ប្រជាពលរដ្ឋប្រហែល១០០នាក់បានប្រមូលផ្តុំគ្នាខាងមុខសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីទាមទារឲ្យដោះលែងស្ត្រី១៣នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ អំឡុងការតវ៉ាប្រឆាំងនឹងការបណ្តេញប្រជាពលរដ្ឋ១៨គ្រួសារចេញពីសហគមន៍បឹងកក់ នៅក្នុងរាជធានីភ្នំពេញ។
ទោះបីជានគរបាលបានឃាត់ខ្លួនអ្នកតវ៉ានៅបឹងកក់ប៉ុន្មានលើករួចមកហើយក៏ដោយ ក៏រហូតមកទល់ពេលនេះ ពួកគេតែងតែត្រូវបានដោះលែងវិញក្នុងរយ:ពេលមួយថ្ងៃ។
លោក ភួង ម៉ាឡៃ ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលគេស្តាប់ឮថា បានបញ្ជាឲ្យឃាត់ខ្លួនមនុស្សអំឡុងពេលតវ៉ា កាលពីថ្ងៃអង្គារ បដិសេធមិនធ្វើការបំភ្លឺទេ កាលពីម្សិលមិញ។ លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាចៅហ្វាយនាយរបស់លោក មិនអាចទាក់ទងបានទេ។ប៉ុន្តែស្ត្រីទាំងនេះដែលត្រូវបានទាក់ទងតាមទូរស័ព្ទ បាននិយាយកាលពីល្ងាចម្សិលមិញថា ពួកគាត់កំពុងជាប់ឃុំឃាំងនៅឡើយ។
អ្នកស្រី ទេព វន្នី ជាអ្នកដឹកនាំម្នាក់នៅក្នុងចំណោមអ្នកដឹកនាំការតវ៉ាបាននិយាយថា “ ពេលនេះពួកគេកំពុងឃុំខ្លួនយើងនៅកន្លែងនគរបាលនៅឡើយ ហើយពួកគេនឹងមិនប្រាប់យើងថា តើនឹងនាំខ្លួនយើងទៅតុលាការឬអត់នោះទេ”។
តាមច្បាប់ នគរបាលអាចឃាត់ខ្លួនមនុស្សបានរហូតដល់ទៅ៤៨ម៉ោងដោយគ្មានការចោទប្រកាន់។ អ្នកស្រី ទេព វន្នី បាននិយាយថា នគរបាល
បានប្រាប់ឲ្យស្ត្រីទាំងនេះយល់ព្រមសារភាពថា ខ្លួនពិតជាបានទន្ទ្រានចូលដីគេមែន ប៉ុន្តែមិនទាន់ច្បាស់ថា តើពួកគាត់ទន្ទ្រានចូលដីរបស់នរណាទេ ហើយអ្នកស្រីបានប្រាប់ថា ពួកគាត់បដិសេធមិនសារភាពទាំងអស់គ្នា។
អ្នកស្រីបាននិយាយថា “យើងមិនអាចទទួលយកការចោទប្រកាន់ពីសំណាក់នគរបាលបែបនេះបានឡើយ ពីព្រោះយើងគ្រាន់តែមកមើល និងគាំទ្រប្រជាពលរដ្ឋទាំង១៨គ្រួសារប៉ុណ្ណោះ”។
ប្រជាពលរដ្ឋទាំង១៨គ្រួសារនោះ ស្ថិតក្នុងចំណោមប្រជាពលរដ្ឋជាង៩០គ្រួសារដែលត្រូវបានលុបឈ្មោះចេញពីគម្រោងមួយនាពេលថ្មីៗនេះ ក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋប៉ុន្មានរយគ្រួសារ ដែលពីមុនបានប្រឈមនឹងការបណ្តេញចេញពីបឹងកក់។
អំឡុងពេលតវ៉ាកាលពីព្រឹកថ្ងៃអង្គារ ប្រជាពលរដ្ឋបឹងកក់ ប្រហែល៥០គ្រួសារ បានប្រមូលផ្តុំគ្នានៅកន្លែងផ្ទះរបស់ប្រជាពលរដ្ឋទាំង១៨គ្រួសារនេះ ហើយបាន
ព្យាយាមសាងសង់ផ្ទះទាំងនេះជានិមិត្តរូបឡើងវិញ។ ផ្ទះទាំងអស់នោះបានរងការបំផ្លាញកាលពីឆ្នាំ២០១០ ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ស៊ូកាគូអីុន របស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានកិច្ចសន្យាជួលដីនេះរយ:ពេល៩៩ឆ្នាំ។ សន្តិសុខជាង១០០នាក់បានរារាំង និងចាប់ខ្លួនស្ត្រីទាំង១៣នាក់នេះ បន្ទាប់ពីអ្នកតវ៉ាបានជេរដាក់បណ្តាសារដ្ឋាភិបាល។
អំឡុងពេលជួបជុំគ្នាកាលពីម្សិលមិញ នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ អ្នកតវ៉ាទាំងនេះបាននិយាយថា នគរបាលបានឃាត់ខ្លួនមនុស្សខុសហើយ។ អ្នកស្រី សែន ទូច ដែលផ្ទះរបស់គាត់ ត្រូវបានអ្នកតវ៉ាទាំងនេះព្យាយាមជួយសាងសង់ឡើងវិញនោះ បាននិយាយថា “ ការចោទ
ប្រកាន់នេះមិនត្រឹមត្រូវទេ។នគរបាលគួរតែចាប់ខ្លួនប្រជាជនទាំង១៨គ្រួសារនេះ ដែលបានសម្រេចសាងសង់ផ្ទះទាំងនោះឡើងវិញ”។
លោក ដួង ឈឿត ប្តីរបស់អ្នកស្រី សែន ទូច បានប្តេជ្ញាធ្វើអត្តឃាត ប្រសិនបើគាត់មិនបានដីរបស់គាត់មកវិញទេនោះ។ គាត់បាននិយាយថា “ ប្រសិនបើយើងមិនទទួលបានជោគជ័យទេ ហើយពួកគេនៅតែយកដីរបស់ខ្ញុំនោះ ខ្ញុំប្រាកដជានឹងចាក់សាំងដុតសម្លាប់ខ្លួនឯង១០០ភាគរយនៅខាងមុខសាលារាជធានីភ្នំពេញ ពីព្រោះខ្ញុំមានការឈឺចាប់ខ្លាំងណាស់ចាប់តាំងពីពួកគេបានបំផ្លាញផ្ទះរបស់ខ្ញុំមក”។
អ្នកតវ៉ាទាំងនេះបាននិយាយថា ខ្លួននឹងបន្តធ្វើការតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ រហូតដល់ស្ត្រីទាំងនេះត្រូវបានដោះលែង។ អង្គការសិទ្ធិមនុស្សនានា ក៏បានថ្កោលទោសចំពោះការចាប់ខ្លួននេះដែរ ហើយបានអំពាវនាវសុំឲ្យដោះលែងពួកគេវិញ។
លោក សុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងមុនពេលដាក់ទូរស័ព្ទចុះថា សមត្ថកិច្ចមិនទាន់បញ្ជូនខ្លួនស្ត្រីទាំងនេះមកកាន់តុលាការនៅឡើយទេ។
សាលារាជធានីបានជួលតំបន់បឹងកក់ឲ្យទៅក្រុមហ៊ុនស៊ូកាគូរយ:ពេល៩៩ឆ្នាំ កាលពីឆ្នាំ២០០៧។ បណ្តាអង្គការសិទ្ធិមនុស្សនិយាយថា វាជាការរំលោភច្បាប់ភូមិបាលឆ្នាំ២០០១របស់ប្រទេសកម្ពុជា នៅក្នុងដំណើរការនេះ ដោយសារតែមិនមានការវាយតម្លៃជាមុនអំពីសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលរស់នៅទីនោះ។ចាប់តាំងពីនោះមក ប្រជាពលរដ្ឋជាង៣.០០០គ្រួសារត្រូវបានបណ្តេញចេញ៕
ប្រែសម្រួលដោយ តែម សុខុម