31 C
Phnom Penh

អ្នក​អង្កេត​ការ​ណ៍ការ​បោះ​ឆ្នោត​​លើក​ឡើង​ពីភាព​មិន​ប្រក្រតី​ជាទូទៅ​ក្នុង​​ពេល​យុទ្ធនាការ​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​តាម​​ការ​រក​ឃើញ​របស់​គណៈ​កម្មការ​​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធ៌ម​នៅកម្ពុជា ហៅកាត់ថា​ខុមហ្វ្រែលបាន​ឲ្យ​ដឹង​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​ឡើង​ជា​ទូទៅ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំៗបាន​សម​គំនិត​គ្នា​​ប្រព្រឹត្ត​ខុស​ច្បាប់​បោះ​​ឆ្នោត​ក្នុង​អំ​ឡុង​ពេល១៥​ថ្ងៃ​ នៃ​​យុទ្ធ​នា​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ​ដែល​​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​សុក្រ​ មុន​ការ​បោះ​ឆ្នោត​ឈាន​មកដល់នៅ​ថ្ងៃ​អាទិត្យ​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា កិច្ចខិតខំ​ប្រឹង​ប្រែង​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​គណ​ៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​​ឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បី​ឲ្យ​អនុវត្ត​តាម​បទ​បញ្ជា ​និង​សេចក្តី​ណែនាំ​នានា​​សម្រាប់​ការ​ផ្សាយអំពីគោល នយោ​បាយ​​របស់​គណបក្សនីមួយៗ ​ដែល​បាន​ចូល​រួម​ប្រកួតប្រជែងក្នុងការ​បោះ​ឆ្នោតឃុំ-សង្កាត់​។ប៉ុន្តែ​គណៈ​កម្មាធិការ​​នេះ​បាន​រក​ឃើញ​ផង​ដែរ ថា​ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​​មួយចំនួន ដូច​ជា​ស្ថានីយទូរទស្សន៍​ស្ថានីយវិទ្យុ​ និង​កាសែតខ្លះ ​មិន​បាន​​អនុវត្តតាម​បទ​បញ្ជា​របស់​គ.ជ.ប នោះ​ទេ ដែល​បាន​ចែង​ថា​ គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូ​វទទួលបាននូវ​ម៉ោង​ការ​ផ្សាយ​ដោយ​យុត្តិធម៌។

អង្្គការខុមហ្វ្រែល​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​បាន​ចេញផ្សាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​សុក្រ​ នារាជ​ធានី​ភ្នំ​ពេញ​ ជាទី​ដែល​លទ្ធផល​នៃ​ការរក​ឃើញ​របស់​ខ្លួន​ត្រូវ​បាន​ចែក​ចាយ​នោះ បានលើកឡើងថា​ “ទូរទស្សន៍ឯកជន​គ្រប់ប៉ុស្តិ៍​ គឺ​នៅ​តែ​លម្អៀង​ទៅ​រក​គណបក្ស​​ប្រ​ជា​ជន​កម្ពុជា​ ហើយ​​បាន​រិះ​គន់​គណបក្ស​ប្រឆាំង​​ចាប់​តាំង​ពី​មុន​ និង​អំ​ឡុង​ពេល​ការ​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​”។

លោក ធន​ សារាយ​ នាយក​ក្រុម​ប្រឹក្សា​ភិបាល​របស់អង្គការ​ខុម​ហ្វ្រែល​បាន​មាន​ប្រសាសន៍​ថា​​ ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សោតទស្សន៍  គឺ​ខក​ខាន​មិន​បាន​រក្សា​ភាព​យុត្តិធម៌​ និង​អព្យាក្រឹតភាពរបស់ខ្លួនទេ ​ក្នុង​​ពេល​ការ​ឃោសនា​បោះឆ្នោត។​

​​​​លោក​បាន​ថ្លែង​បន្តទៀតថា “ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ​គឺ​មិន​មាន​ភាព​ស្មើ​​គ្នា​ សម្រាប់គ្រប់​គណ​​បក្ស​នយោបាយទាំង​អស់​នោះ​ទេ។ ​វា​មិន​អព្យា​ក្រឹត្យ​សោះ  ជា​ពិសេស​ស្ថានីយ​ទូរទស្សន៍​ ដែល​កាន់ជើង​គណបក្ស​កំពុងកាន់​អំ​ណាច​”។

លោក ​សោមឆាយា​ អគ្គនាយករងរបស់​ស្ថានីយទូរទស្សន៍​ស៊ីធីអិន​ ដែល​ជា​ស្ថានីយផ្សព្វ​ផ្សាយ​​សាធារណៈគ្រប់​គ្រង​ដោយ​អ្នក​ជំនួញ​ក្នុង​ស្រុក​​ម្នាក់គឺ​លោក​ គិត ​ម៉េង​ ហើយ​ដែល​មាន​ទំ​នាក់​ទំ​នង​យ៉ាង​រឹង​មាំ​ជា​មួយ​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន នោះ​ បាន​ថ្លែង​ថា ​ការ​ផ្សាយ​ព័ត៌មាន​ គឺជា​បញ្ហាមួយ​ដ៏​សាមញ្ញ​​របស់​គណបក្សមាន​អំណាច។

លោកមានប្រសាសន៍ថា “គណបក្ស​កំពុង​កាន់អំណាច​មាន​ប្រៀបលើ​គណបក្ស​ផ្សេង​ៗទៀត ដោយ​សារ​អំណាចរបស់​ខ្លួន។​ ដូច្នេះ​  គណបក្ស​មិន​កាន់​អំណាច ត្រូវ​ខំព្យា​យាម​​យក​ឈ្នះក្នុងការ​បោះ​ឆ្នោត ដើម្បី​គ្រប់​គ្រង​អំណាច​”។

​​​​​តាម​របាយការណ៍​របស់អង្គការ​ខុម​ហ្វ្រែល​បាន​ឲ្យ​ដឹង​ដែរ​ថាយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតរបស់​គណបក្ស​ប្រ​ឆាំង​មាន​បញ្ហា​ប្រ​ឈមនឹង “ការ​បំភិត​បំភ័យ​ ការ​គំរាម​កំហែង ​ភាពមិន​ប្រក្រតី​ និង​កា​រ​ប្រ​ឆាំង​ជំទាស់”មិន​ឲ្យ​ធ្វើការ​ឃោសនា។

របាយ​ការណ៍នេះ​បាន​លើក​ឡើង​ទៀត​ថា “ ករណី​ទាំង​នោះមាន [ប្រហែល] ​១០០​ករណី​ ដូចជាការ​ហែកខិត្ត​ប័ណ្ណ​ឃោស​នាការ​ទិញ​សន្លឹក​ឆ្នោតការ​រំខាននិង​ការ​ប្រ​ឆាំង​ជំទាស់​នឹង​សកម្មភាព​ឃោសនា​បោះ​ឆ្នោតការ​ទម្លាក់​បដានិង​ស្លាកសញ្ញាគណបក្ស”។

របាយ​ការណ៍​ក៏​​លើក​ឡើង​ថា “ អង្គការខុមហ្វ្រែលបាន​សង្កេតឃើញមានការ​ប្រព្រឹត្ត​​ហិង្សា​ពីរ​ករណី ដោយពួកក្មេង​ទំនើងមួយ​ក្រុមបាន​វាយស្ត្រី​ជាសកម្មជន​គណបក្ស​ សមរង្ស៊ីនិងភរិយា​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់បាន​ទះ​កំភ្លៀង​សកម្មជនគណ​បក្ស​ ហ៊្វុនស៊ិន​ប៉ិច នៅ​ក្នុងខេត្ត​បាត់​ដំបង។ចំណែកអ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំងអស់ភាគ​ច្រើន​​គឺ​ជា សកម្មជនមកពីគណបក្ស​ប្រ​ជាជន​កម្ពុជាហើយ​ជន​រង​គ្រោះគឺ​ជា​សកម្មជន​គណបក្ស​ សមរង្ស៊ីនិង​គណបក្ស​សិទ្ធិ​មនុស្ស”។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏អង្គការ​ខុម​ហ្វ្រែលបាន​កត់​សម្គាល់ថាចំនួននៃ​ឧប្បត្តិ​ហេតុ​និង​ភាព​មិន​ប្រក្រ​តី​ ដែលបាន​កើត​ឡើង គឺ​បានធ្លាក់​ចុះ​ចាប់តាំង​ពីការ​បោះ​ឆ្នោត​ឃុំ-សង្កាត់លើកមុនក្នុង​ឆ្នាំ​២០០៧។ របាយ​ការណ៍​ដដែលនេះ ក៏​បាន​លើក​ឡើង​ដែរ​ថា “ បញ្ហា​ដែល​បាន​កើត​ឡើង​ចំពោះ​​សកម្មជន​គណបក្ស​នយោបាយ​ និង​ប្រជាពល​រដ្ឋ​មាន​កម្រិត​ស្មើនឹង​ប្រាំមួយ​ដង​ក្នុង​មួយ​ថ្ងៃ​ បើ​ធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ កាល​ពី​លើកមុន ដែល​នៅ​ពេល​នោះ​មាន​រហូត​ដល់​ទៅ​១០​ករណីឯ​ណោះ​ក្នុង​មួយ​ថ្ងៃក្នុងឆ្នាំ​២០០២ និង​ប្រាំបី​ករណីក្នុង​មួយ​ថ្ងៃកាលពី​ឆ្នាំ​២០០៧”។

លោកទេពនីថាអគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ថ្លែងថាពាក្យ​បណ្ដឹង​ដែល​បាន​ទទួលទាំង​អស់​មាន​ចំនួន៧៨ករណីប៉ុន្តែ មាន​តែ​១០ករណី​ប៉ុណ្ណោះ​មិនទាន់បាន​ដោះ​ស្រាយ។

អង្គការខុម​ហ្វ្រែលបាន​លើក​ឡើង​ថាយោងតាម​ទិន្នន័យ​របស់​ គ.ជ.ប ចេញផ្សាយ​ កាលពី​ថ្ងៃ​អង្គារ បានបញ្ជាក់ថា ពាក្យ​បណ្ដឹង​ទាំងអស់​ ភាគ​ច្រើនជាបណ្ដឹង​របស់​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ហើយ​គណបក្ស​ទាំង​ពីរ មិនពេញ​ចិត្ត​នឹង​វិធី​ដោះ​ស្រាយឲ្យពួកគេទេ ពី​ព្រោះមន្ត្រី​ដោះ​ស្រាយ​ ​បណ្ដឹងនោះ ជាមនុស្ស​មក​ពី​គណបក្ស​ប្រ​ជា​ជន​កម្ពុជា។អង្គការខុមហ្វ្រែល​បាន​ឲ្យ​យោបល់ថាគ.ជ.ប និង​ក្រសួង​មហាផ្ទៃ ត្រូវខិតខំ​ប្រឹង​​ប្រែង

​យា៉ងណា​ ដើម្បី​ការ​ពារកុំឲ្យ​មាន​អំ​ពើ​ហិង្សា​កើត​ឡើងក្នុង​រយេះពេលពីបី​​ថ្ងៃខាង​មុខ​ទៀតហើយ​ថាគ.ជ.ប. ត្រូវ​ពិនិត្យ​បទបញ្ជារបស់​ខ្លួន​ឡើង​វិញដើម្បីធានាដល់អព្យាក្រិតភាពនៃ​មន្ត្រី​រាជការ​ ឲ្យបានសមស្រប​តាម​ច្បាប់​ស្តីពីគណបក្ស​នយោបាយ។អង្គការខុមហ្វ្រែល​ក៏បាន​លើក​ឡើង​ផង​​ដែរ​ថាគ.ជ.ប. គួតែ​ពិនិត្យ​ឲ្យ​ច្បាស់​អំពិ​ទឹក​ថ្នាំ​ណា​ដែល​អាច​ប្រើ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ។  ឆ្លើយតបទៅនឹង​អនុសាសន៍នោះ​ លោកទេពនីថាបាន​មាន​ប្រសាសន៍​ថាគ.ជ.បបាន​អនុវត្តតាមនិតិវិធី​នោះ​រួច​រាល់​ហើយ។

លោក​បាន​មាន​ប្រសាសន៍ថា”អ្វី​ដែល​ពួកគេ​បាន​លើក​ឡើងហាក់​បី​ដូច​ជា​ពួកគេ​មាន​ការ​សង្ស័យ​លើគ.ជ.បអ៊ីចឹង។ឧទាហរណ៍ការ​ប្រើ​ប្រាស់​ទឹក​ខ្មៅជាដើមដែលប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះគ.ជ.ប. បាន​ធ្វើ​សន្និសីទ​កាសែត​មួយដើម្បី​ប្រ​កាសអំពី​ការ​ប្រើ​ប្រាស់​ទឹក​ខ្មៅ​ និង​គុណ​ភាព​របស់​វាសម្រាប់​ប្រើ​ក្នុង​ពេល​បោះឆ្នោត។យើង​បាន​សាកល្បង​គុណភាព​វា​រួច​ហើយ។គ.ជ.ប. បាន​រៀប​ចំគ្រប់​ជ្រុង​ជ្រោយទាំង​អស់សម្រាប់​ការ​បោះ​ឆ្នោត”។

លោក​បាន​សារភាពថាមិន​មែនគ្រប់​ប្រព័ន្ធផ្សព្វផ្សាួទាំង​អស់សុទ្ធតែ​យុត្តិធម៌​នោះទេប៉ុន្តែ​ លោកបានប្រសាសន៍ថាវាមិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ទេ។ លោកទេពនីថាបាន​ថ្លែងថា”យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់រដ្ឋ​ និង​ឯកជនហើយយើង​មិន​អាច​គ្រប់​គ្រង​បាន​គ្រប់​ជ្រុង​ជ្រោយដូចយើង​ចង់​បាន​នោះទេ”៕

ប្រែ​សម្រួល​ដោយឃិនណៃ​​​​

                 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស