តាមសេចក្តីរាយការណ៍ថា ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ដែលជាវិទ្យុឯករាជ្យបានឲ្យដឹងថា លោកកំពុងស្នាក់នៅក្រៅប្រទេសកម្ពុជាពីព្រោះលោកភ័យខ្លាចថា លោកត្រូវបានភ្ជាប់ទៅនឹងអ្វីដែលក្រុមមន្ត្រីបានចាត់ទុកថា ជាចលនា “អបគមន៍”ក្នុងខេត្តក្រចេះ ជាទីដែលប្រជាពលរដ្ឋរាប់រយគ្រួសារ ត្រូវបាន បណ្ដេញចេញដោយហិង្សាកាលពីសប្តាហ៍មុន។
វិទ្យុសំឡេងសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក ម៉មសូណង់ដូ ដែលបច្ចុប្បន្នកំពុងស្នាក់នៅសហរដ្ឋអាមេរិក បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា លោកត្រូវបានគេប្រាប់ថា លោកនឹងត្រូវចាប់ខ្លួន បើលោកត្រឡប់មកកម្ពុជាវិញ។
លោក ម៉ម សូណង់ដូ បានប្រាប់មនុស្សមួយក្រុមដែលបានជួបជុំគ្នានៅក្នុងរដ្ឋ វើជីនៀ(Virginia) ថា “ខ្ញុំមិនអាចធានាចំពោះបងប្អូនថា នេះជារឿងពិតនោះទេ។វាជាពាក្យចចាមអារា៉ម ប៉ុន្តែវាគួរឲ្យជឿបាន”។ លោក ម៉មសូណង់ដូ មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយទេ។
កាលពីថ្ងៃទី១៦ខែឧសភា ទាហាន នគរ បាល និងកងរាជអាវុធហត្ថប្រហែល២០០នាក់បានចូលក្នុងភូមិប្រមា ក្នុងស្រុកឆ្លូង ខេត្តក្រចេះក្នុងប្រតិបត្តិការបណ្តេញអ្នកភូមិចេញពីភូមិនោះ ដើម្បីបើកផ្លូវសម្រាប់ក្រុមហ៊ុនចម្ការកៅស៊ូមួយ។ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវបានបាញ់ស្លាប់ក្នុងប្រតិបត្តិការនោះ។
ចាប់តាំងពីពេលនោះមក បុរសប្រាំបីនាក់ត្រូវបានចាប់ខ្លួុនក្នុងភូមិនេះ និងត្រូវបានសាកសួរនៅសប្តាហ៍នេះតាមការចោទប្រកាន់នានា ដូចជាការបះបោរប្រឆាំងនឹងអ្នករាជការសាធារណៈ។ នគរបាលកំពុងតែស្វែងរកបុរសប្រាំនាក់ទៀត រួមទាំងឈ្មោះ ប៊ុន រដ្ឋាជាមេខ្លោងរបស់ក្រុមនេះផងដែរ។អង្គការសិទ្ធិមនុស្សបានបដិសេធការចោទប្រកាន់អំពីចលនាអបគមន៍ ដោយលើកឡើងថា អ្នកភូមិគ្រាន់តែធ្វើការតវ៉ាចំពោះការបណ្តេញពួកគាត់ទាំងបង្ខំប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថាគ្មានដីកាចាប់ខ្លួនលោកម៉មសូណង់ដូទេ ប៉ុន្តែថា នគរបាលដឹងអំពីទំនាក់ទំនងរវាងលោកម៉មសូណង់ដូ និងលោក ប៊ុនរដ្ឋា។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែ យោងតាមការស៊ើបអង្កេតដែលយើងបានធ្វើនោះគ្មានការចោទប្រកាន់លោក ម៉ម សូណង់ដូទេ។ គ្មានភស្តុតាងភ្ជាប់លោកទៅនឹងហេតុការណ៍កើតឡើងនៅខេត្តក្រចេះនោះទេ ប៉ុន្តែ ខ្ញុំមិនដឹងអំពីអនាគតទេ”។ លោកម៉មសូណង់ដូគឺជាម្ចាស់វិទ្យុសម្បុកឃ្មុំFM 105 និងត្រូវបានចាប់ខ្លួនកាលពីអតីតកាលពាក់ព័ន្ធនឹងការងាររបស់លោកជាអ្នកកាសែត និងបានជាប់ពន្ធនាគារក្នុងឆ្នាំ២០០៥តាមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍។
លោក ប៊ុន ថេត អាយុ២៥ឆ្នាំ ជាប្អូនប្រុសរបស់លោកប៊ុនរដ្ឋាបានមានប្រសាសន៍ថា បងប្រុសរបស់លោកធ្វើការនៅសមាគមអ្នកប្រជាធិបតេយ្យអស់រយៈពេលប្រហែលមួយឆ្នាំ ជាសមាគមដែលលោក ម៉ម សូណង់ដូ បានបង្កើតឡើង។
លោកប៊ុនថេតបានមានប្រសាសន៍ថាមុខតំណែងបងប្រុសរបស់លោកនៅក្នុងសមាគមនេះ បានបញ្ចប់កាលពីខែមករា ហើយនៅពេលនោះគាត់បានទៅជួយអ្នកភូមិប្រមា ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីដ៏អូសបន្លាយជាមួយក្រុមហ៊ុន កាសូទីម ជាក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានសម្រាប់ធ្វើចម្ការកៅស៊ូ។ អ្នកស្រីសុខហ៊ាអាយុ៣៩ឆ្នាំ បាននិយាយថាប្អូនប្រុសរបស់អ្នកស្រីឈ្មោះ សុខសុផលដែលធ្វើការនៅសមាគមអ្នកប្រជាធិបតេយ្យនេះ កំពុងតែរត់លាក់ខ្លួន ដោយសារមានពាក្យចចាមអារ៉ាមថាគាត់នឹងត្រូវចាប់ខ្លួន។ឪពុករបស់ពួកគាត់ឈ្មោះ សុខ តុង ដែលរស់នៅក្នុងភូមិប្រមា ក៏កំពុងរត់គេចខ្លួនផងដែរ និងត្រូវបានចោទថា បានចូលរួមជាមួយក្រុមរបស់លោក ប៊ុនរដ្ឋា៕
ប្រែសម្រួលដោយ ចេវប៊ុននី