តំណាងសហជីពបានឲ្យដឹងកាលពីថ្ងៃពុធថា កម្មករប្រមាណ៣០០នាក់មកពីរោងចក្រក្នុងរាជធានីភ្នំពេញមួយកន្លែង ដែលដំឡើងទោចក្រយានយន្ត ហុងដា បានធ្វើបាតុកម្មកាលពីថ្ងៃពុធ ដើម្បីទាមទារឲ្យរោងចក្រទទួលយកតំណាងសហជីពរបស់ពួកគេចូលធ្វើការជាធម្មតាវិញ តាមបទបញ្ជារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោក យឿង សុភារ៉ា មន្ត្រីផ្នែកច្បាប់នៅសហភាពការងារកម្ពុជាបានឲ្យដឹងថា សហភាពការងារកម្ពុជា បានជួយជ្រោមជ្រែងក្នុងការបង្កើតសហជីពថ្មីមួយកាលពីខែធ្នូកន្លងទៅនេះនៅឯក្រុមហ៊ុន Honda NCX ក្នុងខណ្ឌពោធិ៍សែនជ័យ ដោយហៅសហជីពថ្មីនេះថា សហជីពនយោជិតប្រជាធិបតេយ្យក្រុមហ៊ុនអិុនស៊ីអុិក្ស (Democratic Employee Union of NCX Company)។ ប៉ុន្តែបន្ទាប់ពីបានបង្កើតសហជីពថ្មីនេះរួចមក មេដឹកនាំសហជីព អគ្គលេខាធិការ ព្រមទាំងសកម្មជនសហជីពពីរនាក់ទៀត ត្រូវបានបណ្តេញចេញពីការងារ។
លោក គុណ រី អនុប្រធានសហជីពថ្មីនេះ បានលើកឡើងថា ប្រធានរដ្ឋបាលរោងចក្រ បានជំទាស់នឹងបទបញ្ជា ដែលចេញដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលកាលពីខែមីនា ដែលបញ្ជាឲ្យរោងចក្រទទួលយកតំណាងសហជីពចំនួនបួននាក់ចូលធ្វើការវិញ។
ក្រុមកម្មករក៏កំពុងតែធ្វើបាតុកម្មទាមទារ ឲ្យគេទទួលយកលោក អ៊ុច សុភាព ជាអតីតមេដឹកនាំសហជីពមួយផ្សេងទៀតចូលមកធ្វើការនៅរោងចក្រនេះវិញដែរ។ លោក គុណ រី បានឲ្យដឹងថា លោក អ៊ុច សុភាព ត្រូវបានបណ្តេញចេញដោយសារតែក្រុមហ៊ុនមានការរើសអើងចំពោះរូបគាត់។
លោក គុណ រី បាននិយាយបន្ថែមទៀតថា “គោលបំណងចម្បងរបស់យើងគឺ ទាមទារឲ្យគេទទួលយកអ្នកទាំងប្រាំនេះចូលមកធ្វើការក្នុងរោងចក្រជាធម្មតាវិញ” ដោយលោកបានបន្ថែមទៀតថា ការទាមទារផ្សេងៗទៀតពីសំណាក់ក្រុមកម្មករ រួមមានប្រាក់ឈ្នួលបន្ថែមចំនួនប្រាំដុល្លារ ព្រមទាំងទឹកប្រាក់ក្នុងមួយខែចំនួន២០ដុល្លារទៀត សម្រាប់រយៈពេល១៨ខែ ជូនដល់ស្ត្រី ដែលទើបតែសម្រាលកូនរួច។
លោក អ៊ុច សុភាព បានបន្ថែមទៀតថា សហភាពការងារកម្ពុជាបានចេញសេចក្តីបញ្ជាក់មួយ ដោយស្នើសុំឲ្យមានការចរចាគ្នាជាមួយក្រុមហ៊ុន Honda NCX កាលពីថ្ងៃទី៩ ខែឧសភា ប៉ុន្តែក្រុមហ៊ុនបានព្រងើយកន្តើយនឹងសំណើនេះ។
លោកបាននិយាយថា “ក្រុមហ៊ុនរើសអើងចំពោះសហជីព និងកម្មករ ដែលហ៊ានទាមទារផលប្រយោជន៍សម្រាប់ក្រុមកម្មករដែលធ្វើការនៅរោងចក្រនេះ ដោយបានបណ្តេញពួកគេ និងបិទសិទិ្ធមិនឲ្យពួកគេនិយាយស្តី”។
លោក អាត់ សេងនី ប្រធានរដ្ឋបាលរោងចក្របានលើកឡើងថា រោងចក្របដិសេធមិនព្រមទទួលយកតំណាងសហជីពឲ្យចូលធ្វើការវិញ ដោយសារតែបច្ចុប្បន្ននេះសង្វាក់ផលិតកម្មបានធ្លាក់ចុះ។
លោក សេងនី បាននិយាយថា “ក្រុមប្រឹក្សាអាជា្ញកណ្តាលចង់ឲ្យយើងទទួលយកអ្នកទាំងនេះត្រឡប់មកវិញ ប៉ុន្តែតើឲ្យយើងទទួលយកពួកគេមកវិញម្តេចកើតទៅ បើតម្រូវការផលិតផលរបស់យើងកំពុងតែធ្លាក់ចុះ ហើយសង្វាក់ផលិតកម្មរបស់យើងទៀតសោតក៏ថយចុះដែរនោះ?”
លោក សេងនី បានបន្ថែមទៀតថា ការចរចាគ្នាបានប្រព្រឹត្តទៅ កាលពីថ្ងៃពុធ នៅឯសាលារាជធានីភ្នំពេញ រវាងក្រុមហ៊ុន និងតំណាងសហជីពចំនួនប្រាំមួយនាក់ ក៏ប៉ុន្តែពំុបានទទួលលទ្ធផលជាផ្លែផ្កាទេ ហើយការចរចាគ្នានឹងបន្តដល់ពេលក្រោយទៀត៕
ប្រែសម្រួលដោយ ហួង កុកទៀន