31 C
Phnom Penh

ក្រុម​អ្នក​​​តវ៉ា​​​ទាម​​​ទារ​​​ឲ្យ​​​ដោះលែង​​​អ្នក​ជាប់​​​ពន្ធនាគារទាំង​១៥នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ប្រហែល​​​១០០​​​នាក់​​​មក​​​ពី​​​សហ​គមន៍​​​បឹង​​​កក់​​​ក្នុង​រាជធានី​​​ភ្នំពេញ​​​បាន​​​​ជួបជុំ​គ្នា​នៅមុខ​​​រដ្ឋ​សភា កាល​​​ពី​​​ម្សិលមិញ ដើម្បី​​​ទាមទារ​​​ឲ្យ​​​ដោះលែង​​​ស្ត្រី​​​១៣នាក់ ​​​ដែល​​​ត្រូវ​​​បាន​​​ផ្ដន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ កាលពី​​​សប្ដាហ៍​​​មុន និងសុំ​ឲ្យ​ដោះលែង​​​​​មនុស្ស​ពីរ​​​នាក់​​​ផ្សេង ទៀត​ដែល​​​ពេល​​​នេះកំពុង​​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​បណ្តោះ​អាសន្ន​​បណ្តាល​មក​ពី​​​​​​​គម្រោង​​​អចលនទ្រព្យ​របស់​សមាជិក​​​​ព្រឹទ្ធ​​​សភាមួយរូប​​ពី​គណបក្ស​​​កំពុង​​​កាន់​​​អំណាច​​​។

អ្នក​​​ចូល​​​រួម​​​ក្នុង​​​បាតុ​​​កម្ម​​​នោះ បាន​​ប្តេជ្ញា​​​​បន្ត​ការ​​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​ប្រជា​ពល​​​រដ្ឋ​​​ចេញពី​​​សហគមន៍​​​បឹង​​​កក់​​​ ទោះ​​​បី​​​ជា​​​ការតវ៉ា​​បែបនេះ​​បាននាំ​​​ឲ្យមាន​​​ការ​​​ចាប់​​​ខ្លួន​​​​​​ប្រជាពល​​​រដ្ឋ​​១៥​​​នាក់​​​ ដែល​​​ភាគច្រើនជាអ្នកដឹក​​​នាំ​​​បាតុកម្ម​របស់​សហគមន៍​នេះ។ នៅ​​​ខាង​​​ក្រៅរដ្ឋសភា អ្នក​​​តវ៉ា​​​បានលើក​​​បដាដែល​​​មាន​​​ខ្លឹមសារថា “ដោះ​​​លែង​​​មនុស្ស​ទាំង​​​១៥នាក់” និង​​​ “ ឈប់​​​ប្រើ​​​អំពើ​​​ហិង្សា”។

យ៉ម បុប្ផា អ្នក​​​តវ៉ាម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ាទាំង​​​អស់បាន​​​និយាយថា “ យើង​​​នឹង​​​បន្ដ​តវ៉ា រហូត​​​ទាល់​​​តែ​​​ពួកគេ​​​ដោះ​​​លែង​​​មនុស្ស​​ទាំង​​​១៥​​​នាក់​​​នោះ។ យើង​​​ក៏​​​ព្រួយ​​​បារម្ភផង​​​ដែរថា នគរបាល​​​នឹង​​​ចាប់​​​ពួក​​​យើង​​​ដែរ​ ប៉ុន្តែយើង​​​គ្មាន​​​ជម្រើស​​​ទេ។ យើង​​​ត្រូវ​​​តែ​​​តវ៉ា​​​ឲ្យ​​​ដោះ​​​លែង​​​ពួកគេ”។

ស្ត្រី​​​១៣ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​អំឡុង​​​ពេល​​​តវ៉ា​​​ដោយ​​​សន្ដិ​​​វិធី​​​កាលពី​​​ថ្ងៃទី​​​២២​​​ ខែ​​​ឧ​​​សភា ​ប្រឆំាង​​​​នឹង​​​គម្រោង​​​អចលន​​​ទ្រព្យ​របស់​​​​លោក ​ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធ​​​សភាមក​​​ពី​​​គណ​បក្សប្រ​​​ជាជន​​​កម្ពុជា ​​​និង​​​ត្រូវបាន​​​សាលាដំបូង​រាជធានី​​​ភ្នំពេញ​​​ផ្ដន្ទាទោស កាលពី​​​ថ្ងៃ​ព្រហស្បតិ៍ពី​​​បទ​​​កាន់​​​កាប់​​​ដី​​​ដោយខុស​​​ច្បាប់​​​ និងពី​បទ​​​​ស្ថាន​​​ទម្ងន់​​​ទោស​នៃ​បទ​​​ប្រឆាំងនឹង​​​អ្នក​​​រាជ​ការ​​​សាធារណៈ។​​​ ស្ត្រី​ទាំង​នេះ​​​ត្រូវបាន​​​កាត់​​​ទោស​​​ភ្លាម​​​ៗ​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈពេល​​​ពីរ​ឆ្នាំ​​​កន្លះ។​​​ មនុស្ស​ពីរ​​​នាក់​​​​ផ្សេងទៀត​​​​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​នៅ​​​ខាង​​​ក្រៅ​តុលាការ​ ហើយ ​​​ពេល​នេះ​​​​ត្រូវ​​​ប្រឈម​​​នឹង​​​បទ​ចោទ​​​ប្រ​​​កាន់​​​ដូច​​​គ្នា។

សកម្មជនជា​​​ព្រះសង្ឃដ៏​​​ល្បីមួយ​អង្គ​ព្រះនាម​​​ លួន សុវ៉ាត ​​​​​​ជាអ្នក​​​គាំ​​​ទ្រ​​​អ្នក​​​ភូមិ​​​​​​​​​​បឹង​​​កក់​​​ជាយូ​រ​​មក​​​ហើយ ​​​និង​បានប្រឈម​​​នឹង​​​បញ្ហាផ្ទាល់​របស់​​​ព្រះ​​​អង្គ​​​កាលពី​​​​​សប្ដាហ៍​​​មុន​​​​​​ ក៏​​​បាន​​​ចូល​​​រួម​​​​​​ជា​​​មួយ​​​អ្នក​​​តវ៉ា​​​ទាំង​​​នោះ​​​ដែរ។ ​​​

អំឡុង​ពេល​បើក​សវនាការ​កាត់​ទោសស្ត្រី​​ទាំង​នោះ កាលពី​​​ថ្ងៃ​​​ព្រហស្បតិ៍ កម្លាំង​​​នគរ​បាល​​​បាន​​​ចាប់​​​ព្រះ​តេជគុណ ​លួន សុវ៉ាត ​​​បញ្ចូល​ ​រថយន្ដមួយ​គ្រឿង​​​​ និង​​​បាន​​​ដឹក​ព្រះ​អង្គ​​​​ទៅ​​​កាន់​​វត្តមួយ ​​ដែល​​​នៅ​​​ទី​​​នោះ ​ព្រះ​អង្គ​​​ត្រូវ​​​បាន​​​ សង្ឃនាយករាជធានី​​​ភ្នំពេញទាម​ទារ​​​ឲ្យ​​​ចុះ​​​ហត្ថលេខា​លើ​​​កិច្ច​​​សន្យា​មួយ​​​មិន​​​​ឲ្យ​​​ពាក់​​​ព័ន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​​​ជម្លោះ​​​របស់​​​អ្នក​​​សហគមន៍​​​បឹង​​​កក់។​​​

​​​ព្រះតេជគុណ​ លួន សុវ៉ាត បាន​​​រំលោភ​​​កិច្ច​សន្យា​នោះ ​​​​ដោយ​​​​​ការ​​​ចូល​​​រួម​​​ក្នុង​​​បាតុ​​​កម្ម​​​កាល​​​ពី​​​ម្សិលមិញ។ ព្រះ​អង្គ​​​បាន​​​មាន​​​សង្ឃដី​​​កា​​​ថា ព្រះអង្គ​​​បាន​​​យល់​​​ព្រម​​​តាម​​​សំណើរ​​​របស់​​​សង្ឃ​​​នាយក កាលពី​​​ថ្ងៃ​​​សុក្រ ដោយសារ​​​​​​​តែ​មាន​ការ​គំរាម​​​​​ផ្សឹក​​​ព្រះ​​​អង្គ ប្រ​​​សិន​​​បើ​​​​​​ព្រះ​​​អង្គ​​​បដិសេធ​​​នោះ​​​។ ព្រះ​​​តេជគុណ លួន សុវ៉ាត បាន​​​មាន​​​សង្ឃ​ដី​​​កា​​​នៅ​​​ចំពោះ​​​មុខ​​​អ្នក​​​គាំ​​​ទ្រ​​​ដែល​​​កំពុង​​​កាន់​​​ផ្កាឈូកយ៉ាង​​​ដូច្នេះថា “ប្រសិន​​​បើ​​​សង្ឃ​នាយក​​បញ្ជា​​​ឲ្យ​​​អាត្មា​​​សម្លាប់​​​នរ​ណា​​​ម្នាក់​​​ តើ​​​អាត្មា​​​ត្រូវ​​​​តែ​​​ធ្វើឬ? ប្រ​​​សិន​​​បើ​​​សង្ឃនាយក​ទាំង​នោះ​បញ្ជាអាត្មា​​​ឲ្យ​​​ប្លន់​​​នរណាម្នាក់ តើអាត្មា​​​ត្រូវតែ​​​

ប្លន់​​​ឬ?​​​ ទេ អាត្មា​​​នឹង​​​មិន​​​ធ្វើ​ដូច្នេះ​ទេ។ដូច្នេះ​ សង្ឃ​នាយក​បាន​​​ហាម​​​អាត្មា​​​មិន​​​ឲ្យ​​​មក​មើល​​​ការរង​​​ទុក្ខ​សោក​​​របស់​​​ប្រ​​​ជាពល​​​រដ្ឋ​​​ទាំង​នេះ ​​​ប៉ុន្តែ​​​ អាត្មា​​​មិន​​​អាច​​​ធ្វើ​​​តាម​បាន​​​ទេ។ អាត្មា​​​ត្រូវ​​​តែ​​​មក​​​មើល​​​ពួកគាត់ និង​​​ជួយ​​​រំលែក​​​ទាំង​​​សេចក្ដី​​​សុខ ​និង​​​សេច​​​ក្ដី​​​ទុក្ខរបស់​​​ពួកគាត់”។

ខណៈពេល​​​ទទួល​​​បាន​​​ពានរង្វាន់​​​សិទ្ធ​​ិ​មនុស្ស​​​ពី​បរទេស ព្រះ​​​តេជគុណ លួន សុវ៉ាតបានធ្វើ​ឲ្យ​មន្ត្រី​សង្ឃ​មាន​ការ​ខឹង​សម្បា​ជា​យូរ​មក​ហើយ ​ដោយ​​សារ​ព្រះ​អង្គ​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​បែប​នេះ​​​។​ កាល​​​ពីឆ្នាំ​​​មុន​ ព្រះ​តេជគុណ​​​​​​ត្រូវបាន​​​ហាមមិនឲ្យ​គង់​នៅ​​​​ក្នុងវត្ត​​​ទាំង​​​អស់នៅ​​ក្នុង​​​​រាជធានី​​​ភ្នំពេញ​​​​​​ ហើយ​​​នៅពេល​​​នេះ​​​​​​ប្រឈម​​​នឹង​​​ការ​​​ចោទប្រកាន់​​​ពី​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​មាន​​​សកម្មភាព​​​នានា ដែល​​​មន្ត្រីតុលាកា​​រ​​​មិនទាន់​​​បញ្ជាក់នៅឡើយ​​​ទេ​​​ថា ​​​ជា​​​សកម្មភាព​​​​​​​​អ្វីនោះ​​​។ ចំណែក​ឯ​ក្រុមអ្នក​តវ៉ា​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចូលក្នុងរដ្ឋ​សភា​​​​ដើម្បី​​​​ដាក់​សំណើ​​​ជា​​​លាយលក្ខណ៍​​​អក្សរ ​​​ហើយ​​​បន្ទាប់​​​មក ក៏​​​បានបំ​​​បែក​​​គ្នា​​​ដោយ​សន្តិ​វិធី​​​មុន​​​ពេលថ្ងៃត្រង់​​​ ។

លោក​​​ ជិន លីដា​​​​​​ មេធាវី​​​ម្នាក់​​​ក្នុង​​​ចំណោម​មេធាវី​​​បី​​​នាក់​​​ ដែលត្រូវ​​​បាន​​​អង្គការ​​​សិទិ្ធ​មនុស្ស​លីកាដូ ចាត់តាំង​​​ឲ្យ​​​ការពារ​​​ស្រ្តី​​​ ដែល​​​ត្រូវ​​​ផ្ទន្ទាទោសទាំង​នេះ​​​​​​​​​​ បាន​​​ថ្លែងថា ​​​ បណ្តឹង​​​ឧទ្ធរណ៍​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​នៅ​សាលា​ដំបូង​​​​​​​រាជធានី​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។ “ ​​​យើង​​​បាន​ប្តឹង​​​ឧទ្ធរណ៍​​​ថ្ងៃនេះ​​​ ហើយ​​​យើង​​​សង្ឃឹម​​​ថា​​​សាលាដំបូងរាជធានីភ្នំពេញ​​​នឹង​​​បញ្ចូន​​​សំណុំ​​​រឿង​​​នេះ​​​ទៅ​​​​សាលា​​​​ឧទ្ធរណ៍​​​ឲ្យបាន​​​ឆាប់​​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​​”។

នៅក្នុង​​​សេចក្តីថ្លែង​​​ការណ៍​​​មួយ​​​​ទទួល​បាន​​​​កាលពីថ្ងៃ​​​អាទិត្យ លោក​​​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​​​សែន បាន​​​ជំរុញឲ្យ​​​ប្រជាពលរដ្ឋ​​​ដែល​​​ពាក់​ព័ន្ធ​ក្នុង​​​ជម្លោះដី​​​ធ្លី​​​បែបនេះ​ធ្វើ​​​​ការ​​​តវ៉ា​​​ “ ដោយ​សន្តិវិធី​​​”  និង​​​បាន​​​ទទូច​​​សំុឲ្យ​​​ពួកគាត់​​​ដាក់​​​ពាក្យ​បណ្តឹង​ទៅ​​​​រដ្ឋាភិបាល​​។ លោក​​​ក៏បាន​​​ជំរុញ​ផង​​​ដែរ​​​ ឲ្យអាជ្ញា​​​ធរ​​​និងកម្លាំង​​​សន្តិសុខ​​​ “រក​គ្រប់​​​មធ្យោបាយទាំងអស់​​​​” ​​​ដើម្បី​​​ការ​​​ពារ​​​សិទ្ធិ​របស់​​​ប្រជាពលរដ្ឋទាំង​​​នោះ ​និង​​​ដោះ​ស្រាយ​បញ្ហា​របស់ពួកគាត់​ឲ្យបាន​​​រួសរាន់​​​។

សេចក្តីថ្លែងការណ៍​​​នេះ​​ធ្វើ​​​​ឡើង​​​បន្ទាប់​​​ពី​មាន​​​ការ​​​តវ៉ា​ជាច្រើន​​​​​​​​ពាក់ព័ន្ធនឹង​​​ជម្លោះ​​​ដីធ្លី​​​ក្នុង​​​​​​ប៉ុន្មាន​​​ខែថ្មីៗនេះ​​​ ដែល​​​ក្នុង​​​នោះ​​​កម្លាំង​​​នគរបាល​​​ ទាហាន​​​ និងសន្តិសុខ​​​ឯកជន​​​បាន​​​បាញ់​​​ឲ្យរបួស​​​ និង​​​បាញ់​​​សម្លាប់​​​បាតុករ៕  ប្រែសម្រួលដោយ​​​ ហម សុផាណ្ណា

 

​​

​​​

​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស