33 C
Phnom Penh

រថយន្ត​​​ក្រុង​​​ និង​រថយន្តដឹកទំនិញ​នឹង​​រត់​ដោយ​ផ្ទាល់​​​រវាង​​​​រាជធានីភ្នំ​​​ពេញ​​​​និង​ទីក្រុង​​​បាងកក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញថា​​​ចាប់ពី​​​ខែក្រោយ​​​ទៅ រថយន្ត​​​ក្រុង​​​និង​​​រថយន្ត​ដឹក​​​ទំនិញ​​​របស់​​​កម្ពុជា​​​និង​​​ថៃ ចំនួន​​​៨០​​​គ្រឿង​​​នឹងត្រូវ​​​អនុញ្ញាតឲ្យ​​​ដឹក​​ទំនិញ និង​​​អ្នកដំណើរ​ដោយ​ផ្ទាល់​រវាង​​​​រាជធានី​​​​ភ្នំពេញ​​​ និង​​​ទី​​​ក្រុង​​​បាង​​​កក ​​​ជា​លើក​ដំបូង​​​។

លោក​​​ សួន វ៉ាន់​​​ហុង​​​ អនុប្រធាន​​​​​​នាយក​ដ្ឋាន​ដឹក​​​ជញ្ជូន​​​នៅ​​​ក្រសួង​​​សាធា​​​រណការ​​​និង​​​ដឹកជញ្ជូន​​​បាន​​​មាន​​​ប្រសាសន៍​ថា ​​​ចាប់ពី​ថ្ងៃទី​១៤ ​​​ខែមិថុនា​​​ទៅ​​​ រថយន្ត​​​ក្រុង​​​​​​ចំនួន​​​៣០​គ្រឿង​​​​និងរថយន្តដឹកទំនិញ​​​១០គ្រឿង​​​របស់​​​កម្ពុជា​​​នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាតឲ្យ​​​​​​ធ្វើដំណើរ​​​ធ្លង​​​កាត់​​​​ច្រក​​​ទ្វារ​ព្រំ​ដែន​​អន្តរជាតិ​​​ប៉ោយប៉ែត​​​។ ​លោក បានថ្លែងថា​​​ រថយន្ដ​​​ក្រុងចំនួន​​​១០គ្រឿង ​​​និង​​​រថយន្ត​​​ដឹក​​​ទំនិញ​​​៣០គ្រឿង​​​របស់​​​ប្រទេស​ថៃ​​​ក៏នឹង​​​អនុញ្ញាតឲ្យ​​​ឆ្លង​​​កាត់​​​ច្រក​​ទ្វារ​​នេះដែរ។

រហូតមក​​​ដល់​​​ពេលនេះ​​​ អ្នកដំណើរ​​​និង​​​ទំនិញ​​​ត្រូវ​​​ប្តូរ​​​រថយន្ត​​​នៅ​​​ច្រក​​​ព្រំដែន​​​នេះ។លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “​​​នេះគឺ​​​ជា​​​ការ​​​ដឹក​​​ជញ្ជូន​​​តាម​​​ជើង​​​គោក​​​[ដោយ​ផ្ទាល់]​​លើក​​​ដំបូង​ពី​​រាជ​​​ធានី​​​ភ្នំពេញ​​​​​ឆ្ពោះទៅ​​​ទីក្រុង​​​បាង​​​កក”។លោក​​មាន​​​ប្រសាសន៍បន្ថែមថា ​​​រថយន្ត​ក្រុង​​​ទាំង​​​នោះ​​​នឹង​​​មិន​​​ធ្វើដំណើរ​​​ឆ្លង​​​កាត់ច្រក​​​ព្រំ​​​ដែន​​​ខេត្ត​​​កោះកុង​​​ទេ​​ពេលនេះ​​។

លោក វ៉ាន់ហុង ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​កម្ពុជា​​​បាន​​​ចុះកិច្ច​​​ព្រមព្រៀង​​​ស្រដៀង​​​គ្នា​នេះ​​​ដែរ​​​ជា​​​មួយ​​​ប្រទេស​​​វៀតណាម កាល​​​ពី​​​ឆ្នាំ​​​២០០៧​​​ ហើយ​​​ថា នៅ​​​ពេល​​​នេះ​​​មាន​​​រថយន្ត​​​ក្រុង​​​និង​​​រថយន្ត​​​ដឹកទំនិញ​​​កម្ពុជា​​​ចំនួន​​​៣០០គ្រឿង​​​​បើក​បរ​ចូល​​​​ប្រទេស​​​វៀត​ណាម​​​​និងមាន​​​រថយន្ត​​​ក្រុង​​​និង​​​រថយន្ត​​​ដឹក​​​ទំនិញ​​​វៀតណាម​​​ចំនួន​​​៣០០​​​គ្រឿង​​​ដែរ បើក​បរ​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​។​​​ ប្រទេសឡាវ​​​និង​​​ប្រទេសកម្ពុជា​​​ក៏បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​ស្រដៀង​គ្នានេះ​​​ដែរ​​​កាលពី​​​ឆ្នាំ​​​២០០៩ ​ដែល​​​ក្នុង​​​នោះ​​​ រថយន្តក្រុង​​​កម្ពុជា​​​ចំនួន​​​៤០​គ្រឿង ​​​ត្រូវ​​​បាន​​​ផ្ដល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​​បើក​បរ​ចូល​​​ប្រទេស​​​ឡាវ​​​ ក៏ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​​​មានតែ​រថយន្តក្រុង​​​មួយគ្រឿង​​​​ប៉ុណ្ណោះ​រត់​​​​រវាង​​​ប្រទេសទាំង​​​ពីរ​​​។

លោក​​​ វ៉ាន់ហុង ​​​បានមានប្រសាសន៍​​​ថា​លោក​​​បានអញ្ជើញ​​​ក្រុមហ៊ុនដឹក​​​ទំនិញ​​​​​​និង​​​ក្រុមហ៊ុន​​​រថយន្ត​ក្រុងនានា​​​ឲ្យដាក់​​​ពាក្យ​​​សំុ​អាជ្ញា​​​​​​​​​​​​​​​​​​ប័ណ្ណ​​​ធ្វើ​ប្រតិបត្តិការ​​​ឆ្លង​​​កាត់​​​ច្រក​​​ព្រំដែន​កម្ពុជា-ថៃ​​​។​​​

លោក​​​បានមាន​​​ប្រសាសន៍ថា “យើង​​​នឹង​​​រៀបចំ​​​កិច្ចប្រជំុមួយ​​​នៅ​​​ឯក្រសួង​​​សាធារណការ​​​​និង​​​ដឹកជញ្ជូន​​​នៅថ្ងៃ​​​ទី៤​​​ ខែមិថុនា​​​ ដើម្បី​​​សម្រេច​​​”ថា ​​​តើ​​​ក្រុមហ៊ុនណា​​​ខ្លះ​​​ដែលត្រូវ​​​ផ្តល់អាជ្ញាប័ណ្ណឲ្យ​​​។

លោក​​​​​​បន្ថែមថា“យើង​​​នឹងជ្រើសរើស​​​​ក្រុមហ៊ុន​​​[រថយន្តក្រុង​]ណា  ​​ដែលមិន​ធ្លាប់​មាន​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​និង​មាន​​​​សុវត្ថិភាព​​​​សម្រាប់​អ្នក​​​ដំណើរ​​​”។ លោក ​​​ចាន់​​​ សុផាន់ណា​​​ អ្នកគ្រប់គ្រង​​​ក្រុម​​​ហ៊ុន​​​ដឹកជញ្ជូន​​​ភ្នំពេញសូរិយា បាន​​​មាន​​​ប្រសាសន៍​​​ថា​​ ក្រុមហ៊ុន​​​របស់​​​លោក​​​បាន​​​ស្នើសំុឲ្យ​ក្រសួង​​​ផ្ដល់អាជ្ញាប័ណ្ណ​​​​​​ឲ្យ​ខ្លួន​ដើម្បី​​​ដំណើរការ​​​រថយន្តក្រុង​​​ចំនួន១០​​​គ្រឿង​​​ឆ្លងកាត​​​់ព្រំដែន​​​។

លោក សុផាន់​ណា បាន​​​មាន​​​ប្រសា​​​សន៍​​​ថា​​​ “យើង​ត្រៀម​​​​រថយន្តក្រុង​​​ចំនួន​​​​​​១០​គ្រឿង ប៉ុន្តែយើង​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​ថា​​​ តើក្រសួង​​​នឹង​​​ឲ្យយើង​​​​​​ប៉ុន្មាន​​​គ្រឿង​​​​​​​”។

លោក​​​បាន​​​បន្ថែម​​​ថា​​​ សំបុត្រ​​​រថយន្ត​ក្រុង​​​នឹង​​​មាន​​​តម្លៃ​​​​ចន្លោះពី​​​២៥ដុល្លារ​​​ទៅ​​​៣០​ដុល្លារ​​​​មួ​​យជើង​​​។ លោក​​​បន្តថា​​​“តម្លៃ​នេះ​​​ខ្ពស់​​​ជាង​តម្លៃ​​​សំបុត្រ​​​ទៅកាន់​​​ប្រទេស​​​វៀត​ណាម ឬឡាវ​​​ដោយ​​​សារ​​​ចម្ងាយផ្លូវ​​​ឆ្ងាយ​ជាង​​​ ហើយ​​​​​​ត្រូវ​​​បង់ប្រាក់​​ច្រើន​​​ទៀត​សម្រាប់​​​អ្នក​​​ដំណើរ​​​​​​ម្នាក់ៗ​​នៅ​ច្រក​ព្រំដែន​េនះ​​​”៕

ប្រែសម្រួលដោយ ហម​​​ សុផាណ្ណា​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស