មន្ដ្រីតុលាការបានមានប្រសាសន៍ថាកាលពីម្សិលមិញសាលាដំបូងខេត្តក្រចេះបានបញ្ចប់ការសាកសួរអ្នកភូមិប្រាំបីនាក់ ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងអ្វីដែលក្រុមមន្ដ្រីអះអាង ថាជាចលនាអបគមន៍។
លោកចៅក្រមស៊ើបសួរ ចុកងួនបានមានប្រសាសន៍ថាអ្នកភូមិទាំងប្រាំបីនាក់ត្រូវបានសាកសួរកាលពីថ្ងៃអង្គារ និងថ្ងៃពុធហើយម្នាក់ៗប្រឈមនឹងបទចោទប្រកាន់ប្រាំបីករណី ពីបទបះបោរប្រឆាំងនឹងអាជ្ញាធរ ធ្វើកុបកម្ម និងការញុះញង់។ លោកចៅក្រមចុកងួន បានបន្ថែមថា“ ខ្លះប្រព្រឹត្តបទល្មើស ហើយអ្នកខ្លះទៀតបានចូលរួមកុបកម្ម”។ លោកបានបន្ថែមថាលោកមិនអាចបញ្ជាក់ពីបទល្មើសជាប់សង្ស័យទាំងនេះបានទេពីព្រោះមានបញ្ហាស្មុគស្មាញច្រើនពេក។
អ្នកភូមិដែលបានចាប់ខ្លួនកាលពីសប្ដាហ៍មុន នៅក្នុងប្រតិបត្តិការបង្ក្រាបដ៏ធំមួយរបស់កងកម្លាំងចម្រុះនៅភូមិប្រមាក្នុងស្រុកឆ្លូង។កងកម្លាំងប្រដាប់អាវុធ២០០នាក់មាននគរបាល កងរាជអាវុធហត្ថ និងទាហាន បានសម្រុកចូលទៅភូមិនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបញ្ជូនកងកម្លាំងទាំងនោះទៅបង្ក្រាបនូវអ្វីដែលគេចោទប្រកាន់ថាជាចលនាបំបែកខ្លួន។ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់នៅក្នុងអំឡុងពេលប្រតិបត្តិការេនះ ទោះបីជាអ្នកភូមិមិនមានអាវុធនៅក្នុងដៃក៏ដោយ ហើយក្រុមអង្គការសិទ្ធិមនុស្សបាននិយាយថាការអះអាង
ពីចលនាអបគមន៍នេះគឺជាលេស ដើម្បីបណ្ដេញប្រជាពលរដ្ឋ៦០០គ្រួសារ ដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូកាស៊ូទីម (Casotim)។ បន្ថែមពីលើអ្នកភូមិ ដែលត្រូវបានចោទប្រកាន់ទាំងប្រាំបីនាក់នេះ នគរបាលកំពុងស្វែងរកអ្នកភូមិប្រាំនាក់ទៀតដែលជាប់ចោទថា ជាអ្នកដឹកនាំចលនាអបគមន៍នេះ។
លោក ហុកផល្លាជាមេធាវីការពារអ្នកភូមិទាំងប្រាំបីនាក់ តាងនាមឲ្យអង្គការសិទ្ធិមនុស្សអាដហុកបានថ្លែងកាលពីម្សិលមិញថាការចោទប្រកាន់ចំពោះអ្នកភូមិទាំងនេះហាក់ដូចជាមិនត្រឹមត្រូវទេហើយបដិសេធចំពោះការចោទប្រកាន់ ដែលថា អ្នកភូមិទាំងនេះជាប់ពាក់ព័ន្ធនឹងចលនាអបគមន៍។ លោកបានមានប្រសាសន៍ថា“បើសិនជាពួកគេពិតជាបានបង្កើតតំបន់អបគមន៍មែននោះពួកគេត្រូវតែមានកម្លាំងច្រើន មានលុយនិងមានសព្វាវុធ។ប៉ុន្ដែពួកគេគ្រាន់តែមានបំណងធ្វើស្រែតែប៉ុណ្ណោះ”។
ទោះបីអ្នកភូមិមិនមានអាវុធក្នុងដៃក៏ដោយ ក៏ពួកគេមានឧបករណ៍ដូចជា ពូថៅកាំបិតផ្គាក់ និងស្នា នៅអំឡុងពេលកងកម្លាំងសន្ដិសុខធ្វើប្រតិបត្តិការនេះដែរ។ក្រុមមន្ត្រីបាននិយាយថាការផ្ទុះអាវុធបានកើតឡើងនៅពេលអ្នកភូមិវាយប្រហារលើពួកគេ។
លោក ផល្លា បានថ្លែងថាអ្វីដែលគេហៅថាអាវុធនោះតាមពិតគឺជាឧបករណ៍ចាំបាច់សម្រាប់កសិករ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល។លោកបញ្ជាក់ថា“ពួកគេមិនមានកម្លាំងដែលអាចផ្ដួលរំលំរដ្ឋាភិបាលបានទេ។
ពួកគេជាកសិករ។ពួកគេត្រូវការសម្ភារៈដើម្បីការពារខ្លួនប្រឆាំងនឹងសត្វសាហាវ ដូច្នេះពួកគេមាន ពូថៅកាំបិតនិងស្នាជារឿងធម្មតា។អ្នកដែលរស់នៅក្នុងព្រៃត្រូវការសម្ភារៈបែបនេះ ដើម្បីការពារខ្លួន”។ខណៈពេលអ្នកភូមិទាំងប្រាំបីនាក់ត្រូវបានចាប់ខ្លួនតាមការអះអាងថាបានធ្វើកុបកម្មនោះ មិនមានការសើុបអង្កេតជាសាធារណៈអំពីការស្លាប់របស់ក្មេងស្រីជំទង់ឈ្មោះ ហេងចន្ថា ឡើយ។នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញកាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សចំនួនបីបានផ្ដោតលើសិទ្ធិស្ត្រីនិងកុមារ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់។
អង្គការសីលការ (Silaka) អង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រីនិងអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាបានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍ថា “ហេង ចន្ថាគឺជាមនុស្សតែម្នាក់គត់ដែលបានស្លាប់នៅក្នុងពេលប៉ះទង្គិចគ្នានោះ។យើងសូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតដោយមិនលម្អៀង ដើម្បីឲ្យដឹងពីមូលហេតុបាញ់សម្លាប់ជនរងគ្រោះរូបនេះ។បើមិនដូច្នេះទេ សាធារណជនមិនសូវមានជំនឿថា រដ្ឋាភិបាលអាចទប់ស្កាត់បទល្មើសបែបនេះបានឡើយ៕
ប្រែសម្រួលដោយឃិនណៃ