32 C
Phnom Penh

គណបក្ស​នយោបាយ​​អំពាវ​នាវ​ចុង​ក្រោយ​ ពេល​បញ្ចប់​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ​បាន​ធ្វើ​ការ​ឃោសនា​យ៉ាង​គគ្រឹក​គគ្រេង​​កាល​ពី​ថ្ងៃ​សុក្រ​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កា​រធ្វើ​យុទ្ធនាការ​ឃោសនា​​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ដោយ​បញ្ជូន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​ ដែល​ភាគ​ច្រើន​មក​ពី​ក្រុម​យុវជន​របស់​ខ្លួន​ ទៅ​កាន់​គោលដៅ​នានា​ទូ​ទាំង​រាជធានី​ភ្នំពេញ។

គណបក្ស​នយោបាយ​ ដែល​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​បាន​បញ្ចប់​​ការ​ធ្វើ​យុទ្ធនាការ​​ឃោសនា​ដ៏​លំបាក​រយៈ​ពេល​១៥​ថ្ងៃ​ ដោយ​មាន​សមាជិក​​រាប់​សែន​នាក់​ ​ពាក់​អាវ​យឺត ​មួក​គណបក្ស ​លើក​បដានិង​​ចែក​​ខិត្តប័ណ្ណ​​ឃោសនាទូទាំង​ប្រទេស​។

ចាប់​តាំង​ពី​ថ្ងៃ​ទី​១៨ខែ​ឧសភា​មក​បេក្ខជន​ឈរ​ឈ្មោះ​​បោះ​ឆ្នោតបាន​ចូល​រួម​នៅ​ក្នុង​ការ​ពិភាក្សា​​ដេញ​ដោល​ខ្លាំងៗ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ អំពី​គោល​នយោ​បាយរបស់​ខ្លួន​ ហើយ​ក៏​មាន​ការ​ប្រើ​ប្រាស់វិធី​ឃោសនា​នានា​​ផង​ដែរ​ដូច​ជា​ ការសម្តែង​របស់​ក្រុម​តារាកំប្លែង​ និង​ការ​ច្រៀង​ចម្រៀង​មនោសញ្ចេតនា​អំពី​ការ​បោះ​ឆ្នោត​តាម​ឧឃោសនស័ព្ទ​យ៉ាង​កង​រំពង​។

ប៉ុន្ដែ​ការ​ធ្វើ​យុទ្ធនាការ​​ឃោសនា​​នេះ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​សុក្រ​ ​ដោយ​ទុក​​ថ្ងៃ​សៅរ៍​មួយ​ថ្ងៃ​ជា​​ថ្ងៃ​ឈប់​សម្រាក​មុននឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ ​ដែលគេ​រំពឹងថា​នឹង​មាន​​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ចូល​រួម​បោះ​ឆ្នោត​​គាំទ្របេក្ខជន​ឈរឈ្មោះ​ចំនួន​១១១,២២៦​រូប​នៅ​តាម​ការិយាល័យ​​បោះ​ឆ្នោត​ចំនួន​១៨,១០៧​ការិយាល័យ​នៅ​ទូទាំង​ប្រទេស។

នេះ​គឺ​ជា​ឱកាស​មួយ​សម្រាប់​គណបក្ស​នយោបាយ​ទាំង​​១០​ ដែល​​មាន​​បេក្ខជន​ឈរ​ឈ្មោះ​ ដើម្បី​ដណ្ដើម​អាសនៈ​នៅ​ថ្នាក់​មូលដ្ឋាន​ ​ជា​កន្លែងតែ​​មួយ​ដែល​មាន​អ្នក​នយោបាយ​សម្រាប់ការ​ប្រាស្រ័យ​ទាក់​ទង​របស់​​ប្រជា​ពលរដ្ឋ​ជា​ច្រើន។

យោង​តាម​តួលេខ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថាមាន​ប្រជា​ពលរដ្ឋ​ចំនួន​៩.២​លាន​នាក់​បាន​ចុះ​ឈ្មោះ​ទូ​ទាំង​ប្រទេស​ ដើម្បី​ចូលរួម​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។

កាល​ពី​ព្រឹក​ថ្ងៃ​សុក្រសមាជិក​ក្មេង​ៗ​ជាច្រើន​របស់​​គណបក្ស​ប្រជាជន​កម្ពុជា​​ បាន​រាំកម្សាន្ដ​​​ចង្វាក់​ “ម៉ាឌីហ្សុន”ជិត​វត្ត​បទុម​ ខណៈ​ដែល​ក្រុម​តន្ត្រី​​ប្រគំនៅ​លើ​ឆាក​។

សមាជិក​ជា​ច្រើន​បាន​អង្គុយ​​ផ្ញើសារ​ជា​អក្សរហើយ​​អ្នក​ខ្លះ​​ហាក់​ដូច​ជា​​មាន​កា​រ​ធុញ​ថប់​​។​ សមាជិក​គណបក្ស​មួយ​ចំនួន​បាន​ឆ្លៀត​ពេល​ពីការ​ធ្វើ​យុទ្ធនាការ​នេះ​ទៅ​បត់​ជើងតូច​ដាក់​គម្ពោត​ព្រៃ​មួយ​ ​នៅ​ទល់​មុខ​ភូមិគ្រឹះ​របស់​​លោក​នាយក​រដ្ឋមន្ត្រី​។​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស