27 C
Phnom Penh

ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិ​រក្ស​ក្តាម​ធ្វើ​ឲ្យ​ទិន្ន​ផល​ និងតម្លៃ​ក្តាមនៅ​លើ​ទី​ផ្សារ​មាន​ការ​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​​ឲ្យ​ដឹង ​កាល​ពី​ថ្ងៃ​ពុធ​ថា​ គុណភាព​និង​តម្រូវ​ការ​​ក្តាម​នៅ​លើ​ទី​ផ្សារ​អន្តរជាតិកើន​​ឡើង​ ​ធ្វើ​ឲ្យ​តម្លៃ​ក្តាម​មាន​ការ​កើនឡើង​ ក្នុង​​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។​ នៅ​តាម​ខេត្ត​មួយ​ចំនួន​តម្លៃ​ក្តាម​​កើន​ឡើង​ដល់៦៦​ភាគ​រយ​ ក្នុងរយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ។

លោក​ គឺន​ គិរី​ នាយ​ជលផល​ខេត្ដ​កោះ​កុង​បាន​មាន​ប្រសាសន៍​ថា អ្នក​នេសាទ​នៅ​ខេត្ត​កោះ​កុងកំពុង​លក់​ក្ដាម​​តម្លៃ​ប្រាំ​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ ដោយ​កើន​ឡើង​ពី​ឆ្នាំ​ទៅ​ ដែល​មាន​តម្លៃ​តែ​បី​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ​ក្រាម​ ដោយ​អ្នក​នេសាទ​ជ្រើស​រើស​លក់​តែ​ក្ដាម​ធំៗ​ប៉ុណ្ណោះ​ ហើយ​យក​ក្ដាម​ញីដែល​មាន​ពង​ទៅ​កន្លែង​ភ្ញាស់​ក្តាម​តាម​មូលដ្ឋាន​។

​តំបន់​អភិរក្ស​ចំនួន​ប្រាំបី​កន្លែង​ ដែលតំបន់​​នីមួយ​ៗ​មាន​ផ្ទៃ​ដី​ចាប់​ពី​៩.០០០​ហិកតា​ទៅ​២០.០០០​ហិកតា ត្រូវ​បាន​គេ​បង្កើត​ឡើង​ក្នុង​ខេត្ត​កោះ​កុង​។តំបន់​អភិរក្ស​ទាំងនេះ​ រួម​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ការ​អប់​រំ​ស្ដី​ពី​វិធី​បង្កើន​គុណភាព​​គ្រឿង​សមុទ្រ​ផងដែរ​នោះ​ បាន​ផ្តល់​ផលប្រយោជន៍​សម្រាប់​ក្រុម​អ្នក​នេសាទនៅ​ក្នុង​ខេត្ត​កោះ​កុង​។

លោក​ គឺន​ គិរីបាន​ឲ្យ​ដឹង​ថា “បច្ចុប្បន្ន​នេះ​ក្រុម​គ្រួសារ​របស់​អ្នក​នេសាទ​ទាំង​អស់​មាន​ការ​យល់​ដឹង​អំពី​វិធី​សាស្ត្រ​អភិរក្ស​ក្ដាម​នៅ​ក្នុង​តំបន់​ដែល​ពួកគាត់​​នេសាទ​ ដោយ​ពួកគាត់​​ជ្រើស​រើស​តែក្ដាម​ធំៗ​យក​ទៅ​លក់​”។

ទោះ​បី​ជា​លោក​ គឺន គិរី  មិនបាន​ដឹងច្បាស់​អំពី​បរិមាណ​ក្ដាម​ ដែល​គេ​កំពុង​លក់​ចេញឬ​ចិញ្ចឹម​ក៏​ដោយ​ ក៏​លោកមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​  ការ​កើន​ឡើង​តម្លៃ​ប្រេង​សាំង​ក៏​កំពុង​តែ​ប៉ះ​ពាល់​ដល់​តម្លៃ​ក្ដាម​ផង​ដែរ​។ ក្ដាម​ដែល​មាន​ទំហំ​អាច​លក់​បាន​ប្រមាណ​៨០​ភាគរយ​ត្រូវបាន​គេ​នាំ​ចេញទៅ​​កាន់​​ប្រទេស​ថៃ​​ ចំណែក​ឯ​ចំនួន​សល់​ពី​នេះ​ត្រូវ​នាំ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​”។

អ្នក​ស្រី ​នួ​ ចៃ​ ប្រធាន​សហគមន៍​អភិរក្ស​ក្ដាម​នៅស្រុក​ស្រែ​អំបិល​ ក្នុង​ខេត្ត​កោះ​កុង​ បាន​និយាយ​ថា​ ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​ក្ដាម​​ធ្វើ​ឲ្យ​ទិន្នផល​ក្ដាម​សម្រាប់​អ្នក​នេសាទ​​មាន​ការ​កើន​ឡើង​ចន្លោះ​ពី​៧​ទៅ​១០​គីឡូ​ក្រាម​​ក្នុង​មួយ​ថ្ងៃ​កាល​ពី​ឆ្នាំ​ទៅ​ ដល់​ចន្លោះ​ពី​១០​ទៅ​២០​គីឡូក្រាម​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ​។អ្នកស្រី​ នួ​ ចៃ​ ​ឲ្យ​ដឹង​ថា​ “​ចំនួន​ក្ដាម​កំពុង​តែកើន​ឡើង​នៅទី​នេះ​ ដោយ​សារ​តែ​មាន​ការ​អភិរក្ស​កាន់​តែ​ប្រសើរ​ជាង​មុន​ពីសំណាក់​អ្នក​នេសាទ​ប្រមាណ​២៥២​គ្រួសារ”។​

យោង​តាម​លោក ពឿន ​ផល្លានាយ​ជល​ផល​ខេត្ត​កែប​ បាន​ឲ្យ​ដឹង​ថា ចំនួន​ក្ដាម​នៅក្នុង​ខេត្តកែប​ ក៏​កំពុង​តែកើន​ឡើង​ផង​ដែរ​ ហើយ​លោក​បន្ថែម​ថា​ ចំនួន​ក្ដាម​បាន​កើន​ឡើង​ដល់​ទៅ​បួន​ដង​ក្នុង​រយៈ​ពេល​១២​ខែ​កន្លង​ទៅ​នេះ​។

លោក​ ពឿន ផល្លា បាន​មាន​ប្រសាសន៍​ថា“​ក្ដាម​នៅខេត្ត​កែប​មាន​រសជាតិ​ឆ្ងាញ់​ជាង​ក្ដាម​នៅ​ខេត្ត​កោះកុង​ និងខេត្ត​កំពតដូច្នេះ​តម្លៃ​ក៏​ថ្លៃ​ជាង​ដែរ​”  ដោយ​លោក​បន្ថែម​ថា​ ទោះបី​ជា​លោក​មិនដឹង​ច្បាស់​អំពី​បរិមាណ​ក្ដាម​ដែលកសិករ​ចិញ្ចឹម​បាន​ក៏ដោយ​ ក៏​លោក​បាន​ឲ្យ​ដឹង​ថា ​ទិន្នផល​ក្ដាម​បាន​កើន​ឡើងយ៉ាង​​ច្រើន​ ហើយ​ត្រូវ​បាន​លក់​ចេញ​ក្នុង​តម្លៃរហូត​ដល់​១០​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។

យោង​តាម​អាជីវករ​លក់​ក្ដាម​នៅ​ផ្សារ​អូឫស្សី​ឈ្មោះ ស៊ុំ ឌី បាន​ឲ្យដឹង​ថា ដោយ​តម្លៃ​ក្ដាម​កំពុង​តែ​កើន​ឡើង​ តម្លៃ​ក្ដាម​នៅក្នុង​​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ពី​​តម្លៃ​៨,៧៥ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​កាល​ពី​ឆ្នាំទៅ​ដល់​តម្លៃ​១២,៥​ដុល្លា​រ ក្នុង​មួយគីឡូក្រាម​ក្នុងពេល​បច្ចុប្បន្ន​នេះ​៕

ប្រែសម្រួលដោយហួងកុកទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស