ខណៈដែលគណបក្សប្រជាជនកម្ពុជាចំណាយពេលច្រើនក្នុងការធ្វើយុទ្ធនាការរបស់ខ្លួន ដោយផ្សព្វផ្សាយសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ការប្រគំតន្ត្រី និងបញ្ជូនតារាកំប្លែងល្បីៗទៅសម្តែងជូនទស្សនិកជននៅតាមផ្លូវ គណបក្ស សមរង្ស៊ីបានបញ្ចាំងវីដេអូសព្វគ្រប់។
នៅពេលថ្ងៃលិចរថយន្តចំនួន១០គ្រឿង បានបើកបរគ្រប់ផ្លូវក្នុងរាជធានី ដោយបញ្ចាំងវីដេអូឃ្លីបនៅលើផ្ទាំងក្រណាត់ស ដាក់នៅផ្នែកខាងក្រោយរថយន្ត ដោយរៀបរាប់អំពីការប៉ះទង្គិចគ្នា រវាងអ្នកភូមិ និងអាជ្ញាធរ នៅក្នុងវិវាទដីធ្លីដ៏ចម្រូងចម្រាសមួយចំនួន។
ទស្សនិកជនដែលប្រមូលផ្តុំគ្នារាល់ការទស្សនានេះ អាចមើលឃើញថា ជាយុទ្ធសាស្ត្រមួយ។ ម្ចាស់ហាងដើេរចេញពីហាងរបស់ខ្លួន ចំណែកឯអ្នករត់ម៉ូតូឌុបឈប់អែបតាមចិញ្ចើមផ្លូវ ដើម្បីទស្សនាខ្សែវីដេអូនេះ។ សំឡេងចេញពីធុងបាសមួយគូ គឺជាសម្រែកទ្រហោយំរបស់អ្នកស្រុកបុរីកីឡា នៅពេលផ្ទះរបស់ពួកគាត់ ត្រូវបានកម្ទេចចោលនិងក្រុមអ្នកតវា៉បឹងកក់ស្រែកទ្រហោយំ នៅពេលនគរបាលកៀរពួកគាត់ចេញ។ អ្នកដើរកាត់មិនអាចជួយអ្វីបានទេ ប៉ុន្តែបានឈរមើល។
លោកសុនឆ័យសមាជិករដ្ឋសភាមកពីគណបក្ស សមរង្ស៊ីប្រចាំមណ្ឌលរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា “ ខ្ញុំចាប់អារម្មណ៍បំផុត ចំពោះចំនួនទស្សនិកជន។ ប្រជាពលរដ្ឋកំពុងតែជជែកអំពីរឿងនេះហើយរៀងរាល់លើកមានពលរដ្ឋកាន់តែច្រើនចេញមកទស្សនា”។
ខ្សែវីដេអូបែបនេះ គ្មានផ្សាយក្នុងស្ថានីយទូរទស្សន៍ ដែលមានសម្ពន្ធភាពជាមួយរដ្ឋាភិបាលនៅក្នុងប្រទេសនេះទេ។ ដូច្នេះ អំឡុងយុទ្ធនាការរយៈពេល១៥ថ្ងៃគណបក្ស សម រង្ស៊ី ចំណាយពេលប្រហែលបួនម៉ោងក្នុងមួយថ្ងៃ ដើម្បីព្យាយាមរកវិធីដោះស្រាយ ដោយប្រើរថយន្ត និងអេក្រង់ទូរទស្សន៍។
លោកសុនឆ័យ បានបន្តថា“គួរតែអនុញ្ញាតឲ្យប្រជាពលរដ្ឋបានទស្សនាអំពីបញ្ហាបែបនេះតាមទូរទស្សន៍ យ៉ាងហោចណាស់ទស្សនាតាមទូរទស្សន៍ជាតិដែរ។ ព្រឹត្តិការណ៍នេះបានកើតឡើងចំពោះយើង ជាពិសេសក្នុងរាជធានី។ប្រសិនបើរដ្ឋាភិបាលគោរពសិទ្ធិទទួលបានព័ត៌មាន ដូចចែងក្នុងរដ្ឋធម្មនុញ្ញ ទូរទស្សន៍របស់រដ្ឋមានអព្យាក្រឹត្យភាព យើងប្រហែលជានឹងបានទស្សនាវាតាមទូរទស្សន៍”។
លោកបានបន្ថែមថា “ ប៉ុន្តែ យើងបានទស្សនាតែអ្វីៗ និយាយអំពីការគាំទ្រចំពោះរដ្ឋាភិបាល ការឃោសនា ការចុះចែកស្បៀងអាហាររបស់រដ្ឋាភិបាល។នោះហើយជាមូលហេតុដែលធ្វើឲ្យខ្សែវីដេអូរបស់យើង មានការទាក់ទាញ”។
លោក សុន ឆ័យ បានមានប្រសាសន៍ថាដោយសារខ្វះមូលនិធិការដាក់បញ្ចាំងវីដេអូចល័ត ត្រូវបានប្រើភាគច្រើននៅតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ ប៉ុន្តែរថយន្តខ្លះត្រូវបញ្ជូនចេញទៅខេត្តមួយចំនួន ដូចជាខេត្តតាកែវជាដើម ហើយខ្សែវីដេអូ ត្រូវបានដាក់បញ្ចាំងនៅតាមសហគមន៍តូចៗ។
ថាតើខ្សែវីដេអូនេះសមល្មមនឹងទាក់ទាញអ្នកបោះឆ្នោតថ្មីឲ្យគណបក្សនេះបានឬយ៉ាងណានោះលទ្ធផលនឹងបានដឹងតាមរយៈការបោះឆ្នោតនៅថ្ងៃអាទិត្យនេះហើយ។នៅឯព្រឹត្តិការណ៍បែបនេះ កម្រិតនៃការឃោសនាឃើញថា គណបក្សប្រឆាំងជាទូទៅមានការគាំទ្រច្រើននៅក្នុងរាជធានីប៉ុន្តែដោយសារតែការបណ្តេញពីដីធ្លីកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ខ្សែវីដេអូអាចធ្វើឲ្យរំជួលចិត្ត។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា បានថ្លែងថា“ ប្រហែលជាពួកគេចង់ផ្តោតទៅលើប្រជាពលរដ្ឋខ្លះ ដែលជួបបញ្ហាបែបនេះ ពីព្រោះរឿងនេះគេបានជជែកគ្នាច្រើននៅរាជធានីភ្នំពេញ”។ លោកបានព្រមានថា “ប្រហែលគេនឹងធ្វើឲ្យពលរដ្ឋខ្លះក្នុងរាជធានីភ្នំពេញដឹងអំពីបញ្ហានេះឡើងវិញ។ប៉ុន្តែ ខ្ញុំមិនដឹងថា យុទ្ធនាការបែបនេះនឹងមានឥទ្ធិពលអ្វីខ្លះនោះទេ”។
គណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច បានលើកឡើងថា មានពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ចាប់អារម្មណ៍ចំពោះការបើកបររថយន្តទៅគ្រប់ទីកន្លែង ដើម្បីបញ្ចាំងសម្រែកយំរបស់អ្នកដែលត្រូវបណ្តេញចេញ។ លោកហូវស៊ីណេតចៅសង្កាត់វត្តភ្នំ និងជាសមាជិកគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា “ ខ្ញុំគិតថា ប្រជាពលរដ្ឋភាគច្រើនមិនចាប់អារម្មណ៍នឹងយុទ្ធនាការរបស់គណបក្សសម រង្ស៊ីឡើយ”។
លោកហូវស៊ីណេតបានមានប្រសាសន៍ថា “ គណបក្សប្រជាជនកម្ពុជាក៏មានអំពីគោលនយោបាយតាមវីដេអូដែរដោយនិយាយអំពីសកម្មភាពថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា…ប្រជាពលរដ្ឋកាន់តែច្រើនបានចាប់អារម្មណ៍នឹងខ្សែវីដេអូរបស់គណបក្សប្រជាជនកម្ពុជា”៕
(រាយការណ៍បន្ថែមដោយអ៊ាងម៉េងឡេង)
ប្រែសម្រួលដោយចេវប៊ុននី