35 C
Phnom Penh

សហរដ្ឋ​​​អាមេរិក​​​ថា ​​​ប្រទេស​​​កម្ពុជា​​​នៅ​តែ​មាន​ការ​​​រំលោភ​​​សិទ្ធិមនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​លើក​​​ឡើង​​​នៅ​ក្នុង​​​របាយការណ៍​​​ ស្តីពីសិទ្ធិ​មនុស្ស​​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​មួយ ដែល​​​បាន​​​ផ្សព្វ​ផ្សាយ​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា កំណត់​ត្រា​ស្តី​ពី​សិទ្ធិ​​​មនុស្ស​​​របស់​​​ប្រទេស​​​កម្ពុជា​​​ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ បានធ្លាក់ចុះ​ដោយសារ​​​ប្រព័ន្ធ​​​យុត្តិធម៌​​ពុក​​​រលួយ បញ្ហា​កង្វះ​​​ធន​​​ធាន​​​ហិរញ្ញវត្ថុ​​​ អសមត្ថ​ភាព​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ដី​​​ធ្លី​​​ ដ៏​​​ហិង្សា​​​ ហើយ​​​​កងកម្លាំង​សន្ដិសុខ​​​ មានជាប់ពាក់ព័ន្ធ​នឹង​​អំពើ​​​មនុស្ស​ឃាត​​​។

ខណៈ​​​ដែល​​​​ឆ្នាំ​ទៅ​មិនមាន​​​ការ​​​ចាប់​​​ដាក់​​​ពន្ធ​​​នាគារ​​​ និង​​​អំពើ​​​មនុស្សឃាត ដោយ​សារ​រឿង​​​នយោបាយទេ​​​​​​ តែរបាយការណ៍​​​នេះ​​​បាន​​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរបាល​​​ក្នុងប្រទេស​កម្ពុជា​​​ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​ជា​​​រឿយៗ​​​ថា​​​បានធ្វើ​​​​ទណ្ឌកម្ម​​​ទាំង​​​ផ្លូវ​​​កាយ ​​​និង​​​ផ្លូវ​​​ចិត្ត​​​មកលើអ្នកទោស​​​ ហើយ​​​ការ​​​រំលោភ​​​សិទ្ធិ​មនុស្ស​​​ដោយ​​​មន្ដ្រីនគរបាល ​​​កម្រ​​​ត្រូវ​​​បាន​​​គេ​​​ផ្ដន្ទាទោស​​​ណាស់​​​។

ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​​លើក​ឡើង​ទៀត​​​ថា “ ការ​​​ទាត់​​​ធាក់​​​ ដាល់​​​ ការ​​វាយ​​​នឹង​​​កំាភ្លើង​​​ខ្លី​​​ ត្រូវ​​​បាន​​​គេ​​​រាយការណ៍​​​មក​ថា ជា​​​វិធី​​​សាស្ត្រ​​​រំលោភ​​​បំពាន​​​ខាង​ផ្លូវកាយ​ដែល​ត្រូវ​បាន​​គេ​​​ប្រើ​​​ជាញឹក​​​ញាប់​​​បំផុត​​​ ប៉ុន្ដែ​ការធ្វើ​ទារុណកម្មដោយ​ឆក់​ខ្សែ​ភ្លើង​ ជ្រមុជ​ទឹក​ វាយ​ដំ​នឹង​ដំបង​ ព្រម​ទាំង​វាយ​នឹង​ខ្សែ​ភ្លើង​ ក៏ត្រូវ​បាន​ប្រើ​ប្រាស់​នៅក្នុង​ពន្ធនាគារ​ផង​ដែរ​”។

ការ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពេល​មាន​ការ​បណ្ដេញ​​ប្រជា​ពលរដ្ឋចេញ​ពី​លំនៅ​​ដ្ឋាន​ដ៏​ហិង្សា​មួយ​នាពេល​ថ្មី​ៗ​នេះ​នៅក្នុង​ខេត្ត​ក្រចេះ​ ដែល​កង​កម្លាំង​សន្តិ​សុខ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ ព្រម​ទាំង​មាន​ការ​ចាប់​ខ្លួន​ស្ត្រី​ចំនួន​១៣​នាក់​មក​​ពី​សហគមន៍​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ ដោយបានផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​​ម្នាក់​ៗ​​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​​ចូល​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​ និងប្រព្រឹត្តអំពើ​បះបោរ​មាន​ស្ថានទម្ងន់ទោស នៅពេល​ពួក​គេតវ៉ា​ទាម​ទារ​​​ដី​ធ្លីរបស់ខ្លួន។

យោង​តាម​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ឆ្នាំ​២០១១ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​នានា​ត្រូវបាន​គេ​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ហើយ​នោះ​ អ្នក​ទាំង​នោះ​តែង​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ទៅ​វិញ​​ ចំណែក​ឯ​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បង្ខិត​បង្ខំ​ឲ្យឆ្លើយសារភាពថា​ ជាប់​ពិរុទ្ធភាព​ ដើម្បី​ធ្វើជា​ភស្ដុតាង​ក្នុង​ពេល​បើក​សវនាការ​កាត់​ទោស​​ពួក​គាត់​។

របាយការណ៍​នេះ​បាន​ឲ្យដឹង​ថា​ “ ​តុលាការ​បាន​ប្រើ​ប្រាស់​ចម្លើយ​សារភាព​ ដែល​ទទួល​បាន​ដោយ​ការ​បង្ខិត​បង្ខំ​ មក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ពេល​បើក​សវនាការ​ ទោះ​បី​ជា​មាន​ការ​ហាម​ប្រាម​ដោយ​ច្បាប់​ថា ​មិន​អាច​យក​ជា​ការ​បាន​ក៏​ដោយ​”។

ជា​ឧទាហរណ៍ មាន​រឿង​​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​ នៅ​ពេល​​សាលាដំបូង​ខេត្ត​កំពង់​ធំ​បាន​បិទ​សំណុំ​រឿង​មួយ​ប្រឆាំង​នឹង​មន្ត្រី​នគរ​បាល​នៅ​​ស្រុក​បារាយណ៍​ ដែល​គេ​បាន​ចោទ​ថា បាន​វាយ​ធ្វើ​​បាប​ ព្រម​ទាំង​ឆក់​ខ្សែ​ភ្លើង​បុរស​ម្នាក់​ ដើម្បី​ឲ្យឆ្លើយសារភាព​​ ក្នុង​ករណី​វាយ​ដំ​គ្នា​មួយ​នៅ​តាម​ដង​ផ្លូវ​។

របាយ​ការណ៍នេះ​បាន​លើក​ឡើងទៀត​ថាតុលា​ការ​មិនគ្រាន់​តែ​រង​ឥទ្ធិពល​ដោយ​សារ​ការបង្ខំ​យក​ចម្លើយ​​តាម​រយៈ​ការ​ធ្វើ​ទារុណ​កម្មប៉ុណ្ណោះ​ទេ​។ ក៏​ប៉ុន្ដែ​កាល​ពី​ឆ្នាំ​ទៅ​កង្វះ​ចៅក្រម​ក៏បានបណ្ដាល​ឲ្យ​មាន​ការ​ពន្យារ​ពេល​​បើក​​សវនាការ​ជំនុំជម្រះក្តីផងដែរ ចំណែក​ឯ​ប្រាក់​​ខែ​តិច​តួច​ព្រម​ទាំង​ការ​បណ្ដុះ​បណ្ដាល​មិន​បាន​គ្រប់​គ្រាន់​ ក៏​ជា​ចំណែក​មួយ​ ដែល​ធ្វើ​ឲ្យ​ជនជាប់​ចោទ​កំពុង​​តែត្រូវ​បានគេ​អនុញ្ញាត​ឲ្យ​រួច​ផុត​ពី​ការ​ផ្តន្ទាទោស ដោយ​សារ​តែ​អំពើ​ពុក​រលួយ​​ និង​កង្វះ​ប្រសិទ្ធភាពផង​ដែរ​។

របាយការណ៍​នេះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ​ការ​រឹត​បន្ដឹង​ចំពោះ​សេរីភាព​ជួប​ជុំ​គ្នា​ ​កំពុង​តែ​បន្ដ​កើត​មាន​ ចំណែក​ឯករណី​បណ្ដេញ​​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ ក៏​បាន​កើន​ឡើង​​ផង​ដែរ ​កាល​ពី​ឆ្នាំ​ទៅ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០​។ យោង​តាម​របាយ​ការណ៍​នេះបាន​ឲ្យ​ដឹង​ថា ​ដូច​ដែលតែង​តែ​កើត​មាន​ក្នុង​ពេល​មុន​ៗ​ដែរ​ ការ​សូក​ប៉ាន់​នៅ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ ទោះ​បី​ជា​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ទើេបតែបាន​បង្កើត​ឡើង ​នា​ពេល​ថ្មី​ៗ​នេះ​ បាន​ចាប់​ខ្លួន​ឧត្ដម​សេនីយ៍ មឹក ​តារា អតីត​នាយ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​របស់​ប្រទេស​កម្ពុជា​ ពី​បទ​ប្រព្រឹត្ត​អំពើពុក​រលួយ​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ក៏​ដោយ​។ តាំង​ពី​ពេល​នោះ​មក​ អតីត​នាយ​នគរ​បាល​រូប​នេះ​បាន​ត្រូវផ្តន្ទា​ទោសឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ បន្ទាប់​ពី​បានបើក​សវនាការ​ផ្តន្ទា​ទោស​ដ៏​យូរ​នេះ​ បាន​ស្ដែង​ឲ្យ​ឃើញ​នូវ​កម្រិត​បទ​ឧក្រិដ្ឋ​ នៅក្នុង​នាយ​កដ្ឋាន​​របស់​គាត់​ព្រម​ទាំង​នៅក្នុង​ចំណោម​មន្ត្រី​អនុវត្ត​ច្បាប់​ដទៃ​ទៀតនៅ​ក្នុង​ជួរ​កង​កម្លាំង​នគរបាល​ជាតិ​។

ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​នៅក្នុង​របាយការណ៍​នេះ​ថា ​គេ​គិត​ថា​ អំពើ​ពុក​រលួយ​មាន​សភាព​ធ្ងន់​ធ្ងរ​ ​ហើយ​​រីក​រាល​ដាល​គ្រប់​ស្ថាប័នសង្គម​ទាំង​អស់​ ​រួម​មានស្ថា​ប័ននីតិប្រតិបត្តិ​ ស្ថាប័ន​នីតិ​បញ្ញត្តិនិង​ស្ថាប័នតុលាការ​នៃ​រដ្ឋាភិបាល​។

មាន​របាយ​ការណ៍​ជា​ច្រើនឲ្យ​ដឹង​ថា ​មន្ត្រី​នគរ​បាល​ ព្រះ​រាជអាជ្ញា​ ចៅក្រម​ស៊ើបអង្កេត​និង​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ទទួល​សំណូក​​ពី​សំណាក់​ម្ចាស់​ក្រុម​ហ៊ុន​នានា​ ដែល​រក​ស៊ី​ខុស​ច្បាប់​”។

លោក​ ម៉ក់​ សម្បត្តិ ​អនុ​ប្រធាន​គណៈកម្មា​ធិការ​​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ និង​ចំណាប់​អារម្មណ៍​​របស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ផ្អែក​​លើ​ទិដ្ឋភាព​មួយ​ជ្រុង​ប៉ុណ្ណោះ។

លោក ​ម៉ក់​ សម្បត្តិ ​បាន​មាន​ប្រសាសន៍​ថា “មិនមាន​ករណី​ដែល​ថាអាជ្ញា​ធរ​បាន​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ​”។  លោក​បាន​បន្ថែម​ទៀត​ថា “ ប្រទេស​របស់​​យើង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ ដោយ​ផ្អែក​​លើ​ច្បាប់​ និង​យន្តការ​ទូទៅ​។កុំ​មើល​តែ​លើ​ទិដ្ឋភាព​មួយ​ ប៉ុន្ដែ​ត្រូវ​មើល​លើ​ស្ថានភាព​ទូទៅ”៕

ប្រែ​សម្រួល​ដោយ ហួងកុកទៀន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស