ដោយភ្លេចការសន្យាកាលពីលើកមុនថា មិនថ្លែងសុន្ទរកថាជាសាធាណៈ នៅមុនការបោះឆ្នោតឃំុ-សង្កាត់នាខែក្រោយនោះលោក ហ៊ុន សែន បានថ្លែងសុន្ទរកថាបើកសន្និសីទមួយ ដែលមានរយៈពេលពីរថ្ងៃស្តីពីសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភនៅក្នុងរាជធានីភ្នំពេញកាល ពីម្សិលមិញ។
នៅឯសន្និសីទរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ ដោយមានការឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិមួយចំនួននេះ លោក ហ៊ុន សែនបានមានប្រសាសន៍ថា កង្វះអាហារូបត្ថម្ភសម្រាប់ម្ដាយ និងកុមារអាចរារាំងដល់ការវិវឌ្ឍផ្នែកបញ្ញាស្មារតី ដែលជាលទ្ធផលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
លោកហ៊ុនសែន លើកឡើងថា“យើងយល់ច្បាស់ថា អាហារូបត្ថម្ភរបស់ក្មេង និងម្ដាយ គឺមានសារៈសំខាន់ចំពោះការអភិវឌ្ឍមូលធនមនុស្ស បង្កើនលទ្ធភាពការងារហើយធានាការរីកចម្រើនរបស់កុមារ”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថាខណៈដែលប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានស្រូវលើសពីតម្រូវការហើយនោះ ប្រជាពលរដ្ឋជាច្រើននៅតែទទួលរងកង្វះអាហារូបត្ថម្ភដដែល ដោយសារតែទឹកផឹកមិនស្អាត កង្វះអនាម័យ កង្វះវីតាមីននិងកត្ដាផ្សេងៗទៀត។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីការឡើងថ្លៃប្រេងឥន្ធនៈផងដែរ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងអាហារពិភពលោក។
លោកបានមានប្រសាសន៍ថា “ព័ត៌មានដែលថា អាចមានសង្គ្រាមនៅឈូងសមុទ្រពែក អាចធ្វើឲ្យប្រេងឡើងថ្លៃ ខណៈពេលអ្នកផលិតស្បៀង តម្លៃស្បៀងមិនឡើងថ្លៃ”។ លោកបានបន្ថែមទៀតថា ប្រសិនបើតម្លៃប្រេងឥន្ធនៈបន្ដឡើងថ្លៃ បណ្ដាប្រទេសផលិតស្បៀងនឹងបង្ខំចិត្តដំឡើងថ្លៃស្បៀងអាហារដែរ ដែលជាលទ្ធផលអាចធ្វើឲ្យមានគ្រោះទុរ្ភិក្ស និងមនុស្សស្លាប់។
ដោយធ្វើការអំពាវនាវដោយផ្ទាល់ដល់បណ្ដាប្រទេសឧស្សាហកម្មរីកចម្រើនទាំង ប្រាំបី (G8) ដែលបានបញ្ចប់កិច្ចប្រជុំមួយនៅសហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដែលនៅទីនោះមានការពិភាក្សា
អំពីសន្ដិសុខស្បៀងនោះ លោកបានមានប្រសាសន៍ថា“ក្នុងនាមជានាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា ខ្ញុំសូមអំពាវនាវដល់ពិភពលោក ដើម្បីធ្វើសុខដុមនីយកម្មរវាងតម្លៃស្បៀង និងតម្លៃប្រេងសាំង ពីព្រោះបើមិនធ្វើអ៊ីចឹង នឹងអាចធ្វើឲ្យមិនតុល្យភាព”។
លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពេលថ្លែងសុន្ទរកថាកាលពីថ្ងៃទី១៦ខែឧសភាថា លោកនឹងមិនថ្លែងទៅកាន់សាធារណជនទេគឺរហូតដល់ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ខែមិថុនា។ លោក ហ៊ុន សែន បានទទួលស្គាល់ការពិតនេះនៅឯសន្និសីទកាលពីម្សិលមិញនេះ ប៉ុន្ដែលោកបានអះអាងថា សន្និសីទនោះគ្មានអ្វីពាក់ព័ន្ធនឹងការបោះឆ្នោតនេះទេ។ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំមិនបានចុះតាមមូលដ្ឋាន ដើម្បីសម្ពោធ ឬបើកការដ្ឋានស្ថាបនាអ្វីទេអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត ប៉ុន្ដែសិក្ខាសាលានេះត្រូវបានត្រៀមរៀបចំជាយូរមកហើយ ហើយវាមិនពាក់ព័ន្ធនឹងយុទ្ធនាការបោះឆ្នោតនោះទេ”៕
(រាយការណ៍បន្ថែមដោយ Kate Bartlett)
ប្រែសម្រួលដោយតែមសុខុម