ចាប់តាំងពីមានការចេញបទបញ្ជាថ្មីឈប់ឲ្យមានការផាកពិន័យរថយន្តនៅនឹងកន្លែង កាលពីដើមខែនេះមក មន្ត្រីម្នាក់បានលើកឡើងកាលពីថ្ងៃអង្គារថា នគរបាលចរាចរបានចេញលិខិតផាកពិន័យជាង២០០សន្លឹក ឲ្យទៅរថយន្ដ និងរថយន្ដក្រុងដឹកអ្នកដំណើររួចហើយ។
ចាប់តាំងពីថ្ងៃទី១ ខែឧសភាមក បទបញ្ជាថ្មីនេះ ត្រូវបានអនុវត្តនៅទូទាំងប្រទេស ដោយតម្រូវឲ្យនគរបាលចរាចរចេញលិខិតឲ្យរថយន្ដតូច ធំ និងរថយន្ដក្រុង ទៅបង់ប្រាក់ពិន័យនៅការិយាល័យនគរបាលក្នុងរយៈពេល៣០ថ្ងៃ។
អនុសេនីយ៍ត្រី អុិន សាវឹង នាយរងផ្នែករដ្ឋបាលនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានមានប្រសាសន៍ថា អ្នកបើករថយន្ដតូចចំនួន៥៤នាក់បានបង់ប្រាក់ផាកពិន័យរួចហើយ ប៉ុន្តែមិនមានតួលេខអំពីអ្នកបើកបរដែលមិនទាន់ទៅបង់ប្រាក់ផាកពិន័យនោះទេ។ លោក សាវឹង បានមានប្រសាសន៍ថា លិខិតពិន័យចំនួន១៥៨សន្លឹក ត្រូវបានចេញឲ្យទៅរថយន្ដក្រុង ឬរថយន្តដែលមានចំណុះជាង៣៥កៅអី។លោកបានមានប្រសាសន៍ថា ក្នុងចំណោមលិខិតទាំងនោះ មានលិខិតចំនួន១០៨ដែលមិនទាន់ឃើញអ្នកបើកបរទៅបង់ប្រាក់ពិន័យ។ លោកបានបន្ថែមថា បទល្មើសភាគច្រើនគឺជាបទល្មើសបើកបរហួសល្បឿនកំណត់ ដែលម៉ាស៊ីនថតល្បឿនចាប់យករូបភាពបាន។
អនុសេនីយ៍ត្រី សាវឹង បាន មានប្រសាសន៍ថា ក្រុមហ៊ុនដឹកជញ្ជូន រិទ្ធិ មុនី បានទទួលលិខិតពិន័យច្រើនជាងគេ ប៉ុន្តែលោកមិនបានប្រាប់ចំនួនច្បាស់ជាក់លាក់ទេ។ បន្ទាប់មកគឺក្រុមហ៊ុនដឹកអ្នកដំណើរ ភ្នំពេញសូរិយា ក្រុមហ៊ុនទេសចរណ៍ កាពីតូល និងក្រុមហ៊ុន ផារ៉ាម៉ោន អង្គរ អុិចប្រេស្ស ដែលជាដៃគូរបស់ក្រុមហ៊ុន រិទ្ធិ មុនី។
កាលពីសប្ដាហ៍មុន រដ្ឋាភិបាលបានបញ្ជាក់ថា ក្រុមហ៊ុន រិទ្ធិ មុនី និងក្រុមហ៊ុនទេសចរណ៍ កាពីតូល គឺជាក្រុមហ៊ុនដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេក្នុងឆ្នាំនេះ។ ក្រុមហ៊ុនរិទ្ធិ មុនី ត្រូវបាននគរបាលស្ដីបន្ទោសក្នុងពេលមានគ្រោះថ្នាក់ពីរករណីកាលពីសប្ដាហ៍មុន ដែលបានបណ្ដាលឲ្យប្រជាពលរដ្ឋបីនាក់ស្លាប់ នៅក្នុងខេត្តបាត់ដំបង។ លោក សាន វិចិត្រ អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន រិទ្ធិ មុនី និងក្រុមហ៊ុន ផារ៉ាម៉ោន បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាបណ្ដាញអ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កម៉ូតូ បានមានប្រសាសន៍ថា លិខិតពិន័យដែលបានចេញឲ្យអ្នកបើកបរយានយន្ដនោះ នៅមានចំនួនតិចណាស់។ លោកបានអះអាងថា អំពើពុករលួយនៅថ្នាក់ក្រោមដែលបានធ្វើការផាកពិន័យនៅនឹងកន្លែងនោះ នៅតែបន្ដកើតមានដដែល។
លោក វ៉ន ពៅ បានមានប្រសាសន៍ថា “ខ្ញុំគិតថា យើងមិនអាចបញ្ឈប់អំពើពុករលួយរបស់នគរបាលចរាចរបានទេ ពីព្រោះប្រាក់បៀវត្សរ៍របស់ពួកគាត់តិចណាស់ ហើយពួកគាត់ត្រូវការប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ និងសូកប៉ាន់ចៅហ្វាយនាយរបស់ពួកគាត់”។ លោក ហេង ចាន់ធារី ប្រធានការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញបានមានប្រសាសន៍ថា ប្រជាពលរដ្ឋគួរតែដាក់ពាក្យបណ្ដឹង ប្រសិនបើពួកគាត់ឃើញមន្ត្រីនគរបាលចរាចរណាម្នាក់ប្រព្រឹត្តល្មើសច្បាប់។
លោកមានប្រសាសន៍ថា “ ប្រជាពលរដ្ឋដែលបានល្មើសច្បាប់ចរចរណ៍ និងត្រូវបានពិន័យក្នុងករណីណាមួយ ត្រូវតែទាមទារយកលិខិតផាកពិន័យនោះ ពីព្រោះខ្ញុំបានប្រាប់មន្ត្រីរបស់ខ្ញុំឲ្យចេញលិខិតផាកពិន័យ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា