29 C
Phnom Penh

ក្រុម​ហ៊ុន​ដែល​បើក​ភោជនីយដ្ឋាន​ KFC​ នៅ​កម្ពុជាបន្តខាត​​បង់នៅក្នុង​ត្រី​មាស​ទី​១នៃ​ឆ្នាំ​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ម៉ាឡេស៊ី ដែល​បើក​ភោជនីយ​ដ្ឋាន​​ KFCនៅ​កម្ពុជា​បាន​ប្រកាស​ថា​  ក្រុមហ៊ុន​​រក​ស៊ី​រួម​គ្នា​នេះ ​បានខាត​បង់​ជិត​៣០.០០០ដុល្លារ​នៅ​ក្នុង​ត្រី​មាស​ទី​១​នៃ​​ឆ្នាំ​នេះ​ ទោះជាប្រាក់​ចំណូល​បានកើន​ឡើង​ក៏​ដោយ។

នៅ​ក្នុង​របាយ​ការណ៍​ប្រចាំ​ត្រីមាសទី១​ផ្ញើទៅកាន់​ផ្សារ​មូលបត្រ​​ម៉ាឡេស៊ី ​ក្រុម​​ហ៊ុន​​ QSR Brands Bhd ​ដែល​ជាម្ចាស់​ភាគហ៊ុនធំ​នៅ​ក្នុង​​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នា​ ជាមួយ​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ គ្រុប (Royal Group) បាន​ឲ្យដឹង​ថា​ មុខ​ជំនួញ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រងការ​ខាត​បង់​​ចំនួន​២៨៦.០០០​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី១​នៃឆ្នាំ​២០១២នេះ​​។

ក៏ប៉ុន្ដែ​ ការ​ខាត​បង់​នេះ ​គឺតិច​ជាង​ការ​ខាត​បង់​​ក្នុងត្រីមាស​ទី​១​នៃ​​ឆ្នាំ​២០១១​ ​ពេល​ខ្លួន​​ខាត​បង់​​ប្រមាណ​៣៨០.០០០​ដុល្លារ​។ ដោយ​ឡែក​ ប្រាក់​ចំណេញ​សរុប​របស់ក្រុម​ហ៊ុន​ QRS Brands ​បាន​ធ្លាក់ចុះចំនួន​៨ភាគរយ​ក្នុង​រយៈ​ពេល​បីខែ​ដំបូង​​នៃឆ្នាំ​នេះ​ បើ​​​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ក្រុមហ៊ុន​នេះ​ បាន​លើក​ឡើង​នៅក្នុង​របាយការណ៍​របស់​ខ្លួន​ផ្ញើទៅកាន់​ផ្សារ​មូល​បត្រ​ ម៉ាឡេស៊ី​ ​កាល​ពី​ថ្ងៃ​អង្គារ​ថា “​ការ​ធ្លាក់​ចុះប្រាក់​ចំណេញនេះ ភាគច្រើន គឺ​ដោយសារ​​តែ​ការ​ខាត​បង់​របស់ក្រុម​ហ៊ុន​ KFC​ Cambodia និង​ដោយ​សារ​តែ​​ការ​ធ្លាក់ចុះ​ប្រាក់​​ចំណូល​របស់​ក្រុម​ហ៊ុន​ KFC Holdings (Malaysia) Bhd”។

របាយការណ៍​នេ​ះបាន​ឲ្យ​ដឹង​ទៀត​ថា ប្រាក់​ចំណូល​របស់ក្រុម​ហ៊ុន​ KFC Cambodia បាន​កើនឡើង​ដល់ប្រមាណ​៩៨៥.០០០​ដុល្លារ នៅ​ក្នុង​ត្រី​មាស​ទី១នៃឆ្នាំនេះ​​ គឺ​កើន​១៩​ភាគរយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នេះ​នៅក្នុង​ឆ្នាំ​២០១១​។

កាល​ពីឆ្នាំ​២០១១​ ក្រុមហ៊ុន QSR Brands​ បាន​អះអាងថា  ថ្លៃមាន់​ ​អគ្គិសនី​​ ប្រេង​សាំង និង​ការ​យកពន្ធ​ខ្ពស់​ ព្រម​ទាំងកង្វះបុគ្គលិក​ជំនាញ​ គឺ​ជា​មូល​ហេតុ​ចម្បងនៃការ​ខាត​​បង់​របស់​ខ្លួន​។

តំណាង​ក្រុមហ៊ុន​​ QSR Brands និង​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប មិនអាច​ទាក់​ទងសំុ​ការ​អត្ថា​ធិប្បាយ​បាន​ទេ។ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នា​ ដែល​មាន​ឈ្មោះ​ថា​Kampuchea Food Corporation នេះ ត្រូវ​បាន​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៨ ជាមួយ​ដើម​ ទុន​​១,៥​លាន​ដុល្លារ​ ដោយ​ក្រុម​ហ៊ុន​ QSR Brands មាន​ភាគ​ហ៊ុន​៥៥​ភាគ​រយ៕

ប្រែ​សម្រួល​ដោយ​ ហួង​ កុកទៀន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស