ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានឡាយព្រះលិខិតទៅកាន់សមាជិកសមាជិកានៃគណបក្សហ៊្វុនសិុនប៉ិច និងគណបក្សរបស់ព្រះអង្គផ្ទាល់គឺគណបក្ស នរោត្តម រណឫទ្ធិ ដោយព្រះអង្គជំរុញឲ្យពួកគេលើកទឹកចិត្តអ្នកផ្តាច់ខ្លួនទៅចូលរួមគណបក្សសមរង្សុី និងគណបក្សសិទ្ធិមនុស្ស ឲ្យត្រឡប់មកចូលរួមនឹងគណបក្ស នរោត្តម រណឫទ្ធិនិងគណបក្សហ៊្វុនស៊ិនប៉ិច ដែលទើបបានបញ្ចូលគ្នាវិញនាពេលថ្មីៗនេះ។
ព្រះអង្គបានឡាយព្រះលិខិតនោះបន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិចដែលបានដឹកនាំគណបក្សរាជានិយមបន្ទាប់ពីព្រះអង្គត្រូវបានគេបណ្តេញចេញពីប្រធានគណបក្សហ៊្វុនស៊ិនប៉ិចកាលពីឆ្នាំ២០០៦ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គណបក្សទាំងពីរនឹងរួមបញ្ចូលគ្នាក្រោមផ្លាកគណបក្សហ៊្វុនស៊ិនប៉ិច តែមួយ។
ព្រះអង្គម្ចាស់ រណឫទ្ធិ បានឡាយលិខិតចុះកាលបរិច្ឆេទថ្ងៃច័ន្ទថា “ជាបឋម ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយកតញ្ញូតាធម៌ចំពោះការគាំទ្រមកលើរូបខ្ញុំតាំងពីអតីតកាល បច្ចុប្បន្នកាល ជាពិសេសការគាំទ្រខ្ញុំនាពេលអនាគតកាល ដែលខ្ញុំនឹងវិលត្រឡប់ទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច វិញដែលព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចឳ សម្តេចតា សម្តេចតាទួត ទ្រង់បានប្រោសព្រះរាជប្រទានមកឲ្យរូបខ្ញុំតាំងតែពីឆ្នាំ១៩៩១”។
ព្រះអង្គបានមានព្រះរាជបន្ទូលថា “ ក្នុងនាមយើងជាអ្នករាជានិយម យើងមានកាតព្វកិច្ចចូលរួមប្រមែប្រមូល និងពង្រឹង គណបក្សរាជានិយមទាំងពីរ គឺគណបក្ស នរោត្តម រណឫទ្ធិនិងគណបក្សហ៊្វុនស៊ិនប៉ិច”។
ព្រះអង្គមានបន្ទូលទៀតថា “គណបក្សទាំងពីរឥឡូវនេះមាន “នយោបាយរួមតែមួយគត់ គឺដើម្បីប្រមែប្រមូលកម្លាំងនោះឲ្យក្លាយទៅជាកម្លាំងមួយ ដែលមានសក្តានុពលដើម្បីធ្វើការឃោសនារួមគ្នា ប្រមែប្រមូលកម្លាំងដែលបានចាកចេញពីគណបក្សយើងទាំងពីរទៅចូលជាមួយគណបក្ស សម រង្សុី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខាឲ្យបានជោគជ័យជាអតិបរមាក្នុងការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ខាងមុខនេះ។
នៅក្នុងលិខិតរបស់ព្រះអង្គ គេកត់សម្គាល់ឃើញថា ព្រះអង្គមិនបានគូសបញ្ជាក់ពីការព្យាយាមបញ្ចុះបញ្ចូលអ្នកផ្ដាច់ខ្លួនចេញពីគណបក្សរាជានិយម ទៅចូលគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន នោះទេ។
លោក ប៉ុល ហំម អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្សបានមានប្រសាសន៍ថា ប្រជាជនគ្មានទំនុកចិត្តលើក្រុមរាជានិយមទៀតទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនខ្វល់អំពី [ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ] ទៀតទេ ហើយប្រជាជនក៏ដូច្នេះដែរ។ ប្រជាជនលែងមានជំនឿលើព្រះអង្គហើយ”។
លោកយឹមសុវណ្ណអ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សរាជានិយមមានភាពស្និទ្ធស្នាលជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចខ្លាំងណាស់ ដើម្បីទាក់ទាញអតីតអ្នកផ្ដាច់ខ្លួន។
លោកមានប្រសាសន៍បន្ដថា “ប្រជាជនមិនចង់បានគណបក្សមួយទៀត ដែលមានគោលនយោបាយដូចគ្នានឹងគណបក្សប្រជាជនកម្ពុជាទេ។ ប្រជាជននឹងបោះឆ្នោតឲ្យតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ”៕
ប្រែសម្រួលដោយឃិនណៃ