32 C
Phnom Penh

ក្រុម​ហ៊ុន​ អីុនហ្វូបាន ប្តឹង​ក្រុម​ហ៊ុន​ ថៃខម រឿងលក់​ភាគ​ហ៊ុន៥១​​​ភាគរយ​​​របស់​ក្រុម​ហ៊ុន​ អឹមហ្វូន 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ថៃ​ អុីនហ្វូ​បាន​ ខូ​ អិលធីឌី (Infobahn Co. Ltd.) បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ក្រុមហ៊ុន​ ថៃខម​ ផាប់ប្លីកខម​ភែនី អិលធីឌី (Thaicom Public Company Ltd) ​ពីបទរំលោភ​កិច្ចព្រមព្រៀង​ ដែល​បានសម្រេចកាល​​​ពី​​​​ឆ្នាំ​មុន​ស្តីពី​ការ​លក់​ភាគហ៊ុនរបស់​ខ្លួន​​ចំនួន​៤១,១៤​ភាគរយដែល​កិច្ច​ព្រមព្រៀង​នេះ​ក៏​រាប់បញ្ចូល​ទាំង​ភាគហ៊ុន​ចំនួន​៥១​ភាគរយនៅ​​​​ក្នុង​ក្រុមហ៊ុន​ផ្តល់​សេវាទូរស័ព្ទ​ចល័ត​នៅ​​​កម្ពុជា​ គឺ​ក្រុមហ៊ុន​អឹមហ្វូន​ (Mfone) ផងដែរ​នោះ​។​

យោងតាម​សេចក្តី​ជូន​ដំណឹង​ដែល​ផ្សារ​មូលបត្រ​ថៃ​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុនបាន​​​ឲ្យ​​​ដឹង​​​ថា ​ លោក​​​ ដាំរ៉ុង​ កាសិមសេតស្ថាបនិក​ក្រុម​​​ហ៊ុន​ អុីនហ្វូបាននិង​ជាអតីត​ប្រធាន​នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ថៃខម​​ ​ កំពុង​​​​​ប្តឹង​ទាំងក្រុម​ហ៊ុន​ថៃខម​​ និង​សមាជិកភាគ​​​ហ៊ុន​មួយ​ក្នុង​ចំណោម​សមាជិក​​​ភាគ​​​ហ៊ុន​​​របស់​​​ក្រុមហ៊ុន​នេះ គឺ​ក្រុមហ៊ុន​ អុីនថច់​ (InTouch) ​ ដែល​មាន​​​ឈ្មោះ​​​ដើម​​​ថាសុីន​ ខប​ (Shin Corp.) បន្ទាប់​ពី​ក្រុម​ហ៊ុននេះ​​​ ខកខាន​ក្នុង​ការ​លក់​ភាគហ៊ុន​របស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​របស់​លោក​។​ ទាំង​ក្រុមហ៊ុន​ ថៃ ខម​ និង​ក្រុមហ៊ុន​​ អុីន ថច់​បាន​បដិសេធ​​ការ​ចោទប្រកាន់​ទាំងនេះ​។​

លោក​ស្រី​ ស៊ុផាជី ស៊ុធុម​ពុន ប្រធាននាយក​​ប្រតិបត្តិ​ក្រុមហ៊ុន​ ថៃ ខម​ បាន​លើកឡើង​តាម​រយៈ​អុីម៉េល​មួយ​​កាលពី​សប្តាហ៍​មុន​ថា“​​ថៃខម​ និង​អុីន​ថច់បាន​ជូន​ដំណឹង​ទៅ​ផ្សារ​មូលបត្រ​ថៃ​រួចហើយ​ថា ​ អុីនថច់​ មិន​ដែល​បាន​សម្រេច​កិច្ច​ព្រមព្រៀង​ណាមួយ​​ស្តីពី​ការ​លក់​ក្រុមហ៊ុន​ថៃ​ ខម​ ដូច​ការ​អះអាង​របស់​លោក​ ថាំរ៉ុង ឡើយ​។​ ​​យើង​នៅ​គ្រប់គ្រង​ប្រតិ​បត្តិការ​របស់​យើង​ដដែល​ទេ​ អ្វីៗ​ដំណើរការ​ជាធម្មតា​ទេ”។​

គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​ពេល​កន្លងមក​ លោក​ស្រី​ ស៊ុធុម​ពុន​ ធ្លាប់​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ អឹម​ហ្វូន​ ​​​បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរ​ស័ព្ទ​ដៃ​​ផ្សេងៗ​ទៀត​​ អំពី​ការ​លក់​ក្រុមហ៊ុន​មួយ​នេះ​ ប៉ុន្តែ​ពុំធ្លាប់​បាន​​បញ្ចេញ​​ឈ្មោះ​របស់​ក្រុមហ៊ុន​ណាមួយ​ឡើយ​។​

​លោក​ អាទីប​ រឹតតា​ផន​ ប្រធាន​នាយក​ប្រតិបត្តិ​បណ្តោះអាសន្ន​របស់​ក្រុមហ៊ុន​អឹម​ ហ្វូន និង​ជា​​​​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ សេនីង​តុន​ អុីនវេសមិន​ (Shenington Investments) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​​សិង្ហបុរី បាន​លើកឡើង​ថា ​ក្រុមហ៊ុន​នេះ​នៅ​បន្ត​ប្រតិបត្តិ​ការ​​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន​ ប៉ុន្តែ​ ដំណើរការ​របស់​វា​ជៀសមិន​ផុត​ពី​ការ​ប៉ះ​ពាល់​ដោយសារ​​ពាក្យ​បណ្តឹង​និងពាក្យ​ចចាម​អារា៉ម​អំពី​ការ​លក់​ក្រុមហ៊ុន​នេះ​ទេ​​​។

លោក​បាន​មាន​ប្រសាសន៍​ថា​ “​អ្នក​មិនអាច​គ្រាន់​តែ​ចេញ​មុខ​បដិសេធ​​រាល់​ពាក្យ​ចចាម​អារា៉ម​គ្រប់ពេល ​ហើយព្យាយាម​ប្រាប់​អតិថិ​​​ជនរបស់​អ្នក​​ថា អ្វី​ៗ​នៅ​ដំណើរការ​ជា​ធម្មតា ដរាប​ណា​​ អឹមហ្វូន​ មាន​វត្តមាន​នៅ​ទីនេះ [ក្នុងប្រទេស​​​កម្ពុជា​] ឡើយ​​។ ខ្ញុំ​ខ្លួន​ឯង​ក៏ស្រឡាំង​​​កាំង​ ហើយមិនដឹងថា​កំពុង​មាន​រឿងអ្វី​ដែរ​  ហើយ​ប្រការ​នេះបានធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​មុខ​ជំនួញ​​រួចទៅ​ហើយ​”៕

ប្រែសម្រួល​ដោយ​ ភួន​ ច័ន្ទ​សេរីវុធ​​​​​ ​​     ​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស