28 C
Phnom Penh

លោក​ ហុ៊ន​ សែន​ មិនបាននៅស្ងៀមតាម​ពាក្យ ​សន្យាទេ តែ​បែរ​សន្យា​ជួយបញ្ហាដីធ្លីទៅវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បោះ​ឆ្នោតឃុំ-សង្កាត់ ដែល​នឹងប្រព្រឹត្តទៅ​នៅ​ថ្ងៃ​អាទិត្យ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន មិនបាន​ធ្វើ​តាម​ការ​សន្យា​ថា​ នឹង​នៅ​ស្ងៀមស្ងាត់​​អំឡុង​គណ​បក្ស​របស់​លោក ​ធ្វើ​យុទ្ធនា​ការ​ឃោសនាបោះ​ឆ្នោត​នោះទេ​ ហើយ​បែរ​ជា​មក​ជួយ​សម្រាល​ទុក្ខ​លំបាក របស់​ប្រជាពល​រដ្ឋ​រស់​ក្នុង​សហគម​ន៍​ ដែល​ជីវ​ភាព​របស់​ពួក​គាត់​​ទទួល​រងផល​ប៉ះ​ដោយ​ជម្លោះដីធ្លីទៅវិញ​។

នៅពេល​ថ្លែងតាមរយៈទូរស័ព្ទដៃ ​ហើយ​ចាក់​បន្តតាមប្រព័ន្ធ​ឧគ្ឃោសនសព្ទប្រាប់ទៅអ្នក​ភូមិ​រស់​នៅ​ក្នុង​សហគមន៍​ លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បានប្រើថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធ​នា​ការ​បោះ​ឆ្នោត​រយៈពេល១៥ថ្ងៃ ដើម្បី​បញ្ចុះ​បញ្ចូល​ អ្នកភូមិ​រាប​់ពាន់នាក់​ នៅក្នុង​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ថា ដីធ្លី​របស់​ពួក​គាត់​នឹង​មិន​ទទួល​រងការ​គំរាម​កំហែង​ពី​ក្រុម​ហ៊ុន​ឯក​ជន​ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី​សម្ប​ទាន​សេដ្ឋកិច្ច​នោះ​ទេ​។

រយៈ​ពេល​នៃ​ការ​ថ្លែង​ទៅកាន់​អ្នក​ភូមិ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ ទំនង​ជា​ប​ង្ហាញ​ឲ្យ​ឃើញ​ពី​ជម្លោះ​ដីធ្លី​ ដែល​អ្នក​ភូមិ​បាត់​​បង់​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជាហើយ​ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវទំហំនៃ​ការ​យល់​ដឹងរបស់គណ​បក្ស​កាន់​អំណាច ​គឺ​គណ​បក្ស​ប្រជាជន​កម្ពុជាអំពីវិវាទដីធ្លីនិងផល​ប៉ះពាល់​នៅថ្ងៃបោះឆ្នោត។

កាលពី​ខែ​មុន​ ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​បាញ់​សម្លាប់អំឡុង​ការ​បណ្តេញ​ចេញ​​ពីដីធ្លី​ដោយ​ហិង្សា​មួយ​ នៅក្នុង​ខេត្ត​ក្រចេះ​ ចំណែកឯស្ត្រីអ្នកតវ៉ា​១៤​នាក់និង​បុរស​ម្នាក់​ ត្រូវបាន​ចាប់​ដាក់ពន្ធនាគារ​ពីបទធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ដោយ​បង្ខំមួយក្នុងរាជធានីភ្នំពេញនិង​សកម្ម​ជន​ជាព្រះ​សង្ឃ​ដ៏​ល្បី​ឈ្មោះ​ ត្រូវ​បាន​ព្រមាន​ពី​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ឲ្យបញ្ឈប់​ការ​គាំទ្រ​របស់​ព្រះ​អង្គ​ចំពោះ​សហគមន៍​ ដែល​ប្រឆាំង​នឹង​ការ​រឹបអូស​យក​ដីធ្លីនោះ។

លោកឧត្តម​សេនីយ៍​ឯក​ ជា តារា អគ្គ​មេ​បញ្ជា​ការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ​ កាលពី​ថ្ងៃ​សុក្រ​ បាន​មាន​ប្រសាសន៍ថាលោក​​​ទទួលបា​ន​ទូរ​ស័ព្ទ​ពី​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ក្នុង​ពិធីធ្វើ​យុទ្ធនា​ការ​ឃោស​នា​បោះ​ឆ្នោតរបស់​គណ​បក្ស​ប្រជាជន​កម្ពុជាក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមាន​ជ័យ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ នៅ​ពេល​ដែល​កំពុង​ជួប​នាយក​​​រដ្ឋ​មន្ត្រី​ ហ៊ុនសែន តាម​ទូរស័ព្ទ ដែល​បើក​សំឡេងតាមប្រព័ន្ធឧគ្ឃោសនសព្ទ​ លោក​​

នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែនបាន​ថ្លែង​ទៅកាន់​អ្នក​ភូមិ​ ដែល​មក​ជួប​ជុំ​គ្នា​ថា លោក​នឹង​ដក​ហូត​យក​ដី​ដែលមានទំហំ៣.៣៥៤ហិកតា ពី​ដី​សម្បទាន​សេដ្ឋ​កិច្ច​ ដែល​រដ្ឋ​បាន​ផ្ដល់ឲ្យ​ទៅ​ក្រុមហ៊ុន​ចម្ការ​កៅ​ស៊ូ ហេតុ​ដូច្នេះ​ អ្នក​ភូមិ​ចំនួន​២.២០០​គ្រួសារ​ ក្នុង​ស្រុក​នេះ​អាច​មាន​សិទ្ធិ​កាន់កាប់​ដី​ធ្លី​របស់គាត់​ឡើង​វិញ​បាន។

លោក​ឧត្តម​សេនីយ៍ឯក​ ជា​ តារាបាន​លើក​ឡើង​ថា “សម្ដេច​  ហ៊ុន សែន ធ្វើ​ដូច្នេះ​មិន​មែន​ដើម្បី​ឃោស​នា​រក​សំឡេង​ឆ្នោត​បន្ថែម​នោះ​ទេប៉ុន្ដែសម្ដេច​ ហ៊ុន​ សែន​​ គឺ​ជា​នាយក​រដ្ឋ​មន្ត្រី​ដូ​ច្នេះ​ហើយ ​ទើបលោក​ចង់​ដោះ​ស្រាយ​​បញ្ហា​ជម្លោះ​ដី​ធ្លី​ជូន​ប្រជាពល​រដ្ឋ​”។ ការ​សន្យា​យក​ដី​ធ្លី​មកជូន​អ្នក​ភូមិ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ CTN ទំនង​ជា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់រដ្ឋាភិបាល​ ដើម្បី​ទទួល​បាន​សន្លឹកឆ្នោត​​​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ នៅ​ថ្ងៃ​អាទិត្យ នេះ ដែល​តំណែង​មេ​ឃុំ​-​ចៅ​សង្កាត់​ ចំនួន​១.៦២១​​នឹង​ត្រូវ​ប្រកួត​ប្រជែង​រវាង​គណ​បក្ស​នយោ​បាយ​​ចំនួន១០​។ ការ​សន្យា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្រេច​របស់លោក​ ដែល​​ប្រកាស​កាល​ពី​ខែ​មុន ដើម្បី​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា។

កម្មវិធី​ ដែល​ចាក់​ផ្សាយ​តាម​ប៉ុស្ដិ៍​ទូរទស្សន​៍ CTN ក៏បាន​ផ្សាយ​នូវ​សម្ដី​របស់​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ដោយ​លោក​បាន​លើក​ឡើង​ថា “ប្រសិន​បើ​ប្រជា​ពល​រដ្ឋ​ត្រូវ​ការ​អណ្ដូង​​ទឹក​ និង​សាលា​រៀន​ ប្រជាពលរដ្ឋ​អាចប្រាប់​ [លោក​ឧត្តម​សេនីយ៍​ឯក] ជាតារា​ ឬក៏​ [លោក] គន់ គីម ​​[អគ្គ​មេ​បញ្ជាការរ​ង​នៃ​កង​យោធពល​ខេម​រភូមិន្ទ]”។ លោក​បាន​បន្ថែម​ថា “ [ខ្ញុំ] ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​បង្កបង្កើនផលឲ្យបានល្អប្រសើរ”។

នៅ​ថ្ងៃ​ដដែលលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ បាន​ថ្លែង​ទៅ​កាន់​អ្នក​ភូមិ​រាប់​ពាន់​នាក់​​ទៀត នៅ​ក្នុង​ស្រុក​ជី​ក្រែង ខេត្ត​សៀម​រាបជា​​កន្លែង​មួយ​ ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដី​ធ្លី​ដ៏​ហិង្សា​បំផុតនៅក្នុង​ប្រទេស​កម្ពុជា។ កាលពី​ឆ្នាំ​២០០៩ អ្នក​ភូមិ​ស្រុក​ជី​ក្រែង ចំនួន​បួន​នាក់ ត្រូវ​បាន​កង​សន្ដិ​សុខ​រដ្ឋាភិបាលបាញ់ឲ្យរបួស​​​ ក្នុង​ជម្លោះ​ដី​ធ្លី​ដ៏អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៥ពាក់​ព័ន្ធ​នឹង​សហ​គមន៍ចំនួន​ពីរនៅទីនោះ។

លោក​ ប៊ុនថារិទ្ធអភិបាល​រង​ខេត្ត​សៀម​រាប​ បាន​មាន​ប្រសាសន៍ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បានថ្លែង​ទៅ​កាន់​អ្នក​ភូមិ​តាម​ទូរស័ព្ទ​​ ចាក់បន្តទៅប្រព័ន្ធឧគ្ឃោសន​សព្ទ ​នៅ​ក្នុង​ពិធី​ឃោស​នា​បោះ​ឆ្នោត​ម្ដង​ទៀតថាគោល​នយោ​បាយ​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនគឺ​ដើម្បី​គាំ​ទ្រ​សិទ្ធិ​ប្រជា​ពល​រដ្ឋ​​ឲ្យ​កាន់​កាប់​ដីធ្លី​របស់ពួកគាត់​។​

លោកអភិបាល​រង​ខេត្ត​ ប៊ុនថារិទ្ធ បាន​ថ្លែង​ថា “ សម្ដេច​ ហ៊ុនសែនបាន​ពិភាក្សា​អំពី​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក​បាន​មាន​ថ្លែង​ថា ​ក្រុម​ហ៊ុន​ឯក​ជន​មួយ​ចំនួន​មិន​អាច​ធ្វើ​ការ​អភិវឌ្ឍ​លើ​ដី​របស់​ប្រជា​ពល​រដ្ឋ​បាន​ទេហើយ​ក្រុម​ហ៊ុន​ឯក​ជន​ទាំង​នោះត្រូវ​តែ​ប្រគល់​ដី​​ឲ្យ​ប្រជាពល​រដ្ឋ​វិញ”។

ការ​សម្រេច​ថ្លែង​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន គឺ​ផ្ទុយ​ទៅ​នឹង​អ្វី​ ដែលលោក​បាន​ថ្លែងទៅ​កាន់​អ្នក​គាំ​ទ្រ​កាលពីថ្ងៃ​ទី​១ ខែ​ឧសភា នៅ​ពេល​លោក​បាន​​ប្រកាស​ពី​ការ​បង្ហាញ​ខ្លួន​ជាចុង​​ក្រោយ​របស់លោក​ នៅ​ថ្ងៃ​ទី​១៤​ ខែ​ឧសភា ហើយ​ចាប់ពី​ថ្ងៃ​នោះ​ មក​លោក​នឹង​ស្ងៀម​រហូត​ដល់​ ថ្ងៃ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ។

លោក​ ជាម​ យៀប ​សមាជិក​សភា​មកពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា បានមាន​ប្រសាសន៍​ថា សម្ដេច​ ហ៊ុន សែន ចេញ​មក​បង្ហាញ​ខ្លួន​នៅ​​នាទី​ចុង​ក្រោយ​នៃ​ថ្ងៃធ្វើយុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ គឺ​ដោយ​សារ​តែ​លោក​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហាជម្លោះ​ដី​ធ្លី ដែល​បាន​កើត​មាន​​ក្នុង​ពេល​ថ្មី​ៗនេះ នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ ជាម យៀប បាន​មាន​ប្រសាសន៍​បន្ថែម​ថា “សម្ដេច​ ហ៊ុនសែនតែង​តែយក​ចិត្ត​ ទុកដាក់ចំពោះសុខទុក្ខ របស់​ប្រជា​ពល​រដ្ឋ​។​ការ​ថ្លែង​ទៅកាន់​ប្រជា​ពល​រដ្ឋ​តាមទូ​រស័ព្ទ​ គឺ​មិន​មែន​ជា​បញ្ហា​ពាក់​ព័ន្ធ​នឹង​យុទ្ធ​នាការ​ឃោស​នា​បោះឆ្នោត​នោះ​ទេ។សម្ដេច​ ហ៊ុនសែន បាន​ថ្លែង​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​ ដែល​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពល​រដ្ឋ​”។

អ្នក​វិភាគ​នយោ​បាយ​មួយ​ចំនួន​បាន​លើក​ឡើង​ថាគេ​កំពុង​តែ​ជជែក​គ្នា​ថាតើលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនកំពុង​តែ​មាន​អារម្មណ៍ទទួល​រង​សម្ពាធ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ នៅ​ថ្ងៃ​អាទិត្យ​ដែរ​ឬទេដោយ​គេ​បាន​លើក​ឡើង​ថាគណ​បក្ស​កាន់​អំណាច​ប្រាកដ​ជា​ទទួល​បាន​សន្លឹក​ឆ្នោត​យ៉ាង​ច្រើន​លើស​លប់​។ប៉ុន្ដែជាមួយ​នឹងការ​កើន​ឡើង​ទ្វេដង​នៃ​សន្លឹក​ឆ្នោត​របស់​គណ​បក្ស​ សមរង្ស៊ីអំឡុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៧ប្រជាពល​រដ្ឋ​ខ្លះនឹង​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រឆាំង​។

លោក​ ប៉ាវីនឆាឆា​វ៉ាល​ពុងពុន (Pavin Chachavalpongpun) អ្នក​ស្រាវជ្រាវនៅ​ឯ​វិទ្យា​ស្ថាន​សម្រាប់ការ​សិក្សា​អំពីអាស៊ីអាគ្នេយ៍​ នៅក្នុង​ប្រទេស​សិង្ហ​បុរីបានលើកឡើង​តាម​រយៈ​អុីម៉េល​ថាលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន​កាន់​អំណាច​ជាយូរ​មក​ហើយ​ ហេតុ​ដូច្នេះ​លោក​បាន​ចាក់​គ្រឹះ​​យ៉ាង​រឹង​មាំ​នៅ​ក្នុង​តំណែង​នយោបាយ​របស់លោក។

“ខ្ញុំ​ជឿជាក់ថាលោក​ប្រហែល​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លះចំពោះ​ប្រជា​ពល​រដ្ឋ​​ដែល​ពាក់​ព័ន្ធ​ទៅនឹង​បញ្ហា​ដីធ្លី​ ប៉ុន្ដែ​ ខ្ញុំ​មិនគិត​ថានេះជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ក្លាដល់​គណ​បក្ស​​ និង​តំណែងរបស់​លោកនោះ​ទេ។ការពិត​ បញ្ហា​បែប​នេះ​អាច​ផ្ដល់​ឱកាសឲ្យ​លោក​បង្ហាញ​ពី​ភាព​បុិនប្រសប់ក្នុងការនាំ​របស់ខ្លួន​ថាលោកធ្លាប​ធ្វើ​បាន​យ៉ាង​ល្អ​កាលពី​ពេល​ពេល​កន្លង​ទៅ​៕

(រាយ​ការ​ណ៍​បន្ថែម​ដោយ Simon Marks)

ប្រែ​សម្រួល​ដោយសា៊ស៊ុយឈាង​​​​                 

                                   

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស