ដោយពាក់អាវយឺតគណបក្ស និងពាក់សក់សំពីងសំពោង តារាកំប្លែងបានឈរនៅផ្នែកខាងក្រោយនៃរថយន្តមួយគ្រឿង និងចាប់ផ្តើមសម្តែងជូនទស្សនិកជន។
តារាកំប្លែងរូបនេះ បានស្រែកថា “បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ យើងទំាងអស់គ្នាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា”។ ចំពោះអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើននាក់ ដែលនៅពីក្រោយលោកវរសេនីយ៍ឯក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម នេះ ជាកំប្លែងផ្នែកនយោបាយសុទ្ធសាធ ។
តារាប្រជាប្រិយជារឿយៗតែងតែចូលរួមក្នុងយុទ្ធនាការបោះឆ្នោតរបស់គណបក្សគ្រប់គ្រង ហើយឆ្នាំនេះមិនខុសគ្នាពីឆ្នាំមុនៗទេ ។ គឺថា មានតារាកំប្លែងយ៉ាងតិច១០នាក់បានចុះទៅទូទាំងរាជធានីភ្នំេពញ ដើម្បីចូលរួមយុទ្ធនាការឃោសនា ដោយច្រៀងចម្រៀង និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាតាមឧគ្ឃោសនសព្ទ។
លោកវរសេនីយ៍ឯក អ៊ូ ប៉ុណ្ណារ៉ាត់ ជាសមាជិកនៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងហៅក្រៅថា នាយក្រឹម និងតារាល្បីៗជាច្រើនទៀត រួមសម្តែងជាមួយក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញ នៅតាមផ្លូវជាតិេលខ១ ក្នុងខណ្ឌមានជ័យ ដើម្បីធ្វើយុទ្ធនាការឲ្យគណបក្សប្រជាជនកម្ពុជា។ ដោយល្បីឈ្មោះថា ជាតារាកំប្លែងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ លោកបានបញ្ចេញទេពកោសល្យសម្តែងគាំទ្រគណបក្សប្រជាជនកម្ពុជា និងធ្វើត្រាប់តាមគណបក្សប្រឆាំង ជាពិសេសនៅអំឡុងពេលបោះឆ្នោត។
អំឡុងការបោះឆ្នោតឆ្នាំ២០០៣ លោកបានផលិត និងសម្តែងក្នុងខ្សែភាពយន្តរឿង “បញ្ញើក្អែក” ដែលចំអកឲ្យព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលពេលនោះជាប្រធានគណបក្សហ្វុ៊៊នស៊ិនប៉ិច និងលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី។ ក្នុងការឈានទៅរកការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០០២ លោកក៏បានផលិតខ្សែភាពយន្ដខ្លីមួយទៀត ដោយចំអកឲ្យកម្មកររោងចក្រកាត់ដេរ ដែលធ្វើការតវ៉ា។
លោកវរសេនីយ៍ឯក ជួង ជី ហៅ នាយកុយ ក៏បាននិងកំពុងតែធ្វើយុទ្ធនាការឃោសនាឲ្យគណបក្សប្រជាជនកម្ពុជា នៅជុំវិញរាជធានីភ្នំពេញផងដែរ។ លោកបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មានតារាកំប្លែងប្រហែល១១រូប កំពុងចុះទៅសម្តែងនៅតាមខណ្ឌទាំងប្រាំបួន របស់រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជួង ជី បានមានប្រសាសន៍កាលពីម្សិលមិញថា “យើងជាតារាកំប្លែងនៅក្នុងកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី ហើយយើងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ យើងត្រូវធ្វើយុទ្ធនាការគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយយើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា”។
តារាកំប្លែង ទុំ សារុត ហៅនាយឃ្លោក បានមានប្រសាសន៍ថា លោកបានដឹកនាំតារាកំប្លែងមួយក្រុមមានគ្នា១៥នាក់ ទៅសម្តែងនៅខេត្តព្រៃវែង ដើម្បីធ្វើយុទ្ធនាការ កាលពីម្សិលមិញនេះ។ លោកបានមានប្រសាសន៍ថា “យើងជាតារាកំប្លែងគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំមកហើយ ហើយយើងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា អំឡុងពិធីប្រគំតន្ត្រី”។
មិនមែនតែតារាកំប្លែងមកពីកងអង្គរក្សរបស់លោក ហ៊ុន សែន ដែលដាក់ចិត្តដាក់កាយ ដើម្បីបុព្វហេតុជួយគណបក្សប្រជាជនកម្ពុជានោះទេ សូម្បីតារាចម្រៀងដ៏ល្បីឈ្មោះ គឺអ្នកស្រី ហ៊ឹម ស៊ីវន និងលោក យិន សារិន ក៏ច្រៀងចម្រៀងមនោសញ្ចេតនា ដើម្បីផ្សព្វផ្សាយអំពីបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ហើយគេអាចឮចេញពីធុងបាស ដាក់ លើរថយន្ដ និងតាមវេទិការបស់គណបក្ស។
យោងតាមលោកស្រី គង់ រ៉ាវីន អ្នកសម្របសម្រួលស្ដីទីរបស់គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុតិ្តធម៌នៅកម្ពុជា បានឲ្យដឹងថា ការសម្ដែងរបស់តារាល្បីៗក្នុងយុទ្ធនាការឃោសនារបស់គណបក្សប្រជាជនកម្ពុជា គ្រាន់តែបន្ថែមទៅនឹងភាពលេចធ្លោរជាងគេ ដែលខ្លួនមានរួចជាស្រេចនៅក្នុងការគ្រប់គ្រងសារព័ត៌មាន និងស្ថានីយ៍ទូរទស្សន៍នៅទូទាំងប្រទេស។ លោកស្រីបានលើកឡើងក្នុងអុីម៉េលមួយថា “ប្រសិនបើនិយាយឲ្យចំអំពីសា្ថនីយ៍ទូរទស្សន៍ទាំងអស់នៅប្រទេសកម្ពុជា រាប់ទាំងទូរទស្សន៍ជាតិកម្ពុជាផង គឺគ្រាន់តែជាប្រព័ន្ធឃោសនារបស់គណបក្សគ្រប់គ្រងអំណាចប៉ុណ្ណោះ។ បន្ថែមពីនេះ តារាសម្ដែង និងតារាកំប្លែងល្បីៗគាំទ្រខ្លាំងក្លាចំពោះគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាច”។
លោកស្រី រ៉ាវីន បានមានប្រសាសន៍ថា ការប្រើតារាចម្រៀង និងតារាកំប្លែងអាចឲ្យគណបក្សប្រជាជនកម្ពុជា ទាក់ទាញអ្នកបោះឆ្នោតបាន។លោកស្រីបានមានប្រសាសន៍ថា “តារាសម្ដែង តារាចម្រៀង និងតារាកំប្លែង ជាភ្នាក់ងារដ៏មានប្រសិទ្ធភាពបំផុតនៃសង្គមភាវូនីយកម្មនៅក្នុងសង្គមតាមរយៈបណ្ដាញព័ត៌មានធំៗ ជាពិសេសទូរទស្សន៍។ នៅក្នុងប្រទេសកម្ពុជា យើងមានកម្មវិធីអប់រំតិចតួចនៅតាមទូរទស្សន៍។ ទោះជាយ៉ាងណា កម្ពុជាមានកម្មវិធីកម្សាន្ដច្រើន…។ ដូច្នេះ ប្រជាពលរដ្ឋសាមញ្ញស្គាល់តារាសម្ដែងជាងគេ ហើយការសម្ដែង ឬសកម្មភាពរបស់គេ អាចទាក់ទាញដោយមានប្រសិទ្ធភាពបំផុត”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសម រង្ស៊ី ក៏មានតារាចម្រៀង និងតារាកំប្លែងដែរ ក៏ប៉ុន្ដែពួកគេស្ទាក់ស្ទើរមិនចង់ធ្វើយុទ្ធនាការនៅពេលបោះឆ្នោតទេ “ពីព្រោះគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលគំរាមកំហែងពួកគេ”។ លោកបានបន្ថែមថា “តាមទស្សនៈខ្ញុំ អ្នកភ្លេង និងសិល្បៈករផ្សេងទៀត ត្រូវតែឆ្លុះបញ្ចាំងអំពីតថភាពនៃសង្គម ហើយមិនគួរចូលរួមជាមួយគណបក្សនយោបាយទេ”។
លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ក្រុមតារាកំប្លែងជួយបញ្ចុះបញ្ចូលអ្នកបោះឆ្នោត។ លោកបានមានប្រសាសន៍ថា “តារាកំប្លែងដែលចូលរួមយុទ្ធនាការនេះ អាចធ្វើឲ្យសាធារណជនចាប់អារម្មណ៍ទៅលើគណបក្សកំពុងគ្រប់គ្រងអំណាច ហើយយើងនឹងទទួលបានសន្លឹកឆ្នោត និងអាសនៈបន្ថែមទៀត”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី