33 C
Phnom Penh

បណ្ដេញ​​​គ្រួសារ​​​អ្នក​​​ភូមិ​​នៅ​​​ក្នុងខេត្ត​មណ្ឌល​​​គិរីចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​មុន​​​ពេល​​​កំណត់​​​របស់​​​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ កងកម្លាំង​​​សន្ដិសុខ​​​ និង​​​បុគ្គលិក​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូរ​វៀត​​​ណាម​​​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​បណ្ដេញ​​អ្នក​​​ភូមិ​​​ឲ្យ​​​ចេញ​​​ពី​​​លំនៅដ្ឋាន​​​ខ្លួន​​​ មុន​​​ថ្ងៃ​​កំណត់​​​បណេ្ដញ​​​ចេញរបស់​រដ្ឋាភិបាលនៅ​ថ្ងៃ​នេះ។ ក្រុម​​​មន្ត្រី និង​​​អ្នក​​​ភូមិ​​​បាននិយាយថាអ្នកភូមិភាគ​ច្រើន​​ក្នុង​ចំណោម​​​​អ្នក​​​ភូមិ​ប្រហែល​​២០០​​​គ្រួសារ​​​នោះ បាន​​​ចាក​​​ចេញ​​​រួច​​​​​ហើយ។​​​

​​​ដោយ​​​មាន​​​កម្លាំង​​​សន្ដិសុខ​​​ជាង​​​៣០០នាក់​​​ដាក់​​​ពង្រាយ​ក្នុង​ និង​នៅ​ជុំវិញ​ភូមិ​មួយ​នៅ​​​ក្នុង​ស្រុក​​​កោះ​​​ញែកនោះ ស្ថាន​​​ភាព​​​នេះ​ហាក់​ដូចជា​​​កំពុង​បង្កើន​វិធាន​ការ​បង្ក្រាប​របស់​​​​រដ្ឋាភិបាល ​​​ដែល​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​​ ដែល​​​នៅក្នុង​ការ​បង្ក្រាប​នោះ មាន​ក្មេង​​​ស្រី​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​ ត្រូវ​​​បាន​​​​​​បាញ់​​​សម្លាប់​​​ ខណៈពេល​​​កម្លាំង​​​សន្ដិសុខ​​២០០នាក់​​​​ ​​​បណ្តេញ​​​ប្រ​​​ជា​ពលរដ្ឋ​​​ចំនួន​​​៦០០​​​គ្រួសារ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​។

លោក​​​ ស្វាយ​​​ សំអាង អភិបាល​​​រង​​​ខេត្ត​​​មណ្ឌល​​​គិរី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា បន្ទាប់ពីប្រជាពល​​​រដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​​សុខចិត្ត​​​ចាក​​​ចេញ​​​ដោយ​​​ខ្លួន​​​ឯង​នោះ​នៅមាន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចំនួន​៦០គ្រួ​សារទៀត ​​​បន្ដ​​​រស់នៅ​​​ក្នុង​​​តំបន់​​​នេះ ។

លោក ស្វាយ សំអាត បាន​​​​​​មាន​​​ប្រសាសន៍​បន្ថែម​ថា “ពេល​​​នេះប្រជាពលរដ្ឋ​​​ចំនួន​​​១២៧​​​គ្រួសារ​​​សុខចិត្ត​រុះ​រើ​​​​ផ្ទះ​​​របស់​​​ខ្លួន​​​ និង​​​បាន​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នេះ​​​រួច​​​ហើយ។ យើង​​​បាន​​​ផ្ដល់​​​ជា​អង្ករ​​​២៥​គីឡូ​ក្រាម​​​ និង​​មី​​​មួយ​​​កេស​​​ឲ្យ​​​ពួក​គាត់។ យើង​​​មិន​​​បាន​​​បង្ខំ​​​ពួកគាត់​​ឲ្យ​​​ចាក​​​ចេញ​​​​នោះទេ”។ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​បាន​​រៀប​រាប់​ពី​រឿងរ៉ាវ​​ផ្សេង​​ទៅ​វិញ គឺកង​​​​កម្លាំង​​​នគរបាល​​​ចល័ត​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយគាប​សង្កត់​ឲ្យ​​​​អ្នក​​​ភូមិ​​ទាំង​នោះ​​​​ចាក​ចេញ និងបានយក​​​រណារ​​​ម៉ាស៊ីន​​​អាររំលំ​ផ្ទះ​​​​​​របស់​​​ពួក​​​គាត់។

អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ថា ដែល​​​​​​បដិ​សេធ​មិន​​​ប្រាប់​​​នាម​​​​ត្រកូលរបស់​​ខ្លួន ព្រោះខ្លាច​​​នគរបាល​រក​រឿង​នោះ បាន​និយាយ​ថា“ ពួក​គេគំរាម​​​យើងថា ប្រសិន​​​បើ​​​យើង​​​មិន​​​ព្រម​​​ចាក​​​ចេញ​​ ឬប្រសិនបើ​​​យើង​​​ហ៊ាន​​​តវ៉ា​នោះ​ពួកគេ​​​នឹង​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ប្រ​​​ដាប់​​​អាវុធ មក​​​​បណ្តេញ​​យើង​ចេញ”  ហើយគាត់​អះអាង​ថា ពួក​គេ​គំរាម​ចាប់​ខ្លួនអ្នក​ភូមិណា​ដែល​និយាយ​ជាមួយ​អ្នក​កាសែត។ គាត់​​​​​​និយាយថា “ពួកគេ​​​​បំផ្លាញ​​​​ផ្ទះ​​​របស់​​​ខ្ញុំ។​​​ពេល​​​នេះ​​​ខ្ញុំ​​​បាន​​​បោះតង់​​​សម្រាប់​​​​ជ្រក​​​”។

គាត់​​​ក៏បាន​​​បញ្ជាក់​​​ផង​​​ដែរថា ​គ្រួសារ​​​ភាគ​ច្រើន​​​បាន​​​ចាក​​​ចេញ​​​រួចហើយ។ ប៉ុន្តែ​​​គាត់​​​​​​បាន ​​​​និយាយថា គាត់និង​​​អ្នក​​​ភូមិ​​​ខ្លះទៀត​ ដែល​ត្រូវ​បាន​​​បង្ខំ​​​ឲ្យ​​​ចេញ​​​ពី​​​ផ្ទះនោះ បាន​​​បោះតង់​​​លើដី​​​​នោះ​សម្រាប់​​​​ស្នាក់​នៅ​។ ឈ្មោះ រិទ្ធ វណ្ណី អ្នកភូមិ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ប្រាំនាក់ ដែល​​​​​​គេច​​​ខ្លួន​​​មក​​​ភ្នំពេញ​កាលពី​​​ថ្ងៃពុធ​​​ដោយ​​​សង្ឃឹម​​​ថា នឹងអាច​​​សុំ​ជំនួយ​​​ពី​​​​អង្គការ​​សិទ្ធិមនុស្ស​​​អាដហុក​​នោះ ​បាន​​​និយាយថា “ អ្នក​​​ភូមិ​​​ទាំង​​​អស់​​​កំពុង​​​ត្រូវ​​​បាន​​​គេ​​​គំរាមចាប់​​​ខ្លួន”។ ​​​អ្នកស្រីបាន​​​បន្ថែម​​​ថា “អ្នក​​​ភូមិ​​​ទាំង​អស់​មាន​​​ការ​​​ភ័​​យខ្លាច​​​ខ្លាំង​​​ណាស់”។

លោក ស្វាយសំអាង បាន​​​មាន​​​ប្រសាសន៍​​​​ថា គ្រួសារ​​​ដែល​​​នៅសេស​​​សល់​​​ទាំង​​​នោះ ​ត្រូវ​​​បាន​​​គេ​​​ទុក​​​ពេល​​​ឲ្យ​​​ពីរ​​​ថ្ងៃទៀត​​​សម្រាប់​​​រុះរើផ្ទះចាក​ចេញ​ ដោយ​​​ពន្យារពេល​​​កំណត់​​​ដែល​​​ត្រូវ​​​បណ្ដេញ​​​ចេញ​​​ដល់​​ថ្ងៃ​​​អាទិត្យ​​​វិញ។

ចាប់​តាំង​​​ពីសប្ដាហ៍មុន​​​មក​​​ម៉្លេះ ​ទាហាន​នគរបាល និង​​​កង​​​រាជអាវុធហត្ថ បាន​​​ដាក់​​​ពង្រាយនៅ​ក្នុង​និងនៅ​ជំុវិញ​ភូមិ​នេះ​ ដែល​​​ស្ថិត​​​ក្នុងដី​​​សម្បទាន​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុនចម្ការ​​​​កៅ​​​ស៊ូ​​​ ប៉ាស៊ីហ្វិក ជ័ញស្ដុក (Pacific Joint Stock)​កាលពី​​​ឆ្នាំ​​​មុន។ អ្នក​​​ភូមិ​​​ខ្លះ​​​បាន​​​អះអាងថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ពួកគាត់​​​ជាច្រើន​​​គ្រួសារ​​​រស់​​​នៅ​​លើ​​​ដី​​​នេះ កាលពី​​​ឆ្នាំ​​​មុន ដែល​ការ ​​​អះ​​​​អាង​​​នេះ ត្រូវបានក្រុម​​​មន្ត្រី​​​បដិសេធ។ ​គ្រួសារ​​​​ខ្លះក៏បាន​​​និយាយថា ពួកគាត់​​​បាន​​​និង​​​កំពុង​​​រស់​​​នៅ​​​​​​លើ​​​ដី​​​នេះតាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​ម៉្លេះ គឺមុន​​​ពេល​​​រដ្ឋា​​​ភិបាល​​​​ប្រគល់​​​​ដី​​​នេះ​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូនេះទៅ​ទៀត។​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​តំណាង​​​របស់​​​ក្រុម​​​ហ៊ុននេះមិនអាច​​​ទាក់​ទង​​​សុំ​​​ការ​បំភ្លឺ​បាន​​​ទេ៕ ប្រែ​​​សម្រួល​​​ដោយ  ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស