28 C
Phnom Penh

សណ្ឋាគារលំដាប់ថ្នាក់ផ្កាយអនុវត្តតាមបម្រាមសារាចររបស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិកសណ្ឋាគារ​ និង​ភោជនីយ​​​ដ្ឋាន​​​បាន​​​​​​​និយាយ​កាល​ពីថ្ងៃព្រហស្បតិ៍​ថា ​ពួក​គេ​នឹង​ឈប់​បម្រើស្រា​ដល់​ភ្ញៀវ​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​ចូល​រួម​គាំ​ទ្រ​បម្រាមក្នុង​ការ​មិន​ឲ្យ​ពិសា​ស្រា​នៅ​ទូទាំង​ប្រទេស​ក្នុង​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់​។

កាល​ពី​សប្តាហ៍​មុន ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ បាន​ចុះ​ហត្ថលេខាលើ​សារាចរណែនាំ​​​មួយស្តី​ពី​ការលក់ ​និង​ការ​ពិសា​គ្រឿង​ស្រវឹង​​​​ចាប់​ពី​ពាក់​កណ្តាល​អធ្រាត្រថ្ងៃ​សុក្រ​រហូត​ដល់​​​​ពាក់​កណ្តាលអធ្រាត្រថ្ងៃ​អាទិត្យ​​ ដើម្បី​ធ្វើឲ្យ​ទិដ្ឋភាព​ថ្ងៃ​អាទិត្យ ​ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​មាន​សភាព​ស្ងប់​ស្ងាត់​។ប៉ុន្តែ​ការ​រក្សា​មណ្ឌល​បោះ​ឆ្នោត​ឲ្យ​មាន​ភាព​ស្ងប់​ស្ងាត់​​​បម្រាម​​​នោះ​បាន​ធ្វើ​ឲ្យប៉ះ​ពាល់​ដល់​អ្នក​ដែល​​​​​​​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ផង​ដែរ​ ដូច​ជា​ជន​ចំណាក​​​​ស្រុក ​និង​ភ្ញៀវទេសចរ​បរទេស​ជា​ដើម។

ភោជនីយដ្ឋាន​លំដាប់​អន្តរជាតិ​តូប៉ាស (Topaz Restaurant)​ ដែលស្ថិត​នៅ​តាម​បណ្តោយ​​​​មហាវិថីព្រះនរោត្តម​បាន​ប្រ​កាស​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​ ខ្លួន​បាន​លុប​ចោល​កម្មវិធី​ភ្លក្ស​ស្រា​ ដោយគ្រោង​នឹង​ធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ​​​​នេះ​ ដែល​មាន​តម្លៃ​៨៨ដុល្លា​រក្នុង​ស្រាមួយ​ដបដោយ​សារ​បម្រាម​ក្នុង​ពេល​បោះ​ឆ្នោត​​​មិន​ឲ្យ​ផឹក​ស្រា​។

លោក​ អាណូដាក (Arnaud Darc) អ្នក​រៀប​​​​ចំ​កម្មវិធី​នោះ​ បានមានប្រសាសន៍តាម​អុីម៉េល​ទៅ​កាន់​ភ្ញៀវថា“វាគួ​រឲ្យ​អាម៉ាស់​ខ្លាំង​ណាស់​ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទន្ទឹង​រង់ចាំនូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះជា​យូរ​មក​ហើយ”។ ​លោក​បាន​បន្ថែម​ថា​ លោក​នឹង​រៀបចំកម្មវិធីនេះ​ឡើង​វិញ។

អ្នកស្រី​ ប៊ុន​ សុភ័ណប្រធានគ្រប់​​​គ្រង​​​អាហារនិង​ភេសជ្ជៈ​ នៅ​សណ្ឋាគារ​សាន់វ៉េ​ ក្នុង​រាជធានី​ភ្នំ​ពេញ​បាន​មាន​ប្រ​សាសន៍​ថា“ក្លឹបកម្សាន្ត​របស់យើង​នឹង​គោរពតាម​អ្វីដែល​រដ្ឋាភិបាល​បាន​ណែនាំ​សម្រាប់​ពី​ថ្ងៃ​សៅរ៍និង​ថ្ងៃអាទិត្យ”។ ​អ្នកស្រីបាន​បន្ថែមថាការ​​​មិនឲ្យពិសាស្រានៅចុង​សបា្តហ៍នេះ ​​នឹងប៉ះ​​​ពាល់​​​ជំនួញរបស់សណ្ឋាគារ​។

អ្នកស្រីបានបញ្ជាក់ថា“ប៉ុន្តែ​វា​មិន​អីទេ ​ពី​ព្រោះ​ក្នុង​អំឡុង​ពេល​នេះ​មិន​មាន​ភ្ញៀវ​បរទេស​ច្រើនទេ។ប៉ុន្តែ​យើងនឹង​បម្រើ​​​ទឹកតែនិង​កាហ្វេ​ តែប៉ុណ្ណោះ​ដល់​ភ្ញៀវ”។

លោកការិទ្ធិវលធ័រ (Gareth Walters)​ប្រធានផ្នែកលក់និងទីផ្សាររបស់សណ្ឋាគារឡឺរ៉ូយ៉ាល់បាននិយាយតាម​អុីម៉េលថា ​សណ្ឋាគារ ​​​ឡឺរ៉ូ​​​យ៉ាល់​នឹង​ឈប់​បម្រើ​ស្រា​ដល់​ភ្ញៀវដើម្បី​​​អនុវត្តតាម​សារាចរ​​ណែនាំ​នោះ​។

ចំណែកឯសណ្ឋាគារ​ កង់ទីណង់តាល់​បាន​បញ្ជាក់​ផង​ដែរថាខ្លួននឹង​អនុវត្តតាម​បម្រាម​​​នោះ​។លោកហែម​ សុភ័ក្ត្រ​ ជា​មន្ត្រី​​​ទំនាក់​​​ទំនងសាធារណៈ​ជាន់​ខ្ពស់របស់​សណ្ឋាគារ​ និង​កាស៊ីណូ​ ណាហ្គាវើល​ បាន​និយាយផង​ដែរ​ថាក្លឹប​កម្សាន្ត​នឹង​មិន​បម្រើស្រា​ទេ​នៅ​ចុង​សបា្តហ៍នេះ​។

សុរា​ និង​គ្រឿង​ស្រវឹង​ត្រូវបាន​គេហាម​ឃាត់​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ថៃ​ និង​​ប្រទេស​​ដទៃ​ទៀត​នៅពេលបោះឆ្នោត​។ក្រុម​អ្នក​សង្កេតការ​ណ៍​​​បាន​និយាយថា  ​ពួកគេ​គ្រាំទ្រ​ជំហរ​របស់​រដ្ឋាភិបាល​នេះ ​​ដើម្បីកាត់​បន្ថយ​អំពើហិង្សា ​ដែល​អាច​កើត​មាន​ឡើង​ក្នុង​ពេលបោះឆ្នោត​៕

ប្រែសម្រួលដោយ​ ឃិនណៃ​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស