នៅពេលមនុស្ស៤៩នាក់ ជាប់សង្ស័យថា បានជាប់ពាក់ព័ន្ធនឹងក្រុមចាប់ជំរិតមនុស្សទារប្រាក់នៅរង់ចាំការការបញ្ជូនត្រឡប់ទៅប្រទេសចិនវិញកាលពីម្សិលមិញនោះ ក្រុមអ្នកជំនាញច្បាប់បានលើកឡើងពីកង្វល់ថាអាជ្ញាធរប្រហែលជាមិនធ្វើឲ្យត្រឹមត្រូវតាមនីតិវិធីទេនៅក្នុងករណីនេះ។
ជនជាតិចិនតៃវ៉ាន់៤៤នាក់និងជនជាតិចិនប្រាំនាក់ ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញកាលពីខែមុន និងកាលពីថ្ងៃសុក្រ។ ពួកគេត្រូវបានចោទប្រកាន់ពីបទចាប់ជំរិតជនជាតិចិន ដែលរស់នៅបរទេស និងបានប្រើប្រាស់ប្រព័ន្ធអុីនធើណិត ដើម្បីជំរិតទារប្រាក់ពីគ្រួសាររបស់ជនរងគ្រោះ។
លោកវរសេនីយ៍ទោឈួរគឹមនីប្រធាននគរបាលអន្ដោប្រវេសន៍នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានមានប្រសាសន៍ថា ជនសង្ស័យទាំងនោះត្រូវបានឃុំខ្លួនក្នុងអគារមួយនៅអាកាសយានដ្ឋាននេះ។
ទោះជាយ៉ាងណាលោកបានបន្ថែមទៀតថា លោកមិនទាន់បានទទួលបទបញ្ជាពីថ្នាក់លើរបស់លោកថា ត្រូវដោះស្រាយយ៉ាងណាចំពោះជនសង្ស័យទាំងនេះទេ។ វរសេនីយ៍ទោរូបនេះបានមានប្រសាសន៍ថា នាយកដ្ឋាននគរបាលអន្ដោប្រវេសន៍មិនទាន់បានទាក់ទងមកយើងនៅឡើយទេ។ជាធម្មតា ពួកគេទាក់ទងមកយើងមុន ដើម្បីរៀបចំឯកសារសម្រាប់ជនសង្ស័យបែបនេះ”។
លោក ជាម៉េតអនុប្រធានសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា ជនសង្ស័យទាំងនោះនឹងមិនត្រូវចោទប្រកាន់ ឬក៏ករណីរបស់ពួកគេត្រូវបញ្ជូនឡើងតុលាការនោះទេ ហើយថា ពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។
លោកសុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ថ្លែងកាលពីម្សិលមិញថា ការធ្វើបត្យាប័នគួរតែធ្វើតាម “នីតិវិធីត្រឹមត្រូវតាមប្រព័ន្ធតុលាការ” ដែលនីតិវិធីបែបនេះទំនងជាមិនអាចមានឡើយនៅកម្ពុជា។ លោកបន្ដទៀតថា “ជនជាប់ចោទមានសិទ្ធិស្នើសុំឲ្យតុលាការធ្វើសេចក្ដីសម្រេចជាមុនសិនក្នុងករណីធ្វើបត្យាប័ន ប៉ុន្ដែកន្លងមក [រដ្ឋាភិបាលកម្ពុជា] បានចាត់ការរឿងបែបនេះដោយផ្ទាល់តែម្តង”។ នគរបាលមិនបាននិយាយថា តើមានបទឧក្រិដ្ឋណាមួយក្នុងចំណោមបទឧក្រិដ្ឋទាំងនេះ បានកើតឡើងនៅក្នុងប្រទេសកម្ពុជាឬអត់នោះទេ។
លោក មឿនតុលា ប្រធាន កម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ថ្លែងថា “ បើសិនពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងប្រទេសកម្ពុជា មែននោះ ពួកគេគួរត្រូវបានកាត់ទោសនៅទីនេះ”។ ទោះជាយ៉ាងណា លោកបានបន្ថែមថាបើទោះជាពួកគេប្រព្រឹត្តបទឧក្រិដ្ឋនៅទីណាក៏ដោយ ក៏គួរតែមានការធ្វើបត្យាប័នត្រឹមត្រូវតាមប្រព័ន្ធតុលាការដែរ”។ លោកមឿន តុលាបានថ្លែងថា “ ខ្ញុំមានកង្វល់អំពីឥទ្ធិពលនយោបាយមកលើករណីនេះ…ប្រហែលជាមានឥទ្ធិពលនយោបាយពីរដ្ឋាភិបាលកម្ពុជាហើយ”។ លោកបានបន្ថែមថា រដ្ឋាភិបាលបានធ្វើតាមសម្ពាធរបស់ចិនក្នុងករណីបញ្ជូនជនសង្ស័យត្រឡប់ទៅវិញ កាលពីលើកមុនៗ។
កាលពីឆ្នាំ២០០៩ ប្រទេសកម្ពុជាបានបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិវីហ្គួ២០នាក់ត្រឡប់ទៅប្រទេសចិនវិញដោយចម្រូងចម្រាស៕
ប្រែសម្រួលដោយ ឃិនណៃ