មន្ដ្រីតុលាការបានមានប្រសាសន៍ថា កាលពីម្សិលមិញ សាលាដំបូងខេត្តក្រចេះបានបញ្ចប់ការសាកសួរអ្នកភូមិប្រាំបីនាក់ ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងអ្វីដែលក្រុមមន្ដ្រីអះអាង ថា ជាចលនាអបគមន៍។
លោកចៅក្រមស៊ើបសួរ ចុក ងួន បានមានប្រសាសន៍ថា អ្នកភូមិទាំងប្រាំបីនាក់ត្រូវបានសាកសួរកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ហើយម្នាក់ៗប្រឈមនឹងបទចោទប្រកាន់ប្រាំបីករណី ពីបទបះបោរប្រឆាំងនឹងអាជ្ញាធរ ធ្វើកុបកម្ម និងការញុះញង់។
លោកចៅក្រម ចុក ងួន បានបន្ថែមថា “ ខ្លះប្រព្រឹត្តបទល្មើស ហើយអ្នកខ្លះទៀតបានចូលរួមកុបកម្ម”។ លោកបានបន្ថែមថា លោកមិនអាចបញ្ជាក់ពីបទល្មើសជាប់សង្ស័យទាំងនេះបានទេ ពីព្រោះមានបញ្ហាស្មុគស្មាញច្រើនពេក។
អ្នកភូមិដែលបានចាប់ខ្លួនកាលពីសប្ដាហ៍មុន នៅក្នុងប្រតិបត្តិការបង្ក្រាបដ៏ធំមួយរបស់កងកម្លាំងចម្រុះនៅភូមិប្រមា ក្នុងស្រុកឆ្លូង។ កងកម្លាំងប្រដាប់អាវុធ២០០នាក់មាននគរបាល កងរាជអាវុធហត្ថ និងទាហាន បានសម្រុកចូលទៅភូមិនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលបញ្ជូនកងកម្លាំងទាំងនោះទៅបង្ក្រាបនូវអ្វីដែលគេចោទប្រកាន់ថា ជាចលនាបំបែកខ្លួន។ ក្មេងស្រី អាយុ១៤ឆ្នាំម្នាក់ត្រូវបានបាញ់ស្លាប់នៅក្នុងអំឡុងពេលប្រតិបត្តិការេនះ ទោះបីជាអ្នកភូមិមិនមានអាវុធនៅក្នុងដៃក៏ដោយ ហើយក្រុមអង្គការសិទ្ធិមនុស្សបាននិយាយថា ការអះអាងពីចលនាអបគមន៍នេះគឺជាលេស ដើម្បីបណ្ដេញប្រជាពលរដ្ឋ៦០០គ្រួសារ ដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូកាស៊ូទីម (Casotim)។
បន្ថែមពីលើអ្នកភូមិ ដែលត្រូវបានចោទប្រកាន់ទាំងប្រាំបីនាក់នេះ នគរបាលកំពុងស្វែងរកអ្នកភូមិប្រាំនាក់ទៀតដែលជាប់ចោទថា ជាអ្នកដឹកនាំចលនាអបគមន៍នេះ។ លោក ហុក ផល្លា ជាមេធាវីការពារអ្នកភូមិទាំងប្រាំបីនាក់ តាងនាមឲ្យអង្គការសិទ្ធិមនុស្សអាដហុកបានថ្លែងកាលពីម្សិលមិញ
ថា ការចោទប្រកាន់ចំពោះអ្នកភូមិទាំងនេះហាក់ដូចជាមិនត្រឹមត្រូវទេ ហើយបដិសេធចំពោះការចោទប្រកាន់ ដែលថា អ្នកភូមិទាំងនេះជាប់ពាក់ព័ន្ធនឹងចលនាអបគមន៍។ លោកបានមានប្រសាសន៍ថា “បើសិនជាពួកគេពិតជាបានបង្កើតតំបន់អបគមន៍មែននោះ ពួកគេត្រូវតែមានកម្លាំងច្រើន មានលុយនិងមានសព្វាវុធ។ ប៉ុន្ដែពួកគេគ្រាន់តែមានបំណងធ្វើស្រែតែប៉ុណ្ណោះ”។
ទោះបីអ្នកភូមិមិនមានអាវុធក្នុងដៃក៏ដោយ ក៏ពួកគេមានឧបករណ៍ដូចជា ពូថៅ កាំបិតផ្គាក់ និងស្នា នៅអំឡុងពេលកងកម្លាំងសន្ដិសុខធ្វើប្រតិបត្តិការនេះដែរ។ ក្រុមមន្ត្រីបាននិយាយថា ការផ្ទុះអាវុធបានកើតឡើងនៅពេលអ្នកភូមិវាយប្រហារលើពួកគេ។ លោក ផល្លា បានថ្លែងថា អ្វីដែលគេហៅថាអាវុធនោះ តាមពិតគឺជាឧបករណ៍ចាំបាច់សម្រាប់កសិករ ដែលរស់នៅក្នុងតំបន់ដាច់ស្រយាល។លោកបញ្ជាក់ថា “ពួកគេមិនមានកម្លាំងដែលអាចផ្ដួលរំលំរដ្ឋាភិបាលបានទេ។
ពួកគេជាកសិករ។ ពួកគេត្រូវការសម្ភារៈ ដើម្បីការពារខ្លួនប្រឆាំងនឹងសត្វសាហាវ ដូច្នេះពួកគេមាន ពូថៅ កាំបិត និងស្នាជារឿងធម្មតា។ អ្នកដែលរស់នៅក្នុងព្រៃត្រូវការសម្ភារៈបែបនេះ ដើម្បីការពារខ្លួន”។ ខណៈពេលអ្នកភូមិទាំងប្រាំបីនាក់ត្រូវបានចាប់ខ្លួនតាមការអះអាងថា បានធ្វើកុបកម្មនោះ មិនមានការសើុបអង្កេតជាសាធារណៈអំពីការស្លាប់របស់ក្មេងស្រីជំទង់ឈ្មោះ ហេង ចន្ថា ឡើយ។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញកាលពីម្សិលមិញ អង្គការសិទ្ធិមនុស្សចំនួនបីបានផ្ដោតលើសិទ្ធិស្ត្រី និងកុមារ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់។
អង្គការសីលការ (Silaka) អង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រី និងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជាបានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍ថា “ហេង ចន្ថា គឺជាមនុស្សតែម្នាក់គត់ដែលបានស្លាប់នៅក្នុងពេលប៉ះទង្គិចគ្នានោះ។ យើងសូមអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតដោយមិនលម្អៀង ដើម្បីឲ្យដឹងពីមូលហេតុបាញ់សម្លាប់ជនរងគ្រោះរូបនេះ។ បើមិនដូច្នេះទេ សាធារណជនមិនសូវមានជំនឿថា រដ្ឋាភិបាលអាចទប់ស្កាត់បទល្មើសបែបនេះបានឡើយ៕
ប្រែសម្រួលដោយ ឃិន ណៃ