31 C
Phnom Penh

​កម្មករនៅ​រោង​ចក្រ​ផ្គត់ផ្គង់សម្លៀក​បំពាក់​យីហោធំៗ​ពីរបន្តការតវ៉ា​ ក្នុងរាជ​ធានី​ភ្នំ​ពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករកាត់ដេរប្រហែល​៣.000​នាក់​មកពី​រោង​ចក្រ​ពីរ​ ដែល​ផ្គត់ផ្គង់សម្លៀក​បំពាក់​​​យី​​​ហោអន្ដរជាតិឡេវីស្ត្រស (Levi Strauss) អេចអេនអឹម (H&M) និងហ្គេប (Gap) បាន​បន្កការ​តវ៉ា​ទាម​ទារដំឡើងប្រាក់​ឈ្នួស​ឲ្យ​បាន​ខ្ពស់​ជាង​មុន​កាល​ពី​ម្សិល​មិញ​ នៅ​ក្នុង​​​ខណ្ឌ​មាន​ជ័យក្នុង​រាជធានីភ្នំពេញ​ មុន​ពេល​ពួក​គេ​ធ្វើ​ដំណើរ​មក​កាន់​ក្រសួង​សង្គមកិច្ច។

នៅ​ពេលពួក​គេ​បាន​មក​ដល់មុខ​ក្រសួង​​​សង្គមកិច្ច​ កម្មករធ្វើ​ការ​ឲ្យ​រោង​ចក្រ​​​ អេស​​​អិល​​​ ហ្គាមិន ប្រូសេស៊ីង (SL Garment Processing (Cambodia) .Ltd) ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​សិង្ហបុរីបាន​បិទ​មហាវិថីព្រះមុនីវង្ស ​​ដ៏​មមាញឹក​អស់ រយៈពេលប្រហែលមួយ​ម៉ោង ក្នុង​អំឡុង​ពេល​នោះ ​មន្ដ្រី​នគរ​បាល​​ខណ្ឌ​​​​ជាង​១០​នាក់ ​បាន​ព្យាយាម​រុញ​ច្រាន​ពួក​គេ​ត្រឡប់​ទៅ​ក្រោយ​វិញ​ ដើម្បី​បញ្ចៀស ការ​កកស្ទះ​ចរាចរ​ណ៍។

លោក អាត់​ ធន់​ ប្រធាន​​​សម្ពន្ធ​​​សហព័ន្ធ​​​សហជីព​​​ប្រជាធិបតេយ្យ កម្មករកាត់ដេរ​កម្ពុជា​​​​​​ បានមានប្រសាសន៍ថាតំណាង​កម្មករ​ជាង​​២០​រូបត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​ក្រសួង​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នោះ​ ដែល​នៅ​ពេល​នោះ ​មន្ដ្រី​ក្រសួងបាន​ប្រាប់ពួក​​​​គេ​ថានឹង​ជួយ​រកដំណោះ​ស្រាយឲ្យពួកគេ​។

លោក អាត់ ធន់ បាន​បន្ដទៀត​ថា“ ពួក​គេ​បាន​ទទួលសំណើ​របស់​យើង​រួច​ហើយ​ និង​ពួកគេ​បាន​សន្យា​នឹង​​យើង​ថានឹង​ចរចាជាមួយក្រុម​ហ៊ុន​នៅ​ព្រឹក​ថ្ងៃ​ស្អែក។យើង​សង្ឃឹម​ថាស្ថាប័នរដ្ឋាភិបាល ​នឹងមាន​ដំណេាះ​ស្រាយ​ដល់ពួក​យើង​”។

លោក ឃួន ណារិន អនុរដ្ឋលេខាធិការ​​​​ក្រសួង​សង្គមកិច្ច​ បាន​បញ្ជាក់​ថាមន្ដ្រីក្រសួង ​នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​ក្នុង​ថ្ងៃ​នេះ​ រវាង​ក្រុម​កម្មករ​ និង​ម្ចាស់​រោង​ចក្រ​ ដើម្បី​ព្យាយាម​រក​ដំ​ណោះ​ស្រាយតាម​ការ​ទាម​ទារ​របស់​កម្មករ​ ដែល​រួម​បញ្ចូល​ទាំង​ប្រាក់​បន្ថែម​១០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ការ​ធ្វើ​ដំណើរ​ និង​១៥​ដុល្លារ​សម្រាប់​ថ្លៃ​ឈ្នួល​ផ្ទះ​ និង​ប្រាក់​បន្ថែម​ប្រាំ​ដុល្លារ​ថែម​ទៀត​ ទៅ​លើ​ប្រាក់​ខែ​ប្រចាំ​ខែ​។ ក្រុម​កម្មករ​តវ៉ា​តាំង​​ពី​ថ្ងៃ​ទី​១២​ ខែ​ឧសភាមក​ម្លេ៉ះ​ ហើយក្រុម​ហ៊ុន​បាន​អះ​អាង​ថាការ​តវ៉ា​នោះ​ជា​ការ​ខុស​ច្បាប់​ ពីព្រោះ​មានការ​ការ​ចរចារវាង​កម្មករ​ និង​អ្នក​តំណាង​របស់​រោង​ចក្រ​រួ​​ចហើយ​។

ស្ត្រីអ្នក​នាំ​ពាក្យ​មកពីក្រុមហ៊ុនអេចអេន​អឹមរបស់ស៊ុយអែតបាន​មានប្រសាសន៍ថាដំណោះ​ស្រាយ​មួយ ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន​លុះត្រា​តែគ្រប់ស្លាក​យីហោ​ទាំង​អស់​ពី​រោង​ចក្រ​ ត្រូវ​តែ​មាន​ចំណុច​រួម​មួយ​។

លោក អាណា អេរិកសុន (Anna Eriksson) បាន​លើក​ឡើង​តាម​អុីម៉េល​ថា “យើង​យក​ចិត្ត​ទុក​ដាក់យ៉ាងខ្លាំង​ចំពោះស្ថាន​ភាព​នៅ​ក្នុងប្រទេសកម្ពុជា​ ហើយ​នឹង​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ប៉ុន្ដែ​ ភាគីនីមួយៗ ត្រូវ​គិតថា ​ក្រុម​ហ៊ុនអេចអេនអឹមមិនមែនជាអ្នក​បញ្ជា​ទិញតែម្នាក់ របស់រោង​ចក្រ​ណា​​មួយ​នោះទេ ហើយ​កម្មករ​ទាំង​អស់​អាច​ផលិត​ទំនិញ​សម្រាប់​អ្នក​បញ្ជាទិញ​ផ្សេង​ទៀត​ក្នុង​អំឡុង​ពេល​តែមួយ​ខែ​បាន​។ ដូច្នេះហើយ​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​អស់​ គឺ​ជាការ​ចាំ​បាច់​ ដើម្បីរួមចំណែកដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​មាន​ប្រាក់​កម្រៃ​ឲ្យបាន​សមរម្យ​នៅក្នុង​វិស័យ​ឧស្សាហកម្មទាំង​មូល​ ហើយ​យើង​មិនផ្តល់ការ​អត្ថាធិប្បា​យ​ទៅ​លើ​ឧប្បត្តិ​​​ហេតុ​ជាចម្បង​នោះទេ​”។​

លោក​ អៀ​ ជីប​អៀង ​អ្នកគ្រប់គ្រង​បុគ្គលិក​របស់រោងចក្រ​អេសអិល ហ្គាមិន ប្រូសេស៊ីង ​បាន​មានប្រសាសន៍ថា​ ក្រុមហ៊ុន​នឹង​មិន​ជួប​ជាមួយ​លោក អាត់ ​ធន់ ទេ ដោយ​ហេតុថា​សហជីព​របស់លោក​បាន​បង្ក​ឲ្យក្រុម​ហ៊ុន​ខាត​បង់​ប្រាក់ជាច្រើន ​ក្នុង​អំឡុង​ពេល​ ពួកគេ​ធ្វើ​កូដកម្ម​មួយសបា្តហ៍​កន្លង​មក​នេះ​។

លោក​ ជីប​អេៀង  ​បា​ន​បន្តថា ​“ ខ្ញុំ​នឹង​ពន្យល់​ប្រាប់​រដ្ឋមន្ត្រីក្រសួង​សង្គម​កិច្ចឲ្យ​យល់​ពី​ការ​ខាត​បង់របស់ក្រុមហ៊ុន​ ដោយសារ​ការតវ៉ា​របស់​លោក​ ក្នុងពេល​មួយ​សបា្តហ៍នេះ។ហេតុ​អ្វី​ខ្ញុំត្រូវ​យល់​ព្រម​ជួប​ជាមួយ​លោក​ អាត់ ​ធន់​ ព្រោះគាត់បាន​ធ្វើ​កូដកម្ម​​ដោយ​ខុស​​ច្បាស់​នោះ​”៕

ប្រែសម្រួលដោយ ​ឃិនណៃ

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស