្រូវអភិវឌ្ឍ”។ បរិមាណឥណទានសរុបរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី កើនឡើងបាន៣៤,៦ភាគរយ ពោលគឺបានឡើងមក១,០២ភាគរយ នៅក្នុងឆ្នាំ២០១១។
មិនមែនមានតែធនាគារពាណិជ្ជទេដែលទទួលបានកំណើនខ្ពស់នៅក្នុងផ្នែកឥណទាន កាលពីឆ្នាំមុន។ របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញផងដែរថាចំនួនប្រាក់កម្ចីសរុបនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កើនឡើងបាន៥០ភាគរយពោលគឺឡើងដល់៦៤១,៥៣លានដុល្លារ។
ខណៈដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន បានឲ្យដឹងថា ឥណទានមិនដំណើរការរបស់ខ្លួនមានអត្រាទាបខ្លាំង អតិថិជនជាច្រើនដែលជាអ្នកខ្ចីប្រាក់នៅក្នុងវិស័យនេះ ទទួលបានឥណទានពីគ្រឹះស្ថានជាច្រើន ហើយចុងក្រោយ អ្នកខ្ចីប្រាក់ទាំងនោះជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកន្លែង។ ក្នុងករណីបែបនេះ ក្រុមសេដ្ឋវិទូបាននិយាយថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការវាយតម្លៃប្រវត្តិខ្ចីប្រាក់របស់អតិថិជន។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាបានមានប្រសាសន៍ថា “កំណើននៃឥណទាន បើនិយាយទៅមិនទាន់ជារឿងល្អនៅឡើយទេ”។ លោកបន្ថែមថា ខណៈដែលប្រាក់កម្ចី ក្នុងវិស័យកសិកម្មកាលពីឆ្នាំមុន មានចំនួនប្រហែលជា៥០ភាគរយ នៃបរិមាណឥណទានសរុបក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានដែលផ្តល់សេវាប្រាក់កម្ចីនៅតែខ្វះចំណេះដឹង ទាក់ទងទៅនឹងហានិភ័យ ពាក់ព័ន្ធនឹងការធ្វើកសិកម្ម។
លោកបានមានប្រសាសន៍ថា “ជាទូទៅវិស័យកសិកម្ម ត្រូវបានចាត់ទុកជាវិស័យមានហានិភ័យខ្ពស់ ដោយសារតែវិស័យនេះត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ហើយបើទោះបីវាជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗ ដែលជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជាក៏ដោយ ខ្ញុំយល់ថា ជាទូទៅគ្រឹះស្ថានផ្តល់ប្រាក់កម្ចី មិនទាន់មានការយល់ដឹងគ្រប់គ្រាន់អំពីវិស័យនេះទេ ដូចជាពេលវេលាដាំដំណាំ បន្ទុកថ្លៃដើមផលិតកម្ម ហានិភ័យទីផ្សារ និងចំណុចផ្សេងៗទៀត”។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជាអង្គការវាយតម្លៃវិស័យធនាគារនៅកម្ពុជារាល់ឆ្នាំ បានឲ្យដឹងកាលពីឆ្នាំមុនថា កំណើនឥណទានមិនគួរកើនឡើងជាងនេះទៀតទេ ហើយថា អត្រាកំណើនបច្ចុប្បន្ន កំពុងតែឈានទៅរកដំណាក់កាលមុនពេលមានវិបត្តិ។ អង្គការនេះក៏បានឲ្យដឹងតាមរយៈរបាយការណ៍ ដែលខ្លួនបានចេញផ្សាយកាលពីខែកុម្ភៈផងដែរថា ធនាគារកណ្តាលត្រូវពង្រឹងសមត្ថភាពត្រួតពិនិត្យរបស់ខ្លួន ដើម្បីគ្រប់គ្រងលើវិស័យ ដែលរីកចម្រើនលឿននៅក្នុងប្រទេស។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា បរិមាណប្រាក់បញ្ញើនៅក្នុងវិស័យធនាគារ កើនឡើងបាន២០ភាគរយ ពោលគឺបានកើនឡើងដល់៥,៩៩ពាន់លានដុល្លារ។ ឥណទានឥតដំណើរការនៅក្នុងវិស័យនេះ បានធ្លាក់ចុះពី ១,៣៧ភាគរយមកនៅត្រឹមតែ១,០៩ភាគរយប៉ុណ្ណោះ។
ចំនួនគណនីធនាគារនៅក្នុងប្រទេសកម្ពុជា ក៏បានកើនឡើង១៩ភាគរយផងដែរ ពោលគឺបានកើនមកដល់១,២លានគណនី កាលពីឆ្នាំ២០១១។ នេះគឺជាសញ្ញាបង្ហាញអំពីចំនួនប្រជាជននៅក្នុងប្រទេស ដែលនៅតែមិនទាន់ប្រើប្រាស់ប្រព័ន្ធធនាគារបច្ចុប្បន្ន។
ទោះបីជាក្រុមសេដ្ឋវិទូបាននិយាយថា ធនាគារិក គួរតែសម្រេចឲ្យបាននូវកំណើនថ្មី ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ក៏ដោយ ក៏របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វិស័យធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែស្ថិតក្នុងដំណាក់កាលស្មុគស្មាញហើយ។ ជាក់ស្តែង ធនាគារជាច្រើនបានពង្រីកវិសាលភាពនៃសេវាកម្ម និងផលិតផលធនាគារចល័តរបស់ខ្លួន ហើយចំនួនម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ម៉ាស៊ីន ATM) បានកើនឡើង១៧ភាគរយ ពោលគឺម៉ាស៊ីន ATM ទាំងអស់មានចំនួនរហូតដល់ទៅ៥៨៨ម៉ាស៊ីនទូទាំងប្រទេស។ ទីផ្សារឥណទានអន្តរធនាគារ ក៏គួរតែត្រូវបានបង្កើតឡើងយ៉ាងយូរនៅដំណាច់ឆ្នាំនេះផងដែរ។
ទោះបីជាបរិមាណឥណទានដែលធនាគារ បានផ្តល់ឲ្យអតិថិជនរបស់ខ្លួនបានកើនឡើងជាលំដាប់ កាលពីឆ្នាំមុនក៏ដោយ បរិយាកាសប្រកួតប្រជែងនៅក្នុងវិស័យធនាគារនេះ ក៏កំពុងមានសភាពតឹងតែងខ្លាំងឡើងៗផងដែរ ដោយសារតែធនាគារបរទេសជាច្រើន បានបោះទុនរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក។ ធនាគារបរទេសទាំងនោះ មានដូចជា ធនាគារដែលមកពីសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋប្រជាមានិតវៀតណាម។ ធនាគារបរទេសទាំងនេះ បានមកប្រឡូកក្នុងទីផ្សារធនាគារនៅកម្ពុជា កាលពីឆ្នាំមុន។
ធនាគារិកបាននិយាយថា វិស័យធនាគារបានគ្របដណ្តប់លើទីផ្សារ ក្នុងកម្រិតច្រើនជ្រុលហើយ ហើយថា អាជីវកម្មភាគច្រើននៅក្នុងប្រទេសកម្ពុជាមានទំនាក់ទំនងជាមួយធនាគារធំៗចំនួនបួន ក្នុងចំណោមធនាគារធំៗទាំងអស់មានវត្តមាននៅប្រទេសនេះ។
លោកស្រី ងួន សុខា អគ្គនាយកធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារកណ្តាលបានចាត់វិធានការកាត់បន្ថយហានិភ័យនៅក្នុងវិស័យធនាគារ ដោយបានបង្កើតការិយាល័យព័ត៌មានឥណទានលើកដំបូងនៅក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំនេះ។ ការងារលើប្រព័ន្ធទូទាត់ទូទាំងប្រទេស នៅលើទីផ្សារឥណទានអន្តរធនាគារ ក៏ត្រូវបានរំពឹងថា នឹងមាននៅដំណាច់ឆ្នាំនេះផងដែរ។
លោកស្រីបានថ្លែងថា “ក្នុងឆ្នាំ២០១១ យើងបានចេញបទបញ្ញតិ្តថ្មីមួយចំនួនពាក់ព័ន្ធនឹងអភិបាលកិច្ច និងតម្លាភាពនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា”៕
ប្រែសម្រួលដោយ កង សុធា