កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ និងផ្តន្ទាទោសស្ត្រីចំនួន១៣នាក់ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំកន្លះ ដែលបានជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏យូរជាមួយក្រុមហ៊ុនរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា។
ស្ត្រីជាប់ចោទទាំងនោះ ដែលរួមមានអ្នកស្រី ហេង មុំ និងអ្នកស្រី ទេព វន្នី ផងនោះ ស្ថិតក្នុងចំណោមអ្នកដឹកនាំក្នុងជម្លោះរយៈពេលច្រើនឆ្នាំរបស់សហគមន៍បឹងកក់ ជាមួយក្រុមហ៊ុនស៊ូកាគូអុីនរបស់លោក ឡៅម៉េងឃិន។
នៅខាងក្រៅតុលាការ ដែលមានមនុស្សជាច្រើននាក់ បានប្រមូលផ្តុំគ្នាដើម្បីគាំទ្រស្ត្រីទាំងនោះ អាជ្ញាធរក៏បានចាប់ខ្លួនស្ត្រីពីរនាក់ទៀត ដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីនេះ ព្រមទាំងព្រះសង្ឃជាសកម្មជនមួយអង្គព្រះនាម លួន សុវ៉ាត ដែលកំពុងតែថតរូបក្រុមអ្នកតវ៉ា នៅខាងមុខតុលាការ។
មន្ត្រីនគរបាលបានរារាំងអ្នកកាសែតមិនឲ្យចូលទៅក្នុងតុលាការទេ ហើយមន្ត្រីតុលាការ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ បន្ទាប់ពីការកាត់ទោសស្ត្រីទាំងនេះ។
ប៉ុន្ដែលោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមស្តាប់សាលក្រមក្នុងសាលសវនាការមានប្រសាសន៍ថា ចៅក្រមបានផ្តន្ទាទោសស្ត្រីទាំងនេះ តាមស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈតាមមាត្រា៥០៤នៃក្រមព្រហ្មទណ្ឌ និងពីបទចូលកាន់កាប់ដីដោយខុសច្បាប់តាមមាត្រា៣៤នៃច្បាប់ភូមិបាល។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានតំណាងម្នាក់នៅក្នុងសាលសវនាការ ក៏បានបញ្ជាក់ពីសាលក្រមនេះដែរ។
លោក អំ សំអាត បន្ថែមថា ស្ត្រីប្រាំនាក់ក្នុងចំណោមស្ត្រីតវ៉ាទាំងនោះទទួលបានការព្យួរទោសរយៈពេលពីរឆ្នាំ និងស្ត្រីម្នាក់ទៀតព្យួរទោសមួយឆ្នាំ រួចហើយពួកគាត់ទាំងអស់ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសភ្លាមៗ។ មន្ត្រីពន្ធនាគារមិនអាចទាក់ទងបានទេ។
ស្ត្រីអ្នកតវ៉ា១៣នាក់ត្រូវបានចាប់ខ្លួនអំឡុងពេលតវ៉ាកាលព្រឹកថ្ងៃអង្គារនៅឯសហ
គមន៍បឹងកក់ ដែលមានជម្លោះដីធ្លីដ៏ជូរចត់ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ស៊ូកាគូអុិន ចាប់តាំងពីសាលារាជធានី បានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុននេះសាងសង់នៅតំបន់នេះកាលពីឆ្នាំ២០០៧។ អ្នកភូមិបឹងកក់ប្រហែល៥០នាក់បានចេញមុខគាំទ្រគ្រួសារមួយដែលប៉ុនប៉ងសាងសង់ឡើងវិញនូវផ្ទះរបស់ខ្លួន ដែលក្រុមហ៊ុន ស៊ូកាគូអុិន បានបំផ្លាញចោលកាលពីឆ្នាំ២០១០។ នគរបាលបានរឹបអូសសម្ភារៈសាងសង់ផ្ទះរបស់គ្រួសារមួយនេះ ហើយចាប់ខ្លួនស្ត្រីអ្នកតវ៉ា១៣នាក់ បន្ទាប់ពីពួកគាត់់បានចាប់ផ្ដើមជេរដាក់បណ្ដាសានគរបាលទាំងនោះ។
លោក អំ សំអាត បានលើកឡើងថា “ ការចោទប្រកាន់ប្រឆាំងនឹងអ្នកភូមិបឹងកក់ទាំងនេះមិនត្រឹមត្រូវនោះទេ ពីព្រោះស្ត្រីទាំង១៣នាក់នេះមិនបានសាងសង់ផ្ទះឡើងវិញនៅលើដីនោះទេ”។
លោកបានបន្ថែមទៀតថា “ ខ្ញុំគិតថា ទោះបីជាតុលាការផ្តន្ទាទោសពួកគាត់ដាក់ពន្ធនាគារយ៉ាងណាក៏ដោយ ក៏ករណីនៅសហគមន៍បឹងកក់នឹងមិនបញ្ចប់ដែរ ហើយអំពើហិង្សានឹងកើតមានខ្លាំងឡើងៗ ប្រសិនបើអាជ្ញាធររាជធានីភ្នំពេញមិនដោះស្រាយជម្លោះដីធ្លីនេះទេ។ ស្ត្រីអ្នកតវ៉ាទាំងនេះត្រូវបានបញ្ជូនទៅកាន់តុលាការកាលពីព្រឹកព្រលឹមម្សិលមិញ។ ក៏ប៉ុន្ដែមេធាវីអង្គការលីកាដូ ដែលតំណាងឲ្យពួកគាត់បានដើរចេញពីតុលាការក្រោយពេល ថ្ងៃត្រង់បន្តិច ដើម្បីតវ៉ាចំពោះសេចក្ដីសម្រេចរបស់តុលាការ ក្នុងការបដិសេធសំណើសុំឲ្យមានសាក្សី ព្រមទាំងសុំឲ្យពន្យារពេលរឿងក្ដីនេះ។ ពួកគាត់បាននិយាយថា ឥឡូវនេះពួក គាត់កំពុងតែពិភាក្សាពីលទ្ធភាពប្ដឹងឧទ្ធរណ៍។
លោក ហ្វីល រ៉ូបឺតសុន (PhilRobertson) អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ីបានមានប្រសាសន៍ថា “ទង្វើរបស់រដ្ឋាភិបាល និងសាលារាជធានីភ្នំពេញមិនអាចទទួលយកបានទេ និងគ្មានយុត្តិធម៌ទាល់តែសោះ”។ លោកបានបន្ដថា “ការចោទប្រកាន់ និងការកាត់ទោសស្ត្រីទាំងនេះពីបទប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ដើម្បីបង្ហាញអំពីទស្សនៈរបស់ខ្លួន និងការតវ៉ាដោយសន្ដិវិធី ក្រោយមកបានបដិសេធមិនឲ្យពួកគាត់ មានពេលវេលារៀបចំរឿងក្ដីរបស់ខ្លួន និងបដិសេធមិន អនុញ្ញាតឲ្យមានសាក្សីនោះ ទាំងនេះគឺជាទង្វើរបស់តុលាការអយុត្តិធម៌ ដែលចាំតែស្ដាប់អ្នកនយោបាយក្នុងជួរគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីការលម្អៀងរបស់តុលាការទេ។ លោកបានមានប្រសាសន៍ថា “បើសិនជាតុលាការលម្អៀង ឬមិនលម្អៀងក៏ដោយ វាក៏ មិនមែនជាវិជ្ជាជីវៈរបស់ខ្ញុំដើម្បីឆ្លើយនឹងសំណួរទាំងនោះទេ”។ លោកបានបន្តទៀតថាលោកក៏មិនធ្វើអធិប្បាយអំពីសាលក្រមរបស់តុលាការដែរ។
លោកបានបន្ថែមទៀតថា “បើសិនជាតុលាការលម្អៀងទៅរកភាគីណាមួយ ហើយមិនលម្អៀងទៅរកភាគីផ្សេងទៀត ក៏ខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានោះដែរ ពីព្រោះវាជាកិច្ចការរបស់តុលាការ”។ ក្រុមអង្គការសិទ្ធិមនុស្ស និងឧត្តមស្នងការផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅប្រព័ន្ធតុលាការនៅក្នុងកម្ពុជាថា ជាស្ថាប័នមួយពុករលួយបំផុត។
នៅក្នុងតុលាការ កាលពីម្សិលមិញ មានសភាពអ៊ូអរណាស់ ទាំងនៅខាងក្នុង និងនៅខាងក្រៅតុលាការ។ អ្នកតវ៉ាប្រហែល៧០នាក់ បានប្រមូលផ្តុំគ្នានៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីគាំទ្រស្ត្រី ដែលត្រូវតុលាការនាំខ្លួនមកជំនុំជម្រះទោស ដោយបានបិទផ្លូវនៅក្រៅសាលាដំបូងរាជធានីភ្នំពេញ ជិតពេញមួយថ្ងៃតែម្តង។ មុនម៉ោង២រសៀលបន្តិច នគរបាលបានឃំុខ្លួនមនុស្សពីរនាក់ថែមទៀតឈ្មោះ លី ចាន់ណារី និង សៅ សារឿន។ ក្រោយមក នគរបាលមិនអាចទាក់ទង ដើម្បីសំុអត្ថាធិប្បាយថាឲ តើពួកគេទាំងនោះនៅទីណាបានទេ។
នគរបាលឯកសណ្ឋាន និងនគរបាលស្លៀកពាក់ស៊ីវិលជាច្រើននាក់ បានចាប់សកម្មជនជាព្រះសង្ឃមួយអង្គព្រះនាម លួនសុវ៉ាត នៅពេលព្រះអង្គនិមន្តមកដល់ ដើម្បីថតវីដេអូ អំពីក្រុមអ្នកតវ៉ាទាំងនោះ ដោយប្រើកាមេរ៉ាទូរស័ព្ទ នៅមុនម៉ោង១០ព្រឹកបន្តិច ហើយព្រះអង្គត្រូវបានគេបញ្ជូនតាមរថយន្តមួយ ដែលគេមិនស្គាល់។
ព្រះតេជគុណ លួន សុវ៉ាត បានធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដោយសារការគាំទ្ររបស់ព្រះអង្គជាសាធារណៈទៅលើក្រុមអ្នកតវ៉ា ដែលបានអះអាងថាកំពុងទទួលរងការរំលោភ បំពានពីរដ្ឋាភិបាល មានដូចជាអ្នកតវ៉ានៅបឹងកក់ជាដើម ហើយកាលពីឆ្នាំកន្លងទៅ ព្រះអង្គត្រូវបានហាមប្រាមមិនឲ្យគង់នៅ តាមវត្តនានា ក្នុងរាជធានីភ្នំពេញ ។ ព្រះតេជគុណបានស្រែកមុនពេលត្រូវបានបង្ខំឲ្យចូលក្នុងរថយន្តមួយគ្រឿង ដែលកំពុងរង់ចាំថា “ អាត្មាមិនមានអាវុធទេ។ អាត្មាមិនទៅទេ ពីព្រោះអាត្មគ្មានធ្វើអ្វីខុសទេ”។
ទោះជាយ៉ាងក៏ដោយ ក៏ព្រះតេជគុណ លួន សុវ៉ាត មិនត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញទេ ប៉ុន្តែបានបញ្ជូនព្រះអង្គទៅកាន់វត្តបទុមវត្តី ដើម្បីជួបសវនាការជាមួយនឹងសម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ ដែលបណ្តាលឲ្យមានពាក្យចចាមអារ៉ាមថា ព្រះអង្គត្រូវបានគេផ្សឹក។
ព្រះអង្គបានមានសង្ឃដីកាទៅកាន់អ្នកយកព័ត៌មាននៅឯវត្តនេះ កាលពីល្ងាចម្សិលមិញថា ព្រះអង្គមិនត្រូវបានគេផ្សឹកនោះទេ ហើយព្រះអង្គបានបដិសេធសំណើពីសម្តេចព្រះសង្ឃនាយក ដែលសុំឲ្យព្រះអង្គឈប់គាំទ្រសកម្មភាពអ្នកតវ៉ា។ព្រះអង្គបានមានសង្ឃដីកាទៀតថា “ អាត្មាមិនទទួលឡើយ ពីព្រោះវាអយុត្តិធម៌សម្រាប់អាត្មានិងអ្នកផ្សេងទៀត នៅពេលសិទ្ធិសេរីភាពរបស់ខ្លួនត្រូវបានរដ្ឋាភិបាលបំពាន”៕
(រាយការណ៍បន្ថែមដោយ ហៃ ស៊ីណា និង ZsomborPeter)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
និង ឃិន ណៃ