កាលពីម្សិលមិញ កងកម្លាំងសន្ដិសុខ និងបុគ្គលិកក្រុមហ៊ុនចម្ការកៅស៊ូរវៀតណាមក្នុងខេត្តមណ្ឌលគិរី បានបណ្ដេញអ្នកភូមិឲ្យចេញពីលំនៅដ្ឋានខ្លួន មុនថ្ងៃកំណត់បណេ្ដញចេញរបស់រដ្ឋាភិបាលនៅថ្ងៃនេះ។
ក្រុមមន្ត្រី និងអ្នកភូមិបាននិយាយថាអ្នកភូមិភាគច្រើនក្នុងចំណោមអ្នកភូមិប្រហែល២០០គ្រួសារនោះ បានចាកចេញរួចហើយ។ដោយមានកម្លាំងសន្ដិសុខជាង៣០០នាក់ដាក់ពង្រាយក្នុង និងនៅជុំវិញភូមិមួយនៅក្នុងស្រុកកោះញែកនោះ ស្ថានភាពនេះហាក់ដូចជាកំពុងបង្កើនវិធានការបង្ក្រាបរបស់រដ្ឋាភិបាល ដែលបានកើតឡើងកាលពីសប្ដាហ៍មុនក្នុងខេត្តក្រចេះ ដែលនៅក្នុងការបង្ក្រាបនោះ មានក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ ខណៈពេលកម្លាំងសន្ដិសុខ២០០នាក់ បណ្តេញប្រជាពលរដ្ឋចំនួន៦០០គ្រួសារចេញពីលំនៅដ្ឋាន។
លោក ស្វាយ សំអាង អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍កាលពីម្សិលមិញថា បន្ទាប់ពីប្រជាពលរដ្ឋចំនួន១២៧គ្រួសារសុខចិត្តចាកចេញដោយខ្លួនឯងនោះនៅមានប្រជាពលរដ្ឋចំនួន៦០គ្រួសារទៀត បន្ដរស់នៅក្នុងតំបន់នេះ ។
លោក ស្វាយ សំអាត បានមានប្រសាសន៍បន្ថែមថា “ពេលនេះប្រជាពលរដ្ឋចំនួន១២៧គ្រួសារសុខចិត្តរុះរើផ្ទះរបស់ខ្លួន និងបានចាកចេញពីតំបន់នេះរួចហើយ។ យើងបានផ្ដល់ជាអង្ករ២៥គីឡូក្រាម និងមីមួយកេសឲ្យពួកគាត់។ យើងមិនបានបង្ខំពួកគាត់ឲ្យចាកចេញនោះទេ”។
ប៉ុន្តែអ្នកភូមិបានរៀបរាប់ពីរឿងរ៉ាវផ្សេងទៅវិញ គឺកងកម្លាំងនគរបាលចល័តពីផ្ទះមួយទៅផ្ទះមួយគាបសង្កត់ឲ្យអ្នកភូមិទាំងនោះចាកចេញ និងបានយករណារម៉ាស៊ីនអាររំលំផ្ទះរបស់ពួកគាត់។អ្នកភូមិម្នាក់ឈ្មោះ ថា ដែលបដិសេធមិនប្រាប់នាមត្រកូលរបស់ខ្លួន ព្រោះខ្លាចនគរបាលរករឿងនោះ បាននិយាយថា“ ពួកគេគំរាមយើងថា ប្រសិនបើយើងមិនព្រមចាកចេញ ឬប្រសិនបើយើងហ៊ានតវ៉ានោះពួកគេនឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធ មកបណ្តេញយើងចេញ” ហើយគាត់អះអាងថា ពួកគេគំរាមចាប់ខ្លួនអ្នកភូមិណាដែលនិយាយជាមួយអ្នកកាសែត។គាត់និយាយថា “ពួកគេបំផ្លាញផ្ទះរបស់ខ្ញុំ។ពេលនេះខ្ញុំបានបោះតង់សម្រាប់ជ្រក”។
គាត់ក៏បានបញ្ជាក់ផងដែរថា គ្រួសារភាគច្រើនបានចាកចេញរួចហើយ។ ប៉ុន្តែគាត់បាននិយាយថា គាត់និងអ្នកភូមិខ្លះទៀត ដែលត្រូវបានបង្ខំឲ្យចេញពីផ្ទះនោះ បានបោះតង់លើដីនោះសម្រាប់ស្នាក់នៅ។
ឈ្មោះ រិទ្ធ វណ្ណី អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិប្រាំនាក់ ដែលគេចខ្លួនមកភ្នំពេញកាលពីថ្ងៃពុធដោយសង្ឃឹមថា នឹងអាចសុំជំនួយពីអង្គការសិទ្ធិមនុស្សអាដហុកនោះ បាននិយាយថា “ អ្នកភូមិទាំងអស់កំពុងត្រូវបានគេគំរាមចាប់ខ្លួន”។ អ្នកស្រីបានបន្ថែមថា “អ្នកភូមិទាំងអស់មានការភ័យខ្លាចខ្លាំងណាស់”។
លោក ស្វាយសំអាង បានមានប្រសាសន៍ថា គ្រួសារដែលនៅសេសសល់ទាំងនោះ ត្រូវបានគេទុកពេលឲ្យពីរថ្ងៃទៀតសម្រាប់រុះរើផ្ទះចាកចេញ ដោយពន្យារពេលកំណត់ដែលត្រូវបណ្ដេញចេញដល់ថ្ងៃអាទិត្យវិញ។
ចាប់តាំងពីសប្ដាហ៍មុនមកម៉្លេះ ទាហាននគរបាល និងកងរាជអាវុធហត្ថ បានដាក់ពង្រាយនៅក្នុងនិងនៅជំុវិញភូមិនេះ ដែលស្ថិតក្នុងដីសម្បទានទៅឲ្យក្រុមហ៊ុនចម្ការកៅស៊ូ ប៉ាស៊ីហ្វិក ជ័ញស្ដុក (Pacific Joint Stock)កាលពីឆ្នាំមុន។
អ្នកភូមិខ្លះបានអះអាងថា អាជ្ញាធរមូលដ្ឋានបានអនុញ្ញាតឲ្យពួកគាត់ជាច្រើនគ្រួសាររស់នៅលើដីនេះ កាលពីឆ្នាំមុន ដែលការអះអាងនេះ ត្រូវបានក្រុមមន្ត្រីបដិសេធ។ គ្រួសារខ្លះក៏បាននិយាយថា ពួកគាត់បាននិងកំពុងរស់នៅលើដីនេះតាំងពីឆ្នាំ២០០៩មកម៉្លេះ គឺមុនពេលរដ្ឋាភិបាលប្រគល់ដីនេះទៅឲ្យក្រុមហ៊ុនចម្ការកៅស៊ូនេះទៅទៀត។តំណាងរបស់ក្រុមហ៊ុននេះមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕
ប្រែសម្រួលដោយ ហម សុផាណ្ណា