31 C
Phnom Penh

តុលាការ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់​ចំពោះ​ការ​​ចោទ​ប្រកាន់​​សកម្មជន​​ជា​ព្រះសង្ឃ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ដ្រី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មួយ​រូប​កាល​ពី​ម្សិលមិញ​ បាន​បដិសេធ​មិន​ព្រម​បង្ហាញ​ពី​មូល​ហេតុ​នៃ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាល​ពី​ខែ​កុម្ភៈ​ប្រឆាំង​នឹង​សកម្មជន​ដ៏​ល្បី​ឈ្មោះ​ គឺព្រះ​តេជគុណ​ លួន សុវ៉ាត រី​ឯ​​ក្រសួង​យុត្តិធម៌​បាន​អះ​អាង​ថា ខ្លួន​មិន​បាន​ដឹង​អំពី​ករណី​ចោទ​ប្រកាន់​ចំពោះ​​ព្រះ​សង្ឃ​​​អង្គ​នេះទេ​។

យោង​តាម​សំណុំ​ឯកសារ​ចុះ​ថ្ងៃ​ទី​១៤ខែ​កុម្ភៈ ដែល​ចុះ​ហត្ថលេខា​ដោយ​​លោក ឌុចគឹមសន ​ចៅ​ក្រម​ស៊ើប​សួរ​របស់​​​សាលា​ដំបូងរាជធានីភ្នំពេញបាន​ឲ្យ​ដឹង​ថា ព្រះតេជគុណ​ លួន សុវ៉ាត ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​​ប្រព្រឹត្ត​បទ​ល្មើស​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។

ច្បាប់​ចម្លង​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​ បាន​បង្ហាញ​ថា សំណុំ​ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ផ្ញើ​ទៅ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាល​​ពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ហើយ​បន្ទាប់​មក ​សំណុំ​ឯកសារ​នោះ​ត្រូវបាន​​​បញ្ជូន​បន្ដ​ទៅ​​ឲ្យ​ក្រសួង​ធម្មការ​ និង​សាសនា​ កាល​​​ពី​ខែ​មីនា​។

កាល​ពី​ថ្ងៃ​សុក្រ​ មួយ​ថ្ងៃ​បន្ទាប់​ពី​នគរ​បាល​​បាន​ចាប់​ព្រះ​អង្គ​បញ្ចូល​ក្នុង​រថយន្ដ ​នៅ​ពេល​ព្រះ​អង្គ​ថត​រូប​ភាព​​វីដេអូ​ពីសកម្មភាព​របស់​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញនោះ​ ព្រះ​តេជគុណលួន​ សុវ៉ាត​ ត្រូវ​បាន​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​មួយ​អង្គ​ប្រាប់​ថាព្រះ​អង្គ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​។

ប៉ុន្ដែ​ មន្ត្រី​តុលាការ​ និង​មន្ត្រី​ក្រសួង​កាល​ពី​ម្សិល​មិញ​បាន​លើក​ឡើង​ថាពួក​គេ​មិន​អាច​រៀបរាប់​លម្អិត​អំពី​ការ​ចោទ​ប្រកាន់​ពីបទ​​ញុះញង់​នេះ​​បាន​ទេ ដោយ​មន្ត្រី​ជាន់​ខ្ពស់​មួយ​​ចំនួន​បាន​អះអាង​ថាពួក​គេ​មិន​ដែល​បាន​ដឹង​ពីការ​ចោទ​ប្រកាន់​កាល​ពី​ប៉ុន្មាន​ខែ​មុន​​ទេ​។

លោកសំប្រជាមានិតប្រធាន​ខុទ្ទកា​ល័យក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា “ យើង​​មិន​ទាន់​​ឃើញ​សំណុំ​ឯកសារ​របស់​តុលាការ​​នៅ​ឡើយ​ទេ​ ហើយ​អ្វីៗ​វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​តុលាការ​។ វា​មិន​ពាក់​ព័ន្ធ​នឹង​ក្រសួង​យុត្តិធម៌​នោះ​ទេ”។ ចៅក្រម​ស៊ើប​សួរ​ លោក ឌុច គឹមសន ​​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​អំពី​ការចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្មជន​ជាព្រះសង្ឃ​អង្គ​នេះទេ​។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​សួរ​អំពី​សុពលភាព​នៃការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​​ប្រឆាំង​នឹង​ព្រះតេជគុណលួនសុវ៉ាតដោយ​ហៅ​​ការ​ចោទ​ប្រកាន់​នេះ​​ថាគ្មាន​មូលដ្ឋាន។

លោក​ អំសំអាត​ អ្នក​គ្រប់គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា “ ​ខ្ញុំ​មិន​យល់​អំពី​មូលហេតុ​ដែល​តុលាការ​ចោទ​ប្រកាន់​ព្រះអង្គ​នោះ​ទេ​ ពី​ព្រោះ​ខ្ញុំ​បាន​ឃើញ​សកម្មភាព​របស់​ព្រះអង្គ​។

ព្រះអង្គ​គ្រាន់តែ​បាន​ចូល​រួម​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​ជួយ​គាំទ្រ​ដល់​អ្នក​តវ៉ាក្នុង​ជម្លោះ​ដីធ្លី​តែ​ប៉ុណ្ណោះ​។ លោកអំសំអាត​ បាន​បន្ថែម​ថា “ នៅក្នុង​សកម្មភាព​របស់​ព្រះអង្គ​ ព្រះអង្គ​មិនបាន​ញុះ​ញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​បទ​ល្មើស​ណា​មួយ​នោះ​ទេ”។

សកម្មភាព​របស់​ព្រះតេជគុណ​ លួនសុវ៉ាត​ដែល​ជា​អ្នក​តស៊ូមតិ​​សិទ្ធិ​មនុស្ស​ក្នុង​ជម្លោះ​ដីធ្លី​ជា​យូរ​មក​ហើយនោះ បាន​ធ្វើឲ្យ​មន្ត្រី​សាធារណៈ​មួយ​ចំនួន​មាន​ការ​ខឹង​សម្បាយ៉ាង​ខ្លាំង​។ព្រះអង្គ​ត្រូវ​បាន​អន្ដរជាតិ​កោត​សរសើរ​ចំពោះ​សកម្មភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​នៅក្នុង​ប្រទេស​កម្ពុជា​ព្រះអង្គ​ត្រូវ​បាន​មន្ត្រីសង្ឃ​មួយ​ចំនួន​រិះគន់​ម្ដង​ហើយ​ម្ដង​ទៀត​ពី​វត្ត​មាន​របស់​ព្រះអង្គ​នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹប​អូស​ដីធ្លី​។

ព្រះតេជគុណលួនសុវ៉ាតមិន​អាច​ទាក់​ទង​សុំ​សេចក្ដីអត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញប៉ុន្ដែ​កាល​ពី​ថ្ងៃ​សុក្រ​ ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថាព្រះអង្គ​កំពុង​តែ​ពិចារណា​ ថា តើ​គួរ​តែ​ចាក​ចេញ​ពី​ប្រទេស​ ឬក៏​អត់​ ពី​ព្រោះ​ព្រះអង្គ​ព្រួយ​បារម្ភ​ថា ព្រះអង្គ​មិន​អាច​​ទទួល​បាន​ការ​កាត់​ទោស​ដោយ​យុត្តិធម៌​ទេ​នៅ​ទី​នេះ។

ព្រះតេជគុណ​ ឃឹម សន​ ព្រះ​អនុគណ​​រាជធានី​នៃ​គណៈមហានិកាយ ដែលជា​និកាយ​​របស់​​ព្រះតេជគុណ​ លួន​ សុវ៉ាត​ នោះ​ ​បាន​មាន​​សង្ឃដីកាថា គេ​មិន​អាច​ផ្សឹក​ព្រះអង្គ​បាន​​ទេ​ លុះ​​ណាតែ​តុលាការ​​រក​ឃើញ​ថាព្រះ​​អង្គ​បាន​​ប្រព្រឹត្ត​បទ​ល្មើសមែន។ ប៉ុន្ដែ​ព្រះតេជគុណ​ ឃឹមសនមាន​សង្ឃដីកា​បន្ថែម​ ថា សកម្មភាព​របស់​ព្រះតេជគុណ​ លួនសុវ៉ាតគឺ​ប្រាសចាក​វិន័យ​ព្រះពុទ្ធ​សាសនា។

ព្រះតេជគុណឃឹមសន​ បាន​មាន​សង្ឃ​ដីកា​ថា “ សកម្ម​ភាព​របស់​ព្រះតេជគុណ​ លួនសុវ៉ាត គឺ​ជា​​ការ​ប្រព្រឹត្ត​ខុស​នឹង​វិន័យសង្ឃ​​ពិត​​ប្រាកដ ពីព្រោះ​វិន័យ​ព្រះពុទ្ធ​សាសនា​ហាមប្រាម​ព្រះសង្ឃ​មិន​ឲ្យ​​ប្រមូល​ផ្ដុំ​​មនុស្ស​ធ្វើ​​កូដកម្មឬក៏​បាតុកម្មឡើយ​”។ ព្រះអង្គ​មាន​សង្ឃដីកា​បន្ដ​ថា “ ​ព្រះសង្ឃ​មិនអាច​ផ្សឹក​ព្រះតេជគុណលួន​ សុវ៉ាតបាន​ទេ​ ទាល់តែ​​តុលាការ​សម្រេច​ថាព្រះអង្គ​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ពិត​មែន​”។

កាល​ពី​ថ្ងៃសុក្រ​ អង្គការ​លើក​លែង​ទោស​​អន្តរជាតិ​បាន​អំពាវ​នាវ​ឲ្យ​បញ្ជូន​​​សំណើជា​សាធារណៈ​ទៅ​លោកហោណាំហុងរដ្ឋមន្ត្រី​​ ក្រសួង​ការ​បរទេស ​លោកសខេងរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងលោកកែបជុតិមាអភិ​បាល​រាជធានី​ភ្នំពេញដើម្បី​​អំពាវ​នាវ​ឲ្យ​មាន​  “ការ​បញ្ចប់​ការ​ធ្វើទុក្ខ​​បុកម្នេញ​​ព្រះតេជគុណ​ លួនសុវ៉ាត”៕

ប្រែ​សម្រួល​ដោយ ស៊ាសុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស