គណបក្សហ្វុ៊នស៊ិនបុិច និងគណបក្សនរោត្តម រណឫទ្ធិ បានប្រកាសកាលពីម្សិលមិញថា បន្ទាប់ពីបំបែកខ្លួនអស់រយៈពេលជិតប្រាំមួយឆ្នាំ និងតាមរយៈការលើកទឹកចិត្តពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សរាជានិយមទាំងពីរបានព្រមព្រៀងរួបរួមគ្នាឡើងវិញ មុនការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំក្រោយ។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ ដែលត្រូវបានបណ្តេញចេញពីតំណែងព្រះប្រធានគណបក្សហ្វុ៊នស៊ិនបុិច ក្នុងឆ្នាំ២០០៦ និងលោកញឹកប៊ុនឆៃប្រធានប្រតិបត្តិគណបក្សហ្វុ៊នស៊ិនបុិច បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា គណបក្សទាំងពីរនេះនឹងរួបរួមគ្នា បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី៣ ខែមិថុនា ក្រោមទង់របស់គណបក្សហ្វុ៊នស៊ិនបុិច។ សេចក្តីថ្លែងការណ៍នេះក៏បានលើកឡើងថាព្រះអង្គម្ចាស់ នរោត្តមរណឫទ្ធិនឹងធ្វើជាព្រះប្រធានគណបក្សហ្វុ៊នស៊ិនបុិចម្តងទៀត។
កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយគណបក្សទាំងពីរបានចែងថា “ គណបក្សទាំងពីរ ដឹកនាំដោយ [សម្តេចក្រុមព្រះ] នរោត្តម រណឫទ្ធិនិងលោក ញឹកប៊ុនឆៃបានរកឃើញដំណោះស្រាយរួមមួយ ដើម្បីដោះស្រាយបញ្ហារបស់ខ្លួនទាំងអស់ហើយ និងរួមបញ្ចូលគណបក្សទាំងពីរឡើងវិញ”។
សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្តទៀតថា “ ក្នុងកិច្ចប្រជុំមួយ គណបក្សទាំងពីរបានសម្រេចលើចំណុចពីរ គឺទី១ គណបក្សទំាងពីរនឹងសហការគ្នា និងជួយគ្នាទៅវិញទៅមក អំឡុងការបោះឆ្នោតឃុំ-សង្កាត់។ ទី២ បន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់រួច គណបក្សទាំងពីរនឹងរួមគ្នាជាគណបក្សតែមួយសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៣”។
យោងតាមសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិុ បានឲ្យដឹងថាព្រះអង្គនឹងបន្តតួនាទីរបស់ទ្រង់ជាព្រះប្រធានគណបក្ស ចំណែកឯលោកញឹកប៊ុនឆៃនឹងជាអនុប្រធានទីមួយ។ ព្រះអង្គបានមានព្រះបន្ទូលថាភ្លាមៗមុនពេលសេចក្តីប្រកាសនេះ លោក ហ៊ុនសែន ដែលបានជួបជាមួយថ្នាក់ដឹកនាំទាំងពីរនៅ ក្នុងការិយាល័យរបស់លោក គឺវិមានសន្តិភាព ដោយលោកមានការព្រួយបារម្ភអំពីការបែកបាក់គ្នារបស់អ្នករាជានិយម និងលើកទឹកចិត្តដល់បក្សទាំងពីរឲ្យដោះស្រាយការខ្វែងគំនិតគ្នា និងរួបរួមគ្នាឡើងវិញ។
ព្រះអង្គម្ចាស់ រណឫទ្ធិបានមានព្រះបន្ទូលក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ក្រុមអ្នកយកព័ត៌មាននៅវិមានសន្តិភាពថា “ [សម្តេច] នាយករដ្ឋមន្ត្រី ចង់បង្ហាញដល់សាធារណជនថាលោកគឺជាអ្នកជាតិនិយមពិតប្រាកដ”។
ព្រះអង្គម្ចាស់បានបន្តថា “ ថ្ងៃនេះ ជាថ្ងៃល្អបំផុត សម្រាប់អ្នករាជានិយម និងអ្នកសីហនុនិយម បន្ទាប់ពីបែកបាក់គ្នា ហើយពេលនេះជួបជុំគ្នាវិញ។ ខ្ញុំបានពិភាក្សាជាមួយលោក ប៊ុនឆៃ ថា ប្រសិនបើលោកចង់ឲ្យខ្ញុំដឹកនាំ ហ្វុ៊នស៊ិនបុិច សូមឲ្យគាត់ឈប់និយាយពីអតីតកាល”។
អតីតកាលសំដៅដល់ការប្រឈមមុខគ្នាអស់រយៈពេលជិតប្រាំមួយឆ្នាំរវាងគណបក្សហ្វុ៊នស៊ិនបុិចនិងគណបក្ស នរោត្តម រណឫទ្ធិដែលត្រូវបានបណ្តេញចេញពីគណបក្ស ដែលព្រះអង្គធ្លាប់បានដឹកនាំ តាំងពីឆ្នាំ១៩៩២នៅក្នុងសមាជគណបក្ស ដែលមានបញ្ហាប្រទូសរាយគ្នា នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០០៦។ នៅពេលនោះ លោកញឹក ប៊ុនឆៃដែលជាអគ្គលេខាគណបក្សបានប្រកាសថាការបណ្តេញព្រះអង្គចេញ គឺដោយសារការធ្លាក់ចុះនូវទំនាក់ទំនងរវាងព្រះអង្គម្ចាស់ រណឫទ្ធិនិងលោក ហ៊ុនសែនដោយសារព្រះអង្គម្ចាស់ ចំណាយពេលគង់នៅក្រៅប្រទេសច្រើនពេក។
ព្រះអង្គមានព្រះបន្ទូលថា សមាជិកចំនួន១.៦០០នាក់នៃក្រុមប្រឹក្សាជាតិរបស់គណបក្សហ្វុ៊នស៊ិនបុិច បានបោះឆ្នោតជាឯកច្ឆន្ទដើម្បីតែងតាំងព្រះអង្គម្ចាស់ឲ្យកាន់តួនាទីជាព្រះប្រធានប្រវត្តិសាស្រ្ត ជាតួនាទីដែលគ្មានឥទ្ធិពលនៅក្នុងបក្ស។
នៅថ្ងៃបន្ទាប់ សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ បានតបនឹងការបណ្តេញចេញ ដោយសារហេតុផលនយោបាយ ដោយប្រកាសថានឹងបង្កើតគណបក្សរបស់ព្រះអង្គផ្ទាល់។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានអះអាងក្នុងខែតុលា ឆ្នាំ២០០៨ថាព្រះអង្គយាងចូលនិវត្តន៍ពីជីវិតនយោបាយ ចាប់ពីខែតុលាឆ្នាំ២០០៨ទៅ ប៉ុន្តែព្រះអង្គបែរធ្វើជាអ្នកដឹកនាំគណបក្សជាតិនិយមនេះឡើងវិញ ក្នុងខែធ្នូឆ្នាំ២០១០ ដោយដាក់ឈ្មោះគណបក្សនេះថាគណបក្ស នរោត្តមរណឫទ្ធិ។
នៅពេលនោះព្រះអង្គបានអំពាវនាវឲ្យមានការរួមបញ្ចូលគ្នាជាមួុយគណបក្ស ហ្វុ៊នសុិនបុិចប៉ុន្តែបានបញ្ចុះបញ្ចូលឲ្យដាក់ឈ្មោះគណបក្សនេះឡើងវិញថាគណបក្សហ្វុ៊នស៊ិនបុិច៨១។ប៉ុន្តែលោកញុឹកប៊ុនឆៃ បានច្រានចោលការផ្លាស់ប្តូរឈ្មោះ និងបានធ្វើឲ្យក្តីសង្ឃឹមនៃការច្របាច់បញ្ចូលគ្នានេះរលាយអស់ទៅ។ ប៉ុន្តែការព្រមព្រៀងគ្នាកាលពីម្សិលមិញ វាហាក់ដូចជាបានបំភ្លេចចោលនូវរឿងក្នុងអតីតកាលទំាងអស់។
ពេលទាក់ទងតាមទូរស័ព្ទលោក ប៊ុនឆៃបានមានប្រសាសន៍ថាព្រះអង្គម្ចាស់រណឫទ្ធិបានផ្តួចផ្តើមការចរចា ដើម្បីបង្រួបបង្រួមគណបក្ស។ លោកបានមានប្រសាសន៍ថា “ [សម្តេចក្រុមព្រះ] រណឫទ្ធិ បានស្នើឲ្យរួមបញ្ចូលគណបក្សហ៊្វុនស៊ិនបុិច ហើយយើងដឹងថាប្រសិនបើយើងបន្តបែកបាក់គ្នាទៀតយើងនឹងចាញ់”។
លោកប៊ុនឆៃបានមានប្រសាសន៍ថា “ ខ្ញុំគិតថាការបែកបាក់គ្នាបានកើតឡើង ដោយសារតែបញ្ហាខ្វែងគំនិតគ្នា។ ប៉ុន្តែពេលនេះយើងរួមគ្នា ដើម្បីយកឈ្នះ ហើយយើងបានបំភ្លេចបញ្ហាកន្លងមក”។ពេលទាក់ទងតាមទូរស័ព្ទលោក ប៊ុនឆៃបានមានប្រសាសន៍ថាព្រះអង្គម្ចាស់រណឫទ្ធិបានផ្តួចផ្តើមការចរចា ដើម្បីបង្រួបបង្រួមគណបក្ស។ លោកបានមានប្រសាសន៍ថា “ [សម្តេចក្រុមព្រះ] រណឫទ្ធិ បានស្នើឲ្យរួមបញ្ចូលគណបក្សហ៊្វុនស៊ិនបុិច ហើយយើងដឹងថាប្រសិនបើយើងបន្តបែកបាក់គ្នាទៀតយើងនឹងចាញ់”។ លោកបានថ្លែងថា “ ខ្ញុំគិតថា ការបែកបាក់គ្នា បានកើតឡើង ដោយសារតែបញ្ហាខ្វែងគំនិតគ្នា។ ប៉ុន្តែពេលនេះ យើងរួមគ្នា ដើម្បីយកឈ្នះ ហើយយើងបានបំភ្លេចបញ្ហាកន្លងមក”។
ក្នុងបទសម្ភាសន៍ជាមួយសមាជិកគណបក្សហ្វុ៊នស៊ិនបុិចបានបង្ហាញថាការរួមបញ្ចូលគ្នា ត្រូវបានទាំងអស់គ្នាស្វាគមន៍។ លោកខៀវសនសមាជិកសភាមកពី គណបក្សហ្វុ៊នស៊ិនបុិចប្រចាំខេត្តកណ្តាល អាចជាជនសេរីនិយម បើនិយាយអំពីព្រឹត្តិការណ៍ឆ្នាំ២០០៦ ដោយលោកបានបដិសេធថា ព្រះអង្គម្ចាស់មិនដែលត្រូវបានដេញចេញពីតំណែងទេ។
លោក ខៀវសនបានមានប្រសាសន៍ថា“ព្រះអង្គមានបញ្ហាផ្ទាល់ ព្រះកាយ ហើយ បានយាងចេញពីគណបក្សហ្វុ៊នស៊ិនបុិចដោយអង្គឯង”។លោកបានបន្ថែមថាពេលនេះតួនាទីរបស់ព្រះអង្គត្រូវបានលើកតម្កើង។
លោកបានបន្ថែមថា“ខ្ញុំរីករាយណាស់ពីព្រោះហ្វុ៊នស៊ិនបុិចនិងគណបក្ស នរោត្តម រណឫទ្ធិបានរួមគ្នាវិញជាគណបក្សតែមួយ។ នេះនឹងធ្វើឲ្យគណបក្សរឹងមាំ នៅពេលមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ”។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្នអនុប្រធាន
គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស ហ្វុ៊នស៊ិនបិុចបានមានព្រះបន្ទូលថាលោកហ៊ុនសែនបានចរចាស្វែងរកដំណោះស្រាយហើយថា វាជាថ្ងៃប្រវត្តិសាស្ត្រមួយ។
ព្រះអង្គម្ចាស់ សិរីរ័ត្នបានមានព្រះបន្ទូលថា“វាជាលើកដំបូងហើយ ដែលវិវាទរវាងព្រះអង្គម្ចាស់រណឫទ្ធិនិងលោកប៊ុនឆៃត្រូវបានដោះស្រាយ”។លោកឡៅម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យបានមានប្រសាសន៍ថាពេលវេលានៃការធ្វើសេចក្តីសម្រេចចិត្ត ប្រហែលជាពីហេតុថាគណបក្សរាជានិយមទាំងពីរអនុវត្តមិនបានល្អ។ លោកបានថ្លែងថា“គណបក្សទាំងពីរដំណើរការមិនបានល្អសោះ ដោយសារតែការបែកបាក់គ្នាហើយថា គណបក្សកំពុងកាន់អំណាចចង់បានមនុស្សកាន់តែច្រើនថែមទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន”។លោកបន្ថែមថាតួនាទីរបស់លោក ហ៊ុន សែន ជាអ្នកបង្កើតសន្តិភាពមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។
លោកបានថ្លែងថា“វាជាឱកាសល្អមួយសម្រាប់លោកដើម្បីបង្ហាញថា លោកអាចធ្វើអ្វីៗដើម្បីឲ្យអ្នកទាំងឡាយរួបរួមគ្នា និងចាត់ទុកលោកជាឥស្សរជនឆ្នើមម្នាក់”។ លោកកែវពុទ្ធរស្មី ប្រធានគណបក្ស ហ្វុ៊នស៊ិនបុិចបានមានប្រសាសន៍ថាលោកនឹងមកគាំទ្រការបង្រួបបង្រួមនេះ។ លោកបន្ថែមថាគណៈកម្មាធិការមកពីគណបក្សនីមួយៗនឹងជួបពិភាក្សាគ្នាដើម្បីរៀបចំរចនាសម្ពន្ធថ្មីបន្ទាប់ពីការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខនេះ។ លោកបានមានប្រសាសន៍ថា“ហ្វុ៊នស៊ិនបុិចត្រូវបានបែកបាក់នៅក្នុងឆ្នាំ២០០៦ តែបានត្រឡប់ទៅរកការគ្រប់គ្រងដូចមុនវិញ។ពេលនេះយើងនឹងត្រឡប់មករួមគ្នាតែមួយវិញ”៕ (រាយការណ៍បន្ថែមដោយ Lauren Crothers)
ប្រែសម្រួលដោយ ចេវប៊ុននី