26 C
Phnom Penh

ប្រាំ​ពីរនាក់​ស្លាប់​ ក្នុងឧបទ្ទវហេតុ​រថ​យន្ដ​ក្រុង​បុក​រថ​យន្ដ​កង​ទ័ព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយថា មនុស្ស​ប្រាំ​ពីរ​នាក់ បាន​ស្លាប់​ និង​២១នាក់ទៀតបាន​រង​របួស​កាលពីម្សិលមិញនៅ​ពេល​ដែល​រថ​យន្ដ​ក្រុង​មួយ​គ្រឿង​បាន​បុក​រថ​យន្ដ​កង​យោធពល​ខេម​រភូមិន្ទ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ តាមបណ្ដោយ​​​ផ្លូវ​ជាតិ​លេខ​៥។

លោក​ យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​មាន​ប្រសាសន៍ថា រថយន្ដ​ក្រុង​របស់​ក្រុម​ហ៊ុនកាពីតូល កំពុង​តែ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្ន​ំ​ពេញ​ ឆ្ពោះទៅ​ក្រុង​សៀម​រាប​ ស្រាប់​តែ​ពេល​នោះ​ បាន​បុក​ជាមួយរថយន្ដ​កង​ទ័ពចំពីមុខ​នៅ​ម៉ោង​ប្រហែល​២និង​៣០​នាទី​រសៀលក្នុង​ឃុំ​ប្រឡាយ។

លោកបាន​មាន​ប្រសាសន៍បន្ថែម​ទៀត​ថា ទាហាន​​នៃ​កង​យោធពល​ខេមរភូមិន្ទ​បួននាក់ ជិះ​ក្នុង​រថយន្ដ​នោះ​ ដែល​ធ្វើដំណើរ​​ពី​ខេត្ត​សៀម​រាបមក​រាជ​ធានី​ភ្នំពេញ និងដឹក​កំណាត់​ឈើធ្វើគ្រឿងសង្ហារិម និង​​អ្នក​ដំណើរ​បីនាក់ នៅ​ក្នុង​រថយន្ដ​ក្រុង ​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍នេះ។

លោក​ យ៉ង សំ បាន​បន្ថែម​ថា“ យើង​មិន​ទាន់ទទួល​ព័ត៌មាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ យើង​កំពុង​តែធ្វើ​ការ​សន្និដ្ឋាន​អំពី​ឧបទ្ទវហេតុ​នេះ”។ រូប​ភាព​នៅ​ទី​កន្លែង​កើត​ហេតុ​ ចេញ​ផ្សាយ​តាម​គេហ​ទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​បាន​បង្ហាញ​សាក​សព​ដេក​ស្ដូក​ស្ដឹង​កៀ​ប​ជាប់​បំណែក​ដែក​​រថ​យន្ដ​ទាំង​ពីរ​។

លោក​ ហ៊ុនហៀតនាយ​នគរបាល​ចរាចរ​ស្រុក​ស្ទោង ​មាន​ប្រសាសន៍ថា អ្នក​ដំណើរ​ចំនួន​២១​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក​។លោក​បាន​មាន​ប្រសាសន៍ថាអ្នក​ដំណើរ​ពីរនាក់ ក្នុងចំណោមអ្នក​ដំណើរ​​តាម​រថយន្ដ​ក្រុងបាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ ហើយ​ម្នាក់​ទៀត​បាន​ស្លាប់​តាម​ផ្លូវ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ទាហាន​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​បីនាក់ និង​ជន​ស៊ីវិល​ម្នាក់ ដែល​ធ្វើ​ដំណើរ​ក្នុង​រថយន្ដ​យោធា​នេះ​ដែរបាន​ស្លាប់​នៅ​នឹង​កន្លែង​។

លោក​ ហ៊ុនហៀតបានមាន​ប្រសាសន៍​ថាការ​បុក​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​រថ​យន្ដ​កង​យោធពល​ខេម​រភូមិន្ទ​បែក​កង់​ ហើយ​រេ​ចង្កូត​។ នៅពេលឃើញ​រថ​យន្ដ​កង​យោធ​ពល​ ​ខេម​រភូមិន្ទ​ឆ្លង​គំនូស​របស់​ខ្លួន​ រថយន្ដ​ក្រុង​បាន​ព្យាយាម​គេច​រថយន្ដ​នេះ​ ហើយ​រេចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ។ប៉ុន្ដែរថយន្ដ​នេះ​បាន​កាច់​មក​វិញ​ ហើយបាន​បុក​គ្នា​ ក្នុង​ចំណែក​ផ្លូវ​របស់​រថយន្ដ​កង​យោធពល​ខេមរ​ភូមិន្ទវិញ។លោក​បន្ថែម​ថា “ ប្រសិន​បើ​អ្នក​បើក​រថយន្ដ​ក្រុង​​នៅ​តែ​ប្រកាន់​ស្ដាំ​ គាត់​នឹង​មិន​ជួប​គ្រោះ​​ថ្នាក់នោះ​ទេ”។លោក​​ ហួរសុខវ៉ាន់ជំនួយ​ការ​អ្នក​គ្រប់​គ្រង​នៅ​ឯ​ក្រុម​ហ៊ុន​កាពីតូល បាន​មាន​ប្រសាសន៍ថា លោក​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍លម្អិត​អំពីការ​បុក​គ្នានេះទេ ប៉ុន្ដែ លោក​​មាន​ប្រសាសន៍ថាអ្នក​ដំណើរ​២៤នាក់ ដែល​ធ្វើ​ដំណើរ​តាម​រថយន្ដ​ក្រុង​នេះ​សុទ្ធ​តែ​ពល​រដ្ឋ​កម្ពុជា។

លោកបាន​បង្វែរ​សំណួរ​ទៅ​ក្រុម​ហ៊ុន​ធានា​​រ៉ាប់​រង​កាំមិនកូ របស់​ក្រុម​ហ៊ុន​រថយន្ដ​ក្រុង​នេះ។ អ្នក​តំណាង​ម្នាក់​របស់​ក្រុម​ហ៊ុន​កាំមិនកូ បាន​និយាយ​ថា ពួកគេ​មិនទាន់​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​ឡើយទេ​ ដូច្នេះ​ មិន​​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​។

លោកហ៊ុលឈឿនប្រធាន​ផ្នែក​វះកាត់​នៅ​មន្ទីរ​ពេទ្យ​បង្អែកស្រុក​ស្ទោង​ បាន​មាន​ប្រសាសន៍ថា បុរស​បីនាក់ និង​ស្ត្រី​បួន​នាក់បាន​​បញ្ជូនមក​ដល់​មន្ទីរ​ពេទ្យ​ហើយ ដោយ​ពួកគេ​បាក់​ឆ្អឹង​ជើង​ និង​ដៃ​ ឬ​ប្រេះ​លលាដ៍​ក្បាល​។ មនុស្ស​១៤នាក់ទៀត​កំពុង​ត្រូវ​ព្យាបាល​ ដោយ​សារ​របួស​ស្រាល​។

លោក​​មាន​ប្រសាសន៍​បន្ថែមថា “ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​កំពុង​តែ​បញ្ជូន​ពួូកគេ​ទៅ​មន្ទីរ​ពេទ្យ​កាល់​មែ៉ត​ ក្នុង​រាជធានី​ភ្នំពេញ”។

អ្នក​ដំណើរ​១៣នាក់បាន​រង​របួស​កាលពី​ខែ​មុន​ នៅ​ពេល​​រថយន្ដ​មួយ​គ្រឿង​បែក​កង់​ ហើយ​បាន​ទៅ​បុក​ជាមួយ​រថយន្ដ​ក្រុង​មួយ​គ្រឿង​របស់ក្រុម​ហ៊ុនកាពីតូល​។ ក្រុម​ហ៊ុន​នេះ​ក៏មាន​ការ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បុក​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ កាលពី​ខែ​មុន នៅ​ពេល​ដែល​រថ​យន្ដ​ក្រុងមួយ​គ្រឿង​ក្នុង​ចំណោម​រថយន្ដ​ក្រុង​របស់​ក្រុមហ៊ុន​នេះបាន​បុក​អ្នក​ថ្មើរ​ជើង​ម្នាក់​នៅ​ក្នុង​ខេត្ត​បាត់ដំបងហើយ​រដ្ឋាភិបាល​បាន​កំណត់​ថា ជា​ក្រុមហ៊ុនមួយ ​ដែល​ជួប​គ្រោះ​​ថ្នាក​់​បំផុត​នៅក្នុង​ប្រទេស៕

ប្រែ​សម្រួល​ដោយ ចេវប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស