35 C
Phnom Penh

ការបណ្តេញប្រជាពលរដ្ឋ​​​​​​ នាំ​​​​ឲ្យមានការ​​​តវ៉ា ​​​និង​​​ការ​​​ចាប់​​​ខ្លួន​​​កាន់​​​តែច្រើន​​​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការលើក​​​លែង​​​ទោស​​​អន្តរជាតិ​​​(Am-nesty International) បានលើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​ប្រចំា​​​ឆ្នាំរបស់ខ្លួន​​ចេញផ្សាយ​​​កាលពី​​​ម្សិល​​​មិញ​​​ថា ចំនួន​​​នៃការ​​​តវ៉ា​​​ពាក់ព័ន្ធ​​​នឹង​​​ជម្លោះ​​​ដី​​​ធ្លី​​​​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ដោយសារ​​​ការ​​​បង្ខំ​​​ឲ្យតាំង​​​ទី​លំ​​​នៅ​​​ថ្មី​​​ដោយ​​​បង្ខំ ការ​​​កម្រិត​​​សេរីភា​​ព​​​ក្នុង​​​ការ​​​ជួប​​​ជំុគ្នា​​​ ដើម្បី​​​បញ្ចេញ​​​យោបល់​​​ និង​​​ការ​​​រារាំង​​​អ្នក​​​តវ៉ា​​​ដោយ​​​​សន្តិវិធី​​​នៅ​​​តែបន្ត​​​ធ្វើឲ្យខូច​​​ដល់​​​កំណត់ត្រា​​​ផ្នែកសិទ្ធិ​​​មនុស្ស​​​របស់​កម្ពុជា​​​។

ដោយ​​​គូស​​​បញ្ជាក់ពី​​​ផល​​​ប៉ះ​​​ពាល់​​​យ៉ាង​​​ធ្ងន់ធ្ងរ​​​មក​លើ​ប្រជា​​​ពល​​​រដ្ឋក្រីក្រ​​​ និងជន​​​​ងាយរងគ្រោះ ដោយសារដី​​​សម្បទាន​​​សេដ្ឋ​កិច្ច​​​​​​​នោះ​​​ របាយ​​​ការណ៍​​​ក៏​​​បាន​​​ចង្អុលបង្ហាញ​​​ថា​​​ ការ​​​ជ្រៀត​ជ្រែក​​​របស់​​​រដ្ឋាភិ​​​បាល​​​ដល់សា​​​លា​​​ក្តី​​​ខ្មែរ​​​ក្រហម ​​​និង​​​ការកើនឡើង​​​នៃ​​​ការ​ចាប់​ខ្លួន​​​អ្នក​​​តវ៉ា​​​ ក្នុង​វិវាទ​ដីធ្លី​ ដែលត្រូវគេរឹប​​​អូសនិងការបណ្តេញប្រជាពលរដ្ឋចេញដោយ​​​បង្ខំ​​​ គឺជា​​​មូលហេតុ​​​នាំឲ្យមានការ​​​ព្រួយបារម្ភ។

របាយការណ៍បានលើក​​​ឡើង​​​ថា “ ការបណ្តេញ​​​ប្រជាពល​​​រដ្ឋ​​​ដោយ​​​បង្ខំ​​​ ពាក់​ព័ន្ធ​នឹង​ជម្លោះ​​​ដី​​​ធ្លី​​​ និងការ​​​រឹបអូស​​​ដីធ្លី​​​នៅ​​​តែបន្ត​​​កើត​មាន​ជា​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ ដែល​​​បាន​​​ធ្វើឲ្យ​​​ប្រជា​ពល​រដ្ឋ​​​​រាប់​​​ពាន់នាក់​​​រង​​ផលប៉ះ​​​ពាល់​​​។ ការ​​​កើន​​​ឡើង​​​​នៃចំនួនដី​​​សម្បទាន​​​សេដ្ឋកិច្ច​ ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​​​របស់​​​រដ្ឋា​ភិបាល ​​​បាន​​​ធ្វើ​​​ឲ្យ​​​ស្ថានភាព​​​ខាងលើកាន់​​​តែ​ធ្ងន់​​​ធ្ងរ​​​ឡើង​​​”។

របាយការណ៍បាន​​​បន្តថា​​​ “ប្រជាពល​​​រដ្ឋ​ជាច្រើន ត្រូវ​​​ចាប់ខ្លួន​​​ដោយ​​​សារ​​​ខំការ​ពារសិទ្ធិកាន់កាប់លំនៅដ្ឋាន ​​​និង​​​តវ៉ា​​​ប្រឆាំងនឹង​​​ការដណ្តើមយក​​​ដីធ្លី ​​​និង​​​ការ​​​បណ្តេញចេញ​​​ដោយ​​​បង្ខំ​​​ ដែល​​​មាន​​​ប្រជា​​​ពល​​​​​​រដ្ឋរាប់សិប​​​នាក់ត្រូវបានផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធធនាគារ​​​ កាលពីឆ្នាំមុនៗ។ ភាគច្រើន​​​នៃអ្នកទាំង​​​នោះ​​​ត្រូវបាន​​​គេចោទ​​​ប្រកាន់​​​ពីបទជាប់​ពាក់ព័ន្ធ​ជាមួយ​​​បទ​​​ល្មើស ដែលគ្មាន​​មូលដ្ឋាន​ច្បាស់​លាស់​​​ ជាបទ​​​ល្មើសដែលគេ​ប្រឌិត​ឡើង​ ឬ​បទ​​​​ល្មើសក្លែងក្លាយដូច​​​ជា​​​បទ​​​ល្មើស​បំផ្លាញ​ទ្រព្យសម្បត្តិ​​​ឯកជន​​​ ការ​​​ញុះ​​​ញង់​​​ ចោរកម្ម​​​ និង​ការ​​​វាយប្រហារ”។

យោងតាមរបាយការណ៍នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ប្រជាពលរដ្ឋចំនួន​​​៤២០.០០០នាក់​​​បាន​​​ទទួលរងផលប៉ះពាល់​​​ដោយ​សារ​ដី​​សម្បទាន​​​​តាំងពីឆ្នាំ​​​២០០៣មក​​​។ក្នុងរបាយកាណ៍របស់​​​ខ្លួន​​​ អង្គការ​​​លើក​លែង​​​​ទោសអន្ដរជាតិ​​​បាន​​​រៀបរាប់លម្អិត​​​អំ​​​ពី​​​ចំនួន​​​នៃការ​​​វាយ​​​ធ្វើបាប និង​​​ការ​​​ចាប់​​​ខ្លួន​​​សកម្មជន​​​ជាច្រើន ​​​ពាក់ព័ន្ធ​​​នឹងវិវាទ​​​ដីធ្លី​​​កាល​ពីឆ្នាំមុន​​​ រួមមាន​​​ករណី​​​វាយលោក សួងសោភ័ណ មេដឹក​​​នាំ​​​ចលនាយុវជន​​​គណបក្ស ​សម រង្សុី និងការ​​​ចាប់ខ្លួន​​​សកម្មជន​សហគមន៍​បឹងកក់​​​ អ្នក​​​ស្រី​​​ ហេង មំុ​​​ និង​​​អ្នកស្រី ទេព ​​​វន្នីកាលពីឆ្នាំ​​​មុន​​​ ការធ្វើទុក្ខ​​​បុកម្នេញសកម្ម​ជន​ព្រះ​​​សង្ឃ លន់ សាវ៉ាត់ និង​​​ការ​​​ផ្តន្ទាទោស​លោក សំ ចាន់គា​​​ មន្ត្រីអង្កេត​​​ផ្នែកសិទ្ធិមនុស្ស​អង្កការអាដហុកពីបទបរិហារកេរ្តិ៍។

នៅពេលសួរថា​​​ តើ​​​ស្ថានភាពសិទ្ធិ​​​មនុស្ស​​​ក្នុង​​​ប្រទេសកម្ពុជា ​​​បើប្រៀបទៅ​​​នឹង​​​ឆ្នាំ​​​មុនៗ​​​យ៉ាង​​​ដូចម្តេច​​​នោះ លោក​​​ រូភើត ​អែបបើត​(Rupert Abbott) អ្នក​​​ស្រាវ​​​ជ្រាវ​​​របស់​​​អង្គការ​​​លើក​​​លែង​​​ទោស​​​អន្តរជាតិ​​នៅ​​​កម្ពុជា​បាន​ផ្តល់​នូវការសន្និដ្ឋានមួយ។ លោក បាន​​​មានប្រសាសន៍ថា​​​ “ មាន​មូល​ហេតុ​​​ជាច្រើន​​​ត្រូវ​​​ព្រួយបារម្ភ និងត្រូវ​​​មាន​សង្ឃឹម​​​ដែរ។ ឧទាហរណ៍ចំពោះបញ្ហា​ជម្លោះ​ដីធ្លី​​​ និង​​​ការបណ្តេញប្រជាពលរដ្ឋចេញពី​​​លំនៅដ្ឋានដោយ​​​បង្ខំ​​​ នៅតែជាបញ្ហាដ៏ធ្ងន់​​​ធ្ងរដែលនាំ​​​ឲ្យមាន​​​ការរំលោភ​​​សិទិ្ធ​​​មនុស្ស​​​​​​”។

“ទោះជាយ៉ាងណាបណ្តាសហគមន៍​នៅ​តែ​ខំ​តស៊ូ​ ដែលនៅក្នុង​បរិបទ​នេះនិងបរិ​បទ​ផ្សេង​ទៀតយើង​អាច​មើល​ឃើញ​ថាសង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​តែ​ពង្រីក​ឥទ្ធិ​ពលខ្លាំង​ឡើងៗ​ ហើយ​នេះ​គឺ​ជា​ការ​វិវឌ្ឍ​មួយ​ដ៏​ប្រសើរ​សម្រាប់​បុព្វ​ហេតុ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា”។ លោករូភើតអែប​បើតបាន​មាន​ប្រសាសន៍​​

ដែរ​ថា ការ​សម្រេច​ថ្មី​ៗ​នេះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន ចំពោះ​​ការ​ផ្អាក​​​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ដាក់បម្រាមមិន​ឲ្យ​បញ្ជូន​ស្រ្តីជំនួយការ​មេផ្ទះ​ទៅកាន់ប្រទេស​ម៉ាឡេស៊ី​និងការ​ពន្យា​រ​ការអនុម័តច្បាប់​ដ៏ចម្រូង​ចម្រាស​ស្តីពី​ការ​គ្រប់​គ្រងអង្គ​ការ​ក្រៅ​រដ្ឋាភិ​បាលគឺ​ជា​ការ​បោះ​ជំហាន​ទៅមុខ​មួយ​ដ៏​ល្អ​ប្រសើរ។ លោក​​បន្ត​ថា ទោះ​ជា​យ៉ាង​ណា “យើង​​ចង់​ឃើញ​ការ​អនុវត្ត​បទ​បញ្ជា​ និងសេច​ក្តី​ប្រកាសទាំងនោះឲ្យបានច្បាស់លាស់។​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​បាន​យក​ចិត្ត​​ទុក​ដាក់​ចំពោះ​របាយ​ការណ៍របស់អង្គការ សិទ្ធិមនុស្សដូច​ជា​របាយ​ការណ៍របស់អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ​ជា​ដើម​ ប៉ុន្តែ​លោកបាន​គូស​បញ្ជាក់​ថា​ ប្រជា​ពល​​រដ្ឋ​មិន​បាន​មើល​ឃើញ​នូវ​អ្វី​ ដែល​រដ្ឋា​ភិ​បាល​បាន​ធ្វើ​ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​​របស់​ប្រទេ​សជាតិ​ ដែលពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិ​មនុស្ស​នោះ​ទេ​។

លោក ផៃ ស៊ីផាន បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ គេ​គោរព​ណាស់ ចំពោះ​កេរ្តិ៍ឈ្នោះ​របស់អង្គការលើក​លែង​ទោស​អន្តរ​ជាតិ​ ប៉ុន្តែ​វា​គឺមិន​មែនមាន​ន័យ​ថា ​របាយការណ៍របស់ខ្លួនត្រឹមត្រូវ​១០០​ភាគ​រយ​នោះទេ​។ អ្នកទាំង​នេះ​ មិន​ធ្លាប់​មាន​បទ​ពិសោធនៅ​ក្នុងការដឹក​នាំ​ប្រទេស​នោះ​ទេពួកគេ​ចេះបានត្រឹម​តែ​សរសេរនិង​បញ្ចេញ​ទស្សនតាមកាសែតប៉ុណ្ណោះ​” លោកផៃស៊ីផាន លើកឡើងថា “ យើង​ដឹង​ថា​ មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ប៉ុន្តែ​សាធារ​ណជន​មិន​បាន​ដឹង​ថារដ្ឋាភិបាល​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ច្រើន​ប៉ុណ្ណា​នោះទេ”។

ដូចគ្នានេះដែរ របាយ​ការណ៍​របស់អង្គ​ការ​លើក​លែង​ទោសអន្តរជាតិ នៅក្នុង​ឆ្នាំ​២០១២ មិន​បានបង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​នោះ​ទេ​ ហើយ​អំពើហិង្សាពាក់ព័ន្ធនឹង​ជម្លោះ​ដីធ្លីនិងការតវ៉ាក៏​បាន​កើន​ឡើង​ផង​ដែរ​នៅ​​​ក្នុង​ឆ្នាំ​នេះ​។​​

កាលពីសប្តាហ៍មុន​ កង​កម្លាំង​សន្តិ​សុខ​ របស់រដ្ឋាភិបាលបាន​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ១៤ឆ្នាំ​ម្នាក់​ ដែល​រស់​នៅ​ក្នុង​ភូមិ​មួយ​ ក្នុង​ខេត្ត​ក្រចេះ​ ក្នុងករណីជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​​ដ៏រាំុរ៉ៃជាមួយ​នឹង​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​មួយ។ ស្ត្រី​អ្នក​តវ៉ា​បី​នាក់​នៅ​ខេត្ត​ស្វាយ​រៀង​ ក៏ត្រូវ​បានបាញ់​ឲ្យ​រង​របួស​​ផង​ដែរ​ក្នុង​ឆ្នាំ​នេះ​ ដែល​គេ​សង្ស័យ​ថា ជាទង្វើ​របស់​លោកឈូក បណ្ឌិត​ អភិបាល​ក្រុង​បាវិតបន្ទាប់​ពីមានបាតុ​កម្ម​ហិង្សា​មួយ​បាន​កើត​ឡើង នៅតំបន់​សេដ្ឋ​កិច្ចពិសេសនោះ។

លោកអែប​បើតបានមាន​ប្រសាសន៍​ថា“ នៅ​ពេលយើងឃើញ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​និង​អ្នកតវ៉ា កំពុងរងរបួស និងត្រូវ​បាន​គេ​សម្លាប់ យើងអាច​​សន្និ​ដ្ឋាន​​​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​កំពុង​តែ​យ៉ាប់​​យុឺន។ ប្រសិន​បើ​អំពើ​ហិង្សា​​នៅតែបន្ត វា​នឹង​បង្កឲ្យ​មាន​ការ​រង​របួស​ដ៏​អាក្រក់​ជាង​នេះ​​ទៀត ហើយ​រដ្ឋាភិ​បាល​ទំនង​​ជាប្រកាន់​ជំហរ​របស់ខ្លួន ហើយ​ធ្វើ​ឲ្យ​អ្នក​ផ្សេងទទួលរងការ​ឈឺចាប់៕

ប្រែស​ម្រួល​ដោយ ហម សុផាណ្ណា 

និង​ ស៊ាស៊ុយឈាង

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស